** ប្រលោមលោកខ្មែរឡូត **

នៅលើលោកយើងនេះគា្មនអ្នកណាអាចហាមឃាត់ទំហំនៃជម្រៅបេះដូងរបស់មនុស្សបាននោះឡើយ។ ចំណែករឿងរ៉ាវស្នេហានៅលើលោកនេះក៏មានច្រើនរាប់មិនអស់។ អ្នកខ្លះក៏បានសមបំណងមានសេចក្តីសុខ តែអ្នកខ្លះវិញក៏ជួបប្រទះនឹងការព្រាត់ប្រាស់គ្នាទៅវិញ នោះអាស្រ័យទៅលើបុគ្គលទាំងពីរនោះឯង។ ហើយរឿងរ៉ាវដែលខ្ញុំនឹងរៀបរាប់នៅពេលនេះអាចនឹងដូចជារឿងរ៉ាវរបស់គូស្នេហ៍មួយចំនួនផងក៏មិនដឹង។

នៅក្នុងក្រុមហ៊ុនដែលខ្ញុំធ្វើការ មានប្រធានជាមនុស្សស្រី។ អ្វីដែលប្លែកគឺត្រង់ថាគ្រប់គ្នាដែលស្គាល់គាត់លួចដាក់ងារឱ្យគាត់ថា ជាក្រមុំសៅកែ ។ ភ្លេចប្រាប់ទៅ គាត់ឈ្មោះថា កាន់ដា។ យើងនាំគ្នាហៅគាត់ថា បងដា បងដា ព្រោះតែគាត់ជាមនុស្សដែលចិត្តទូលាយ ចិត្តល្អ មិនចេះប្រកាន់ច្រើន ហើយក៏មិនដែលប្រកាន់ថាពួកយើងជាកូនចៅតូចតាចជាងគាត់ឡើយ។ បងដាជាមនុស្សមានសមត្ថភាពខ្ពស់ មានលុយ ឡាន វីឡា និងមានអ្វីៗគ្រប់យ៉ាង បើ គាត់ចង់ទៅលេងប្រទេសណា ក៏ងាយដែរ ចង់ទៅថ្ងៃនេះក៏បាន ចង់ទៅលេងថ្ងៃស្អែកក៏បាន។ យ៉ាងណាក៏ដោយ គ្រប់គ្នានាំគ្នាគិតថា គាត់ជាមនុស្សដែលអភ័ព្វក្នុងរឿងស្នេហាទៅវិញ ព្រោះអាយុច្រើនទៅហើយគាត់បែរជាគ្មានអ្នកណាម្នាក់នៅក្នុងជីវិតទៅវិញ កុំថាប្តីសីអីនោះ តែសង្សារធ្វើថ្នាំមួយគ្រាប់ក៏គ្មានផង។ គេគ្រប់គ្នាតែងតែនិយាយថា ស្នេហាសំខាន់ណាស់សម្រាប់ជីវិតមនុស្សម្នាក់ៗ បើគ្មានស្នេហាទេ ជីវិតដូចជាឥតន័យ ឬហៅខ្លីៗថាគ្មានតម្លៃ ព្រោះរកប្ដីមិនបាន ដល់តែចាស់ទៅប្រាកដជាគ្មានអ្នកណានៅក្បែរមើលថែនោះទេ។

