** ប្រលោមលោកខ្មែរឡូត **

ពេលខ្លះក្តីស្រលាញ់ក៏មិនមែនត្រូវការតែភាពស្មោះត្រង់តែមួយមុខគត់ដែរ ការទុកចិត្តគ្នា ការអត់ឱនឱ្យគ្នាគឺជាកត្តាដែលសំខាន់បំផុតសម្រាប់គូស្នេហ៍ទាំងឡាយ។ហើយក៏ព្រោះការមិនទុកចិត្តគ្នាបែបនេះហើយ បានជាពេលនេះខ្ញុំបានក្លាយទៅជាមនុស្សស្រីឯកាសាជាថ្មី។

ប្រវត្តិស្នេហារបស់សង្សារចាស់របស់ខ្ញុំ ខ្ញុំបានដឹងត្រួសៗមកដែរ តែខ្ញុំក៏មិនខ្វល់ មិនបានចាប់អារម្មណ៍ណាស់ណានោះទេ ព្រោះខ្ញុំដឹងថារឿងអតីតគឺជារឿងអតីតទោះជាមានរឿងអ្វីក៏ដោយវាក៏បានកន្លងហួសទៅហើយ មិនគួររំលឹកសាដើមនាំតែមិនស្រួលក្នុងចិត្តនោះទេ។ ប៉ុន្តែនៅថ្ងៃមួយនោះខ្ញុំបានជួបមិត្តភក្តិរបស់ខ្ញុំដោយចៃដន្យពេលដែលបែកគ្នាច្រើនឆ្នាំមកហើយវាធ្វើឱ្យខ្ញុំចាប់ផ្តើមគិតនិងសង្ស័យជាខ្លាំង។

« នែ ឯង! ឯងនិងសង្សាបែកគ្នាហើយ? »

« ឆ្កួតម៉េចឯងនិយាយអ៊ីចឹង? បែកគ្នាអី នៅតែស្រលាញ់គ្នាធម្មតាតើ»

« ហ្ហាក ចុះម៉េចក៏យើងឧស្សាហ៍ឃើញសង្សារបស់ឯងបណ្តើរជាមួយមនុស្សស្រីម្នាក់នៅផ្សារទំនើបដើមផ្លូវនោះម៉េះ? ពេលខ្លះឃើញមានក្មេងតូចទៀត យើងស្មានតែពួកឯងបែកគ្នា គេរៀបការមានកូនហើយតើ »

« ឯងនិយាយមែន? »

« អឺ....ដូចមិនច្បាស់ដែរ អឺៗៗ ប្រហែលជាយើងមើលច្រលំផងមិនដឹង »

