ការទទួលបាននូវអាហារូបករណ៍ទៅសិក្សានៅបរទេស អាចចាត់ទុកថា ជាបំណងប្រាថ្នារបស់អ្នកសិក្សាស្ទើរគ្រប់ៗគ្នា ជាពិសេសនិស្សិតទើបបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ និងបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ ទន្ទឹមនឹងនេះ ក៏មានសិស្ស និស្សិត និងអាណាព្យាបាលភាគច្រើន គឺនៅមិនទាន់ស្វែងយល់ច្បាស់អំពីប្រការនេះនៅឡើយ។ ចំណែកអ្នកសិក្សាខ្លះយល់ថា ខ្លួនមិនអាចមានសមត្ថភាព ប្រឡងជាប់អាហារូបករណ៍ទាំងនោះ  ហើយមាននិស្សិត ខ្លះ មិនបានទទួលជោគជ័យជាច្រើនលើក ច្រើនសារ ក្នុងការដាក់ពាក្យសុំអាហារូបករណ៍ទៀតផង។

ដោយមានបទពិសោធន៍ ទទួលបានអាហារូបករណ៍ជាច្រើនដង ទៅសិក្សានៅតាមបណ្ដាប្រទេសធំៗមួយចំនួន លោក ជី ទេរិទ្ធ បច្ចុប្បន្នជាបុគ្គលិកបម្រើការនៅ មជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) បានចែករំលែកចំណុចពិចារណាមួយចំនួន ក្នុងការដាក់ពាក្យសុំអាហារូបករណ៍ ទៅសិក្សានៅបរទេស ដូចខាងក្រោម៖

ទី១ : ព្យាយាមស្វែងរកព័ត៌មានអាហារូបករណ៍ឱ្យច្រើន : បើនិយាយពីចំនួនអាហារូបករណ៍ ដែលបានប្រកាសផ្សាយទូលំទូលាយ គឺមានចំនួនតិច និងមានឱកាសជាប់តិច ខណៈដែលមានមនុស្សជាច្រើន បានដឹងដូចគ្នា។ ដូច្នេះ អ្នកដែលមានបំណងចង់ទទួលបានឱកាសសិក្សានៅបរទេស គួរចេះស្វែងរកប្រភពព័ត៌មានអាហារូបករណ៍បន្ថែម ពិសេសពីគ្រឹះស្ថានសិក្សានានា ឬក៏អាចសាកសួរព័ត៌មានដោយផ្ទាល់ ទៅដល់នាយកដ្ឋានវប្បធម៌ និងអាហារូបករណ៍។

ទី២ : ទំនាក់ទំនងជាមួយមនុស្សឱ្យបានច្រើន : ការស្គាល់ជាមួយនឹងមនុស្សជាច្រើន មិនត្រឹមអាចបង្កើតមិត្តភាព តែអ្នកទាំងនោះ គឺជាប្រភពព័ត៌មានរបស់អ្នក។ ក្នុងនាមជាសិស្ស ឬនិស្សិតម្នាក់ គួរស្គាល់ជាមួយគ្រូ សាស្ត្រាចារ្យ តាមសាកលវិទ្យាល័យ ឬអ្នកជំនាន់មុនឱ្យបានច្រើន។

ទី៣ : មើល និងបំពេញតម្រូវការនៃអាហារូបករណ៍ : ទន្ទឹមនឹងមានការចាប់អារម្មណ៍ និស្សិតត្រូវម៉ត់ចត់ ក្នុងការពិនិត្យមើលអំពីតម្រូវការនៃអាហារូបករណ៍ ហើយពង្រឹងសមត្ថភាពខ្លួន ដើម្បីសក្ដិសមនឹងទទួលបាន ដូចជាពង្រឹងផ្នែកភាសាអង់គ្លេស ត្រូវរៀនអានឱ្យបានច្រើន ដើម្បីបង្កើនល្បឿននៃការអាន (នៅបរទេសរៀនលឿនខ្លាំងណាស់) និងធ្វើឱ្យមានគំនិតទូលំទូលាយ។

ទី៤ : មានបទពិសោធន៍ការងារខ្លះកាន់តែប្រសើ : ភាគច្រើនអ្នកដែលសុំអាហារូបករណ៍ គឺជានិស្សិត ដូច្នេះ ប្រសិនបើអ្នកអាចមានឱកាសឆ្លៀតពេលរកការងារធ្វើខ្លះ គឺជាចំណុចល្អ សម្រាប់បង្កើនឱកាសជាប់។ ការងារបង្រៀនអ្នកបន្ថែម ហើយការងារធ្វើឱ្យអ្នកចាស់ទុំខាងផ្នែកចិត្តគំនិត។

ទី៥ : រៀបចំបែបបទសុំអាហារូបករណ៍ ឱ្យគួរចាប់អារម្មណ៍ : ចូរសិក្សាមើលបែបបទទាំងនោះ ហើយសួរខ្លួនឯងថា គួរធ្វើអ្វីមួយឱ្យប្លែកពីគេ ល្អលើសគេហើយអ្នកត្រូវតែចេះរៀបចំ បែបបទរបស់អ្នកឱ្យស្អាតជាងគេ ដើម្បីបន្ថែមភាពទាក់ទាញ។

ទី៦ : ចេះបង្ហាញ : ជាទូទៅ នៅក្នុងបែបបទនៃការសុំអាហារូបករណ៍ ក៏តម្រូវឱ្យអ្នកសរសេររៀបរាប់បង្ហាញពីចំណាប់អារម្មណ៍ និងចេះបង្ហាញពីព័ត៌មានខ្លួនអ្នក ក្នុងគំរូមួយដែលត្រឹមត្រូវ។ និស្សិតកម្ពុជាមួយចំនួនធំ គឺមិនទាន់ចេះបង្ហាញ ឬរៀបរាប់ព័ត៌មានផ្ទាល់ខ្លួន ដូចនិស្សិតនៅបណ្ដាប្រទេសដទៃឡើយ។

