** ប្រលោមលោកខ្មែរឡូត **

ខ្ញុំដឹងថាប្តីរបស់ខ្ញុំរៀបការជាមួយខ្ញុំដោយបង្ខំ ខ្ញុំដឹងថាគាត់មិនបានស្រលាញ់ខ្ញុំទេហើយខ្ញុំក៏ដឹងថាគាត់កំពុងតែទ្រាំក្នុងការរស់នៅជាមួយខ្ញុំ។ ខ្ញុំស្រលាញ់គាត់ មិនថាព្រោះហេតុផលអ្វីក៏ដោយក៏ខ្ញុំនៅតែស្រលាញ់គាត់ ប៉ុន្តែនៅពេលដែលដឹងថាមនុស្សប្រុសដែលគេងឱបរាល់យប់គ្មានយើងនៅក្នុងបេះដូងតើវាឈឺចាប់យ៉ាងណា? មានអ្នកណាយល់អារម្មណ៍មួយនេះខ្លះដែរឬអត់? ខ្ញុំដឹងថាស្នេហាវាមិនអាចបង្ខំបាន ប៉ុន្តែហេតុអ្វីខ្ញុំត្រូវរស់នៅរងទុក្ខព្រោះតែចង់បានសេចក្តីស្នេហាពីគាត់? ជាប្តីប្រពន្ធតែពេលធ្វើការជាមួយគ្នាតឹងតែងដាក់គ្នា និយាយគ្នាក្នុងភាសាការងារ មិនអាចស្និទ្ធស្នាល មិនអាចនិយាយផ្អែមល្ហែម មិនអាចបណ្តើរគ្នាទៅញ៉ាំអាហារថ្ងៃត្រង់ជាមួយគ្នាបាន ហេតុអ្វី? ហេតុផលរបស់គាត់ដដែលៗខ្ញុំស្តាប់រហូតដល់ធុញទៅហើយ គ្មានអ្វីក្រៅពីប្រាប់ខ្ញុំថា ម៉ោងការងារ រឿងការងារគាត់មិនចង់យករឿងផ្ទាល់ខ្លួនមកលាយលំ។ 

ហេតុអ្វីមិនបានបើអ្នកណាៗក៏ដឹងថាលោកប្រធាន និង អ្នកស្រីប្រធានរងជាប្តីប្រពន្ធនឹងគ្នាដែរ ហេតុអ្វីបានជាស្និទ្ធស្នាលនឹងគ្នាមិនបាន? ហេតុផលដែលខ្ញុំនឹកឃើញដំបូងបំផុត នោះគឺ គាត់មិនបានស្រលាញ់ខ្ញុំ។ ពេលខ្លះខ្ញុំចង់ចាកចេញពីគាត់មួយរយៈដើម្បីចង់ដឹងថាតើខ្លួនឯងជាមនុស្សសំខាន់ និងមានតម្លៃសម្រាប់គាត់ដែរឬក៏អត់ តែខ្ញុំខ្លាច...។ ខ្ញុំស្រលាញ់គាត់ណាស់ ចុះបើពេលខ្ញុំចាកចេញធ្វើឱ្យគាត់លែងត្រូវការខ្ញុំតទៅទៀត តើខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅ?  