បន្ទាប់ពីពេលនោះមកខ្ញុំចាប់ផ្តើមសង្ស័យ និងមិនទុកចិត្តសង្សាររបស់ខ្ញុំឡើយ។ ខ្ញុំក៏ចាប់ផ្តើមសង្កេតមើលអត្តចរិតរបស់គាត់ ហើយក៏ចាប់ផ្តើមឃើញពីភាពមិនប្រក្រតីរបស់គាត់កាន់តែច្រើនឡើង។ គាត់តែងតែកាន់ទូរស័ព្ទចុចជាញឹកញាប់ ហើយមិនដែលដាក់ឆ្ងាយពីខ្លួនឡើយ ពេលខ្លះគាត់ក៏សើច និងញញឹមថែមទៀតផង។ ដោយទង្វើបែបនេះគាត់មិនសូវជាមានប៉ុន្មានទេពេលនៅជាមួយខ្ញុំ។ ភាពសង្ស័យធ្វើឱ្យខ្ញុំចេះ តាមដានចេះសង្ស័យរហូតសួរនាំមិត្តភក្តិរបស់គាត់ និងឆែករូបចាស់ៗរបស់គាត់ទៀតផង។ អ្វីដែលខ្ញុំភ្ញាក់ផ្អើលនោះគឺរូបភាព និងវីដេអូជាច្រើនរបស់គាត់និងសង្សាចាស់ធ្វើឱ្យទឹកភ្នែកខ្ញុំរលីងរលោង។ រូបភាពស្និទ្ធស្នាល ឱប-កគ្នា ថើបគ្នា និងរូបភាពផ្អែមល្ហែមមានក្តីសុខរបស់ពួកគេ គឺជាអ្វីដែលខ្ញុំមិនដែលបានទទួលសោះ។ តាំងពីដើមមកគាត់ជាមនុស្សសោះកក្រោះជាមួយខ្ញុំរហូត គាត់ប្រាប់ថាចូលចិត្តជីវិតធម្មតា សមញ្ញ គាត់មិនចូលចិត្តថតរូបបង្អូតគេ មិនចូលចិត្តផ្អែមល្ហែមអ្វីទេ ហើយរឿងទាំងអស់នោះខ្ញុំ ក៏បានយល់ព្រមតាមការរៀបរាប់របស់គាត់។ បែបនេះហើយតាំងពីដើមខ្ញុំបានក្លាយទោជាកូនឆ្មាដ៏ស្លូតបូតនិងស្តាប់បង្គាប់ម្នាក់។ រឿងពីមុនខ្ញុំមិនដែលសួរនាំ ហើយក៏មិនដែលធ្វើអ្វីឱ្យប៉ះបាល់ដល់ជិវិតឯកជនរបស់គាត់ឡើយ។ ខ្ញុំតែងតែទុកសិទ្ធឱ្យគាត់រហូត ហើយក៏មិនដែលស្រលាញ់គ្នា ស្និទ្ធស្នាលគ្នាជ្រុលហួសហេតុដែរព្រោះគាត់ថាមិនចូលចិត្ត។ ប៉ុន្តែពេលនេះធ្វើឱ្យខ្ញុំចាប់ផ្តើម មិនស្រួលក្នុងចិត្ត ហើយភ្ញាក់ខ្លួនថាការពិតខ្ញុំជាមនុស្សល្ងង់រហូតមក។ ហេតុអ្វីជាមួយសង្សារចាស់គាត់អាចបង្ហាញក្តីស្រលាញ់បាន តែខ្ញុំហេតុអ្វីមិនបាន? ឬមកពីគាត់មិនបានស្រលាញ់ខ្ញុំដូចជាសង្សារចាស់របស់គាត់ទេ? 

រូបតំណាង

បន្ទាប់ពីបានដឹងរឿងទាំងអស់មក ខ្ញុំតែងតែគេងបង្ហូរទឹកភ្នែករាល់ថ្ងៃ និងតែងតែបញ្ចេញភាពស្រពាប់ស្រពោននៅចំពោះមុខគាត់ តែគាត់មិនដែលចាប់អារម្មណ៍ ឬសង្កេតសួរនាំនោះឡើយ។ ហេតុអ្វីបានជាគាត់សោះកក្រោះជាមួយខ្ញុំខ្លាំងបែបនេះ? តើរឿងរ៉ាវស្នេហារបស់ខ្ញុំជិតដល់ផ្លូវបញ្ចប់ហើយមែនទេ? ពេលមួយដែលយើងកំពុងតែអង្គុយញ៉ាំបាយជាមួយគ្នា សំឡេងទូរស័ព្ទរបស់កាត់រោទិ៍ ហើយគាត់បានបើកមើលរួចញញឹមទទួលយ៉ាងលឿន

« អាឡូ! មែនហើយ..បានៗៗ ទៅដល់ឥឡូវហើយ បាយៗ »

គាត់និយាយហើយដាក់ទូរស័ព្ទចុះទាំងប្រញាប់ប្រញាល់។ ខ្ញុំសួរទាំងមិនពេញចិត្ត

« បងប្រុងទៅណា? ពួកយើងញ៉ាំបាយមិនទាន់អស់ទេណា?»

