** ប្រលោមលោកខ្មែរឡូត **

អារម្មណ៍ក្មេងប្រុសដែលបាត់បង់ឪពុកនៅក្នុងអាយុ ១០ ឆ្នាំវាពិតជាឈឺចាប់ខ្លាំងណាស់។ ខ្ញុំបានក្លាយទៅជាក្មេងកំព្រាទាំងនៅអាយុប៉ុណ្ណឹងទៅហើយ ហើយក៏ត្រូវក្មេងៗដទៃសើចចំអកផងដែរ តែវាប្រហែលជាមិនស្មើរនឹងការឈឺចាប់នឹងរឿងមុនឪពុករបស់ខ្ញុំស្លាប់នោះទេ។

ទិដ្ឋភាពថ្ងៃនោះគឺជាពេលវេលាដែលខ្ញុំចាំមិនភ្លេចអស់មួយជីវិត។ ឪពុករបស់ខ្ញុំកំពុងតែគេងស្តូកស្តឹងលើគ្រែទាំងគ្មានកម្លាំងកំហែង តែប្រឹងនិយាយមួយៗម្ហបៗ។ ខ្ញុំអង្គុយនៅចុងជើងគាត់ហើយយំតិចៗ។ គាត់ចាប់ដៃម៉ាក់រួចនិយាយផ្តាំផ្ញើ

« អស់ពីបងទៅ អូនត្រូវរស់នៅឱ្យបានល្អបំផុត កុំនឹកបង កុំបារម្ភ កុំខូចចិត្ត ត្រូវរក្សាខ្លួន រក្សាសុខភាពអូន និងកូនយើងឱ្យបានល្អ » ម៉ាក់ចាប់ដៃប៉ាវិញទាំងញញឹមតិចៗរួចនិយាយទាំងសម្តីម៉ឺងម៉ាត់

« កុំបារម្ភអូនប្រាកដជាបំភ្លេចបង អូនប្រាកដជារស់នៅឱ្យមានសេចក្តីសុខបំផុតពេលដែលគ្មានបង » ប៉ាស្តាប់ហើយញញឹមទាំងអស់កម្លាំងចិត្តរួចក៏ស្លាប់បាត់បង់ជីវិតទៅ។ ខ្ញុំស្រែកយំហៅឈ្មោះប៉ាទាំងខូចចិត្ត តែម៉ាក់របស់ខ្ញុំបែរជាគ្មានទឹកភ្នែកសូម្បីតែមួយតក់។ ខ្ញុំសម្លក់ម៉ាក់ទាំងខូចចិត្ត ហេតុអ្វីម៉ាក់ក្លាយជាមនុស្សឈាមត្រជាក់បែបនេះ។ ប៉ាបានចាកចេញហើយ ចាកចេញដោយគ្មានត្រលប់។ តែម៉ាក់បែរជាមិនឈឺក្បាល កើតទុក្ខ ឬខូចចិត្តសូម្បីតែបន្តិច។ ខ្ញុំធ្លាប់ឮបងប្អូនខាងប៉ានិយាយថា ម៉ាក់អាក្រក់ណាស់ ប៉ាឈឺធ្ងន់ព្រោះតែម៉ាក់មិនមើលប៉ា ម៉ាក់មិនយកប៉ាទៅព្យាបាលនៅពេទ្យល្បី។ កុំអីប៉ាក៏មិនឆាប់ស្លាប់បែបនេះដែរ។ ពេលដែលដឹងបែបនេះខ្ញុំរឹតតែស្អប់ម៉ាក់ទ្វេរដង។ មនុស្សស្រីដែលបង្កើតខ្ញុំមក បែរជាមានចិត្តខ្មៅដល់ម្លឹងផង។ ខ្ញុំបានធំធាត់ឡើងពោរពេញដោយកំហឹងនិងការស្អប់ចំពោះម៉ាក់។ ម៉ាក់ក្រៅពីធ្វើការ រកស៊ី ម៉ាក់មិនដែលមានពេលមកមើលថែខ្ញុំឱ្យដិតដល់នោះដែរ។ ខ្ញុំប្តេជ្ញាថាពេលខ្ញុំធំឡើងខ្ញុំ នឹងចាកចេញពីផ្ទះមួយខ្នងនេះឱ្យបាត់ៗ។  

