** ប្រលោមលោកខ្មែរឡូត **

នៅក្នុងតុបាយដ៏វែងក្នុងភូមិគ្រឹះដ៏ស្កឹមស្កៃមួយឪពុកនិងកូនកំពុងតែតឹងសសៃកដាក់គ្នា ដោយមិនចុះចាញ់រៀងៗខ្លួន

« ហេតុអីប៉ាមិនឱ្យខ្ញុំទៅធ្វើការក្រុមហ៊ុន? ឱ្យខ្ញុំធ្វើការខេត្តប៉ានិយាយទៅរួច។ ខ្ញុំជានិស្សិតមកពីបរទេសណាប៉ា ខ្ញុំដឹងថាខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ មិនមែនទៅធ្វើការកន្លែងស្រែៗអ៊ីចឹងទេ។ ស្លាប់ហើយគេដឹងគេសើចស្លាប់ហើយប៉ា »

« បើឯងគិតថាឯងពូកែ ឯងខ្លាំង ឯងធ្វើឱ្យក្រុមហ៊ុនដែលនៅខេត្តនោះរីកចម្រើនសិនទៅ ចាំមកនិយាយជាមួយយើងម្តងទៀត » ឪពុកក្រោកពីកៅអីចូលទៅក្នុងបាត់។ កូនប្រុសបានតែ ធ្វើមុខភ្ញាក់ផ្អើលទាំងកំហឹង។

«ម៉ាក់ហេតុអីក៏ប៉ាធ្វើបែបនេះចំពោះកូនខ្លួនឯង » ម្តាយអង្អែលខ្នងកូនរួចនិយាយលួងលោម។

« ម៉ាក់ថាប៉ាធ្វើអ្វីសុទ្ធតែមានហេតុផល ដូច្នេះកូនសម្របតាមប៉ាកូនសិនទៅណា ចាំម៉ាក់ជួយនិយាយប៉ាតាមក្រោយ បើប៉ាព្រមម៉ាក់នឹងតាមកូនមកវិញឱ្យបានលឿនបំផុតណា កូនណា ជឿម៉ាក់សិនទៅ » កូនប្រុសបានតែដកដង្ហើមធំទាំងមិនយល់និងខឹងប៉ារបស់គេយ៉ាងខ្លាំង។ ថ្ងៃចេញដំណើរគេបានលាម៉ាក់គេចេញទៅធ្វើការតាមខេត្តដោយគ្មានវត្តមានប៉ារបស់គេមកជូនដំណើរ។ គេពិតជាខកបំណងនឹងប៉ារបស់គេខ្លាំងណាស់។ 

ការចាប់ផ្តើមជីវិតថ្មី ការងារថ្មី នៅកន្លែងដាច់ស្រយាលធ្វើឱ្យគេខូចចិត្តយ៉ាងខ្លាំង។ទីនោះគ្រាន់តែជាអគារចាស់មួយដែលហួសសម័យ និងទ្រុឌទ្រោមខុសពីការរំពឹងទុក។ គេបានដើរចូលទៅក្នុងអគារនោះទាំងមិនពេញចិត្ត។ មានបុគ្គលិកតែប៉ុន្មាននាក់ហើយ ងាកមកមើលគេតែបន្តិចហើយបន្តធ្វើការទាំងមិនខ្វល់។ គេមួរម៉ៅយ៉ាងខ្លាំងរួចនិយាយ

« គ្មានអ្នកណាចេញមកស្វាគមន៍ខ្ញុំទេហ្ហេ? ខ្ញុំគឺជាអ្នកគ្រប់គ្រងថ្មីនៅទីនេះណា »។ បុរសចំណាស់ម្នាក់បានចេញមកទាំងធ្វើឬកពាមិនរាប់ជាមិត្ត

« ឯងជាអ្នកណា? ហ៊ឹស គ្រប់គ្រងថ្មី? យើងដឹងតែមានគេចាត់តាំងបុគ្គលិកថ្មីតែប៉ុណ្ណោះ គ្មានអ្នកគ្រប់គ្រងស្អីទេ» គេបានដកយកលិខិតចាត់តាំងការងារមកមើល ហើយបើកភ្នែកធំៗរួចនិយាយ

« បុគ្គលិករដ្ឋបាលចឹងហេ? » បុរសចំណាស់នោះសើចចំអកបន្តិចរួចចង្អុលតុកញ្ចាស់មួយនៅគៀនគេរួចនិយាយ