រូបតំណាង

ការឈឺចាប់ព្រោះតែភាពតោះតើយធ្វើឱ្យឈឺចាប់កាន់តែខ្លាំងឡើងៗ។ បើជាប្តីប្រពន្ធនឹងគ្នាហើយហេតុអ្វីបានយើងមិនរៀនស្រលាញ់គ្នា និងយល់ចិត្តគ្នា។ ប្តីរបស់ខ្ញុំជាមនុស្សមិនចេះរ៉ូមែនទិក ជាមនុស្សសោះកក្រោះ និងមិនចូលចិត្តនិយាយច្រើនឡើយ។ មានតែខ្ញុំម្នាក់ដែលតែងតែប្រឹងប្រែងយកចិត្ត សម្របតាមចិត្តគាត់គ្រប់ពេល វេលាព្រោះតែក្តីស្រលាញ់ និងចង់ឱ្យពួកយើងយល់ចិត្តគ្នា និងស្និទ្ធស្នាលដូចប្តីប្រពន្ធដទៃទៀត។ ពេលទំនេរខ្ញុំចង់ចេញដើរលេងគាត់ប្រាប់ថាខ្ជិល។ ពេលខ្ញុំចង់មើលកុនគាត់បែរជាចង់មើលការប្រកួតបាល់ទាត់ទៅវិញ។ ហេតុអ្វីជីវិតប្តីប្រពន្ធខ្ញុំសោះកក្រោះ​គ្មានរសជាតិដូចទឹកសាបមួយកែវបែបនេះ? បើនិយាយពីស្រីញីគាត់ក៏មិនបានទាក់ទង​ពាក់ព័ន្ធនឹងមនុស្សស្រីណាម្នាក់ ការងាររកស៊ីក៏គាត់ពូកែ រឿងយកចិត្តទុកដាក់គោរពស្រលាញ់ម្តាយឪពុកទាំងសងខាងគាត់ក៏ធ្វើបានឥតខ្ចោះ។​ អ្វីដែលខ្វះខាត មានតែមួយប៉ុណ្ណោះនោះគឺមនោសញ្ចេតនាប្តីប្រពន្ធ។ 

រូបតំណាង

ខ្ញុំសម្លឹងមើលពីលើអគារឃើញប្តីរបស់ខ្ញុំកំពុងតែញ្ឹមញញែមនិយាយជាមួយបុគ្គលិក និងភ្ញៀវ ដែលទង្វើបែបនេះគាត់មិនដែលធ្វើដាក់ខ្ញុំឡើយ។ ខ្ញុំក៏ទូរស័ព្ទទៅគាត់

« ល្ងាចនេះទៅញ៉ាំបាយជាមួយគ្នាទេ? ​អូនចង់ដើរទិញអីវ៉ាន់ខ្លះផង »

« បងជាប់ប្រជុំល្ងាចនេះបែបទៅមិនទាន់ទេ ​»

« បាន មិនអីទេ ​អ៊ីចឹងអូនដើរម្នាក់ឯងចុះ ​» ខ្ញុំបិទទូរស័ព្ទអើតមើលទៅប្តីរបស់ខ្ញុំទាំងអារម្មណ៍ឈឺចាប់។ ជាមួយអ្នកផ្សងគាត់អាចញញឺម ហើយគាត់អាចយកពេលទៅប្រជុំ អាចមានពេលកំដរភ្ញៀវញ៉ាំអាហារពេលល្ងាច តែសម្រាប់ខ្ញុំដែលជាប្រពន្ធសូម្បីតែពេល ១៥ នាទីក៏គ្មានដែរ។ គាត់មិនខ្វល់មិនចាំ អ្វីទាំងអស់ សូម្បីតែថ្ងៃនេះជាថ្ងៃខូបកំណើតរបស់ខ្ញុំ ក៏គាត់បដិសេធនៅជាមួយខ្ញុំដែរ។ ទឹកភ្នែកស្រក់ទាំងឈឺចាប់ ហើយធ្វើការសម្រេចចិត្តមួយដ៏ល្ងង់ខ្លៅ

« បើបងមិនស្រលាញ់ខ្ញុំ មិនត្រូវការខ្ញុំ ខ្ញុំក៏លែងខ្វល់ពីបងដែរ »

