** ប្រលោមលោកខ្មែរឡូត ** 

ពេលខ្លះអ្វីដែលយើងមើលឃើញនឹងភ្នែក អាចគិតថាវាជារឿងរ៉ាវស្នេហាផ្អែមល្ហែមល្អូកល្អិន ប៉ុន្តែពេលខ្លះការពិតវាប្រហែលជាមិនដូចអ្វីដែលយើងគិតនិងមើលឃើញក៏ថាបាន។ ការពិតខ្លះវាហួសនឹងជឿ តែការពិតខ្លះក៏អាចធ្វើឱ្យយើងព្រឺសម្បុរផងដែរ។ ដែលការពិតនោះគឺ.......................

រាត្រីកាលនេះជាយប់មួយដ៏សែនស្ងប់ស្ងាត់ខុសពីធម្មតា ព្រោះវាជាថ្ងៃឈប់សម្រាកដ៏យូររហូតដល់ទៅ ៣ ថ្ងៃដ៏សែនរីករាយ។ តែខ្ញុំបែរជាស្ថិតនៅក្នុងទីក្រុងនេះតែម្នាក់ឯងទៅវិញ។ ទេ! ការពិតទៅក៏នៅមានមនុស្សមួយចំនួនដែរ ដែលមិនបានវិលត្រលប់ទៅលេងស្រុកកំណើតដូចខ្ញុំអ៊ីចឹងដែរ ព្រោះតែមានការងារដែលត្រូវធ្វើខានមិនបាន។  តែសម្រាប់ខ្ញុំ មានពេលតែបែរជាមិនចង់ទៅលេងផ្ទះទៅវិញ ហេតុផលវាដដែលៗហ្នឹងណា គឺថា...ណាមួយលុយតិចពេកខ្ជិលទៅខ្មាសអ្នកស្រុកភូមិ ណាមួយខ្ជិលទៅផងជិះចុះជិះឡើងទៅមកអស់តែលុយ នៅស្រុកមានតែមនុស្សចាស់សួរនាំច្រើន ជាពិសេសរឿងការងារ រឿងប្រាក់ខែ និងរឿងប្រពន្ធកូនអីហ្នឹង ធុញសឹងស្លាប់ហើយ សុខចិត្តនៅដេកផ្ទះជួលកម្ជិលអាំងផេះលេងវិញមានសេចក្តីសុខជាង។ តែគិតយូរៗទៅចង់ខ្លាចទៅវិញ មនុស្សចង់ពាក់កណ្តាលក្រុងគេទៅតាមខេត្តអស់ហើយ ។ ទោះជាមានមនុស្សគួរសម តែពេលរាត្រីវាក៏មិនខុសពីទីក្រុងខ្មោចដែលគ្មានមនុស្សរស់នៅដែរ។ ភ្លើងបំភ្លឺផ្លូវចញ្ចាច ភ្លើងស្តុបចរាចរណ៍ក៏នៅតែលោតដំណើរការ ចម្លែកអីបាត់តែមនុស្សចង់មួយទីក្រុង។

រូបតំណាង

យប់នេះស្អុះស្អាប់ខុសពីធម្មតាធ្វើឱ្យខ្ញុំគេងមិនលក់សោះ ទោះប្រែខ្លួនចុះឡើងៗ នៅតែគេងមិនលក់។ វិធីល្អនោះគឺទូរស័ព្ទដៃជាមិត្តដ៏ល្អរបស់ខ្ញុំ។ នៅធ្វើអីទៀត ចាប់ទាញទូរស័ព្ទក្រោមខ្នើយខ្វាក បើកខ្វាច់។ ឱ្យឡើងស្ងាត់ជ្រៀប អត់មានអីមើលសោះ មានតែគេថតរូបបង្អួតគ្នាដើរលេងទៅនេះទៅនោះ ញ៉ាំនេះញ៉ាំនោះ អត់មានអាណិតចិត្តអ្នកនៅផ្ទះញ៉ាំមីកំប៉ុងសោះហ្មង បើមិនអ៊ីចឹងក៏ផុសតែរឿងស៊ែជេរគ្នា រិះគន់គ្នា។យី! គិតទៅសង្គមសម័យនេះប្លែកមែនទែន ធ្វើតែរឿងអត់ប្រយោជន៍ ធុញៗៗធុញមែនទែន ។ កំពុងតែរករៀបបិទទូរស័ព្ទហើយក៏ស្រាប់តែលោតរូបស្អីមកគួរឱ្យចាប់អារម្មណ៍មែនទែន ព្រោះតែមានអ្នកចូលរួមមតិសរសើរច្រើនពេក ហើយឡើងស្វីត អត់មានក្រែងចិត្តឯងអ្នក Single អីសោះ សុទ្ធតែគេងកើយស្មាគ្នាលើកាប៉ាល់ទឹកណាទេ...ឆឺស!! ជ្រេញហា ចូលមើលសិនរូបហ្នឹងគេសរសេរអីខ្លះ ។ ជំងឺចេះដឹងរឿងអ្នកស្រុកកំពុងតែចាប់ផ្តើមរើឡើងទៀតហើយ។

