ជាធម្មតាស្នេហារវាងបុរសនិងស្រ្តី តែងតែទាមទារចង់បានការយល់ចិត្តគ្នា  និងបង្កើតភាពស្និទ្ធស្នាល ផ្អែមល្ហែម ជាដើម។

ប៉ុន្តែមនុស្សស្រីទាំងអស់ ប្រហែលជាមិនធ្លាប់បានដឹងទេថា សកម្មភាពរបស់ខ្លួនពេលខ្លះដូចជាការព្រួយបារម្ភខ្លាំង ហួងហែង ប្រច័ណ្ឌ និងយកចិត្តទុកដាក់គាបសង្កត់ជ្រុល ជាដើម ទៅលើបុរសជាទីស្រលាញ់របស់ខ្លួន  អាចធ្វើឲ្យមនុស្សប្រុសធុញទ្រាន់ មិនពេញចិត្ត រហូតឈានដល់ការចាកចេញពីអ្នកទៀតផង។

ដើម្បីកុំឲ្យបាត់បង់បុរសជាទីស្រលាញ់ ដូច្នេះនារីៗគួរស្វែងយល់អំពីចំណុចខ្លះៗដូចខាងក្រោម៖

១. អ្នកចូលចិត្តប្រៀបធៀបគាត់ទៅនឹងបុរសដទៃទៀត

ការប្រៀបធៀបរវាងមនុស្សម្នាក់ ទៅនឹងមនុស្សម្នាក់ទៀត វាមិនមែនជារឿងល្អ ដែលអ្នកគួរនិយាយទៅកាន់គាត់នោះទេ។ មិនថាអ្នកប្រៀបធៀបគាត់ជាមួយឪពុករបស់អ្នក  បងប្អូនប្រុស  ឬក៏អតីតសង្សារក៏ដោយ   សុទ្ធតែជារឿងគ្មានបានការទាំងអស់។  ព្រោះនៅពេលដែលអ្នកប្រៀបធៀបគាត់ទៅនឹងបុរសដទៃ  ធ្វើឲ្យគាត់គិតថា អ្នកជាមនុស្សគ្មានសុវត្ថិភាព ឬមិនអាចទុកចិត្តបាន  និងមើលងាយលើគាត់ជាដើម មិនអាចឲ្យគាត់បន្តជាមួយអ្នកទៀតបានឡើយ។

រូបភាពតំណាង

២. អ្នកតែងតែចង់ផ្លាស់ប្តូរគាត់

មិនថាដៃគូស្នេហា (សង្សារ) ឬប្តីប្រពន្ធទេ ច្បាស់ជាមានភាគីម្ខាងចង់កែតម្រូវ  ឬផ្លាស់ប្តូរទម្លាប់មិនល្អរវាងគ្នានឹងគ្នាជាមិនខាន។ ប៉ុន្តែសម្រាប់អ្នកជាមនុស្សស្រី កាលណាដែលអ្នកព្យាយាមចង់ផ្លាស់ប្តូរ នូវអ្វីដែលមិនល្អចេញពីបុរសដែលខ្លួនស្រលាញ់ ដូចជាទម្លាប់ ឬអត្តចរិតជាដើមនោះ ចូរចងចាំថាវាកាន់តែជារឿងមួយយ៉ាប់យ៉ឺនសម្រាប់អ្នកជាមិនខាន។

ពេលដែលអ្នកកាន់តែចង់ផ្លាស់ប្តូរគាត់ គាត់ច្បាស់ជាកាន់តែផ្គើន ឬអាចនឹងមិនកែប្រែ តាមអ្វីដែលអ្នកចង់បានក៏ថាបាន។ សុខចិត្តបណ្តោយទៅតាមពេលវេលា បើគាត់ពិតជាស្រលាញ់អ្នកមែន គាត់នឹងរៀនផ្លាស់ប្តូរខ្លួនឯង ឬកែទម្លាប់អាក្រក់ដែលគាត់មានចោលបន្តិចម្តងៗដើម្បីអ្នកជាមិនខាន។

