ក្នុងការធ្វើដំណើរតាមយន្តហោះរយៈពេលដ៏យូរមួយ អាចបង្កឱ្យអ្នកកើតមានអាការស្ត្រេស  ធុញថប់  អស់កម្លាំង ជាដើម។ ឥរិយាបថ និងការប្រព្រឹត្តទៅមួយចំនួនអាចធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍មិនល្អ  ឬមិនសូវស្រួលខ្លួន  និងមានផលវិបាកផ្សេងជាច្រើនទៀត។

នេះជារឿងទាំង ៩យ៉ាងដែលអ្នកគួរអនុវត្ត និងចៀសវាងនៅពេលកំពុងហោះហើរលើយន្តហោះ៖  

រឿងរ៉ាវទាំង៩យ៉ាង ដែលអ្នកគួរតែចៀសវាង និងអនុវត្តរាល់ពេលឡើងជិះយន្តហោះ

១. កុំពាក់ Contact Lenses

ការពាក់ Contact Lenses នៅពេលហោះហើរនឹងធ្វើឱ្យភ្នែករបស់អ្នកកាន់តែស្ងួត នោះក៏ដោយសារបរិយាកាសនៅលើយន្តហោះ។ ហើយថែមទាំងអាចមានផលវិបាក និងគុណវិបត្តិច្រើនទៀត។ យកល្អគួរតែពាក់វ៉ែនតាជំនួសវិញ  ឬប្រើ Contact Lenses ដែលអាចប្រើត្រឹមរយៈពេលមួយថ្ងៃបានហើយ ទើបជាការប្រសើរ។  អ្នកអាចប្រើប្រាស់ថ្នាំបណ្តក់ភ្នែកបន្ថែមបានដើម្បីកុំឱ្យស្ងួតភ្នែក។ 

ការពាក់ Contact Lenses នៅពេលហោះហើរនឹងធ្វើឱ្យភ្នែករបស់អ្នកកាន់តែស្ងួត

២. កុំខ្ទប់ត្រចៀក

ត្រចៀករបស់អ្នកនឹងហឹងខណៈពេលដែលឡើង និងចុះចតយន្តហោះ ដោយសារសម្ពាធបរិយាកាស។ ជាដំបូងគួរដកដៃចេញ កុំខ្ទប់ត្រចៀកឱ្យសោះ ទោះជាវាមិនអាចជួយអ្វីបាន  តែយើងសូមណែនាំវិធីកាត់បន្ថយអារម្មណ៍មិនស្រួលខ្លួនដូចជា៖

- ញ៉ាំស្ករគ្រាប់ ឬទំពារស្ករកៅស៊ូ ព្រោះវាអាចជួយរំញោចឱ្យអ្នកចេញទឹកមាត់បាន វាអាចជួយសម្រួលអាការមិនស្រួលក្នុងអារម្មណ៍បាន ជាពិសេសសម្រាប់កុមារ។

- ឧស្សាហ៍បិទ និងបើកមាត់របស់អ្នកឱ្យបានញឹកញាប់ដើម្បីបន្ធូរបន្ថយខ្យល់ដែលនាំឱ្យហឹងត្រចៀក។

- អ្នកគួរតែដកដង្ហើមចូល បន្ទាប់មកច្របាច់ច្រមុះរបស់អ្នកដោយម្រាមដៃ និងដកដង្ហើមចេញ ដូចជាអ្នកកំពុងរុញខ្យល់ដង្ហើមចេញតាមរន្ធត្រចៀក។ វិធីសាស្រ្តនេះគួរតែត្រូវប្រើដោយប្រុងប្រយ័ត្នប្រសិនបើអ្នកមានប្រតិកម្មអាឡែស៊ី ឬហៀរសំបោរជាដើម។

ចំណាំ៖ ប្រសិនបើពេលចុះចតយន្តហោះនៅតែមានអាការហឹងត្រចៀក សូមទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជាបន្ទាន់។ 

ត្រចៀករបស់អ្នកនឹងហឹងខណៈពេលដែលឡើង និងចុះចតយន្តហោះ ដោយសារតែសម្ពាធបរិយាកាស

៣. ព្យាបាល និងការពារអាការតឹងច្រមុះផ្តាសាយ

អាការតឹងច្រមុះ អាចបន្ថែមសម្ពាធ និងប៉ះទង្គិចធ្ងន់ធ្ងរដល់ត្រចៀករបស់អ្នកបាន។ ដូច្នេះពេលដែលអ្នកមានជំងឺផ្តាសាយ អ្នកគួរតែប្រើប្រាស់ថ្នាំបំបាត់អាការតឹងច្រមុះភ្លាមៗនៅមុនពេលឡើង និងចុះចតយន្តហោះ ។ ប៉ុន្តែក្នុងករណីអ្នកមានជំងឺ រលាកសួត រលាកច្រមុះ ឬអាលែកហ្សីធ្ងន់ធ្ងរ ហើយមិនអាចលុបចោលជើងហោះហើរបានទេ អ្នកគួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន។ 

