បរទេស៖ Huawei គឺជាក្រុមហ៊ុនមួយដែលមានឈ្មោះបោះសម្លេងខាងផលិតទូរស័ព្ទស្មាតហ្វូន។  យោងតាមការវិភាគរបស់ Counterpoint Research បានឲ្យដឹងថា នៅក្នុងកំឡុងខែមិថុនាដល់ខែកក្កដា២០១៧ ក្រុមហ៊ុននេះបានធ្វើការលក់ទូរស័ព្ទច្រើនជាងក្រុមហ៊ុន Apple ជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ក្នុងពេលនេះក្រុមហ៊ុន Huawei កំពុងឈរនៅពីក្រោយក្រុមហ៊ុន Samsung តែមួយគត់ក្នុងការលក់ស្មាតហ្វូន។

ស្ថិតិនៃការលក់ទូរស័ព្ទរបស់ក្រុមហ៊ុនធំៗទាំង ៣

ទូរស័ព្ទរបស់ក្រុមហ៊ុន Huawei បានទទួលការពេញនិយមក៏ដោយសារការរចនាម៉ូតអេក្រង់ធំ និងមុខងារកាមេរ៉ាកម្រិតខ្ពស់របស់ខ្លួន។  យ៉ាងណាមិញ Counterpoint Research បានប្រាប់ថា ក្រុមហ៊ុន Apple មិនមានការព្រួយបារម្ភច្រើននោះទេព្រោះថាទូរស័ព្ទ iPhone 7 និង 7 Plus នៅតែជាស្មាតហ្វូនដែលលក់ដាច់បំផុតលើពិភពលោកនៅឡើយទេ។ 

ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei
ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei
កាមេរ៉ាស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei
ទីស្នាក់ការកណ្តាលក្រុមហ៊ុន Huawei នៅក្នុងប្រទេសចិន

លោក Pavel Naiya ដែលជាអ្នកវិភាគជាន់ខ្ពស់ម្នាក់បានប្រាប់ថា ខណៈពេលនេះក្រុមហ៊ុន Huawei បានក្លាយជាម៉ាកយីហោធំបំផុតទីពីរនៅលើពិភពលោក ហើយវាជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើល ព្រោះគ្មានម៉ូដែលទូរស័ព្ទណាមួយរបស់ក្រុមហ៊ុន Huawei បានលេចឡើងនៅក្នុងបញ្ជីម៉ូដែលទូរស័ព្ទដែលលក់ដាច់ជាងគេទាំង១០ឡើយ  ដូច្នេះវាគឺរឿងដ៏អស្ចារ្យមួយដែលក្រុមហ៊ុននេះបានធ្វើការលក់ស្មាតហ្វូនច្រើនជាងក្រុមហ៊ុន Apple នោះ។

បញ្ជីម៉ូដែលទូរស័ព្ទដែលលក់ដាច់ជាងគេទាំង១០

ក្រុមវិភាគ Counterpoint Research ក៏បានចង្អុលបង្ហាញផងដែរថា ទីផ្សាររបស់ក្រុមហ៊ុន Huawei នៅក្នុងតំបន់អាស៊ីខាងត្បូង ឥណ្ឌា  និងអាមេរិកខាងជើងមានសភាពខ្សោយណាស់ ប៉ុន្តែទីផ្សាររបស់ក្រុមហ៊ុននេះមានសក្តានុពលខ្លាំងណាស់នៅក្នុងប្រទេសចិន អឺរ៉ុប អាមេរិកឡាទីន  និងនិងតំបន់មជ្ឈឹមបូព៌ា។

គួរបញ្ជាក់ផងដែរថា ម៉ូដែលទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Apple នឹងធ្វើការចេញលក់ក្នុងពេលឆាប់ៗនេះផងដែរ ដូច្នេះយើងមិនទាន់ដឹងថាតើក្រុមហ៊ុន Huawei អាចនឹងគ្រប់គ្រងដំណែងលេខ ២ នេះ បានយូរប៉ុណ្ណានៅឡើយទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]