រូបភាពតំណាង

៣. និយាយមើលងាយគាត់ ឬបង្គាប់បញ្ជា

ប្រសិនបើអ្នកជាគាត់ តើអ្នកចង់ឲ្យមិត្តប្រុសរបស់អ្នក ឬប្តីរបស់អ្នក និយាយពាក្យសម្តីស៊កសៀតមើលងាយអ្នក ឬបង្គាប់បញ្ជាអ្នកដែរឬទេ? ជាការពិតណាស់ គ្មាននរណាម្នាក់ចង់លឺសម្តីទាំងអស់នោះទេ។ ដូច្នេះចូរអ្នកកុំនិយាយពាក្យទាំងអស់នោះទៅកាន់គាត់ឲ្យសោះ។ 

ជាទូទៅនារីៗភាគច្រើនចូលចិត្តស្តីបន្ទោស ថាឲ្យបុរសដែលខ្លួនឯងស្រលាញ់ នៅពេលដែលគាត់មិនបាន ធ្វើរឿងអ្វីមួយតាមចិត្តខ្លួនចង់បាន។ ប៉ុន្តែត្រូវដឹងថា ការស្តីបន្ទោស មើលងាយ ការបង្គាប់បញ្ជា  ឬភាពញ៉ិកញក់របស់អ្នកជ្រុលហួសហេតុពេក  កាន់តែធ្វើឲ្យគាត់ធុញទ្រាន់ ហើយគម្លាតនៃទំនាក់ទំនងកាន់តែឃ្លាតឆ្ងាយ និងអាចឲ្យគាត់ដើរចេញពីអ្នកនៅថ្ងៃណាមួយបាន។

រូបភាពតំណាង

៤. និយាយច្រំដែលៗ

វាជារឿងដ៏គួរឲ្យតានតឹងខ្លាំងមែនទែន នៅពេលដែលអ្នកចូលចិត្តនិយាយ ភាសាដដែលៗទៅកាន់គាត់។ មិនខុសគ្នាប៉ុន្មានពីចំណុចខាងលើប៉ុន្មានទេ អ្នកតែងតែស្នើឲ្យគាត់ម្តងធ្វើនេះធ្វើនោះតាមតែចិត្តអ្នក ទាំងពេលខ្លះគាត់ទទួលសំណើ ពេលខ្លះគាត់បដិសេធ ក៏អ្នកនៅតែចចេសចង់ឈ្នះគាត់ ឲ្យធ្វើតាមអ្នកឲ្យទាល់តែបាន។

អ្នកត្រូវដឹងថាធម្មជាតិរបស់មនុស្សប្រុស គេមិនចូលចិត្តភាសានិយាយច្រំដែលៗម្តងជាម្តងពីរទេ ព្រោះឆាប់ធ្វើឲ្យគេធុញទ្រាន់។ ផ្ទុយទៅវិញ អ្នកគួរប្រើប្រាស់ពាក្យពេចន៍ណាផ្អែមល្ហែម ជួយជំរុញលើកទឹកចិត្ត ឬធ្វើឲ្យគាត់មានអារម្មណ៍ថាសប្បាយចិត្ត ជាជាងភាសាច្រំដែលៗ ឬអសុរសជាដើម។

រូបភាពតំណាង

៥. អ្នកមិនដែលសុំឲ្យគាត់ជួយ

កុំយល់ច្រលំនឹងពាក្យការសុំឱ្យជួយ និងពាក្យរំអុកចង់បាន ឬទាមទារ។ មនុស្សប្រុសចូលចិត្តការសុំជំនួយពីគូស្នេហ៍ ព្រោះគេគិតថាខ្លួនគេជាមនុស្សមានតម្លៃ មិនថាទាំងការសុំយោបល់ ឬការសម្រេចចិត្តផ្សេងៗឡើយ។ ប្រសិនជាគូស្នេហ៍មិនដែលសុំបុរសឱ្យជួយទេ បុរសនោះនឹងគិតថាខ្លួនគេនឹងមិនមានប្រយោជន៍ ឬមិនមានតម្លៃ ដែលមិនត្រូវបានគេយកចិត្តទុកដាក់ឡើយ។

រូបភាពតំណាង

៦. អ្នកគឺជានារីដែលពូកែដ្រាមម៉ាជាទីបំផុត

គ្មានអ្វីដែលធ្វើឲ្យមនុស្សប្រុស ឈឺក្បាល វិលមុខ និងធុញទ្រាន់ជាងពេលដែលមនុស្សស្រីចូលចិត្តដ្រាមម៉ា (Drama) បង្កើតបញ្ហា ឬបង្កជម្លោះជាមួយមនុស្សជុំវិញខ្លួននោះទេ។ ការពិតទៅមនុស្សស្រីតែងតែ ចង់ក្លាយជានារីដែលមានអត្តចរិតល្អ នៅក្នុងកែវភ្នែករបស់បុរស មិនមែនជានារីដែលធ្វើឲ្យមនុស្សប្រុសឈឺក្បាល ឬធុញទ្រាន់រហូតនោះទេ។