អាការតឹងច្រមុះ អាចបន្ថែមសម្ពាធ និងប៉ះទង្គិចធ្ងន់ធ្ងរដល់ត្រចៀករបស់អ្នកបាន

៤. ធ្វើចលនារាងកាយ

ក្នុងអំឡុងពេលហោះហើរលំហូរឈាមរបស់អ្នកនឹងធ្វើដំណើរការយឺតយ៉ាវ  ហើយការអង្គុយយូរពេកមិនបានធ្វើចលនា អាចបង្កហានិភ័យរាំងស្ទះសសៃឈាម (អាចឱ្យហើមជើងជាដើម)។

# ដើម្បីបង្ការ និងចៀសវាងបញ្ហាទាំងនេះអ្នកគួរតែ៖

- ក្រោកឈរ ហើយដើរតិចៗ

- ស្លៀកសំលៀកបំពាក់ងាយៗ រលុងៗ ដែលមិនធ្វើឱ្យតឹងណែនខ្លួនពិបាកធ្វើចលនា។

- ដោះស្បែកជើងរបស់អ្នកចេញកំឡុងពេលហោះហើរ ( បើអ្នកមានបញ្ហាស្ពឹក ឬស្រពន់ដោយសារសសៃឈាមហូរយឺតពេក អ្នកពាក់ស្រោមជើង ឬក្រណាត់រុំជើងរបស់អ្នក )។

- អាចធ្វើលំហាត់ប្រាណខ្លះៗក្នុងកំឡុងពេលអ្នកអង្គុយដោយ គ្រាន់តែធ្វើចលនាបង្ហើបកែងជើងរបស់អ្នកឡើងបន្តិចរួចទំលាក់ចុះវិញ ( ចំអើត ឬចំតើតកែងជើង) ។ 

ក្នុងអំឡុងពេលហោះហើរលំហូរឈាមរបស់អ្នកនឹងធ្វើដំណើរការយឺតយ៉ាវ ហើយការអង្គុយយូរពេក ដោយមិនធ្វើចលនា អាចបង្ករហានិភ័យរាំងស្ទះសសៃឈាម

៥. មិនត្រូវផឹកភេសជ្ជៈដែលមានជាតិកាបូហាយឌ្រេត

រាល់ភេសជ្ជៈដែលមានជាតិកាបូហាយឌ្រេត (Carbohydrate) ច្រើនដូចជាទឹកក្រូច ឬភេសជ្ជៈដែលច្រកកំប៉ុង គឺមិនល្អសម្រាប់សុខភាពរបស់អ្នករាល់ពេលហោះហើរនោះទេ  វាអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រួលនៅក្នុងខ្លួន។ ដូច្នេះគួរចៀសវាងភេសជ្ជៈទាំងនេះ និងរាល់អាហារដែលធ្វើឱ្យអ្នកហើមពោះដូចជានំប៉័ង សណ្តែក ផ្លែប៉ោម និងរាល់ភេសជ្ជៈដែលមានជាតិហ្គាសផងដែរ។

រាល់ភេសជ្ជៈដែលមានជាតិកាបូនច្រើនដូចជាទឹកក្រូច ឬភេសជ្ជៈដែលច្រកកំប៉ុងមិនល្អសម្រាប់សុខភាពរបស់អ្នករាល់ពេលហោះហើរនោះទេ

៦. រកកន្លែងអង្គុយដែលសាកសម

យើងតែងតែដឹងថាពេលដែលអ្នកមានអាការមិនស្រួលខ្លួន ឬចង់ពុលឡានអ្នកគួរតែជ្រើសរើសអង្គុយកៅអីខាងមុខ វិធីនេះវាក៏មានប្រសិទ្ធភាពផងដែរពេលដែលអ្នកធ្វើដំណើរលើយន្តហោះ។  ដូច្នេះរាល់ពេលទិញសំបុត្រយន្តហោះអ្នកគួរតែជ្រើសរើសកន្លែងអង្គុយដែលនៅខាងមុខ និងកន្លែងដែលមានខ្យល់ចេញចូលជាដើម។ ម្យ៉ាងទៀតមុនចេញដំណើរមិនគួរបរិភោគអាហារចៀន បំពង និងភេសជ្ជៈដែលមានជាតិអាល់កុលឡើយ។

រាល់ពេលទិញសំបុត្រយន្តហោះអ្នកគួរតែជ្រើសរើសកន្លែងអង្គុយដែលនៅខាងមុខ និងកន្លែងដែលមានខ្យល់ចេញចូលជាដើម