« ថ្ងៃនេះសប្បាយចិត្តណាស់ បានជួបស្រីស្អាតម្នាក់ ការពិតពួកយើងទើបតែស្គាល់គ្នា ប្រហែលជា៤ម៉ោងនេះទេ ពេលដែលយើងជិះកាប៉ាល់ឆ្លងមកលេងកោះរ៉ុង ថាចៃដន្យក៏បាន ព្រោះនាងមានបញ្ហារឿងមិនសប្បាយចិត្តខ្លះទើបធ្វើដំណើរកម្សាន្តមកទីនេះតែម្នាក់ឯង ចំណែកខ្ញុំក៏មិនខុសពីនាងដែរ អ្នកខូចចិត្តប៉ះអ្នកខូចចិត្តហើយបានកន្លែងអង្គុយជាប់គ្នាទៀត ហិហិ។ ពួកយើងក៏ចាប់ផ្តើមជិតស្និទ្ធនិយាយគ្នាលេងបានគ្រប់រឿងស៊ីខ្សែគ្នាណាស់ នោះគឺដោយសារដំបូងពេលដែលនាងពុលកាប៉ាល់ មានតែប្រុសស្អាតអង្គុយជិតនាងដូចជាខ្ញុំទេ ដែលជួយយកអាសារនាង ។ ចាប់ពីពេលនោះមកយើងក៏ចាប់ផ្តើមនិយាយគ្នាកាន់តែច្រើនឡើង និយាយពីនេះផង ពីនោះផងដូចមនុស្សស្គាល់គ្នាយូរមកអ៊ីចឹង។ ក្រោយមកដោយសារហេវហត់អស់កំលាំង នាងក៏លង់លក់ទៅដោយគេងផ្អែកលើស្មាខ្ញុំ។ មិនដឹងថាគួរនិយាយថាម៉េចទេ តែគ្រាន់តែដឹងថារំភើបណាស់ បេះដូងឡើងលោតញាប់ដុកដាក់ៗ។ រីករាយមែនទែនដែលបានស្គាល់នាង ។ ខ្ញុំស្រលាញ់នាងមែនទេ? រយៈពេលខ្លីក៏អាចបង្កើតស្នេហាបានដែរមែនទេ? អូខេ! ជឿជាក់លើអារម្មណ៍ខ្លួនឯង សន្យាណាថានឹងតាមញ៉ែនាងអោយបានដល់ទីបំផុត ^_^ » 

រូបតំណាង

អានចប់ភ្លាមព្រឺសម្បុរខ្ញាកហ្មង ព្រឺសម្បុរត្រង់ត្រលាន់ ផ្អែមនោះផ្អែមក្មេងៗអស់នេះ។ សម័យនេះស្អីក៏មានដែរ អាទើបតែស្គាល់គ្នាសោះ មិនទាន់ទាំងបាន ២៤ម៉ោងស្រួលបួលផងធ្វើឯងអីណាហើយ។ មិនមែនច្រណែនទេណា គ្រាន់តែហួសចិត្ត។ តែគិតៗទៅសុំមើលរូបម្នាក់ស្រីហ្នឹងឱ្យច្បាស់តិចមើល ស្អាតដូចគេនិយាយអត់ ព្រោះឃើញផុសរូបហើយដាក់ឈ្មោះទៀតប្រហែលហ្នឹងហើយ។ នែ! មិនមែនចេះដឹងរឿងគេទេណា មកពីរូបថតហ្នឹងថតអត់ឃើញមុខផង សក់បាំងជិតអស់ហើយ។ ចុច ចុចៗៗ យី! អាអ៊ីនធើណេតនេះស៊ីអារម្មណ៍ទាំងយប់ទៀត ។ ពាក់កណ្តាលយប់ហើយនៅដើរលឿនដូចអណ្តើកទៀត

......................Loading…………………………………….

បន្ទាប់ពីរង់ចាំមួយសន្ទុះ ស្រាប់តែប្រព័ន្ធដំណើរការលេចចេញ គណនីម្នាក់នោះ។ តែបែរជាធ្វើឱ្យខ្ញុំបើកភ្នែកធំៗទាំងឆ្ងល់ និងតក់ស្លុតទៅវិញ។ សារជាច្រើនបានផ្ញើមកក្នុងគណនីស្រីម្នាក់នេះ វាគ្រាន់តែជាសារធម្មតាៗតែបែរជាធ្វើឱ្យខ្យល់ដង្ហើមរបស់ខ្ញុំខ្សោះស្ទើរតែដកមិនចេញទៅវិញ។

« RIP »

« RIP »

« RIP ml »

« Rest in the peace »

« Oh My god Unbelivable ml  RIP na »

« សូមទៅឱ្យបានសុខ »

……….