និយាយទៅ មិនមែនតែបងដាទេ អ្នកណាក៏ដោយដែលចាស់ហើយ អត់ប្ដី គឺគេគិតបែបនេះឯងគ្រប់តែគ្នាហ្នឹង។ ម្យ៉ាងឃើញក្រមុំចាស់ៗមួយចំនួនខ្លះជាឧទាហរណ៍ស្រាប់។ ពួកគាត់ដូចជាឆ្លេឆ្លា ហើយព្រួយបារម្ភណាស់ អារឿងរកគូឱ្យបានឆាប់ កុំឱ្យនៅដល់ចាស់ជ្រេពេក ព្រោះតែបារម្ភខ្លាចមាត់និន្ទាពីញាតិជិតខាងនោះឯង។ ដល់អ៊ីចឹង យើងក៏នាំគ្នាម៉ៃសរុបថា ក្រមុំចាស់ណាក៏ដូចគ្នាដែរ។ ហើយឱ្យតែឃើញគាត់ស្និទ្ធនឹងប្រុសណាហើយ គេផ្អើលភ្លូកទឹកភ្លូកដីមិនខាន។ ពេញចិត្តណាស់ អារឿងស៊ីត្រាវ ភ្នាល់គ្នាអីហ្នឹង។ និយាយពីខ្ញុំវិញ ខ្ញុំជាជំនួយការ បងដា។ ខ្ញុំនៅក្មេង សង្ហា ស្អាតហើយថែមទាំងជាមនុស្សដែលនៅជិត និងជិតដិតនឹងបងកាន់ដាជាងអ្នកណាទាំងអស់។ ព្រោះតែបែបនេះហើយបានជាគ្រប់គ្នាគេឧស្សាហ៍និយាយបញ្ឆិតបញ្ឆៀង ឌឺដង ឬថាផាំងៗដាក់ចំមុខតែម្ដង ថាបងដាចង់ស៊ីប្រុសក្មេង។ ប៉ុន្តែ.....មានតែខ្ញុំតែប៉ុណ្ណោះដែលយល់រឿងរបស់បងដា។ ឯអ្នកមិនយល់ មិនពេញចិត្ត និងឆ្ងល់ហ្នឹង ក៏ជារឿងរបស់គេទៅចុះ ព្រោះពួកគេមានពេលទំនេរច្រើន មកគិត និងបង្កើតតែរឿងអគតិរបស់ជីវិតអ្នកដទៃមកនិយាយកម្សាន្តលេង។ ដែលសំខាន់ពួកខ្ញុំក៏មិនបានរវល់គិតឈឺក្បាលនឹងសម្តីគ្មានខ្លឹមសាររបស់មនុស្សជុំវិញដែរ ពួកខ្ញុំធំហើយ ហើយក៏ដឹងថាអ្វីដែលគួរធ្វើនិងអ្វីមិនគួរធ្វើ។  

រូបតំណាង

ថ្ងៃនេះជាល្ងាចថ្ងៃសៅរិ៍ហើយ ហើយក៏ជាថ្ងៃចុងក្រោយនៃចុងសប្តាហ៍ដែលពួកយើងត្រូវតែស្រូតរូតរះប្រញាប់ទៅផ្ទះដើម្បីសម្រាក និងលំហែអារម្មណ៍រៀងៗខ្លួន បន្ទាប់ពីធ្វើការអស់ពេញមួយអាទិត្យដែរ។ ។ បងដារៀបចំឯកសារដាក់កាបូបគាត់ ហើយក៏ដើរសំដៅមកតុធ្វើការរបស់ខ្ញុំដែលនៅចំហៀងបន្ទប់។

« ដល់ម៉ោងហើយ វីន! តោះទៅផ្ទះ» បងដានិយាយទាំងសំឡេងស្រទន់មានមន្តស្នេហ៍មកកាន់ខ្ញុំ។ ខ្ញុំក៏ញញឹមផ្អែមល្ហែមត្រលប់ទៅវិញរួចនិយាយ

« ទៅឥឡូវហើយបង! ចាំដោនឡូតឯកសារមួយសិនណា »

« ចា៎! អ៊ីចឹង បងទៅមុនហើយ។ កុំភ្លេចណា! ម៉ោង ៧ .....បន្ទប់ដដែល! »

បងដាឆ្លៀតស៊ីញ៉ូភ្នែកដាក់ខ្ញុំបន្តិចជាចរិតចូលចិត្តលេងសើចរបស់គាត់។ ខ្ញុំក៏តបទាំងអស់សំណើចទៅវិញ។

« បាទ! លោកស្រីប្រធាន! អញ្ជើញ »

« យ៉ាប់មែន វីន! បងទៅហើយ! »

បងដាឆ្លៀតលើកដៃជន្លវាយខ្ញុំ រួចញញឹមដើរចេញទៅ។

មែនហើយល្ងាចនេះ បងដាបានបបួលខ្ញុំទៅកន្លែងចាស់របស់យើង។ គាត់ឧស្សាហ៍បបួលខ្ញុំទៅខុនដូរបស់គាត់ណាស់រាល់ចុងសប្ដាហ៍ ជាពិសេសល្ងាចថ្ងៃសៅរិ៍។ ខុនដូមួយនេះ គាត់ទុកជាលក្ខណៈឯកជននៅតែពីរនាក់ប៉ុណ្ណោះ ហើយក៏គ្មានអ្នកនៅកន្លែងធ្វើការណាស្គាល់ដែរ ក្រៅពីខ្ញុំម្នាក់ព្រោះទោះជាគាត់ជាមនុស្សរួសរាយ លេងសើចច្រើនយ៉ាងណាក៏ដោយ ក៏គាត់ចូលចិត្តរក្សាជីវិតជាលក្ខណៈផ្ទាល់ខ្លួន ស្ងប់ស្ងាត់ ហើយសោយសុខសេចក្តីសុខរបស់គាត់ដោយមានសុភមង្គលបែបនេះឯង។

