រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​មួយ​ចំនួន​ដែល​និយម​ច្រៀង​បទ​ជំនាន់​លោក​ស៊ី​ន ស៊ី​សា​មុត ទាក់ទាញ​បានការ​ចាប់អារម្មណ៍​សម្រាប់​ជនរួមជាតិ​ខ្មែរ​នៅ​ក្រៅប្រទេស ។

កញ្ញា​ទៀង មុំ​សុធា​វី ជា​តារាចម្រៀង​មាន​ទឹកដម​សំឡេង​ពីរោះ ហើយ​មានឱកាស​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​ជា​រឿយ​ៗ ។ ទៀង មុំ​សុធា​វី ជា​អ្នកចម្រៀង​ចេញពី​សាលា​វិចិត្រសិល្បៈ ហើយ​ក្រៅពី​នោះ​នាង​ជា​តារាចម្រៀង​មានឱកាស​ច្រៀង​ក្នុង​ព្រះ​បរមរាជវាំង​ផង​ដែរ ។

បទ​ចម្រៀង​ជា​ច្រើន​ជំនាន់​អ្នកស្រី​រស់ សេរី​សុទ្ធា ត្រូវ​ទៀង មុំ​សុធា​វី ចេះ​ចាំ​ច្រើន ហើយ​តែងតែ​យក​ទៅ​ច្រៀង​នៅ​ក្រៅប្រទេស ។ ប្រទេស​ដែល​សុធា​វី ធ្លាប់​ចេញ​ទៅ​បំពេ​អារម្មណ៍​ជនរួមជាតិ​ខ្មែរ​រួម​មាន​អា​មេ​រិ​ក បារាំង អូស្ត្រាលី​ព្រមទាំង​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ។ ថ្មី​ៗ​នេះ​ទៀង មុំ​សុធា​វី ទើបតែ​ត្រឡប់​មក​ពី​សម្តែង​នៅ​អា​មេ​រិ​ក ។

កញ្ញា​ស៊ូ ដា​ណេ ជា​តារាចម្រៀង​បែប​មនោសញ្ចេតនា​ដែល​ចេញពី​ក្រុម​សិល្បៈ​រាជធានី​ភ្នំពេញ មាន​ទឹកដម​សំឡេង​ពីរោះ​ស្រ​ដៀង​អ្នកស្រី​ប៉ែន រ៉​ន ។ ដា​ណេ​ចេះ​បទ​ចម្រៀង​​អ្នកស្រី​ប៉ែន រ៉​ន និង​រស់ សេរី​សុទ្ធា ច្រើន​បទ ។

ស៊ូ ដា​ណេ អាច​សម្តែង​របាំ និង​ចេះ​ស្មូត្រ​កំណាព្យ​យ៉ាង​ពីរោះ​ធ្លាប់​ទៅ​ច្រៀង​នៅ​អា​មេ​រិ​ក​ច្រើន​ដង​មក​ហើយ ដូច្នេះ​ពេល​សម្ភាសន៍​វិញ​នៅ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​បាន​ជាប់​លឿន ។

ស៊ូ ដា​ណេ កំពុង​តែ​ហាត់​ច្រៀង​បទ​ពី​ដើម និង​បទ​មហោរី ប្រពៃណី​ឱ្យ​បាន​ច្រើន​ថែម​ទៀត ។

អ្នក​នាង​មាស អា​លី​ស ជា​អ្នកចម្រៀង​ទើបតែ​លេចធ្លោ​មួយ​រយៈ​កន្លង​មកនេះ ក្រោយ​ពី​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ចំពោះ​ទឹកដម​សំឡេង​ស្រ​ដៀង​អ្នកស្រី​ហួយ មាស ។ មាស អា​លី​ស អាច​ច្រៀង​បទ​ពី​ដើម​បាន​ពីរោះ ហើយ​មានឱកាស​សម្តែង​តាម​ទូរទស្សន៍​ជា​បន្តបន្ទាប់​ដូច​ជា​ទូរទស្សន៍​បាយ័ន និង​ស៊ី​ធី​អិន​ជាដើម ។

មាស អា​លី​ស កំពុង​មាន​តម្រុយ​ចាក​ចេញ​ទៅ​ច្រៀង​នៅ​ប្រទេស​កា​ណា​ដា​ដោយ​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ​ចាប់អារម្មណ៍​ទឹកដម​សំឡេង​របស់​នាង​ស្រ​ដៀង​អ្នកស្រី​ហួយ មាស​។ អា​លី​ស​កំពុង​តែ​ខំ​ហាត់​បទ​ចម្រៀង ល្បី​ៗ​របស់​អ្នកស្រី​ហួយ មាស ដើម្បី​បំពេ​អារម្មណ៍​ទស្សនិកជន ។

អ្នក​នាង​មាស ល​ក្ខិ​ណា ជា​អ្នកចម្រៀង​និយម​ច្រៀង​បទ​ពី​ដើម​បាន​យ៉ាង​ពីរោះ ហើយ​ឧស្សាហ៍​បង្ហាញមុខ​ក្នុង​កម្មវិធី​«​ប្រជុំ​តារា​តន្ត្រី​», «​តន្ត្រី​ស្រុកស្រែ​», «​មន្ត​ស្នេហ៍​សំនៀង​» និង​កម្មវិធី​មួយ​ចំនួន​ទៀត​របស់​ស្ថានីយទូរទស្សន៍​អប្សរា ។

អ្នក​នាង​មាស ល​ក្ខិ​ណា មាន​ទឹកដម​សំឡេង​ស្រ​ដៀង​អ្នកស្រី​រស់ សេរី​សុទ្ធា និង​ចេះ​ចាំ​ស្ទាត់ ជា​ច្រើន​បទ ។

អ្នក​នាង​មាស ល​ក្ខិ​ណា ទទួល​បានការ​ចាប់អារម្មណ៍​ពី​មហាជន​ចំពោះ​ទឹកដម​សំឡេង​លំនាំ​អ្នកស្រី​រស់ សេរី​សុទ្ធា​នេះ ។

លោក​ចាន់ វិបុល ច្រៀង​បទ​ពី​ដើម​បាន​ល្អ ពិសេស​បទ​ចម្រៀង​លោក​ស៊ី​ន ស៊ី​សា​មុត​។ មហាជន​ពេញចិត្ត​ទឹកដម​សំឡេង​របស់​លោក​វិបុល ។

លោក​រ័​ត្ន មក​រា ជា​អ្នកចម្រៀង​និយម​បទ​ពី​ដើម​ត្រូវ​ស្ថានីយទូរទស្សន៍​ផ្តល់​ឱកាស​ឱ្យ​ឡើង​ច្រៀង​ជា​បន្តបន្ទាប់ ។

លោក​រ័​ត្ន មក​រា ធ្លាប់​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅប្រទេស​ច្រើន​ដង​ដែរ ពិសេស​ទៅ​ច្រៀង​នៅ​ប្រទេស​អា​មេ​រិ​ក ៕

ទៀង មុំសុធាវី
ស៊ូ ដាណេ
មាស អាលីស
ចាន់ វិបុល
មាស លក្ខិណា
រ័ត្ន មករា
រូបភាព តារាចម្រៀងប្រុសស្រីដែលនិយមច្រៀងបទពីដើម

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]