កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តុលាការកូរ៉េខាងត្បូងបានរកឃើញថា លោក Lee Jae-yong ដែលជាប្រធានក្រុមហ៊ុនអេឡិចត្រូនិច Samsung មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយមួយ។

កាលពីថ្ងៃសុក្រនេះ លោក Lee ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួនប្រាំឆ្នាំបន្ទាប់ពីគេបានរកឃើញថាគាត់បានប្រព្រឹត្តបទល្មើសស៊ីសំណូក។  មេដឹកនាំកំពូលរបស់ក្រុមហ៊ុនអេឡិចត្រូនិច Samsung ចំនួន ៤នាក់ទៀតត្រូវបានគេទទួលកាត់ទោសផងដែរដោយពីរនាក់ត្រូវជាប់គុករយៈពេល ៤ឆ្នាំ  និងពីរនាក់ផ្សេងទៀតត្រូវបានព្យួរពីតំណែង។ ការផ្តន្ទាទោសនេះអាចនឹងមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើក្រុមហ៊ុន Samsung និងសេដ្ឋកិច្ចកូរ៉េខាងត្បួង ព្រោះថាក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនធំបំផុតរបស់កូរ៉េខាងត្បូងដែលគេប៉ាន់ប្រមាណថាអាជីវកម្មរបស់ក្រុមហ៊ុននេះបានរ៉ាប់រង ១៥ភាគរយនៃសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសកូរ៉េខាងត្បួង។ ការកាត់ក្តីនេះត្រូវបានគេហៅថា ជាការកាត់ក្តីប្រចាំសតវត្សព្រោះវាជាផ្នែកមួយនៃរឿងអាស្រូវដ៏ធំដែលបានទម្លាក់លោកស្រី ប៉ាក់ហ្គុនហេ (Park Geun-hye) ដែលជាអតីតប្រធានាធិបតីពីតំណែងទៀតផង។

លោក Lee Jae-yong នៅពេលដែលត្រូវឃាត់ខ្លួន
លោក Lee Jae-yong បន្ទាប់ពីកាត់ក្តីឲ្យជាប់ពន្ធនាគារហើយ
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ប៉ាក់ហ្គុនហេ

លោក Lee ដែលជានាយកប្រតិបត្តិ វ័យ៤៩ឆ្នាំបានចូលមកទទួលតំណែងធ្វើជាអ្នកដឹកនាំក្រុមហ៊ុន Samsung បន្ទាប់ពីឪពុករបស់លោកបានកើតជំងឺគាំងបេះដូងនៅក្នុងឆ្នាំ២០១៤។  គេបានរកឃើញថា លោក Lee បានធ្វើការសូកប៉ាន់អតីតប្រធាននាធិបតីកូរ៉េចំនួន ១០,៧លានដុល្លារដើម្បីឲ្យរដ្ឋាភិបាលជួយគាត់ក្នុងការគ្រប់គ្រងទៅលើក្រុមហ៊ុន Samsung ទាំងមូល។  លោកចៅក្រមបានថ្លែងនៅតុលាការថា សាធារណជនមានការសោកស្តាយយ៉ាងខ្លាំងដែលឧក្រិដ្ឋកម្មទ្រង់ទ្រាយធំបែបនេះរវាងនយោបាយ និងអាជីវកម្មនៅតែកើតមានឡើង។ 

ទីស្នាក់ការក្រុមហ៊ុនអេឡិចត្រូនិច Samsung នៅក្នុងកូរ៉េខាងត្បួង

លើសពីនេះទៅទៀត តុលាការបានរកឃើញថា លោក Lee មានជាប់ពាក់ព័ន្ធទៅនឹងការលាក់បាំងទ្រព្យសម្បត្តិនៅក្រៅប្រទេសទៀតផង  ប៉ុន្តែលោក Lee បានបដិសេធលើការចោទប្រកាន់នេះភ្លាមៗ  ហើយមេធាវីរបស់លោកបាននិយាយថាពួកគេនឹងប្តឹងឧទ្ធរណ៍នៅក្នុងពេលឆាប់ៗខាងមុខនេះ។

ដោយឡែកអ្នកវិភាគម្នាក់បាននិយាយថា ការកាត់ទោសលោក Lee មិនទំនងជាមានការប៉ះពាល់ដល់ក្រុមហ៊ុន Samsung នោះទេ ព្រោះថាតាំងពីលោក Lee ត្រូវបានឃាត់ខ្លួនរួចមក  ក្រុមហ៊ុន Samsung នៅតែបន្តកើបប្រាក់ចំណេញរហូតមកដដែល៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]