រូបតំណាង

ការតស៊ូរៀនប៉ុន្មានឆ្នាំមិនអត់ប្រយោជន៍នោះទេ ខ្ញុំទទួលបានឱកាសសិក្សានៅក្រៅប្រទេសដោយមិនអស់លុយ ខ្ញុំកំពុងតែដើរចេញពីទីកន្លែងដែលមិនគួរឱ្យរស់នៅហើយ ខ្ញុំពិតជាសប្បាយចិត្តណាស់។ ការចាកចេញរបស់ខ្ញុំ មិនបានធ្វើឱ្យម៉ាក់របស់ខ្ញុំមានប្រតិកម្មអ្វីនោះទេ។ ខ្ញុំពិតជាតូចចិត្ត និងអន់ចិត្តចំពោះគាត់ណាស់។ បែបនេះហើយក្រោយពីខ្ញុំបានទៅដល់ស្រុកគេហើយ ខ្ញុំក៏មិនបានផ្ញើដំណឹង ឬទាក់ទងមកអ្នកផ្ទះនោះដែរ។ ខ្ញុំដឹងថាម៉ាក់គាត់មិនខ្វល់ មិនចង់ដឹងពីរឿងរបស់ខ្ញុំឡើយ ព្រោះគាត់ជាមនុស្សស្រីដែលមានចិត្តត្រជាក់បំផុត។ ប៉ាជាស្វាមីរបស់ម៉ាក់ ប៉ាចាកចេញដោយមិនត្រលប់ទៅហើយម៉ាក់នៅតែមិនស្រក់ទឹកភ្នែកមួយតក់ ចុះទម្រាំខ្ញុំជាកូនមានអ្វីសំខាន់សម្រាប់គាត់ទៅ។

