បរទេស៖ ដោយសារជំងឺ  ឬបញ្ហាមួយចំនួនទៀតទើបតម្រូវឲ្យមនុស្សធ្វើការវះកាត់ប្តូរសរីរាង្គថ្មី។ តាំងពីដើមរហូតដល់ឥលូវនេះ មនុស្សយើងធ្លាប់ប្តូរសរីរាង្គចាស់របស់ខ្លួនជាមួយសរីរាង្គមនុស្សម្នាក់ផ្សេងទៀត ប៉ុន្តែដោយហេតុថាមិនសូវជាមានអ្នកបរិច្ចាគសរីរាង្គសម្រាប់បំពេញតម្រូវការរបស់មនុស្ស ទើបអ្នកវិទ្យាសាស្ត្របានព្យាយាមស្វែងរកវិធីសាស្ត្រថ្មីៗដើម្បីដោះស្រាយបញ្ហានេះ។ 

អ្នកវិទ្យាសាស្ត្រជឿជាក់ថាបន្តិចទៀត អ្នកជំងឺទឹកនោមផ្អែមអាចទទួលការវះកាត់ប្តូរលំពែងជាមួយសរីរាង្គរបស់សត្វជ្រូកបាន។  សរីរាង្គនោះមិនមែនបានមកពីជ្រូកធម្មតានោះទេ ប៉ុន្តែវាជាសរីរាង្គរបស់ជ្រូកសត្វជ្រូកដែលគេបានធ្វើការក្លូន ឬចិញ្ចឹមបែបវិទ្យាសាស្ត្រដើម្បីយកគ្រឿងក្នុងរបស់វា។

ក្រុមអ្នកវិទ្យាសាស្ត្រក្នុងប្រទេសចិន គិតថាបច្ចេកវិទ្យាសម្រាប់ធ្វើការវះកាត់ប្តូរសរីរាង្គរបស់មនុស្សជាមួយនឹងសត្វជ្រូក អាចកើតមានឡើងពិតៗនៅក្នុងពេលឆាប់ៗខាងមុខនេះ។  អ្នកជំនាញក្នុងប្រទេសចិនជឿជាក់ថាថ្ងៃណាមួយ ជ្រូកដែលត្រូវបានក្លូន ឬចិញ្ចឹមបែបវិទ្យាសាស្ត្រ នឹងអាចផ្តល់បេះដូង ថ្លើម  និងសរីរាង្គដទៃទៀតទៅដល់មនុស្សជាតិផងដែរ។ 

ការក្លូនជ្រូកដើម្បីយកគ្រឿងក្នុង
គ្រឿងក្នុងរបស់សត្វជ្រូកដែលគេក្លូនឬចិញ្ចឹមបែបវិទ្យាសាស្ត្រ

កាលពីដំបូងក៏មានភាពចម្រូងចម្រាសនៃវិធីសាស្ត្រនេះដែរ ប៉ុន្តែការសិក្សាបានទទួលលទ្ធផលជោគជ័យគួរឲ្យកត់សម្គាល់។ អ្នកវិទ្យាសាស្ត្របានធ្វើការពិសោធន៏ដោយយកសត្វទាមួយក្បាលវះកាត់ប្តូរបេះដូងដែលបានមកពីជ្រូកក្លូន ហើយលទ្ធផលដែលគួរឲ្យភ្ញាក់ផ្អើល គឺសត្វទាបានរស់រានមានជីវិតអស់រយៈពេលជិត ៣ឆ្នាំផងដែរ។ ទន្ទឹមគ្នានឹងនេះក៏មានការសិក្សាស្រដៀងគ្នាដែរនៅក្នុងតំបន់មួយចំនួនក្នុងតំបន់អាស៊ី និងអឺរ៉ុប ដោយពួកគេកំពុងធ្វើការពិសោធន៍ទាក់ទងនឹងសរីរាង្គមួយចំនួនដូចជាសួត ថ្លើម  និងតម្រងនោមជាដើម។

ថ្លើមរបស់សត្វជ្រូកដែលគេក្លូនឬចិញ្ចឹមបែបវិទ្យាសាស្ត្រ

សរីរាង្គសម្រាប់ផ្លាស់ប្តូរមានតម្រូវការយ៉ាងខ្លាំងនៅក្នុងប្រទេសចិន ព្រោះប្រទេសនេះមានចំនួនអ្នកជំងឺសរសៃឈាមបេះដូង អ្នកជំងឺរលាកថ្លើម  និងអ្នកជំងឺមហារីកសួតយ៉ាងច្រើន។  យោងទៅតាមមន្ត្រីសុខាភិបាលប្រទេសចិនបានឲ្យដឹងថា ក្នុងចំនោមប្រជាជនជិត ១ពាន់៤រយលាននាក់ មានអ្នកដែលបរិច្ចាគសរីរាង្គមិនបានដល់ ១០ ០០០នាក់ផងតាំងពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០១៦។ ដោយសារកង្វះខាតនៃសិរីរាង្គសម្រាប់ធ្វើការផ្លាស់ប្តូរនេះហើយ  ទើបបានជាគេសន្មត់ថាប្រទេសចិនអាចឈានមុខគេនៅក្នុងការព្យាបាលដោយការវះកាត់ប្តូរសរីរាង្គរបស់មនុស្សជាមួយនឹងសរីរាង្គរបស់សត្វ។

ការវះកាត់ដាក់សរីរាង្គរបស់សត្វទៅក្នុងខ្លួនមនុស្សស្តាប់មើលទៅហាក់បីដូចជារឿងប្រលោមលោកបែបវិទ្យាសាស្ត្រអ៊ីចឹង ប៉ុន្តែអ្នកវិទ្យាសាស្ត្រជឿជាក់ថាក្នុងរយៈពេលតែពីរឆ្នាំទៀតប៉ុណ្ណោះនឹងមានការវះកាត់ប្តូរសរីរាង្គរបស់មនុស្សជាមួយនឹងសត្វជ្រូកដែលត្រូវបានក្លូនមិនខាននោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]