មនុស្សប្រុសដែលមានមោទនភាពក្នុងខ្លួន  និងមានអំនួតនៅក្នុងជីវិតបំផុត គឺជាមនុស្សប្រុសដែលមានមនុស្សស្រីល្អនៅក្នុងរង្វង់ដៃ  ដែលធ្វើឱ្យមនុស្សគ្រប់គ្នាច្រណែន។  ធម្មជាតិបានបង្កើតមនុស្សស្រីមកពោរពេញដោយភាពស្រស់ស្អាត  នោះមិនមែនមានន័យត្រឹមតែរូបរាងប៉ុណ្ណោះទេ  គឺមានន័យដល់ចិត្តគំនិត  អត្តចរិត និងបេះដូងរបស់នាងផងដែរ។

រឿងរ៉ាវស្នេហាវាពិបាកនឹងរៀបរាប់ឱ្យអស់សេចក្តីណាស់  ហើយមានមនុស្សស្រីជាច្រើនដែលមាននៅលើផែនដីយើងនេះ  ពេលខ្លះមនុស្សស្រីដែលអ្នកកំពុងស្រលាញ់ កំពុងរាប់អាន  និងកំពុងមើលចិត្តគំនិតគ្នា  អ្នកក៏មិនបានដឹងច្បាស់ដែរថាតើនាងជាមនុស្សស្រីល្អពិតប្រាកដសម្រាប់ជីវិតរបស់អ្នកដែរ ឬក៏អត់នោះ?

ដូចនេះយើងនឹងលើកឡើង ៧ ចំណុចរបស់មនុស្សស្រីដែលអ្នកជាមនុស្សប្រុសគួរតែថែរក្សាឱ្យបានល្អ  និងកុំឱ្យបាត់បង់ឱ្យសោះ ៖  

៧ ចំណុចរបស់មនុស្សស្រីដែលអ្នកជាមនុស្សប្រុសគួរតែថែរក្សាឱ្យបានល្អ និងកុំឱ្យបាត់បងឱ្យសោះ

១. នាងជាមនុស្សស្រីផ្អែមល្ហែម

មនុស្សស្រីដ៏ល្អម្នាក់គឺ ទន់ភ្លន់តែរឹងមាំ  ប៉ុន្តែនៅក្នុងចំណុចទាំងនេះក៏មានភាពផ្អែមល្ហែមមួយរួមបញ្ចូលផងដែរ។  សារជាតិមនុស្សស្រីគឺ ផ្អែមល្ហែមបែបនេះឯង ហើយជាពិសេសមនុស្សស្រីដែលស្រលាញ់អ្នកស្មោះ  នាងប្រាកដជាមិនមានអារម្មណ៍ភ័យខ្លាច  ឬអៀនខ្មាសឡើយក្នុងការបញ្ចេញភាពស្និទ្ធស្នាល  និងផ្អែមល្ហែមចំពោះអ្នក។ ប៉ុន្តែអ្នកកុំបារម្ភអី នៅពេលដែលមនុស្សស្រីខ្លះ អាចបញ្ចេញភាពស្និទ្ធស្នាល និងផ្អែមល្ហែមចំពោះមនុស្សដទៃដូចជាក្រុមគ្រួសារ  ម៉ាក់ប៉ា  បងប្អូន  ឬមិត្តភក្តិរបស់នាង នោះបានន័យថា នេះជាចរិតធម្មជាតិរបស់នាងនោះឯង។

២. នាងអាចធ្វើឱ្យអ្នកញញឹមបាន

គូស្នេហ៍ដែលគ្មានស្នាមញញឹម  និងសំណើចក្អាកក្អាយជាមួយគ្នាតើអាចហៅថាជាគូស្នេហ៍ដែលមានសុភមង្គលដែរឬទេ?  មានគូស្នេហ៍មួយចំនួនពេលដែលនៅជាមួយគ្នាអាចនឹងគ្មានស្នាមញញឹម  ឬក៏អាចកម្រនឹងមានភាពរីករាយ។  ដូច្នេះពិតជាពិសេសណាស់នៅរាល់ពេលដែលអ្នកនៅក្បែរនាង  អ្នកតែងតែមានស្នាមញញឹមជាប់ជានិច្ច។  សំណើចក្អាកក្អាយ  ភាពកំប្លុកកំប្លែង  និងចេះបង្កើតបរិយាកាសឱ្យអ្នកមានភាពរីករាយជាប់ជានិច្ច  គឺជាមនុស្សស្រីម្នាក់ដែលអ្នកគួរតែថែរក្សាឱ្យបានល្អបំផុត។

៣.នាងធ្វើឱ្យអ្នកចង់នៅក្បែរ និងចំណាយពេលវេលាជាមួយ

នេះអាចជាសញ្ញាមួយវិជ្ជមានដែលនាងអាចធ្វើឱ្យអ្នកមានអារម្មណ៍ថាចង់នៅជិត  និងចំណាយពេលវេលារួមគ្នាជាច្រើន  ហើយអ្នកនឹងអាចទន្ទឹងរង់ចាំពេលវេលាដែលជួបនាងនៅពេលបន្ទាប់ម្តងទៀត។  ដូច្នេះបានន័យថាក្នុងទំនាក់ទំនងស្នេហា ការជឿជាក់ និងទុកចិត្តគ្នាជាកត្តាដែលសំខាន់បំផុត។