ទី៧ : ស្គាល់ពីអាហារូបករណ៍ឱ្យបានច្បាស់ : សិក្សាពីអាហារូបករណ៍ឱ្យបានច្បាស់ អ្វីដែលខ្លួនអ្នកមាន អ្វីដែលអ្នកនឹងទទួលបានខ្លះ បន្ទាប់ពីវគ្គសិក្សានេះ គោលបំណងក្រោយបញ្ចប់ តើអ្នកប្រាកដថា អ្នកនឹងធ្វើអ្វី នៅឯណាព័ត៌មានទាំងនេះចាំបាច់ សម្រាប់ខ្លួនអ្នកជាបេក្ខជនត្រូវតែច្បាស់ សម្រាប់ងាយស្រួលពេលធ្វើបទសម្ភាសន៍។

ទាក់ទងទៅនឹងប្រធានបទនេះ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា ដែលធ្លាប់ចូលរួមក្នុងសិក្ខាសាលា  Fulbright កន្លងមក បានថ្លែងជាសារអប់រំនៅចំពោះមុខសិស្សនិស្សិតជាង១,៥០០នាក់ គោលបំណងក្រៅពីជំរុញឱ្យសិស្សនិស្សិតខិតខំរៀនសូត្រ ក៏ដូចជាត្រូវសម្រេចចិត្តជ្រើសរើសមុខជំនាញដែលខ្លួន ពេញចិត្ត។ លោកក៏បានសរសើរចំពោះអតីតនិស្សិតអាហារូបករណ៍ Fulbright រាប់រយនាក់ ដែលក្រោយបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក បណ្តាបញ្ញវ័ន្តទាំងនោះ មានចំណេះ និងជំនាញពិតប្រាកដ គួរជាទីមោទនៈក្រៃលែង។ បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានស្នើទៅបណ្តារដ្ឋាភិបាល តាមបណ្តាប្រទេសផ្តល់អាហារូបករណ៍ទាំងអស់ តាមគ្រប់រូបភាពដល់កម្ពុជា គួរតែបន្ថែមកម្មវិធីអាហារូបករណ៍ដល់និស្សិតកម្ពុជា ឱ្យបានច្រើនថែមទៀត ទៅថ្ងៃអនាគត។

គួរបញ្ជាក់ថា ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា សម្រាប់ឆ្នាំ២០១១ និងឆ្នាំ២០១២ មាននិស្សិតកម្ពុជាចំនួន៩នាក់ បានទទួលអាហារូបករណ៍កម្មវិធី Fulbright ដើម្បីបន្តសិក្សាថ្នាក់ក្រោយឧត្ដមសិក្សានៅសហរដ្ឋ អាមេរិក។ កម្មវិធីអាហារូបករណ៍នេះ បានបង្កើតឱ្យមាននៅកម្ពុជាឡើងវិញក្នុងឆ្នាំ១៩៩៤ ដោយមាននិស្សិតកម្ពុជាចំនួន១៣២នាក់ បានទៅសិក្សានៅសហរដ្ឋអាមេរិក។ សម្រាប់ឆ្នាំ២០១១ នេះ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានត្រៀមទឹកប្រាក់ចំនួន៥សែនដុល្លារអាមេរិក សម្រាប់កម្មវិធី Fulbright ដល់ប្រទេសកម្ពុជា។

ក្រោយពីបានរៀបរាប់នូវដំណើរស្វែងយល់ពី ការសុំអាហារូបករណ៍ ក៏ដូចជាបទពិសោធន៍ និងយុទ្ធសាស្រ្តពីបណ្តាអ្នកមានបទពិសោធន៍ ជុំវិញប្រធានបទនេះ សង្ឃឹមថាអាចជាបច្ច័យមួយជួយបង្ហាញផ្លូវ ដល់បណ្តាសិស្ស និស្សិត និងអាណាព្យាបាលភាគច្រើនដែលពុំទាន់បានជ្រួតជ្រាបច្បាស់ពីដំណឹង នេះ។ ដូច្នេះសិស្សនិស្សិតគ្រប់រូប ដែលមានបំណងដាក់ពាក្យ សុំអាហាររូបករណ៍ទៅសិក្សានៅបរទេស គួរចាប់ផ្តើមពង្រឹងសមត្ថភាពផ្ទាល់ខ្លួន ដោយចាប់ផ្តើមពីមូលដ្ឋានគ្រឹះសិក្សា។

ការសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការជ្រើសរើសមុខវិជ្ជា ឬជំនាញពិតប្រាកដ ជាមួយការសម្លឹងមើលទីផ្សារកំពុងកើតមាននៅកម្ពុជា គឺពិតជាផ្តល់ប្រយោជន៍ដល់និស្សិត ពេលបញ្ចប់ការសិក្សាអាចស្វែងរកការធ្វើបានដោយងាយ។ សិស្សនិស្សិតកម្ពុជា គួរតែមានទស្សនវិស័យពិតប្រាកដមួយ ចំពោះតម្រូវការទីផ្សារការងារ និងលំហូរចូលពលករបញ្ញាវ័ន្តអាស៊ានឆ្នាំ២០១៥ ដើម្បីឈានទៅធ្វើការសម្រេចចិត្ត ដឹកនាំអនាគតឱ្យតម្រង់ចំគោលដៅ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]