រាជធានីភ្នំពេញ ៖ តារាចម្រៀងនាង ពេជ្រ សោភា បានបញ្ជាក់ប្រាប់ប្រិយមិត្តអ្នកគាំទ្ររបស់នាង ជុំវិញព័ត៌មានដែលលេចលឺក្រៅផ្លូវការពាក់ព័ន្ធទៅនឹងការចាកចេញពីផលិតកម្មហង្សមាសរបស់នាង ។
ព័ត៌មានពីមាត់ទៅមាត់មួយជាថ្មីម្តងទៀតជុំវិញតារាចម្រៀងពេជ្រ សោភា ថា នឹងអាច ចាកចេញពីផលិតកម្មហង្សមាសទីដែលនាងធ្លាប់ជ្រកកោនអស់ជាច្រើនឆ្នាំនោះ ស្របពេលដែលហង្សមាសទើបតែទទួលបានតារាចម្រៀងថ្មីលំដាប់ជួរមុខពីផលិតកម្មសាន់ដេ គឺលោកខេមរៈ សិរីមន្ត ។
ប្រិយមិត្តអ្នកគាំទ្ររបស់ពេជ្រ សោភា ជាច្រើនកំពុងសង្ស័យថា ពេជ្រ សោភា ទំនងជាចាកចេញទៅនៅផលិតកម្មថ្មីមួយទៀត ដែលអាចធ្វើឱ្យនាងក្លាយជាតារាចម្រៀងលំដាប់ជួរក្នុងផលិតកម្មនោះ ព្រោះបច្ចុប្បន្នផលិតកម្មហង្សមាសបានប្រមូលតារាចម្រៀង ថ្មីៗជាច្រើន ស្របពេលដែលការលេចឮចុងក្រោយថា តារាចម្រៀងអុីវ៉ា អាចនឹងចូលរួមក្នុងផលិតកម្មហង្សមាសដែរ ។
ពេជ្រ សោភា បានបញ្ជាក់ប្រាប់ប្រិយមិត្តអ្នកគាំទ្រដើម្បីបំបាត់ការសង្ស័យ ជុំវិញការចាកចេញ ឬមិនចាកចេញពីផលិតកម្មហង្សមាសរបស់នាង ។ តាមរយៈសារដែលពេជ្រ សោភា បង្ហោះតាមហ្វេសប៊ុកកាលពីពេល ថ្មីៗកន្លងថមកថា «មនុស្សខ្ញុំពេលនេះយល់ច្បាស់ពីកន្លែងចាស់ មិនដោយសារលុយរត់ចោលកន្លែងចាស់នោះទេ ជាពិសេសកន្លែងដែលបង្កើតខ្ញុំឱ្យគេស្គាល់ ។ កន្លែងចាស់មិនមែនជាស្ពានទេ តែជាកន្លែងដែលខ្ញុំត្រូវនៅរហូត » ។
តាមរយៈសារដែលនាងបញ្ជាក់នេះគឺបញ្ជាក់ថា ពេជ្រ សោភា មិនទៅណាពីផលិតម្មចាស់ដែលជ្រោងនាងឱ្យមានឈ្មោះល្បីមកដល់សព្វថ្ងៃនេះទេ បើទោះបីជាលេចលឺថាកន្លងមកនាងត្រូវផលិតកម្មផ្សេងអន្ទងហៅក្នុងលក្ខខណ្ឌមួយដ៏ល្អក៏ដោយ ។
ព័ត៌មាននៃការចាកចេញពីផលិតកម្មហង្សមាសរបស់ពេជ្រ សោភា មិនមែនលេចឮតែក្នុងពេលនេះទេ ពោលកន្លងមកក៏ធ្លាប់លឺព័ត៌មានបែបនេះដែរ ។ ចំណែកពេជ្រ សោភា ផ្ទាល់ក៏ធ្លាប់ព្រមានដើរចេញពីហង្សមាសដែរ ។
ព័ត៌មាននៃការចាកចេញពីហង្សមាសរបស់ពេជ្រ សោភា បានស្ងាត់ទៅវិញ បន្ទាប់ពីតារាចម្រៀងរូបនេះបញ្ចេញបទចម្រៀង ថ្មីៗជាច្រើនជាមួយនឹងតារាចម្រៀងលោកជី ដេវីដ ដែលបទចម្រៀងទាំងនោះសុទ្ធតែទទួលបានការគាំទ្រច្រើន ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]