ប៉ុន្តែដោយសារការស្រលាញ់ ហួងហែងជ្រុល ទើបធ្វើឲ្យនារីៗចូលចិត្តគិតច្រើន រហូតអាចមើលបុរសដែលខ្លួនស្រលាញ់ក្នុងផ្លូវមិនល្អក៏មាន។ ដូច្នេះចូរអ្នកកែទម្លាប់ដ្រាមម៉ាច្រើន នៅចំពោះមុខបុរសដែលខ្លួនស្រលាញ់ ព្រោះជាហេតុអាចធ្វើឲ្យគេធុញទ្រាន់ជាមួយនឹងអ្នកបាន។

រូបភាពតំណាង

៧. អ្នកមិនដែលចេះផ្តល់ពេលវេលាផ្ទាល់ខ្លួនឲ្យគាត់

មិនថាតែមនុស្សប្រុសនោះទេ មនុស្សទាំងអស់សុទ្ធតែត្រូវការពេលវេលាផ្ទាល់ខ្លួនសម្រាប់សម្រាក លំហែខួរក្បាល ឬបង្កើតឱកាសជាមួយក្រុមគ្រួសារ និងមិត្តភក្តិជាដើម។ ការហួងហែងចង់ឲ្យមនុស្សប្រុសនៅតែជាមួយខ្លួន និងការឃាត់ឃាំងសិទ្ធិផ្សេងៗមិនមែនជាអ្វីដែលមនុស្សប្រុសត្រូវការនោះទេ។

អ្នកមិនគួរ៖

- ទូរស័ព្ទមកញឹកញាប់ពេក

- តែងតែសួរថានៅឯណា?

- តែងតែខឹងនៅពេលដែលមនុស្សប្រុសមិនតបសារ

- ចូលចិត្តបង្ហាញខ្លួននៅពេលវេលាមិនសមរម្យ

- ចង់ឲ្យមនុស្សប្រុសសម្របតាមខ្លួន

- មានប្ញកពាច្រណែន ឬប្រចណ្ឌហួសហេតុពេកពេលដែលនិយាយជាមួយមនុស្សស្រីផ្សេង

- បង្ហាញភាពមិនពេញចិត្ត ពេលដែលបុរសជាគូស្នេហ៍ មិនបានហៅអ្នកឲ្យមកចូលរួម ដំណើរកម្សាន្ត ឬចូលរួមជាមួយក្រុមមិត្តភក្តិរបស់គាត់ជាដើម។

រូបភាពតំណាង

៨. អ្នកតែងតែប្រចណ្ឌហួសហេតុពេក

ពេលដែលមនុស្សប្រុសម្រេចចិត្តថាជ្រើសរើសយកអ្នកជាគូស្នេហ៍ បានន័យថាមនុស្សប្រុសម្នាក់នោះ ប្រាកដជាចង់នៅក្បែរអ្នក និងស្រលាញ់អ្នក។ ដូច្នេះជាមនុស្សស្រី អ្នកមិនគួរប្រចណ្ឌ ឬហួងហែងជ្រុសហួសហេតុពេកទេ គឺបានន័យថាប្រចណ្ឌជាមួយស្រីដទៃដែលគាត់ស្និទ្ធស្នាល ឬមានទំនាក់ទំនងជាមួយ សូម្បីតែមិត្តជិតស្និទ្ធរបស់គាត់។ កំហឹង ការហួងហែង ប្រចណ្ឌខ្លាំងបែបនេះ តើមានមនុស្សប្រុសឯណាដែលអាចទ្រាំនឹងទង្វើបែបនេះបានទៅ?

