ជាធម្មតា មិត្តនារីដែលមានផ្ទៃពោះ ស្ទើរតែគ្រប់់គ្នាទៅហើយ តែងតែមានកង្វល់នៅក្នុងចិត្ត ចំនួន២ធំៗ ។ ដោយទីមួយនោះ គឺកង្វល់់ពេលដែលកំពុងពរពោះ អ្នកម្តាយគ្រប់រូបតែងតែគិតថា ពួកគេគួរតែញុំាអ្វីល្អ គួរតមអ្វីទើបល្អសម្រាប់កូន ហើយពេលកូនកើតមកនឹងមានកាយសម្បទាគ្រប់គ្រាន់ឬអត់? សុខភាពល្អទេ? ស្អាត ឆ្លាត និងរឹងមាំ ដែរទេ?

ចំណែកឯទីពីរ គឺកង្វល់ក្រោយពេលសម្រាល នេះគឺជាបញ្ហាធំមួយសម្រាប់ស្ត្រី អាចនិយាយបានថានារីៗស្ទើរតែ៩០ភាគរយ កំពុងតែពិបាកចិត្តរឿងនេះ ពីព្រោះថាក្រោយពេលសម្រាល សម្រស់របស់អ្នកម្តាយតែងតែថយចុះ ឡើងទម្ងន់ខ្លាំង ជាពិសេសត្រង់ក្បាលពោះយារធ្លាក់ និងមានឡើងសង្វារគួរឲ្យខ្លាច។

ដូចនេះធ្វើយ៉ាងណា ទើបអាចដំណោះកង្វល់ទាំង២នេះបាន?

រូបតំណាង

កុំឲ្យខាតពេលយូរ ថ្ងៃនេះ ខ្មែរឡូតបានចុះទៅសម្ភាសន៍ផ្ទាល់ជាមួយនឹង ស្រ្តីមេផ្ទះពីររូប ដោយពួកគាត់នឹងចែករំលែកពីបទពិសោធន៍ និងតិចនិកល្អៗជាច្រើនដល់ប្រិយមិត្តទាំងអស់គ្នា។

ជួបជាមួយនឹង អ្នកស្រី ប៉ុណ្ណារ៉ែន សព្វថ្ងៃអ្នកស្រីបានកូន៣នាក់ ដោយអ្នកស្រីបានប្រាប់ពីវិធីថែរក្សាខ្លួនពេលកំពុងពពោះ តាមវិធីបែបបុរាណខ្មែរ ថា៖

«បើចង់ឲ្យកូនមានសុខភាព សាច់សល្អស្អាត និងឆ្លាត ត្រូវញុំាផ្លែឈើឲ្យបានច្រើន ផឹកទឹកសណ្តែកជារៀងរាល់ថ្ងៃ ហើយកុំចាំបាច់តមកុំខ្លាចធាត់អ្វីទាំងអស់ ពេលឃ្លានអ្វីញុំាហ្នឹង ដើម្បីឲ្យកូនទទួលបានសារជាតិចិញ្ចឹមល្អៗពីអ្នកម្តាយ។ គប្បីកុំញុំាពងទាកូនពេលកំពុងពពោះ ព្រោះវានឹងនាំផលប៉ះពាល់ដល់ទារក។

ពេលទារកក្នុងផ្ទៃបានអាយុ៧ខែ អ្នកម្តាយត្រូវផឹកទឹកដូង ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃសម្រាល អាចផឹកជំនួសទឹកក៏បាន ព្រោះថាការផឹកទឹកដូងនឹងជួយសម្រួលឲ្យអ្នកម្តាយសម្រាលកូនបានងាយស្រួលមិនសូវឈឺ ។

លើសពីនេះ យើងត្រូវត្រៀមទុក ស្រាត្រាំក្រពោះកាំប្រមា, ព្រលៃត្រាំស្រា, ស្រាថ្នាំ ទុកសម្រាប់ប្រើប្រាស់ក្រោយពេលសម្រាល។