យកដៃជូតទឹកភ្នែកប្រឹងញញឹមទាំងក្រៀមក្រំ។ បើបែបនេះហើយគួរតែផ្តល់ការសប្បាយសម្រាប់ខ្លួនឯងខ្លះ ព្រោះរយៈពេលកន្លងមកនេះខ្ញុំធ្វើដើម្បីគាត់ច្រើនពេកហើយ។ ខ្ញុំបានបើកឡានសំដៅទៅផ្សារទំនើប មើលកុន ដើរទិញខោអាវ និងរបស់ប្រើប្រាស់ម៉ាកល្បីៗជាច្រើន ញ៉ាំអាហារឆ្ងាញ់ៗ និងចុងក្រោយសំដៅទៅហាងកែសម្ផស្សមួយកន្លែងធ្វើការតុបតែងខ្លួនពីក្បាលដល់ចុងជើង។ គេថាមនុស្សស្រីខូចចិត្តយ៉ាងណា ឈឺចាប់យ៉ាងណាក៏ត្រូវចេះស្រលាញ់ខ្លួនឯងដែរ។ ជើងនិងដៃត្រូវបានជាងរូសនិងលាបក្រចកចុះឡើង ចំណែកសក់ត្រូវបានគេនាំគ្នាចាត់ការកាត់ម៉ូដសក់ថ្មី លាប ផ្លុំយ៉ាងមានជំនាញ។ ឯមុខត្រូវបានគេម៉ាស្សាចុះឡើងៗឥតឈប់ឈរ ភ្នែករបស់ខ្ញុំក៏ចាប់ផ្តើមទន់ដោយសេចក្តីនឿយហត់ដែលសន្សំទុកពេញមួយថ្ងៃ។ ខ្ញុំមិនដឹងថាខ្ញុំចំណាយពេលប៉ុន្មានម៉ោងទេក្នុងការប្តូររូបរាងកាយរបស់ខ្ញុំនៅពេលនេះ ។ ត្រឹមតែដឹងថាពេលដែលម្ចាស់ហាងដាស់ខ្ញុំ ម៉ោងជិត ១២ យប់ទៅហើយ។

« ម៉ោង ១២ ហើយ? ស្លាប់ហើយៗ មានអ្នកណាខលមកខ្ញុំទេ? »

« អត់ផងស្ងាត់ជ្រៀប »

ចំលើយរបស់ម្ចាស់ហាងធ្វើឱ្យខ្ញុំអួលដើម-ក។ បន្ទាប់ពីបង់លុយរួចរាល់ខ្ញុំក៏បើកឡានចេញទៅទាំងទឹកភ្នែកដែលទប់លែងជាប់។ ខ្ញុំបាត់ខ្លួនដល់ទៅមួយថ្ងៃ តែបុរសដែលជាប្តីបែរជាមិនតាមរក ឬខលសួរនាំសូម្បីតែបន្តិច ។ ពេលនេះការពិតកាន់តែច្បាស់ឡើងហើយថាគាត់មិនដែលស្រលាញ់ និងខ្វល់ពីខ្ញុំសូម្បីតែបន្តិចនោះឡើយ។ ពេលនេះអ្វីៗគួរតែបញ្ចប់ បើខ្ញុំនៅតែទ្រាំរស់នៅទាំងបែបនេះទៀត អ្នកដែលឈឺចាប់ស្ទើរស្លាប់មានតែខ្ញុំម្នាក់តែប៉ុណ្ណោះ។ 

រូបតំណាង

ខ្ញុំបើកទ្វារផ្ទះទាំងកំហឹង និងទឹកភ្នែកដែលស្រក់ហូរឥតឈប់។ ប្តីរបស់ខ្ញុំចេញមករួចនិយាយទាំងសំឡេងមិនខ្វល់ខ្វាយ

« អ៎ អូនមកវិញហើយហេ? អូនកើតអីហេតុអ្វីក៏...?»

ខ្ញុំស្រែកដាក់គាត់ទាំងកំហឹង

« បងចេះខ្វល់ថាខ្ញុំមកវិញ មិនមកវិញដែរហេ? បងចេះខ្វល់ចេះបារម្ភពីខ្ញុំដែរ? តើរាល់ថ្ងៃខ្ញុំប្រពន្ធរបស់បង ឬមិនមែនទេ? អ្នកដទៃបងផ្តល់ភាពសំខាន់ជាងខ្ញុំទៅទៀត។ បងមិនដែលស្រលាញ់ខ្ញុំទេ យើងលែងគ្នាទៅ» គាត់បើកភ្នែកធំៗទាំងឆ្ងល់

« អូនឯងនិយាយពីអី? កើតអីមកដល់ផ្ទះភ្លាមក៏បែបនេះ »

« ខ្ញុំមិនបានកើតអី អ្វីគឺមកពីបងទាំងអស់ បងមិនខ្វល់ពីខ្ញុំ»

« ចុះអូនមានបើកទូរស័ព្ទមើលឬក៏អត់? »

« កុំនិយាយបង្វែងដាន »

« មុននឹងអូនឡូឡារបងចង់ឱ្យអូនបើកមើលសិនមើល៍»

