រាជធានីភ្នំពេញ ៖ បើនិយាយពីតារាភេទទីបីនៅកម្ពុជា គឺប្រាកដជានឹកឃើញទៅដល់ប៉ុបពី , រ៉ូលីន និងយេយេ ដោយពួកគេទាំងបីនាក់បានសាងភាពលេចធ្លោជាងគេក្នុងចំណោមតារាភេទទីបីដទៃទៀត ។ ភាពល្បីល្បាញនេះផ្តល់ចំណូលច្រើនដល់ពួកគេ ។
តារាចម្រៀង និងសម្តែងរ៉ូលីន ត្រូវគេចាត់ទុកជាតារាភេទីបីមួយដួងដែលស្ថិតក្នុងដួងចិត្តទស្សនិកជនទូទៅ ដោយសារតែទេពកោសល្យសម្តែងរបស់ខ្លួន ។
រ៉ូលីន បានសាងភាពល្បីល្បាញតាមរយៈការច្រៀងបទធ្វើត្រាប់តាមសំឡេងតារាចម្រៀងជើងចាស់អ្នកស្រីប៉ែន រ៉ន បានយ៉ាងល្អ។ ទេពកោសល្យនេះរុញច្រាន និងផ្តល់ឱកាសការងារដល់រ៉ូលីនក្នុងពិភពសិល្បៈជាបន្តបន្ទាប់ទាំងការងារក្នុងស្រុក និងក្រៅស្រុក ។ ការងារទាំងអស់ផ្តល់ចំណូលច្រើនគួរសមដែលបានលើកស្ទួយជីវភាពរបស់រ៉ូលីន ឲ្យប្រសើរឡើង ។
បើតាមការបញ្ជាក់របស់រ៉ូលីន កាលពីពេល ថ្មីៗកន្លងមកថា បច្ចុប្បន្នក្រៅអំពីការងារក្នុងកម្មវិធី «ពេញចិត្តឬអត់» របស់ស្ថានីយទូរទស្សន៍ MY TV នោះ គេច្រៀងតាមកម្មវិធី ផ្សេងៗផងដែរ ។
ក្រៅអំពីការងារទាំងអស់នេះរ៉ូលីន មានការងារសម្តែងនៅក្រៅប្រទេសជាក់ស្តែងបន្ទាប់ពីវិលមកពីអាមេរិកមិនបានប៉ុន្មានផង មានគម្រោងចេញទៅសម្តែងនៅប្រទេសកាណាដាជាបន្តទៀត ។
បើទោះបីជាមិនអាចបញ្ចេញឲ្យដឹងពីចំណូលដែលទទួលបានពីការងារសិល្បៈ ប៉ុន្តែរ៉ូលីន អះអាងកាលពីពេល ថ្មីៗកន្លងមកថា ចំណូលពីសិល្បៈរបស់គេច្រើនគួសម ទាំងចំណូលពីការសម្តែងនៅក្នុងស្រុក និងក្រៅស្រុក គឺវាប្រហាក់ប្រហែលជាគ្នា ។
តារាភេទទីបីដែលកំពុងសាងភាពល្បីល្បាញ និងស្រូបទាញបានទីផ្សារការងារសិល្បៈនាពេលបច្ចុប្បន្ននាងយេយេក៏ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងដែរពីទស្សនិកជន ដោយសារតែងតែធ្វើឱ្យមហាជនផ្ទុះសំណើចពេលឡើងសម្តែង ម្តងៗ។
កន្លងមកតារាសម្តែងយេយេតែងតែបង្ហាញខ្លួនលក្ខណៈជាក្រុមនៅស្ថានីយទូរទស្សន៍PNN និង MY TV ដែលធ្វើឲ្យទស្សនិកជនផ្ទុះសំណើចពីកាយវិការសម្តែងរបស់ពួកគេ ។
ក្រៅពីការសាងភាពល្បីល្បាញតាមរយៈកញ្ចក់ទូរទស្សន៍យេយេ ស្រូបយកទីផ្សារពីការសម្តែងនៅតាមក្លឹបនានា ដែលក្នុង មួយខែៗប្រាក់ចំណូលដែលទទួលបានពីការងារសិល្បៈមិនតិចជាង៥ពាន់ដុល្លារទេ ។
យេយេបញ្ជាក់ថា ចំណុចសំខាន់ដែលគេអាចស្រូបយកទីផ្សារសិល្បៈ និងទទួលស្គាល់ពីទស្សនិកជននោះ គឺដោយសារក្រុមរបស់គេសម្តែងមិនមានភាពច្រំដែល ពោលគឺមិនមែនល្បីហើយសម្តែងឱ្យតែបានទេ ។
យេយេនិយាយថា «ក្នុងពេលដែលខ្ញុំអាចចាប់ភាពល្បីល្បាញបានហើយ គឺកាន់តែធ្វើឲ្យនាងខ្ញុំមានការប្រុងប្រយ័ត្នកាន់តែខ្លាំង ហើយនាងខ្ញុំតែងតែចំណាយពេលយូរដើម្បីរៀបចំសាច់រឿងសម្តែង ម្តងៗ ដោយមិនឲ្យទស្សនិកជនធុញទ្រាន់នោះឡើយ» ។
ទោះបីល្បីឈ្មោះហើយក្តីយេយេប្រកាសថា នៅតែទទួលសម្តែងគ្រប់កម្មវិធី មិនថាតូច ឬធំទេ ដោយតម្លៃប្រែប្រួលទៅតាមនោះ ។ ចំណែកប៉ុបពីវិញ មានរូបសម្រស់ស្រស់ស្អាតជាងគេ ស្ទើរតែដូចស្រីទាំងស្រុង ។
ប៉ុបពីបានចាប់ផ្តើមអាជីពសិល្បៈរបស់ខ្លួនតាមរយៈការប្រឡងបវរកញ្ញាភេទីបី ដែលនាងជាប់ជាតារាស្អាតដាច់គេក្នុងចំណោមតារាភេទទីបីដទៃទៀតក្នុងប្រទេសកម្ពុជា ។
បន្ទាប់ពីនោះមកប៉ុបពី បានសាងភាពល្បីល្បាញក្នុងវិស័យសិល្បៈយ៉ាងឆាប់រហ័សតាមរយៈការសម្តែងក្នុងខ្សែភាពយន្តជាបន្តបន្ទាប់ ។ ចុងក្រោយនេះ ប៉ុបពីបានសម្តែងក្នុងខ្សែភាពយន្តរឿង«ប៉ុបពីទៅហូលីវូដ» ព្រមទាំងការងារសិល្បៈច្រើនទៀតជាហូរហែ ។ ក្រៅពីអាជីពសិល្បៈប៉ុបពី មានមុខរបរផ្សេងមួយទៀត គឺជាជាងផាត់មុខ ព្រមទាំងមានហាងសាឡនផ្ទាល់ខ្លួនទៀតផង ។
ចំណូលដែលប៉ុបពីទទួលបានពីការងារសិល្បៈធ្វើឱ្យនាងកែប្រែមុខមាត់ថ្មី ក្នុងនោះនាងបានចំណាយលុយរាប់ពាន់ដុល្លារសម្រាប់វះកាត់កែភេទរបស់នាងឲ្យមកជាស្រី ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]