« នោះតុរបស់ឯង ហើយការងារឯកសារទាំងអស់ធ្វើទៅ »

« នែ ខ្ញុំជាកូនរបស់ម្ចាស់ក្រុមហ៊ុនណា»

« មិនខ្វល់ឯងជាអ្នកណាទេ បើឯងមានឋានៈត្រឹមតែបុគ្គលិកធម្មតាទេ បិទមាត់របស់ឯងហើយទៅធ្វើការបន្តទៅ »។ គេខឹងយ៉ាងខ្លាំងក៏ស្ទុះចេញទៅក្រៅយកទូរស័ព្ទខលទៅម៉ាក់របស់គេដើម្បីប្តឹង។

« ម៉ាក់ហេតុអ្វីបានជាប៉ាធ្វើបែបនេះ? ខ្ញុំមិនយល់ទេ » ម៉ាក់គេលួងលោមខរួចនិយាយ

« ចិត្តត្រជាក់សិនទៅកូន ទ្រាំសិនទៅម៉ាក់សន្យាណាតែ ២ ៣ ខែទៀតម៉ាក់នឹងយកកូនមកវិញហើយ បានហើយកូន»

« ម៉ាក់ៗៗ»

ម៉ាក់ដាក់ទូរស័ព្ទចុះ ហើយលេខទូរស័ព្ទក៏ខលលែងចូល។ ហើយអ្វីដែលសំខាន់កាតក្រឌីតដែលមានសាច់ប្រាក់ប្រើប្រាស់មិនកំណត់ក៏មិនអាច ប្រើប្រាស់និងចាយវាយនៅទីនេះបាន។ លុយដែលជាប់នឹងខ្លួនក៏មិនល្មមឱ្យគេរកឡានជិះត្រលប់ទៅវិញ។ គេក៏បង្ខំចិត្តរស់នៅនិងធ្វើការនៅទីនេះទាំងចិត្តមិនចង់។

« បាន! ទ្រាំក៏ទ្រាំ ចាំមើលតែបើកប្រាក់ខែហើយ ខ្ញុំនឹងលែងនៅទីកន្លែងកខ្វក់នេះទៀតហើយ» គេក៏ទ្រាំធ្វើការទាំងធុញទ្រាន់ ការពិតការងារនេះមិនពិបាកទេ គ្រាន់តែពិនិត្យនិងកែឯកសារមួយចំនួនខ្លះតែប៉ុណ្ណោះ។ តែអ្វីដែលធ្វើឱ្យគេ ចាប់អារម្មណ៍នោះគឺ ជិវិត និងបញ្ហាប្រជាជននៅទីនេះ។ រស់នៅបានប៉ុន្មានថ្ងៃស្រាប់តែគេដឹងថា ប្រជាជននៅទីនេះរស់នៅទាំងលំបាក ហើយក៏មិនអាចជួយធ្វើអ្វីបានក្រៅពីឈ្ងោកមុខ បញ្ចូនឯកសារ និងរាយការណ៍ទាំងប៉ុន្មានទៅថ្នាក់លើ។ គេមានការសង្ស័យ និងឆ្ងល់ជាខ្លាំងក៏ទៅសួរបុរសចំណាស់ដែលគ្រប់គ្រងនៅទីនេះតែក៏មិនបានពត៌មានឱ្យច្បាស់លាស់គួរអាចដោះស្រាយបាន។ បញ្ហាឈឺក្បាលជាច្រើន បញ្ហាប្រឈម និងឧបសគ្គជាច្រើនរង់ចាំឱ្យគេដោះស្រាយ រហូតធ្វើឱ្យគេពិបាកចិត្ត ឈឺក្បាល រហូតចង់រាថយពីការងារអស់ទាំងនោះ។ ប៉ុន្តែសំឡេងស្រែកសម្លុតខ្លាំងៗរបស់ប៉ារបស់គេក៏លាន់ឮត្រចៀកគេម្តងហើយម្តងទៀតដូចជាសញ្ញាដាស់តឿនថាឱ្យគេត្រូវតែតស៊ូ ត្រូវតែជំនះ។

« បើឯងគិតថាឯងពូកែ ឯងខ្លាំង ឯងធ្វើឱ្យក្រុមហ៊ុនដែលនៅខេត្តនោះរីកចម្រើនសិនទៅ ចាំមកនិយាយជាមួយយើងម្តងទៀត »