៤. នាងតែងតែសរសើរ និងគាំទ្រអ្នកជានិច្ច

មិនថាក្នុងកាលៈទេសៈណាឡើយ នាងនឹងនៅតែនៅក្បែរ  លើកទឹកចិត្ត  និងពោលពាក្យសរសើរអ្នកជានិច្ច  តាំងពីរឿងតូចតាចដូចជាការស្លៀកពាក់  ម៉ូដសក់  រហូតដល់រឿងធំផ្សេងៗដូចជាការសិក្សា  និងការងារជាដើម។   ទោះជាអ្នកធ្វើមិនបានល្អ ទោះជាអ្នកបរាជ័យ  និងទោះជាអ្នកក្រក្រី  ឬប្រកបការងារមិនមានប្រាក់ខែសមរម្យក៏នាងនៅតែផ្តល់កម្លាំងចិត្ត  លើកទឹកចិត្ត  និងសរសើរនូវការតស៊ូលះបង់របស់អ្នកដែរ។

ក្នុងទំនាក់ទំនងស្នេហាការជឿជាក់ និងទុកចិត្តគ្នាជាកត្តាដែលសំខាន់បំផុត

៥. នាងតែងតែធ្វើការលះបង់ដើម្បីអ្នក

មនុស្សស្រីដែលស្រលាញ់អ្នក  តែងតែយល់ពីអ្នក ហើយអាចធ្វើអ្វីគ្រប់យ៉ាងដើម្បីអ្នក ទាំងការលះបង់ធ្វើរឿងតូចតាច បង្ហាញពីការស្រលាញ់ និងការមើលថែទាំអ្នក។ នាងអាចនឹងលះបង់ពេលវេលាដើម្បីអ្នក  នៅពេលដែលអ្នកត្រូវការជំនួយ ពេលដែលអ្នកមានបញ្ហា  ឬពេលដែលអ្នកមិនស្រួលខ្លួនជាដើម។  មនុស្សស្រីដែលសាកសមជាគូស្នេហ៍ល្អ  ប្រពន្ធល្អ  កូនល្អ   ម្តាយល្អ  និងមិត្តភក្តិល្អគឺជាមនុស្សស្រីដែលលះបង់ និងគិតគូរពីអ្នកដទៃជានិច្ច។

៦. នាងមិនទាមទារ  ឬសុំអ្វីពីអ្នក

មនុស្សស្រីប្រភេទនេះជាមនុស្សស្រីដែលចេះគិតគូរ ដោយមិនចេះទាមទារ ឬរំអុកអ្នកឱ្យធ្វើអ្វី  ឬទិញអ្វីបំពេញចិត្តនាងច្រើនទេ។  នាងជាមនុស្សមានទំនួលខុសត្រូវ  និងអាចពឹងលើខ្លួនឯងបានដោយមិនបាច់សុំអ្នកច្រើនឡើយ។  បញ្ហាមនុស្សប្រុសជាច្រើននោះគឺពេលដែលដើរជាមួយដៃគូ តែងតែសុំនេះសុំនោះ ទិញនេះទិញនោះបំពេញចិត្តនាង។  ប៉ុន្តែបើអ្នកបានជួបមនុស្សស្រីដែលចេះគិតគូរ  មិនសុំ  មិនសួរ  និងមិនចេះទាមទារច្រើនបែបនេះ  ពេលខ្លះអ្នកក៏គួរតែចេះលះបង់  ទិញអ្វី  ឬធ្វើអ្វីបង្កការភ្ញាក់ផ្អើលសម្រាប់នាងម្តងម្កាលផង។

៧. នាងជាមនុស្សដែលអ្នកទុកចិត្ត

ក្នុងទំនាក់ទំនងស្នេហា  ការជឿជាក់ និងទុកចិត្តគ្នាជាកត្តាដែលសំខាន់បំផុត។  មនុស្សស្រីដែលអាចនៅក្បែរ   ស្តាប់រឿងរបស់អ្នក  និងគាំទ្រអ្នកនូវគ្រប់រឿងរ៉ាវទាំងពេលសើចសប្បាយ  កើតទុក្ខ  នោះជាមនុស្សដែលអ្នកជឿជាក់បំផុត។  ហើយប្រសិនបើនាងតែងតែចែករំលែករឿងរបស់នាងប្រាប់អ្នក  នោះបានន័យថានាងក៏ជាមនុស្សដែលជឿជាក់  និងទុកចិត្តអ្នកបំផុតដូចគ្នា។  ដូច្នេះបើសិននាងជាមនុស្សដែលអ្នកអាចជឿជាក់បាន  ហើយនាងតែងតែជឿជាក់លើអ្នក  និងទុកចិត្តអ្នក  នាងប្រាកដជាមនុស្សស្រីដែលអ្នកគួរតែថែរក្សាឱ្យបានល្អហើយ។

មនុស្សស្រីដែលមានទាំង ៧ ចំណុចខាងលើ  ប្រុសៗកុំបណ្តោយឱ្យបាត់បង់ឱ្យសោះណា  ព្រោះថាមនុស្សស្រីស្អាតៗប្រហែលជាអ្នកអាចរកបានច្រើននិងងាយទៀតផង  តែមនុស្សស្រីដែលល្អៗប្រាកដជាពិបាករកខ្លាំងណាស់នៅក្នុងជីវិតរបស់អ្នក៕ 

ក្នុងទំនាក់ទំនងស្នេហាការជឿជាក់ និងទុកចិត្តគ្នាជាកត្តាដែលសំខាន់បំផុត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]