៧.ចៀសវាងការប្រើប្រាស់គ្រឿងស្រវឹង

អ្នកមិនគួរប្រើប្រាស់គ្រឿងស្រវឹងនៅពេលកំពុងហោះហើរទេ ព្រោះក្នុងយន្តហោះមានខ្យល់ស្ងួត ដែលអាចធ្វើឱ្យអ្នករឹតតែខ្វះជាតិទឹកនៅក្នុងខ្លូន អតុល្យភាពអុកស៊ីសែនក្នុងសសៃឈាមដែលធ្វើឱ្យអ្នកខ្សោយ និងពិបាកក្នុងការគេង  ឬគេងមិនលក់ជាដើម។ ជាពិសេសអ្នកអាចនឹងឆាប់ស្រវឹងជាងពេលធម្មតានៅពេលដែលអ្នកផឹកគ្រឿងស្រវឹងលើយន្តហោះ។ ដើម្បីសុវត្ថិភាព និងសុខភាពរាងកាយសូមកុំទទួលទានគ្រឿងស្រវឹងរាល់ពេលមុនឡើងយន្តហោះ និងក្នុងពេលហោះហើរ។  

អ្នកមិនគួរប្រើប្រាស់គ្រឿងស្រវឹងនៅពេលកំពុងហោះហើរនោះឡើយ ព្រោះតែក្នុងយន្តហោះមានខ្យល់ស្ងួត ដែលអាចធ្វើឱ្យអ្នករឹតតែខ្វះជាតិទឹកនៅក្នុងខ្លូន

៨. កុំប៉ះពាល់របស់នៅជុំវិញ

នៅក្នុងយន្តហោះជាប្រភពដែលសម្បូរទៅដោយមេរោគដោយសារវាមិនសូវសម្បូរខ្យល់ចេញចូល និងបរិយាសកាសខ្យល់ស្ងួតនៅក្នុងយន្តហោះអំណោយផលដល់ការរីកលូតលាស់នូវមេរោគផ្សេងៗជាដើម។  ដូច្នេះមិនគួរប៉ះពាល់របស់ប្រើប្រាស់ ឬវត្ថុជុំវិញនៅក្នុងយន្តហោះផ្តេសផ្តាសឡើយ។ អ្នកអាចលាងដៃអ្នកឱ្យបានស្អាតជាមួយនឹងសាប៊ូ ឬទឹកលាងសំអាតដៃដែលមានជាតិអាល់កុលឱ្យបានញឹកញាប់រាល់ពេលចាប់ ឬប៉ះកាន់អ្វីមួយ។  

នៅក្នុងយន្តហោះជាប្រភពដែលសម្បូរទៅដោយមេរោគដោយសារតែវាមិនសូវសម្បូរខ្យល់ចេញចូល និងបរិយាសកាសខ្យល់ស្ងួតនៅក្នុងយន្តហោះអំណោយផលដល់ការរីកលូតលាស់នូវមេរោគផ្សេងៗ

៩. បញ្ឈប់ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច

ដូចដែលអ្នកបានដឹងហើយថា ពេលចាប់ផ្តើមឡើង និងពេលចុះចតគឺជាដំណាក់កាលលំបាកបំផុតនៃការហោះហើរ។ រលកសញ្ញានៃឧបករណ៍ប្រើប្រាស់របស់អ្នកដូចជាទូរស័ព្ទដៃស្មាតហ្វូនជាដើមអាច ជ្រៀតជ្រែក រាំងស្ទះឬមានបញ្ហានៅក្នុងការទំនាក់ទំនងវិទ្យុ និងប្រព័ន្ធរុករកផ្សេងៗនៅលើយន្តហោះ ហើយអ្នកបើកបរអាចមិនឮព័ត៌មានដែលបញ្ជូនដោយឧបករណ៍បញ្ជាបាននោះឡើយ ។ ទោះបីជាទូរស័ព្ទរបស់អ្នកចាក់សោរ ហើយមិនប្រើប្រាស់ តែវានៅតែមានប្រព័ន្ធរុករកបណ្តាញហើយប្រេកង់របស់វាអាចត្រួតលើគ្នាជាមួយនឹងប្រេកង់របស់ឧបករណ៍យន្តហោះ។ ដូច្នេះគួរតែបិទទូរស័ព្ទរបស់អ្នក ឬបើកដំណើរការប្រព័ន្ធហោះហើរលើ ( Flight Mode ) ក្នុងទូរស័ព្ទដៃរបស់អ្នកជាការល្អបំផុត៕ 

រលកសញ្ញានៃឧបករណ៍ប្រើប្រាស់របស់អ្នកដូចជាទូរស័ព្ទដៃស្មាតហ្វូនជាដើមអាច ជ្រៀតជ្រែក រាំងស្ទះឬមានបញ្ហានៅក្នុងការទំនាក់ទំនងវិទ្យុ និងប្រព័ន្ធរុករកផ្សេងៗនៅលើយន្តហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]