បរទេស៖ សាច់សិប្បនិមិ្មតគឺជាសាច់មួយប្រភេទដែលអ្នកវិទ្យាសាស្ត្រធ្វើការផលិតចេញពីកោសិកាម្យ៉ាងដោយមិនបាច់ធ្វើការសំលាប់សត្វ។ គំនិតក្នុងការបង្កើតសាច់សិប្បនិម្មិតដែលបណ្តុះនៅក្នុងមន្ទីរពិសោធន៍គឺជារឿងថ្មីមួយដែលគួរឲ្យចាប់អារម្មណ៍មែនទែន។ ក្នុងពេលនេះ មានក្រុមហ៊ុនជាច្រើនរួមមានក្រុមហ៊ុន Memphis Meats ក្រុមហ៊ុន Tyson Foods ក្រុមហ៊ុន Mosa Meat និងក្រុមហ៊ុនមួយចំនួនទៀតបានកំពុងរិះរកវិធីដើម្បីធ្វើឲ្យសាច់សិប្បនិមិ្មតនេះមានភាពប្រសើរឡើង។ 

សាច់ដែលទាញចេញពីកោសិកានេះមានរូបរាងគួរឲ្យចង់ញាំនិងមានរសជាតិដូចសាច់ធម្មតាដែរ ប៉ុន្តែសាច់សិប្បនិមិ្មតនេះមានតម្លៃថ្លៃណាស់ ដូច្នេះហើយទើបអ្នកជំនាញកំពុងព្យាយាមធ្វើយ៉ាងណាឲ្យការទាញយកសាច់នេះមានតម្លៃសមរម្យដើម្បីបំពេញតម្រូវការរបស់អតិថិជន។ 

សាច់សិប្បនិមិ្មត
បឺហ្គឺសាច់គោសិប្បនិមិ្មតដំបូងបំផុតនៅក្នុងពិភពលោក
សាច់មាន់សិប្បនិមិ្មតដំបូងបំផុតនៅក្នុងពិភពលោក

ក្នុងឆ្នាំ ២០១៣ មន្ទីរពិសោធន៍មួយបានចំណាយទឹកប្រាក់ប្រហែល ៣២ម៉ឺន៥ពាន់ដុល្លារដើម្បីបង្កើតសាច់សិប្បនិម្មិតដែលមានទំងន់ ១៤១,៧ក្រាម ប៉ុន្តែឥឡូវនេះដោយសារបច្ចេកវិទ្យាដ៏ជឿនលឿននៅក្នុងវិស័យឧស្សាហកម្មបានជំរុញឲ្យតម្លៃសាច់សិប្បនិមិ្មតធ្លាក់ចុះសល់ត្រឹមតែជាង ១១ដុល្លារប៉ុណ្ណោះ។  ប៉ុន្តែយ៉ាងណាមិញ សាច់សិប្បនិមិ្មតនៅតែមានតម្លៃថ្លៃជាងសាច់ធម្មតា បីទៅបួនដង ដូច្នេះហើយបានជាមនុស្សមិនទាន់អាចប្រើសាច់សិប្បនិមិ្មត ជំនួសឲ្យសាច់ធម្មតាបាន។

យោងតាមការពិសោធន៍ ក្នុងកោសិកាមួយអាចផលិតចេញជាសាច់បានយ៉ាងច្រើនសន្ធឹកសន្ធាប់។  ដោយសារតម្រូវការស្បៀងអាហារកាន់តែកើនឡើងនៅទូទាំងពិភពលោក ការទាញយកសាច់ចេញពីកោសិកា​ អាចជួយដោះស្រាយបញ្ហាកង្វះអាហារនេះបាននៅក្នុងពេលអនាគត។

ការទាញសាច់សិប្បនិមិ្មតពីកោសិកា

ការផ្លាស់ប្តូរពីសាច់ធម្មជាតិទៅសាច់សិប្បនិមិ្មត ក៏នឹងមានអត្ថប្រយោជន៍ដល់ផ្នែកបរិស្ថានផងដែរ។ សព្វថ្ងៃនេះ គោលបំណងធំបំផុតរបស់ឧស្សាហកម្មចំណីអាហារគឺការបំពេញតាមតម្រូវការម្ហូបអាហារ ដល់មនុស្សគ្រប់រូបក្នុងតម្លៃមួយសមរម្យ។ ការបង្កើតសាច់នៅក្នុងមន្ទីរពិសោធន៍ អាចជួយកាត់បន្ថយបញ្ហាឧស្ម័នផ្ទះកញ្ចក់ ដល់ទៅ ៩០ភាគរយ  ហើយវិធីនេះក៏អាចជួយកាត់បន្ថយតម្រូវការដីសម្រាប់ចិញ្ចឹមសត្វទៀតផង។

ដូច្នេះបានសេចក្តីថា សាច់សិប្បនិមិ្មតដែលផលិតដោយការទាញចេញពីកោសិកាមានផលប្រយោជន៍សម្រាប់សុខភាព  ផលល្អសម្រាប់បរិស្ថាន  និងរសជាតិឆ្ងាញ់ផងដែរ។  ដូច្នេះនៅពេលសាច់សិប្បនិមិ្មតចុះថ្លៃបន្តិចទៀត យើងនឹងអាចប្រើវាជំនួសឲ្យសាច់ធម្មតាបានហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]