« បងមានការទៅជួបមិត្តភក្តិបន្តិច អូនញាំ់មុនទៅ មិនបាច់ចាំបងទេ »

« ឈប់សិន! មិត្តបងមួយណា? អូនទៅផងបានទេ? ចៃដន្យអូនឆ្អែតល្មម» ពេលឮខ្ញុំនិយាយគាត់ធ្វើឬកពាព្រួយបារម្ភរួចនិយាយ

« មិត្តភក្តិកាលពីនៅតូចៗ អូនទៅក៏មិនស្គាល់ដែរ បានហើយបងប្រញាប់មកវិញទេ » គាត់បានដើរចេញទាំងប្រញាប់ប្រញាល់ ។ ខ្ញុំក្តាប់ដៃទាំងកំហឹងខំទប់ទឹកភ្នែកដែលស្រក់ចុះ។ កាលពីមុនគាត់មិនដែលបដិសេធរាល់ពេលដែលខ្ញុំចង់ទៅជាមួយគាត់ឡើយ។ ទោះគាត់សោះកក្រោះ ទោះជាគាត់តោះតើយ តែចំពោះមុខមិត្តភក្តិរបស់គាត់ គាត់តែងតែណែនាំថាខ្ញុំជាសង្សារគាត់ជានិច្ច។ វាជារឿងដែលខ្ញុំមោទនភាពចំពោះខ្លួនឯងមែនទែន តែពេលនេះទំនុកចិត្តទាំងឡាយបានរលាយក្លាយជាផ្សែងទៅហើយ។ ខ្ញុំក៏បានងើបចេញពីតុរួចលួចដើរតាមក្រោយសង្សាររបស់ខ្ញុំ។ គាត់បានសំដៅទៅផ្សារទំនើបមួយកន្លែងដូចជាកន្លែងដែលមិត្តភក្តិខ្ញុំប្រាប់ថ្ងៃមុនអ៊ីចឹង។ ចង្វាក់បេះដូងលោតញាប់ ក្នុងចិត្តបន់ស្រន់សុំកុំឱ្យការគិតរបស់ខ្ញុំក្លាយទៅជាការពិតអី។ ប៉ុន្តែការទុកចិត្ត និងក្តីសង្ឃឹមរបស់ខ្ញុំបានបែកខ្ចាត់ខ្ចាយដូចជាដំណក់ទឹកអ៊ីចឹង។ រូបភាពបុរសជាទីស្រលាញ់របស់ខ្ញុំ បានកំពុងតែសើចញញឹមជួយកាន់អីវ៉ាន់របស់មនុស្សស្រីស្អាតម្នាក់ដែលវារឹតតែធ្វើឱ្យបេះដូងខ្ញុំគាំងលែងដើរនោះ គឺនាងជាសង្សារចាស់របស់គាត់។ ហេតុអ្វីបានជារឿងរ៉ាវវាក្លាយជាបែបនេះ? តើខ្ញុំជាអ្នកទី ៣ ឬពួកគេកំពុងតែបង្កើតស្នេហាលួចលាក់ទាំងគាត់មានខ្ញុំរួចទៅហើយនោះ? ប៉ុន្តែវាប្រហែលជាមិនឈឺស្មើរនឹងឃើញក្មេងប្រុសដើរតេះតះម្នាក់ចេញមកហៅគាត់ថាប៉ានោះទេ។ គាត់បានលើកក្មេងនោះបី និងពរដោយក្តីស្រលាញ់។ ទឹកភ្នែកខ្ញុំស្រក់ស្ទើរតែក្លាយជាឈាមទៅហើយ។ ហេតុអ្វីបានជាគាត់ធ្វើបែបនេះទៅរួច? ទោះជាឈឺចាប់យ៉ាងណាខ្ញុំមិនអាចធ្វើអ្វីបានភ្លាមៗនោះទេ ហើយខ្ញុំក៏មិនអាចដើរទៅរកគេដោយសភាពទន់ជ្រាយបែបនេះដែរ។ បន្ទាប់មកពួកគេបានបណ្តើរគ្នាប្រៀបដូចជា ប៉ា ម៉ាក់ កូនចេញពីផ្សារទំនើបទៅអង្គុយញ៉ាំអាហារយ៉ាងមានសេចក្តីសុខ រួចទើបដើរសំដៅទៅខនដូមួយដែលនៅជិតនោះ។ បំណាច់គេធ្វើឱ្យខ្ញុំឈឺចាប់ បំណាច់នឹងចុងក្រោយយើងគង់តែបែកគ្នា ខ្ញុំមិនចាំបាច់ទុកមុខទុកមាត់ឱ្យពួកគេទៀតនោះទេ។ 

