បរទេស៖ ក្នុងពេលនេះ ព័ត៌មានសំងាត់របស់តារាល្បីៗរាប់រយនាក់ កំពុងត្រូវបានដាក់លក់នៅលើបណ្តាញទីផ្សារងងឹតមួយ នៅលើប្រព័ន្ធអ៊ីនធឺណិត។ អ្នកអាចទិញព័ត៌មានសំងាត់របស់តារាណាមួយ ក៏បាននៅក្នុងតម្លៃត្រឹមតែ ១០ដុល្លារប៉ុណ្ណោះ។ គណនីរបស់អ្នកលក់ព័ត៌មានសំងាត់ទាំងនោះ មានឈ្មោះថា Doxagram ។
ដោយសារតែកម្មវិធី Instagram មានកំហុសឆ្គងបន្តិចបន្តួចទើបធ្វើឲ្យ Hacker មួយក្រុមអាចប្រមូលទិន្នន័យសំខាន់ៗរបស់តារារួមមានអាស័យដ្ឋាន អ៊ីម៉ែលនិងលេខទូរស័ព្ទផងដែរ។ បើយោងតាមការស្ទាបស្ទង់បានឲ្យដឹងថា យ៉ាងហោចណាស់ក៏មានព័ត៌មានផ្ទាល់ខ្លួនរបស់មនុស្សល្បីៗរហូតដល់ទៅ ៥០០នាក់ត្រូវបានលេចចេញទៅក្រៅផងដែរ។ កាលពីថ្ងៃអង្គារ ក្រុមហ៊ុន Kaspersky ក៏បានធ្វើការព្រមាន Instagram អំពីកំហុសឆ្គងនៅក្នុងអក្សរកូដនៃកម្មវិធីនេះផងដែរ។
ក្រុម Hacker ដែលមានឈ្មោះថា Doxagram បានអះអាងថាខ្លួនបានធ្វើការបង្ហោះព័ត៌មានទំនាក់ទំនងរបស់អ្នកប្រើប្រាស់ Instagram ចំនួន ៦លាននាក់នៅក្នុង Database មួយទៀតផង។ Doxagram ក៏បានធ្វើការផ្សព្វផ្សាយនៅលើ Bitcoin ថាខ្លួនគឺជាក្រុម Hacker តែមួយគត់នៅលើទីផ្សារ ដែលអាចផ្តល់ជូននូវសេវាកម្មស្វែងរកព័ត៌មានសំងាត់នៅលើកម្មវិធី Instagram ។
យ៉ាងណាមិញ កាលពីថ្ងៃពុធ Instagram បានធ្វើការជួសជុលកំហុស ដែលនាំឲ្យមានការវាយប្រហារទៅលើអ្នកប្រើប្រាស់ ដែលល្បីៗរួចរាល់ហើយ។ Instagram ក៏បានប្រាប់ថា មិនមានពាក្យសម្ងាត់នៃគណនីណាមួយត្រូវបានលួចនោះទេ បើទោះបីជាព័ត៌មានផ្ទាល់ខ្លួនរបស់តារា ជាច្រើនត្រូវបានទាញយកក៏ដោយ។ ដោយឡែកសម្រាប់គណនីរបស់មនុស្សសាមញ្ញហាក់បីដូចជាមិនមានបញ្ហានេះទេ។
ព័ត៌មានសំងាត់របស់តារាល្បីៗដែលត្រូវបានលក់ក្នុងតម្លៃ ១០ដុល្លាររួមមាន Harry Styles, Taylor Swift, Beyoncé, Rihanna, Katy Perry, Adele, Britney Spears, Emma Watson, Emilia Clarke, Zac Efron, Leonardo DiCaprio, Neymar, David Beckham, Zinedine Zidane, Ronaldinho និងអ្នកល្បីល្បាញមួយចំនួនធំទៀតផងដែរ។ ក្រុម Hacker នេះក៏បានប្រាប់សារព័ត៌មាន Ars Technica ថា ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ ពួកគេអាចលួចព័ត៌មានពីគណនី Instagram ចំនួន ១លានផងដែរ។
គួរបញ្ជាក់ផងដែរថា កំហុសឆ្គងនេះក៏អាចជាមូលហេតុមួយដែលធ្វើឲ្យមានការ Hack គណនីរបស់កញ្ញា Selena Gomez ដើម្បីបង្ហោះរូបភាពអាក្រាតរបស់លោក Justin Bieber ដែលជាអតីតសង្សាររបស់នាងនៅលើកម្មវិធី Instagram ផងដែរ។
Instagram បាននិយាយថាពួកគេបានដឹងពីរឿងទាំងនេះរួចហើយ ហើយក្នុងពេលនេះពួកកំពុងតែធ្វើស៊ើបអង្កេតដែរ។ Instagram បានបន្ថែមទៀតថា គេតែងតែគិតពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ជានិច្ច ហើយពួកគេក៏កំពុងធ្វើការយ៉ាងស្វិតស្វាញ ដើម្បីអនុវត្តច្បាប់ទៅលើបញ្ហានេះផងដែរ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]