ខ្ញុំធ្វើមុខខឹងរួចទាញទូរស៍ព្ទដៃមកមើល មានលេខដែលខលមកជាង ១០០ដងដែលខ្ញុំមិនបានលើក។ មានលេខម៉ាក់ប៉ាទាំងសងខាង លេខមិត្តជិតស្និទ្ធរបស់ខ្ញុំ និងចុងក្រោយជាលេខរបស់ប្តីបស់ខ្ញុំ។ ខ្ញុំអេះអុញបន្តិចពេលដឹងថាការពិតខ្ញុំបិទសមឡេងទូរស័ព្ទសោះ។ រួចខ្ញុំក៏ខលត្រលប់ទៅពួកគាត់វិញដើម្បីចង់ដឹងថាមានរឿងអ្វីកើតឡើង ស្រាប់តែបានទទួលការស្តីបន្ទោសទៅវិញ

« ឯងទៅណាហ្ហា ម៉េចមិនចេះប្រាប់អ្នកណាចឹង? ដឹងអត់គ្រប់គ្នាបារម្ភ ជាពិសេសប្តីរបស់ឯងគេខលរកមិត្តៗរបស់ពួកយើងគ្រប់គ្នាសួររកឯងណា។ ទូរស័ព្ទក៏មិនលើកឯងនេះនាំរឿងឱ្យគ្រប់គ្នាឆ្លេឆ្លាតែម្តងហើយ។ ច្រណែនណាស់ឯងមានប្តី ស្រលាញ់និងបារម្ភម្លឹងៗ »។ ខ្ញុំដាក់ទូរស័ព្ទចុះទាំងអារម្មណ៍រំភើប រួចឃើញសារមួយដែលគាត់បានផ្ញើមកតាំងពីល្ងាច

« Happy Birthday To You យប់នេះញ៉ាំបាយជាមួយគ្នាណា »។ ទឹកភ្នែករបស់ខ្ញុំស្រក់ចុះយកដៃខ្ទប់មាត់

« បង....? » ប្តីរបស់ខ្ញុំស្ទុះមកឱបខ្ញុំរួចនិយាយ

« បងតាមរកអូនគ្រប់កន្លែង កន្លែងដែលអូនចូលចិត្ត និងខលសួរមិត្តរបស់អូនគ្រប់គ្នា តែបែរជាគ្មានអ្នកណាដឹងម្នាក់សោះ។ ពេលនោះបងមានអារម្មណ៍ថាបងជិតឆ្កួតហើយ។ បងលែងមានកន្លែងដែលត្រូវរកអូនហើយ អ៊ីចឹងបងក៏ទាក់ទងខាងក្រុមហ៊ុនទូរស័ព្ទក៏បានដឹងថាអូននៅទីនោះ»

« ចុះបងម៉េចមិនចូលដាស់អូន?»

« ប្រពន្ធបងធ្វើខ្លួន បងចូលរំខានធ្វើអី? បងក៏ខលប្រាប់ម៉ាក់ប៉ា និងមិត្តភក្តិអូនថាបងរកអូនឃើញហើយ រួចបងក៏ត្រលប់មកផ្ទះវិញ» ពួកយើងក៏នាំគ្នាសើចទាំងហួសចិត្ត។ ការពិតសេចក្តីសុខតិចៗបែបនេះពិតជាមានសេចក្តីសុខណាស់។ ខ្ញុំមិនបានឮពាក្យថាស្រលាញ់ពីប្តីរបស់ខ្ញុំ តែអារម្មណ៍ខ្ញុំបែរជារំភើប និងសប្បាយចិត្តជាងការចង់ឮពាក្យនោះទៅទៀត។ ស្នេហារបស់យើងប្រៀបដូចជាទឹកសធម្មតាមួយកែវមិនខុសទេ។ ទោះជាយើងមិនចូលចិត្តទឹក ទោះជាទឹកគ្មានរសជាតិឆ្ងាញ់ មិនផ្អែម គ្មានរសជាតិ តែមនុស្សទាំងអស់ក៏ត្រូវការទឹកដើម្បីរស់នៅដែរ។ នេះទើបគេហៅថាសេចក្តីសុខតិចៗតែមានតម្លៃ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]