រូបតំណាង

ខ្ញុំដើរតាមពីក្រោយពួកគេឡើងទៅខនដូមួយនោះទាំងអារម្មណ៍ឆេះឆួល។ ពួកគេបានចូលទៅក្នុងបន្ទប់នោះបាត់។ គេថាចាប់ចោរត្រូវមានភស្តុតាង ចង់ចាប់សាហាយប្រាកដជាចាប់នៅលើគ្រែហើយ។ ទឹកភ្នែកលាយកំហឹងធ្វើឱ្យខ្ញុំក្តាប់ដៃគោះទ្វារមួយទំហឹង។ ពេលនោះមនុស្សស្រីម្នាក់នោះក៏ចេញមកបើកទ្វារទាំងចំងល់ ខ្ញុំក៏លើកដៃទះនាងមួយកំភ្លៀងទាំងឈឺចាប់។ នាងក្តោបដៃស្ទាបថ្ពាល់នាងទាំងឆ្ងល់មើលមកខ្ញុំ

« នាង !! ?? » ស្រាប់តែសង្សាររបស់ខ្ញុំចេញមករួចបើកភ្នែកធំៗ

«អូន ហេតុអ្វីនៅទីនេះ? មានរឿងអីហ្នឹង? » គាត់និយាយទាំងភ្ញាក់ផ្អើល និងរន្ធត់ពេលឃើញនាងម្នាក់នោះក្តោបដៃត្រង់ថ្ពាល់របស់នាង។

« អូនទេដែលជាអ្នកសួរបង បងពិតជាអាក្រក់ណាស់ » ខ្ញុំក៏ទះមួយកំភ្លៀងទៀតទាំងឈឺចាប់លាយឡំនឹងដំណក់ទឹកភ្នែក។

« អូនធ្វើអី? បានន័យថាម៉េច? »

« ប្រុសថោកទាប ស្រីថោកទាប អ្នកទាំងពីរធ្វើបែបនេះដាក់ខ្ញុំទៅរួច » កំហឹងរបស់ខ្ញុំស្រាប់តែទប់លែងបាន ហើយស្ទុះទៅវាយដំគាត់និងស្រីម្នាក់នោះ។

« ឈប់ភ្លាម អូនឆ្កូតទេ? »គាត់ស្រែកនិងចាប់ដៃខ្ញុំជាប់ការពារស្រីម្នាក់នោះ។

« មែនហើយ អូនឆ្កូតលែងអូន អូននឹងសម្លាប់វា » គាត់ស្រាប់តែទប់ខ្ញុំការពារស្រីនោះរហូតដល់ខ្ញុំដួលនឹងដី។ ខ្ញុំឃើញកែវភ្នែកបារម្ភរបស់គាត់ តែគាត់បែរជាជ្រើសយកការពារស្រីម្នាក់នោះទៅវិញ។ ពេលនោះស្រាប់តែមានបុរសម្នាក់ស្លៀកពាក់ជាអ្នកជំនួញបើកទ្វារចូលមករួចនិយាយទាំងឆ្ងល់