៥ ឆ្នាំកន្លងទៅ ខ្ញុំបានបញ្ចប់ការសិក្សា និងមានការងារដ៏ល្អមួយ ហើយក៏មានអនាគតដ៏ស្រស់បំព្រង។ ភាពជោគជ័យទាំងការងារ និងស្នេហាបានដើរទន្ទឹមគ្នា ហើយខ្ញុំមិនចង់ត្រលប់មកស្រុកកំណើតដែលមានតែការចងចាំដ៏ឈឺចាប់នោះទេ តែខ្ញុំមកគ្រាន់តែចង់បំពេញបំណងជាកូនប្រុសល្អតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏គាត់ជាម្តាយរបស់ខ្ញុំ គាត់គួរតែមានវត្តមានក្នុងថ្ងៃសិរីសួស្តីរបស់ខ្ញុំ។ ឡានទំនើបបានបរមកឈប់នៅក្នុងផ្ទះចំណាស់មួយ។ ទីកន្លែងនៅដដែល របស់របរក៏នៅដដែលតែអ្វីដែលចំលែកនោះផ្ទះនោះប្រៀបបីដូចជាគ្មានមនុស្សរស់នៅអ៊ីចឹង។ ធូលី សម្បុកពីងពាង នៅហ៊ុំព័ទ្ធផ្ទះនោះទាំងមូល។ ប៉ុន្តែនៅក្បែរធាតុរបស់ប៉ារបស់ខ្ញុំ បែរជាមានធាតុមួយទៀតដែលធ្វើឱ្យកែវភ្នែករបស់ខ្ញុំស្រវាំង ជើងទប់ជំហរមិនចង់ជាប់។ទីបំផុតគាត់ក៏បានចាកចេញទៅ។ ចាកចេញដោយមិនត្រលប់ ចាកចេញដោយស្ងាត់ៗ គ្មានដំណឹងសូម្បីតែមួយម៉ាត់។ នៅក្បែរធាតុរបស់ពួកគាត់មានសំណុំឯកសារជាច្រើន ជាពិសេសគឺសៀវភៅកំណត់ហេតុ សំបុត្រយន្តហោះ និងក្រដាស់ឯកសារធារារ៉ាប់រងជីវិត។ ការពិតការសិក្សា ការចិញ្ចឹមបីបាច់រយៈពេលច្រើនឆ្នាំសុទ្ធតែជាបន្ទុករបស់ម៉ាក់ និងមួយចំណែកធំជាថ្លៃបានមកពីធានារ៉ាប់រងជីវិតរបស់ប៉ា។ អ្វីៗត្រូវបានលាតត្រដាងនៅថ្ងៃនេះតាមរយៈតួរអក្សរប៉ុន្មានឃ្លានេះ។ ម៉ាក់ប៉ាបានកើតជំងឺមហារីកដូចគ្នា តែប៉ាមិនជ្រើសរើសការព្យាបាលដែលចំណាយច្រើនព្រោះតែចង់ទុកលុយចិញ្ចឹមខ្ញុំឱ្យមានអនាគតល្អ។ ម៉ាក់ខំប្រឹងធ្វើជាមនុស្សស្រីរឹងមាំ មើលថែខ្ញុំ និងចិញ្ចឹមខ្ញុំពីចំងាយ ដោយមិនហ៊ានយកលុយមើលជំងឺខ្លួនឯង ហើយទ្រាំទ្រនឹងជំងឺនេះម្នាក់ឯង។ តែខ្ញុំជាកូនបែរជាចិញ្ចឹមចិត្តស្អប់ម្តាយ ចិញ្ចឹមខឹងម្តាយ និងស្តីបន្ទោសគាត់នៅក្នុងចិត្តជាច្រើន។ មិនមែនគាត់មិនស្រលាញ់ខ្ញុំ មិនមែនថាគាត់មិនចង់យំ មិនមែនថាគាត់មិនស្រាលាញ់ប៉ា និងចង់បំភ្លេចប៉ានោះទេ។អ្វីៗគឺគាត់ស៊ូទ្រាំ និងរង់ចាំខ្ញុំឱ្យមានជីវិត និងអនាគតល្អប្រពៃមួយសិន។ គាត់បានចាកចេញពីលោកនេះកាលពីមួយឆ្នាំមុន ក្រោយពេលដែលគាត់ត្រលប់មកពីបរទេស គឺគាត់ចំណាយពេលលើកចុងក្រោយទៅលួចអបអរខ្ញុំទទួលសញ្ញាបត្រនៅបរទេសទាំងញញឹម។ រូបថតជាច្រើនសន្លឹកតាំងពីតូចរហូតដល់ធំត្រូវបានផ្តិតយ៉ាងស្អាតនៅក្នុងសៀវភៅរូបថតគ្រួសារ។ ការពិតម៉ាក់តែងតែតាមមើលថែខ្ញុំពីចំងាយដោយក្តីស្រលាញ់។ អត្ថន័យចុងក្រោយនៅក្នុងកំណត់ហេតុនោះគឺ

« ការសន្យា! ថានឹងរស់នៅឱ្យបានល្អ និងថែទាំកូនយើងឱ្យមានអនាគតល្អ ពេលនេះអូនធ្វើបានសម្រេចហើយ ហើយក៏ជាពេលដែលអូនត្រូវទៅរកបងដែរ.....អូនស្រលាញ់បង និងស្រលាញ់កូនរបស់យើងបំផុត »។ ទឹកភ្នែករបស់ខ្ញុំស្រក់ចុះទាំងសោកស្តាយ។ ពេលដែលមានម៉ាក់ខ្ញុំមិនបានមើលថែគាត់ និងនៅជិតគាត់ឱ្យបានច្រើននោះទេ។ ការយល់ច្រលំវាបានបន្តរហូតដល់ខ្ញុំបាត់បង់អ្នកមានគុណ។ ហើយខ្ញុំក៏គ្មានឱកាសបានអរគុណ បានសុំទោស និងសងគុណអ្នកមានគុណរបស់ខ្ញុំឡើយ។ សោកស្តាយពិតជាគ្មានផលអ្វីនោះទេ។ មនុស្សដែលចាកចេញហើយក៏មិនអាចត្រលប់មកវិញបានដែរ ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]