បងដា សម្រាប់ខ្ញុំជាមនុស្សពិសេសណាស់។ គាត់ជាមនុស្សស្រីដែលយល់ចិត្តមនុស្សនៅជុំវិញខ្លួន ពូកែយកចិត្តអ្នកដទៃ ដឹងថាគេចង់បានអីនិងត្រូវការអ្វី។ ទោះជាគាត់អាយុខ្ទង់សាមសិបប្លាយហើយក៏ដោយ តែក៏ស្អាតម្យ៉ាងតាមរបៀបគាត់។ ប្រហែលជាមកពីខ្ញុំជាមនុស្សប្រុស បានជាខ្ញុំមិនសូវខ្វល់ខ្វាយថាគេនិយាយដើមពួកយើងយ៉ាងម៉េចៗ ហើយសំខាន់ បងដាគាត់ក៏គ្មានបញ្ហាអីដូចគ្នាចំពោះរឿងអ្នកដទៃនិយាយដើមគាត់។

ខ្ញុំយកសោរដែលបងដាប្រគល់ឱ្យខ្ញុំ តាំងតែពីយើងបានស្គាល់គ្នាមក ចាក់ចូលបើកទ្វារបន្ទប់ខនដូរបស់គាត់ ស្រាប់តែឮសំឡេងគាត់ស្រែកពីចង្ក្រានបាយ

« អូយ»

ខ្ញុំស្ទុះទៅចាប់ដៃគាត់សួរទាំងបារម្ភ

« មុតដៃបាត់! មើលបង! ធ្វើម្ហូបមិនចេះប្រយ័ត្នសោះ »

មិនបង្អង់យូរ ខ្ញុំទាញគាត់មកលាងដៃចេញ ហើយទៅយកបង់មកបិទរបួសនៅម្រាមដៃរបស់គាត់។ គាត់ញញឹមរបៀបអៀនរួចនិយាយ

« លែងបានធ្វើម្ហូបបាត់! ស្តាយណាស់ កំពុងតែចង់ Surprised អ្នកខ្លះផង » ។

ខ្ញុំញញឹមអង្អែលដៃគាត់លួងលោម រួចនិយាយទាំងទន់ភ្លន់

« មិនអីទេ! ល្ងាចនេះខ្ញុំរ៉ាប់រង។ បងទៅរៀបតុវិញទៅ»

« អឺ! ល្អ...បានតើ អ៊ីចឹងបងផ្ញើផងណា »

គាត់ដើរសំដៅទៅតុរៀបចំ។ មួយសន្ទុះក្រោយ ម្ហូបក៏ឆ្អិន ខ្ញុំ និងបងដាជួយគ្នារៀបចំដាក់ចានយ៉ាងស្អាត ហើយតំរៀបលើតុ អមជាមួយបាច់ផ្កាកុលាប និងភ្លើងទៀន១ដើម។ បងដាពិតជាពូកែរៀបចំកន្លែងមែន ហើយខ្ញុំក៏មិនអន់ដែរ និយាយរឿងធ្វើម្ហូបជំនាញតែម្តង ។ ថ្វីបើថ្ងៃនេះ បងដាមិនបានធ្វើម្ហូបផ្ទាល់ដៃ ក៏គាត់បានរៀបចំពីធីនេះយ៉ាងហ្មត់ចត់ដែរ ខ្ញុំដឹងថាគាត់ប្រឹងប្រែងខ្លាំងណាស់សម្រាប់ថ្ងៃនេះ។