« មានរឿងអីហ្នឹង? សំឡេងឡូឡារតាំងពីនៅមុខបន្ទប់? អូនសម្លញ់ អូនកើតអី? មុខអូនទៅត្រូវហ្នឹងអី?» ប្រុសម្នាក់នោះក៏ទៅជិតស្រីម្នាក់នោះសួរទាំងបារម្ភ

« អូនមិនអីទេ មានរឿងយល់ច្រលំបន្តិចបន្តួច » នាងបានជួយនិយាយការពារខ្ញុំ។ ខ្ញុំក៏សួរទាំងមិនយល់

« មានរឿងអី?» សង្សាររបស់ខ្ញុំមើលខ្ញុំទាំងកំហឹង រួចបែរនិយាយជាមួយបុរសម្នាក់នោះ

« គ្នាសុំទោសដែលធ្វើឱ្យមានរឿង រឿងយល់ច្រលំបន្តិចបន្តួចទេ »

« អូ មិនអីទេ ចុះកូនយើងយ៉ាងម៉េចហើយ?»

» ដើរលេងអស់ចិត្តហត់គេងលក់បាត់ហើយ »

« ចឹងមិនអីទេ អរគុណដែលឯងជួយគ្នារើផ្ទះ ហើយជួយមើលប្រពន្ធកូនគ្នាអ៊ីចឹង មួយរយៈទៀតគ្នាទំនេរហើយ រំខានឯងហើយសម្លាញ់ » គេទះស្មាបុរសនោះតិចៗរួចនិយាយ

« មិនអីទេ ពួកយើងជាមិត្តភក្តិនឹងគ្នាយូរហើយ អ៊ីចឹងគ្នាសុំទៅមុនហើយ » គេក៏ស្រវាចាប់ដៃរបស់ខ្ញុំដើរចេញមកទាំងមិននិយាយមួយម៉ាត់។ ខ្ញុំពិតជាសោកស្តាយណាស់ ដែលខ្ញុំមិនបានសួរនាំរឿងឱ្យច្បាស់ហើយធ្វើឱ្យមានរឿងនេះកើតឡើង។ ការពិតពួកគេគឺជាមិត្តភក្តិសម្លាញ់គ្នាតាំងពីតូចៗសោះ។

រូបតំណាង

ពួកយើងដើរមកដល់មាត់ទឹកដ៏ស្ងាត់មួយ។ គេស្ងាត់ស្ងៀមយ៉ាងយូរ ខ្ញុំក៏និយាយទាំងអារម្មណ៍ដឹងខុស

« សុំទោស!!! អូនដឹងថាអូនខុស »

គេបែរមកមើលខ្ញុំទាំងភ្នែកក្រហមខឹងលាយនឹងភាពអស់សង្ឃឹម»

« អូនដឹងថាខ្លួនឯងខុសដែរ? បងមិននឹកស្មានថាអូនជាមនុស្សបែបនេះសោះ? ឯណាថានឹងមិនធ្វើរឿងស៉ាំញ៉ាំ ឯណាថាអូននឹងធ្វើខ្លួនឱ្យល្អមិនដូចមនុស្សស្រីឯទៀត? អូនដឹងទេហេតុអ្វីបានជាបងស្រលាញ់អូន? ព្រោះពេលដែលបងនៅជាមួយអូនបងមានអារម្មណ៍ថាអាចធ្វើជាខ្លួនឯងបាន មិនបាច់បារម្ភ មិនបាច់ភ័យ ព្រួយ ឬខ្វល់ខ្វាយថាអូននឹងខឹង ប្រចណ្ឌឬរករឿងបង និងបង្ខំឱ្យបងធ្វើអ្វីដែលបងមិនចង់ធ្វើដូចអ្នកមុនៗទៀត។ បងមិនចូលចិត្តធ្វើអ្វីបញ្ចេញមុខមាត់ បងមិនចូលចិត្តបង្អួតគេ បងមិនចូលចិត្តអ្វីអូនដឹងច្បាស់ហើយតើ ហេតុអ្វីក៏អូននៅធ្វើរឿងល្ងង់ៗបែបនេះទៀត? បងពិតជាអស់សង្ឃឹមចំពោះអូនណាស់» ខ្ញុំស្រក់ទឹកភ្នែកពេលដែលដឹងថាខ្លួនឯងពិតជាខុសពិតមែន តែព្រោះតែខ្ញុំស្រលាញ់គាត់តែប៉ុណ្ណោះ។ 

