អាមេរិក៖ រថយន្តដែលមានសមត្ថភាពអាចបើកបរដោយខ្លួនឯងបាន  គឺជាអ្វីដែលមនុស្សជាច្រើនកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងព្យាយាមរិះរកវិធីសាស្ត្រដើម្បីនាំយកនូវបច្ចេកវិទ្យាដ៏ទំនើបនេះមកកាន់ទីផ្សារផងដែរ។ 

ក្រុមហ៊ុន Samsung ដែលល្បីល្បាញខាងគ្រឿងអេឡិចត្រូនិច ក៏បានចូលរួមនៅក្នុងការប្រណាំងប្រជែងនាំយកឡានដែលមិនបាច់ប្រើអ្នកបើកបរនេះផងដែរ។ កាលពីពេលថ្មីៗនេះ  យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Samsung បានទទួលការអនុញាត្តិធ្វើការសាកល្បងរថយន្តស្វ័យប្រវត្តិរបស់ខ្លួននៅលើដងផ្លូវក្នុងរដ្ឋកាលីហ្វ័រនីញ៉ាហើយ។ ក្រុមហ៊ុន Samsung ក៏បានទទួលភ្លើងខៀវដែរនៅកូរ៉េខាងត្បូងដែរ។ ប៉ុន្តែអាជ្ញាប័ណ្ណនៅអាមេរិកឯណោះ ទើបអាចធ្វើឲ្យពិភពលោកទាំងមូលកាន់តែជឿជាក់ថា បច្ចេកវិទ្យារបស់ក្រុមហ៊ុនខ្លួន មិនមែនអន់ជាងដៃគូប្រកួតប្រជែងដូចជាក្រុមហ៊ុន Apple និងក្រុមហ៊ុន Waymo ក្នុងការផលិតនោះទេ។

បច្ចេកវិទ្យាដែលអាចធ្វើឲ្យរថយន្តបើកបរដោយខ្លួនឯងបាន

កាលពីឆ្នាំមុនក្រុមហ៊ុន Samsung បានទិញក្រុមហ៊ុនផលិតរថយន្តមួយដែលមានឈ្មោះថា Harman ក្នុងតម្លៃ ៨ពាន់លានដុល្លារ  ប៉ុន្តែក្រុមហ៊ុន Samsung បែរជាបានសហការជាមួយក្រុមហ៊ុន Hyundai ក្នុងការនាំយកនូវរថយន្តស្វ័យប្រវត្តិដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបៗ ពីក្រុមហ៊ុនរបស់ខ្លួនសម្រាប់់វាយលុកទីផ្សារទៅវិញ។

ការធ្វើសាកល្បងរថយន្តអាចបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Hyundai
រថយន្តដែលអាចបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Hyundai
រថយន្តដែលអាចបើកបរដោយខ្លួនឯងរបស់ក្រុមហ៊ុន Samsung និងក្រុមហ៊ុន Hyundai

អ្នកនាំពាក្យក្រុមហ៊ុន Samsung បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បើទោះបីជាខណៈពេលនេះយើងគ្មានគម្រោងចូលក្នុងវិស័យផលិតរថយន្តក៏ដោយ ក៏ពួកយើងពិតជារំភើបណាស់ក្នុងការជួយអភិវឌ្ឍ និងផ្តល់ការច្នៃប្រឌិតទៅដល់រថយន្តដ៏ទំនើបនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Samsung មិនមែនជាក្រុមហ៊ុនតែមួយគត់ដែលបានទទួលការអនុញាត្តិនោះទេ  ព្រោះថាក្រុមហ៊ុន Apple,  Nvidia, GM,  BMW និងក្រុមហ៊ុនមួយចំនួនទៀត ក៏បានទទួលអាជ្ញាប័ណ្ណដើម្បីធ្វើតេស្តរថយន្តស្វ័យប្រវត្តិរបស់ពួកគេនៅក្នុងរដ្ឋកាលីហ្វ័រនីញ៉ាផងដែរ។  បើយោងទៅតាមសន្ទុះរបស់ក្រុមហ៊ុនទាំងនេះយើងអាចសន្និដ្ឋានថា  នៅពេលអនាគតអ្នកបើកបរនឹងអាចអង្គុយសម្រាកនៅក្នុងឡានដោយមិនបាច់បារម្ភពីការបើកបរទៀតឡើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]