ពេលរៀបចំរួចរាល់ ខ្ញុំ និងបងដាញញឹមដាក់គ្នា។ រួចខ្ញុំដើរសន្សឹមៗទៅក្បែរបងដា ។បងដាញញឹមផ្អែមល្ហែមមកកាន់ខ្ញុំ ។ យើងទាំងពីរមើលមកគ្នាមិនព្រិចភ្នែក។ ខ្ញុំក៏ចាប់ផ្តើមនិយាយទាំងចិត្តសប្បាយរីករាយ

« ធ្មេចបើកៗ បួនឆ្នាំកន្លងផុតបាត់។ ស្នេហាមួយនេះពិតជានៅបានយូរអង្វែងណាស់ ហើយខ្ញុំក៏ចង់ឱ្យវានៅតែនៅបែបនេះរហូត »

បងដាញញឹមរួចនិយាយទាំងអារម្មណ៍រីករាយ និងអារម្មណ៍អរគុណចំពោះខ្ញុំ

« បួនឆ្នាំដ៏មានក្ដីសុខ! អរគុណណាដែល វីន បានមកចូលក្នុងជីវិតបង។ អរគុណដែល វីន យល់ ហើយមិនខ្វល់ថាអ្នកដទៃនិយាយអាក្រក់ពី វីន។ បងត្រេកអរណាស់ ដែលបានស្គាល់មនុស្សល្អដូច វីនបែបនេះ។ បើគ្មានវីនទេ បងក៏មិនដឹងថា.....»

ខ្ញុំនិយាយកាត់គាត់ទាំងមិនចង់ឱ្យគាត់គិតច្រើន

« ឃើញបងសប្បាយចិត្ត វីនក៏សប្បាយចិត្តដែរ។ អ្នកដទៃនិយាយអីថាអីជារឿងរបស់គេតើ។ សំខាន់ យើងដឹងថាយើងសប្បាយចិត្ត»

និយាយមកដល់ត្រឹមនេះ សំឡេងគន្លឹះទ្វារបើក។ យើងទាំងពីរមើលមុខគ្នា ញាក់មុខដាក់គ្នាបន្តិចទាំងញញឹមស្រស់។ ខ្ញុំលួចខ្សឹបប្រាប់គាត់ទាំងមិចភ្នែកច្រឡើមដាក់

« ខ្ញុំទៅសិនហើយបង! រីករាយថ្ងៃ anniversary! សូមឱ្យស្រលាញ់គ្នាឱ្យបានយូរៗៗៗ »

ពេលខ្ញុំដើរចេញលើកដៃលា បងណារីដែលទើបតែបើកទ្វារចូលមកក៏លាន់មាត់ទាំងភ្ញាក់ផ្អើល

« អ្ហាក៎! ហើយ វីន មកតាំងពីអង្កាល់? ហើយម៉េចគ្រាន់តែបងមកភ្លាមទៅវិញភ្លាមអ៊ីចឹង? អត់ចង់នៅនិយាយលេងជាមួយបងសិនទេអ្ហេះ?»

ខ្ញុំនិយាយទាំងញញឹមញញែម

« អត់ទេបង! មិនចង់នៅធ្វើឆ្អឹងទទឹង-ក របស់អ្នកខ្លះ ហាហា » ។ គាត់ក៏ញញឹមគ្រវីក្បាលហួសចិត្ត។ ខ្ញុំក៏បើកទ្វារចេញមកទាំងញញឹមសប្បាយចិត្ត។ 

