អាមេរិក៖ អ្នកវិនិយោគទីផ្សារភាគហ៊ុនកំពុងតែមានការស្រពិចស្រពិលអំពីអនាគតនៃទូរស័ព្ទ iPhone ជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple ស្រាប់ផង បែរជានាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុន Apple បានធ្វើសកម្មភាពមួយដែលកាន់តែធ្វើឲ្យមានការច្របូកច្របល់ថែមទៀត។

នៅក្នុងពេលថ្មីៗនេះ លោក Tim Cook ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានធ្វើការលក់ភាគហ៊ុនដែលមានតម្លៃប្រហែល ៤៣លានដុល្លាររបស់ខ្លួន។ ភាគហ៊ុនដែលមានតម្លៃ ៤៣លានដុល្លានេះគឺជារង្វាន់លើកទឹកចិត្តដែលក្រុមហ៊ុន Apple បានប្រគល់ជូនគាត់កាលពីសប្តាហ៍មុនផងដែរ។

កាលពីថ្ងៃអង្គារ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានឡើងថ្លៃដល់កម្រិតមួយដែលខ្ពស់បំផុត ហើយបើប្រៀបធៀបទៅឆ្នាំមុនៗវិញ នៅក្នុងពេលនេះភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានឡើងថ្លៃដល់ទៅ ៤១ភាគរយ។  វាគឺជាឱកាសមួយដ៏ល្អសម្រាប់លោក Tim Cook ក្នុងការគ្រប់គ្រងភាគហ៊ុនមួយផ្នែកធំនៅក្នុងក្រុមហ៊ុន Apple ប៉ុន្តែគាត់ហាក់ដូចជាមិនមានទំនុកចិត្តថាក្រុមហ៊ុននេះនឹងធ្វើដំណើរបានល្អទៀតអ៊ីចឹង។

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook

នៅក្នុងរយៈពេលពីរសប្តាហ៍ទៀត ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញទូរស័ព្ទ iPhone 8 ដែលជាទូរស័ព្ទម៉ូដែលចុងក្រោយបំផុតរបស់ខ្លួន ដូច្នេះហើយបានជាគ្មានអ្នកវិភាគ ភាគហ៊ុនណាម្នាក់គិតថាអ្នកវិនិយោគទុននឹងធ្វើការលក់ភាគហ៊ុនក្រុមហ៊ុន Apple នោះទេ ប៉ុន្តែលោក Tim Cook បែរជាមានទស្សនៈផ្ទុយពីមនុស្សដទៃទៀតទៅវិញ។ 

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី២ ក្នុងរយៈពេល៥ឆ្នាំហើយដែលលោក Tim Cook បានធ្វើការលក់ភាគហ៊ុនក្រុមហ៊ុន Apple ហើយកាលពីឆ្នាំទៅ លោក Cook បានធ្វើការលក់ភាគហ៊ុនដែលមានតម្លៃប្រហែលជា ៦៥លានដុល្លារផងដែរ។ 

លោក Tim Cook ពេលបង្ហាញពីទីស្នាក់ការថ្មីរបស់ក្រុមហ៊ុន Apple ដែលកំពុងធ្វើការសាងសង់
លោក Tim Cook និងលោក Steve Job

ទិន្នន័យដែលបានចងក្រងដោយ Bernstein Research បានបង្ហាញថា តាំងពីឆ្នាំ ២០០៨ រហូតដល់ឆ្នាំ ២០១៦ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងជាមធ្យមចំនួន ១៦,១ភាគរយក្នុងរយៈពេល ៦ខែមុនពេលដែលក្រុមហ៊ុន Apple ធ្វើការដាក់លក់ iPhone ស៊េរីថ្មីរបស់ខ្លួន  និងក្រោយពីបានដាក់លក់ហើយតម្លៃភាគហ៊ុនក៏នៅតែកើនឡើងជាមធ្យមចំនួន ៤,១ភាគរយដែរ។ ដោយឡែកនៅក្នុងរយៈពេល ៦ខែចុងក្រោយនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើងចំនួន ១៦,៥ភាគរយទៀតផង។

យើងមិនទាន់ដឹងថានាយកប្រតិបត្តិក្រុមហ៊ុន Apple ម្នាក់នេះបានធ្វើការសម្រេចចិត្តត្រឹមត្រូវដែរឬអត់នោះទេ ដូច្នេះយើងមានតែចាំមើលថាតើអាជីវកម្មរបស់ក្រុមហ៊ុន Apple នៅតែមានសន្ទុះខ្លាំងបែបនេះទៀត ឬក៏យ៉ាងណានៅពេលដែលទូរស័ព្ទ iPhone 8 បានធ្វើការចេញលក់នោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]