« អូនសុំទោសពិតមែន មកពីអូនស្រលាញ់បង »

« ស្រលាញ់បង តែអូនមិនដែលទុកចិត្តបងដូចជាបងទុកចិត្តអូនផង? បងគិតថាពួកយើងគូរតែទុកពេលគិតម្តងទៀតរៀងៗខ្លួនសិនទៅ»

« អត់ទេ កុំធ្វើបែបនះអី? បងមិនស្រលាញ់អូនទេ? »

« បងស្រលាញ់អូនណាស់ អ្នកណាក៏ដឹង តែមានតែអូនទេដែលមិនដឹងនិងមិនទុកចិត្តបង ហើយពេលនេះបងក៏អស់សង្ឃឹមចំពោះអូនខ្លាំងណាស់ដែរ » ។ 

រូបតំណាង

ទឹកភ្នែកខ្ញុំស្រក់ហូរដោយក្តីឈឺចាប់ពេលដែលមនុស្សប្រុសជាទីស្រលាញ់បែរខ្នងចេញពីខ្ញុំ។ តើការនៅឆ្ងាយពីគ្នាមួយរយៈគឺបានន័យថាយើងបែកគ្នាមែនទេ? ការគិតឡើងវិញគឺបានន័យថាបងលែងត្រូវការអូន លែងស្រលាញ់អូនមែនទេ? រយពាន់សំណួរចាក់ស្រេះក្នុងខួរក្បាល តែខ្ញុំក៏មិនដែលបានសួរគាត់ឱ្យបានច្បាស់ម្តងណាឡើយ។ តាំងពីមានរឿងនោះមក ១ឆ្នាំហើយ ខ្ញុំមិនដែលឮដំណឹង ឬអាចទាក់ទងគាត់សូម្បីតែម្តង។ គាត់បានចាកចេញពីជីវិតរបស់ខ្ញុំហើយ ហើយពួកយើងប្រហែលជាមិនអាចវិលមករកគ្នាជារៀងរហូត។ កំហុសរបស់ខ្ញុំពេលនោះពិតជាធ្វើឱ្យគាត់ចិត្តដាច់ចាកចេញពីខ្ញុំមែន។ ខ្ញុំដឹងថាខ្ញុំខុស តែទោះជាខ្ញុំសុំទោសមួយលានដងក៏គាត់មិនអាចវិលត្រលប់មកវិញបាននោះដែរ។ បើពេលវេលាអាចវិលថយក្រោយខ្ញុំនឹងមិនឆេវឆាវ ខ្ញុំនឹងសួរនាំពួកគេឱ្យបានច្បាស់មុននឹងសម្រេចចិត្តធ្វើបែបនេះ។ តែពេលវេលាមិនបានស្ថិតនៅលើការគ្រប់គ្រងរបស់នរណាម្នាក់ទេ ពេលដែលយើងធ្វើខុសហើយ ក៏មិនអាចហៅពេលវេលាឱ្យដើរថយក្រោយដើម្បីឱ្យយើងកែប្រែកំហុសឡើយ។ គេថាខឹងខុសខឹងខាតពិតជាមិនខុសមែន។ កំហឹងមួយពេលធ្វើឱ្យខ្ញុំបាត់បង់មនុស្សជាទីស្រលាញ់បែបនេះឯង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]