រូបភាពតំណាង

៩. អ្នកតែងតែតាមទ្រគាត់ និងតាមចិត្តគាត់គ្រប់យ៉ាង

វាដូចជារឿងចម្លែកមួយដែរ ដែលអ្នកជាមនុស្សស្រីតែងតែចូលចិត្តតាមទ្រ និងផ្គាប់ចិត្តបុរសដែលអ្នកស្រលាញ់ សឹងតែគ្រប់ពេលហួសហេតុជ្រុល មិនភ្លេចគិតពីខ្លួនឯង។

មនុស្សស្រីដែលតែងតែតាមចិត្តបុរស ធ្វើអ្វីគ្រប់យ៉ាង និងសម្របចិត្តជ្រុលហួសហេតុពេក ព្រោះតែចង់ទាមទារការចាប់អារម្មណ៍ និងចង់ឲ្យមនុស្សប្រុសសប្បាយចិត្តនោះ វាអាចធ្វើឲ្យមនុស្សប្រុសរីករាយបានតែដំបូងប៉ុណ្ណោះ ព្រោះយូរៗទៅបុរសជាគូស្នេហ៍របស់អ្នក ប្រាកដជាមានអារម្មណ៍ថាធុញទ្រាន់ ចាប់ផ្តើមមើលឃើញភាពអវិជ្ជមានរបស់អ្នក នឹងមិនអាចផ្តល់តម្លៃដល់អ្នកក៏ថាបាន។

រូបភាពតំណាង

១០. អ្នកមិនចុះសម្រុងជាមួយមិត្តភក្តិ និងក្រុមគ្រួសាររបស់គាត់

សម្ព័ន្ធភាពរវាងមិត្តភក្តិ និងក្រុមគ្រួសារគឺជារឿងដ៏សំខាន់បំផុតមួយ។ ដូច្នេះបើសិនជាអ្នកមិនចុះសម្រុង មានបញ្ហា និងមិនផ្តល់ការគោរពចំពោះមិត្តភក្តិ និងក្រុមគ្រួសាររបស់គាត់ទេ បុរសម្នាក់នោះនឹងអាចពិចារណាលើអ្នកសាជាថ្មីឡើងវិញបាន។

១១. សាំញ៉ាំ ឬតឹងតែងខ្លាំងពេក

ការវិភាគ និងការគិតច្រើនពេក តាំងពីរឿងតូចតាចឡើង បានក្លាយទៅជារឿងសាំញ៉ាំមួយនៅក្នុងកែវភ្នែករបស់បុរស។

- អ្នកចង់កែប្រែ និងចាប់ផ្តើមសង្កេតចាប់កំហុសរបស់គាត់

- អ្នកជាមនុស្សដែលគិតគូរ និងរំពឹងភាពឥតខ្ចោះពេក ហើយអ្នកក៏ចង់ឱ្យអ្នកដទៃ រួមទាំងគាត់ម្នាកដែរ ត្រូវតែសម្របតាមអ្នក

បើអ្នកមានចំណុចទាំងអស់នេះ អ្នកគួរតែបញ្ឈប់វាទៅ។ ទាំងអស់នេះជាការបង្ខំ និងតឹងតែងម៉ឺងម៉ាត់ខ្លាំងពេកហើយសម្រាប់គាត់។ អ្នកគិតថារឿងតូចៗទាំងនោះអាចរំខានអ្នក តែបើសិនអ្នកព្យាយាមគិតក្នុងផ្លូវល្អ ការពិតវាគ្រាន់តែជារឿងតូចតាចដែលអាចមើលរំលងចោលតែប៉ុណ្ណោះ។

១២. អ្នកតែងតែទទូចចង់ដឹងគ្រប់រឿង

ការប្រាស្រ័យទាក់ទងគ្នា គឺជារឿងសំខាន់នៅក្នុងទំនាក់ទំនងគូស្នេហ៍ តែអ្នកក៏មិនគួរសង្កត់ធ្ងន់ ឬទាមទារចង់ដឹងគ្រប់រឿងរ៉ាវពីគាត់ជ្រុលពេកទេ។ អ្នកគួរតែរៀនឲ្យតម្លៃគ្នា និងយល់ដឹងពីខ្លួនឯងដើម្បីរក្សាទំនាក់ទំនងឱ្យបានគង់វង្សនិងយូរអង្វែង។

ការចេះដឹងជ្រុល បង្ខំ និងទាមទារឲ្យបុរសប្រាប់អ្នកគ្រប់រឿងមិនមែនជារឿងល្អនោះទេ។ រៀនផ្តល់ពេលវេលាឲ្យគាត់ ព្រោះនៅពេលដែលគាត់ត្រៀមខ្លួនបានហើយ គាត់នឹងនិយាយប្រាប់អ្នកដោយខ្លួនឯង ៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]