រូបតំណាង

« មែនហើយខ្ញុំមានសមត្ថភាព ខ្ញុំប្រាកដជាអាចធ្វើបាន។ពេលខ្ញុំធ្វើបានប៉ាពិតជាលែងមើលងាយខ្ញុំ ហើយក៏មានមោទនភាពនឹងខ្ញុំដែរ » ក្រោយពីតាំងចិត្តហើយ គេក៏បានប្រាប់ខ្លួនឯងថាគេពូកែ គេអាចធ្វើបាន ហើយនឹងដោះស្រាយបញ្ហាទាំងអស់បានជាមិនខាន។ ការខិតខំប្រឹងប្រែង ការជំនះរកវិធីសោះស្រាយ ការអត់ទ្រាំនឹងជីវិតកម្សត់ វេទនានៅស្រុកស្រែចំការធ្វើឱ្យគេរៀនចេះច្រើនយ៉ាង ទាំងជីវិតការងារ និងការប្រើជីវិតរស់នៅម្នាក់ឯង។ រយៈពេល ៣ ខែមិនអត់ប្រយោជន៍នោះទេ។ គេក៏អាចសម្រេចការងារ និងដោះស្រាយបញ្ហានានាពីមួយទោមួយបានដោយក្តីប្រឹងប្រែង អស់ពីសមត្ថភាព។ ចិត្តរបស់គេក៏ចាប់ផ្តើមដក់ជាប់ជំពាក់នឹងទឹកចិត្តរបស់មនុស្សនៅទីនេះ ជាពិសេសបុគ្គលិកដែលធ្វើការជាមួយគេ និងអ្នកស្រុកភូមិ។ ការពិតពួក គាត់មិនមែនជាមនុស្សអាក្រក់អ្វីទេនោះដោយសារតែពីដំបូងពួកគាត់គិតថាគេជា អ្នកនៅក្រុងដែលអគ្គនាយកបញ្ជូនមកឱ្យបិទសាខានៅទីនេះបានជាពួកគាត់មិនចាប់អារម្មណ៍ ហើយនិយាយស្តីបែបនេះ ។ ការពិតទៅអ្នកនៅជនបទមានសណ្តានចិត្តល្អ និងចេះជួយយកអាសារគ្នាខ្លាំងណាស់ ហើយអ្នកដែលមានជីវិតក្រក្រី មានទីកចិត្តល្អសឹងជាងអ្នកនៅទីក្រុងផង។

អ្វីៗក៏ដំណើរការល្អទាំងជីវិតរស់នៅ ទាំងការងារ និងមិត្តភាពជាមួយមនុស្សនោជុំវិញខ្លួន។ ពេលមួយដែលគេកំពុងតែអង្គុយលេងជាមួយក្រុមការងារបន្ទាប់ពីការងាររួចស្រាប់តែទូរស័ព្ទរោទិ៍ នោះជាលេខរបស់ម៉ាក់ដែលធ្លាប់បិទ និងមិនបានទាក់ទងខ្ញុំរយៈពេលច្រើនខែ។ ការអន់ចិត្តការខឹងសម្បារបានធ្វើឱ្យគេមិនចង់លើកទាល់តែសោះ តែ....ទំហឹងនឹករលឹកម្តាយ និងផ្ទះវាក៏មិនអាចបំភ្លេចបាន ដូច្នេះទីបំផុតគេក៏ទទួលមកនិយាយទាំងសំឡេងញ័រ។

« ម៉ាក់..»

ស្ងាត់សំឡេងឈឹង ស្រាប់តែឮម៉ាក់និយាយតិចៗទាំងរំភើប

« ទីបំផុតកូនធ្វើបានហើយ កូនពិតជាពូកែណាស់កូន »

« មានរឿងអីហ្នឹងម៉ាក៉ »

« តេស្តសាកល្បងរបស់ប៉ាដែលដាក់ឱ្យកូននោះអី ឥឡូវកូនធ្វើបានហើយ »។

.....................................................