រូបតំណាង

ខ្ញុំអស់ភារកិច្ចជួយរៀបចំពីធីពិសេសសម្រាប់អ្នកទាំងពីរហើយ ក៏ល្មមដល់ពេលទៅវិញដែរ។ ដើរបណ្តើរគិតបណ្តើរ ហើយយប់នេះព្រះច័ន្ទរះពេញវង់ក៏ស្អាតទៀត។ ហិហិ! កុំទាន់អាលឆ្ងល់ណា គង់តែបកស្រាយទេ។ តាមការពិតទៅបងណារី និង បងដា ជាគូស្នេហ៍នឹងគ្នា ហើយក៏ស្រលាញ់គ្នា ៤ ឆ្នាំហើយដែរ។ ខ្ញុំនេះក៏បានក្លាយទៅជាមេអណ្តើក ។ អត់ទេ ហៅថាមេអណ្តើកក៏មិនត្រូវដែរ គួរតែហៅថាអ្នកដែលចង់ឱ្យអ្នកដែលមានស្នេហាលើលោកសមបំណងច្រើនជាង។ រយៈពេលប៉ុន្មានខ្ញុំនេះ ខ្ញុំតែងតែនៅក្បែរ ផ្តល់ការប្រឹក្សា ហើយក៏នៅជាមិត្តបងដារហូត។ ហើយក៏ដោយសារតែខ្ញុំពន្យល់ណែនាំគាត់ដែរ បានជាគាត់ហ៊ានទទួលស្គាល់ការពិត និងប្រឈមនឹងរឿងបញ្ហាបេះដូងរបស់ខ្លួនឯងរហូតដល់មានសេចក្តីសុខដល់ថ្ងៃនេះ។ ខ្ញុំសប្បាយចិត្តណាស់ ពេលដែលបានជួយមនុស្សពីរនាក់ដែលស្រលាញ់គ្នាឱ្យមានក្ដីសុខ។ ពេលនេះ ម៉ោងនេះ ប្រហែលមានគូស្នេហ៍ស្មោះស្ម័គ្រជាច្រើនលានគូ ដែលកំពុងចាប់ដៃគ្នាសម្លឹងមើលដួងខែ។ ពេលខ្លះខ្ញុំយល់ថាខ្លួនឯងប្រៀបបីដូចជាកាមទេពស្នេហាអ៊ីចឹង ទោះខ្លួនឯងជាមនុស្សឯកាយ៉ាងណាក៏ដោយ។

ដឹងទេ? ពេលខ្លះ ស្នេហាខ្លះ ថ្វីបើមិនអាចបង្ហាញប្រាប់ ឬអួតប្រាប់ពិភពលោកថា គេមានគូស្នេហ៍ដូចអ្នកដទៃដោយបើកចំហយ៉ាងណាក៏ដោយ តែពួកគេក៏មានក្ដីសុខដ៏លើសលប់ដូចគ្នា។ វាប្រៀបដូចជាការមើលឆាកល្ខោនមួយដែលមានតួអង្គសម្តែងយ៉ាងអ៊ីចឹង។ ទស្សនិកជនអាចនឹងរំភើបចិត្តនឹងតួប្រុសតួស្រីស្រលាញ់គ្នាល្អូកល្អិន តែទីបំផុតនៅក្រោយឆាក ពួកគេបានត្រឹមតែជាមិត្តភក្ដិ ឬជាមនុស្សដទៃក៏ថាបាន។ អ្នកណាៗក៏មានក្ដីស្រលាញ់ដែរ អ្នកណាក៏ចង់បានស្នេហាដែរ ហើយដើម្បីស្នេហា មនុស្សមួយចំនួនសុខចិត្តរស់នៅយ៉ាងកក់ក្ដៅពីក្រោយវាំងនននៃពិភពលោក បើទោះគ្មានអ្នកណាទទួលស្គាល់ ឬបើទោះជាគ្មានការអបអរពីមនុស្សជុំវិញខ្លួនក៏ដោយ។

នៅក្នុងជីវិតពិតរបស់មនុស្ស យើងមិនត្រូវចាត់ទុកមនុស្សនៅជុំវិញខ្លួនយើងជាទស្សនិកជននោះទេ ព្រោះជីវិតយើងមិនមែនជាល្ខោនដើម្បីសម្តែងឱ្យអ្នកណាម្នាក់មើល ឬសម្តែងដើម្បីបំពេញចិត្តរបស់អ្នកណាម្នាក់នោះឡើយ។ ចំណែករឿងស្នេហាលើលោកនេះ ក៏គ្មានអ្វីដែលខុសឆ្គងនោះទេ ស្នេហាគ្មានកំហុស ស្នេហាមិនប្រកាន់ភេទ មិនប្រកាន់ឋានៈ មិនប្រកាន់យសសក្តិនោះឡើយ តែបើមនុស្សអស់ទាំងនោះគេប្រកាន់ ឱ្យគេប្រកាន់ទៀតទៅចុះ សំខាន់យើងកំពុងតែមានជីវិតមួយដែលមានសេចក្តីសុខ។ ឃើញទេរឿងអ្វីៗគ្រប់យ៉ាងសុទ្ធតែមានដោះស្រាយ ជាពិសេសរឿងអ្វីក៏ដោយបើយើងមិនខ្វល់ នោះជីវិតយើងប្រាកដជាមានសេចក្តីសុខយ៉ាងពិតប្រាកដ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]