បរទេស៖ កាលពីដើមឆ្នាំនេះ គេហទំព័រ YouTube បានប្រកាសថាខ្លួននឹងធ្វើការរចនារូបរាងថ្មីសម្រាប់គេហទំព័ររបស់ខ្លួនដើម្បីឲ្យមានភាពស្រស់ស្អាត ហើយគេក៏នឹងដាក់បញ្ចូលមុខងារសំខាន់ថ្មីៗមួយចំនួនទៀតផងដែរ។  

នៅក្នុងពេលនេះ YouTube បានដាក់បង្ហាញពីការរចនាគេហទំព័ររបស់ខ្លួនដែលមានមកជាមួយនឹងស្លាកសញ្ញា ឬឡូហ្គូថ្មីទៀតផង។ នេះគឺជាការផ្លាស់ប្តូរដ៏ធំបំផុតសម្រាប់ស្លាកសញ្ញាកម្មវិធីយូធូប ព្រោះថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្លាកសញ្ញារបស់យូធូបគ្រាន់តែមានការកែលំអបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែក្នុងពេលនេះស្លាកសញ្ញារបស់គេមានការកែប្រែច្រើនគួរសមលើសពីលើកមុនៗគួរឲ្យកត់សម្គាល់។

ស្លាកសញ្ញារបស់កម្មវិធីយូធូបតាំងពីឆ្នាំ ២០០៥ រហូតដល់ដើមឆ្នាំ ២០១៧
ស្លាកសញ្ញាថ្មីរបស់កម្មវិធីយូធូប

ក្រុមហ៊ុន Google បាននិយាយថាស្លាកសញ្ញាថ្មីនេះគឺជាកំណែលម្អដែលត្រូវបានរចនាឡើងដើម្បីឲ្យសមស្របទៅនឹងទំហំអេក្រង់ នៃឧបករណ៍ប្រើប្រាស់ទាំងអស់។ នៅពេលដែលអ្នកបើកកម្មវិធីឡើងនៅលើឧបករណ៍អេឡិចត្រូនិចណាក៏ដោយ ដែលមានអេក្រង់តូច កម្មវិធីយូធូបនឹងប្រើប្រាស់តែស្លាកសញ្ញា១ សម្រាប់តំណាងឲ្យកម្មវិធីយូធូបទាំងមូល។

រូបរាងថ្មីរបស់កម្មវិធីយូធូបនៅលើទូរស័ព្ទដៃ

យូធូបក៏បានដាក់បន្ថែមចូលនូវមុខងារថ្មីមួយដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការកំណត់ឲ្យកម្មវិធីយូធូបមានលក្ខណៈងងឹតជាងធម្មតា ដែលនឹងអាចការពារភ្នែករបស់អ្នកបានមួយចំនែកផងដែរ នៅពេលដែលអ្នកប្រើប្រាស់កម្មវិធីនេះនៅពេលយប់។  លក្ខណៈពិសេសនេះនឹងមានសម្រាប់តែអ្នកដែលប្រើប្រាស់កម្មវិធីយូធូបនៅលើកុំព្យូទ័រប៉ុណ្ណោះ  ប៉ុន្តែក្នុងពេលអនាគតមុខងារនេះ អាចនឹងមាននៅលើទូរស័ព្ទដៃមិនខាននោះទេ។

មុខងារថ្មីសម្រាប់ប្រើប្រាស់យូធូបក្នុងពេលយប់

កម្មវិធីយូធូបក៏នឹងបន្ថែមចូលនូវកាយវិការមួយចំនួន ដើម្បីធ្វើការគ្រប់គ្រងទៅលើការលេងវីដែអូផងដែរ។  អ្នកអាចលោតថយក្រោយ  ឬទៅមុខរយៈពេល ១០វិនាទីបានដោយគ្រាន់តែចុចពីរដងទៅលើអេក្រង់ផ្នែកខាងឆ្វេង ឬខាងស្ដាំ។ ហើយក្នុងប៉ុន្មានខែខាងមុខនេះ កម្មវិធីយូធូបនឹងអាចឲ្យអ្នកលោតចូលទៅវីដេអូថ្មី  ឬចាស់បានដោយគ្រាន់តែគ្រវាស ម្រាមដៃទៅឆ្វេង ឬទៅស្ដាំប៉ុណ្ណោះ។ សម្រាប់អ្នកប្រើប្រាស់កម្មវិធីយូធូបនៅលើទូរស័ព្ទដៃវិញ បន្តិចទៀតគេនឹងអាចលេងវីដេអូក្នុងល្បឿនយឺតៗឬក៏លឿនបានដូចការប្រើប្រាស់យូធូបនៅលើកុំព្យូទ័រអ៊ីចឹងដែរ។ លើសពីនេះទៅទៀត យូធូបក៏នឹងអនុញ្ញាត្តិឲ្យអ្នកមើលវីដេអូពេញអេក្រង់ក្នុងលក្ខណៈបញ្ឈរទៀតផង។

ការមើលវិដេអូពេញអេក្រង់លក្ខណៈបញ្ឈរនៅលើកម្មវិធីយូធូប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]