សារជាច្រើនបានបង្ហោះទៅកាន់គណនីស្រីម្នាក់នោះ។ សារព័ត៌មានព្រោងព្រាតនិយាយពីគ្រោះថ្នាក់លិចកាប៉ាល់ចូលទៅក្នងទឹកទន្លេកាលពីម្សិលមិញធ្វើឱ្យបេះដូងខ្ញុំភ័យតក់ស្លុតបែកញើសជោគ។ ទេ! ខ្ញុំចូលច្រលំគណនីមែន ? នេះជាគណនីអ្នកដែលបានស្លាប់អ៊ីចឹងហេ? មែនណាហី? អូ ម៉ាយព្រះ! ជួយកូនចាបកូនព្រាបផង។ អេ! ឈប់សិន ក្រែងខ្ញុំទើបតែឃើញម្នាក់ប្រុសហ្នឹងផុសរូបប្រហែលជា ២ ម៉ោងមុននេះតើ។ តែសារដែលចូលរួមរំលែកទុក្ខនោះឃើញផុសតាំងពីម្សិលមិញ។ មែនណាហី្ហ? ទេ ទេ! មនុស្សស្លាប់តាំងពីម្សិលមិញម៉េចអាចមកថតរូបជាមួយមនុស្សដែលនៅរស់នៅថ្ងៃនេះបានទៅ? ឬក៏រូបនេះជារូបចាស់? អត់ទេ! រូបថតនេះថតនៅក្នុងថ្ងៃខែក្នុងថ្ងៃនេះច្បាស់ណាស់តាមដែលឃើញកាលបរិច្ឆេទដែលនៅលើរូបថត។ ឬក៏មានមនុស្សមុខដូចគ្នា?   ឬក៏.......?

ចំណែកចំណុចសរុបចុងក្រោយខ្ញុំអត់ចង់គិតទេនេះព្រោះថា....ថាម្នាក់ស្រីនោះគឺជាព្រលឹងខ្មោច? ព្រលឹងដែលតែលតោលមិនទៅណា រកកន្លែងចាប់កំណើតមិនបាន បានជានៅតែវិលវល់ក្បែរទឹកសមុទ្រ លងបន្លាចអ្នកដើរលេងដទៃទៀត ??? អូយ! គេថាពេលថ្ងៃកុំនិយាយដើមមនុស្សរស់ ពេលយប់ស្ងាត់កុំនិយាយដើមខ្មោច។ បានៗៗ ឈប់គិតៗៗ គ្រាន់តែគិតព្រឺសម្បូរខ្ញាកហើយម្តងនេះ ដែលសំខាន់ពេលនេះម៉ោង ១រំលងអធ្រាតទៅហើយ ។ ពេលនេះគេងអត់លក់ទេ ហើយមិនហ៊ានងើបឡើងបិទភ្លើងទៀត ។ ពេលនោះស្រាប់តែមានខ្យល់ត្រសៀកៗបក់បោកតិចៗដូចសំឡេងមនុស្សថ្ងូរនិងយំតិចៗ មិនដឹងចេញពីទិសខាងណា ធ្វើឱ្យខ្ញុំបែកញើសជោគខ្លួនព្រឺសម្បុរកាន់តែខ្លាំងឡើង។  ខ្ញុំុំលើកដៃសំពះបន់នៅក្នុងភួយទាំងញ័រតតាត់។  ម៉ែអើយជួយកូនផង! សូមអ្វីដែលខ្ញុំគិតវាមិនមែនជាការពិតទៅចុះ កំពុងតែទាញភួយគ្របក្បាលជិតទាំងភ័យរន្ធត់ស្រាប់តែខ្ញុំមានអារម្មណ៍ថា មាននរណាម្នាក់កំពុងតែបើកភ្នែកធំៗសម្លឹងមកខ្ញុំ។ ខ្ញុំប្រឹងធ្មេចភ្នែកឱ្យគេងឆាប់លក់ដើម្បីឱ្យយប់នេះឆាប់រំលងផុតបាត់។ ខ្ញុំមិនចង់បើកភួយមើលទេ ហើយក៏រឹតតែមិនចង់ឃើញនូវអ្វីដែលមិនចង់ឃើញនោះដែរ។ មិនគួរនៅម្នាក់ឯងសោះខ្្ញុំ។

«  គុណបុណ្យព្រះពុទ្ធ ព្រះធម៌ ​ព្រសង្ឃ គុណម៉ែគុណឪ គុណជីដូនជីតា ជួយកូនចៅផង បើយប់នេះខ្ញុំមានឱកាសឆ្លងផុតដោយសុវត្ថិភាពខ្ញុំនឹងជិះតាក់ស៊ីទៅលេងម៉ែពុកនៅឯស្រុកហើយ មិននៅម្នាក់ឯងទៀតទេគួរឱ្យខ្លាចណាស់ » ។ សំឡេងលងបន្លាច ខ្យល់ត្រជាក់ៗក៏បាត់ទៅស្ងប់ស្ងាត់ ខ្ញុំដកដង្ហើមធូរទ្រូងយ៉ាងខ្លាំង។ ឆ្នាំនេះត្រូវតែទៅលេងស្រុកភូមិទើបបាន នៅម្នាកឯងជួបសភាពបែបនេះ មិនលេងចូលទៀតទេ អត់លុយគ្មានលុយក៏ត្រូវតែទៅលេងស្រុកកំណើតដែរ  ៕ 

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]