បន្ទាប់ពីម៉ាក់ដាក់ទូរស័ព្ទចុះ គេក៏រៀបចំអីវ៉ាន់ទាំងឆ្ងល់ និងមិនយល់នូវរឿងខ្លះដែលបានស្តាប់មុននេះ។គ្រាន់តែរៀបចំអីវ៉ាន់ភ្លាមមានឡានមួយមកឈប់មុខផ្ទះស្នាក់នៅរបស់គេមែន។ គេលាអ្នកស្រុកភូមិ លាអ្នករួមការងារជាមួយរួចសន្យាថានឹងត្រលប់មកវិញ។ ពួកគាត់បានមកអបអរ ជូនដំណើរគេយ៉ាងរីករាយ ហើយថែមទាំងពោលពាក្យអរគុណមិនដាច់ពីមាត់ថែមទៀតផង។ ពេលដែលធ្វើដំណើរតាមផ្លូវធ្វើឱ្យគេគិតរឿងជាច្រើន។ មិននឹកស្មានថាមនុស្សដែលមិនធ្លាប់ពិបាក មិនធ្លាប់ធ្វើអ្វីខ្លួនឯង មិនធ្លាប់

ធ្វើការងារធ្ងន់បែរជាអាចប្រើជីវិតនៅទីនេះ ៣ ខែបានសោះ។ ការពិតទៅជិវិតមនុស្សយើងបើមិនលំបាកខ្លះទេម៉េចហៅថាជីវិតទៅ? បើចេះតែស្រណុករហូត តើយើងអាចធ្វើការធំដុំដែលលំបាកបានឬទេ? ចំលើយប្រាកដជាអត់ទេ។ ការងារតែងតែបង្រៀនយើងជានិច្ច ហើយការងារក៏មិនអាចចាប់ផ្តើមឡើងគឺធ្វើធំតែម្តងនោះឡើយ។ មិនថាការងារអ្វីក៏ដោយ ត្រូវតែមានលំដាប់លំដោយតាមឋានានុក្រម ពីតូចទីធំ ពីទាបទៅខ្ពស់។ មិននឹកស្មានថារយៈពេលតែប៉ុន្មានខែនេះ បានបង្រៀនគេបានច្រើនបែបនេះសោះ។ ត្រូវអរគុណអ្នកមានគុណរបស់គេទាំងពីរដែលបានត្រួសត្រាយផ្លូវ ណែនាំ ហ្វឹកហាត់ និងបង្រៀនមេរៀនឱ្យគេបានច្រើនយ៉ាងនេះ។

ទោះទីបំផុតពេលគេទៅដល់ផ្ទះវិញម៉ាក់ប៉ាបានឱបគេពេញដោយក្តីស្រលាញ់ និងមោទនភាព។ តំណែងជាម្ចាស់ក្រុមហ៊ុនជាអ្វីដែលគេស្រមៃ ហើយនិងចង់បាន។ តែបន្ទុកវាពិតជាធ្ងន់ណាស់ សម្រាប់មនុស្សដែលក្មេងខ្ចីដូចជាគេ។ទោះជាវិញ្ញាសាសាកល្បងបានជោគជ័យ តែគេបែរជាគិតឃើញថាមានរឿងជាច្រើន និងការងារជាច្រើនដែលគេត្រូវសិក្សារៀនសូត្របន្ថែម។ គេបានបដិសេធតំណែងនោះរួចសុំអនុញ្ញាតិពីម៉ាក់ប៉ាទៅធ្វើការនៅតាមខេត្តបន្ត យ៉ាងហោចក៏ ១ ទៅ ២ ឆ្នាំសិនដែរ។ ទោះជាមិនសូវយល់ស្របតែពួកគាត់ក៏ព្រមទទួលលាយឡំ នឹងមោទនភាពចំពោះការគិតរបស់គេដែរ។

បន្ទាប់ពីសម្រាកមកលេងផ្ទះ១ខែ ទីបំផុតឡានក្រុងបានបរនាំរូបគេត្រលប់ទៅខេត្តវិញ។ ទីកន្លែងដែលគេត្រូវតែចាប់ផ្តើមដកស្រង់មេរៀន និងបទពិសោធន៍ជីវិតពិតៗដើម្បីយកមកប្រើជាជំនួយដើម្បីជាដើមទុននៅក្នុងពេលអនាគត។ ទោះមានអ្នកខ្លះមើលងាយ ថាគេល្ងង់ ដែលចាកចោកទ្រនុំខ្ពស់មកពិបាកក៏ដោយ តែគេក៏មិនស្តាយក្រោយដែរ ព្រោះគ្មានអ្នកណាយល់ពីយើងក្រៅពីខ្លួនគេឡើយ ថាអ្វីដែលគេគួរធ្វើ និងអ្វីដែលគេចង់បាន៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]