របស់ត្រូវត្រៀមទុក ដូចជាព្រលៃត្រាំស្រា និងល្បាយព្រលៃទាំងនេះ

ក្មេងសម័យឥឡូវមិនសូវស្តាប់ចាស់ៗប៉ុន្មានទេ រឹង និងខ្ចិល ក្រោយពេលសម្រាលហើយ ពួកគេខ្ចិលធ្វើតាមវិធីចាស់បុរាណ ដូចជាការឆ្ពុងព្រលៃ ថ្នាំខ្មែរ ឲ្យឆ្អិនសរសៃ និងសាច់ស្អាត ការទទួលទានថ្នាំខ្មែរ ស្រាត្រាំក្រពះកាំប្រមា ជាដើម។

ដោយហេតុនេះហើយ ទើបធ្វើឲ្យពួកគេចេះតែទាស់សរសៃ តាំងពីក្មេងមិនទាន់ ៣០ឆ្នាំផង។ ដូចនេះ សូមណែនាំឲ្យពួកគេត្រូវតែអនុវត្តន៍តាមវិធីចាស់បុរាណ កុំខានឲ្យសោះ។

ម៉្យាងវិញទៀត ក្រោយពេលសម្រាលស្ត្រីភាគច្រើន តែងតែពិបាកចិត្តរឿងឃ្លាននេះឃ្លាននោះ តែមិនហ៊ានញុំាខ្លាចទាស់សរសៃ ដូចនេះ ខ្ញុំប្រាប់អាថ៌កំបាំងមួយ ធានាថាញុំាអ្វីក៏មិនទាស់ដែរ ទោះទើបសម្រាលបាន១សប្តាហ៍ក៏ដោយ។

គឺមុននឹងយើងញុំាអ្វី យើងត្រូវផឹកស្រាត្រាំក្រពោះកាំប្រមា ចំនួនមួយកូនកែវ រួចចាំញុំាអាហារដែលយើងចង់ញុំា និយាយរួមទៅមុននឹងញុំាអ្វីត្រូវផឹកស្រាត្រាំក្រពះកាំប្រមានេះមួយកែវសិន។

ចំណែកឯស្រាថ្នាំ និងព្រលៃត្រាំស្រា ញុំាធម្មតាជារៀងរាល់ថ្ងៃដូចគ្នា ដើម្បីឲ្យឆាប់ឆ្អិនសរសៃ ហើយកុំឲ្យខាតយើងយកល្បាយបាលីត្រាំជាមួយស្រានោះ មកខាត់ស្បែកដែរមក ដើម្បីឲ្យសាច់សស្អាត»។

ព្រលៃត្រាំស្រា

ជួបជាមួយ អ្នកនាង ស្រីនិត អ្នកម្តាយវ័យក្មេង ដោយអ្នកនាងមានកូនប្រុសអាយុ ១ឆ្នាំ៦ខែទៅហើយ ប៉ុន្តែបើនិយាយពីសម្រស់និងរូបរាងវិញ គឺពិតជាមើលដឹងថាអ្នកនាងក្លាយជាម្តាយគេទៅហើយនោះទេ បន្ថែមពីនេះ ក៏មានមនុស្សជាច្រើន តែងតែសួរនាំអ្នកនាង ពីវិធីសាស្រ្តថែរក្សាសម្រស់និងរូបរាង ថាធ្វើយ៉ាងណាទើបអាចរក្សារូបរាងនៅតែស្រស់ស្អាតដូចក្រមុំទៀត បើទោះបីជាមានកូនរួចទៅហើយទៀតផង។

អ្នកម្តាយវ័យក្មេង ស្រីនិត ប្រាប់ពីវិធីសាស្រ្តថែរក្សាសម្រស់

ក្នុងនោះអ្នកនាង ក៏បានរៀបរាប់់មកប្រាប់ ខ្មែរឡូតថា៖

«ការថែរក្សាសម្រស់គឺពិតជាសំខាន់ណាស់សម្រាប់ស្រ្តីយើង កាលពីមានផ្ទៃពោះ ខ្ញុំផឹកទឹកដោះគោជូ លាយជាមួយគ្រាប់ជីជារៀងរាល់ថ្ងៃ មិនតែប៉ុណ្ណោះ ខ្ញុំតែងតែញុំាផ្លែឈើ ដូចជា ផ្លែប័រ ផ្លែឆឺរី ទំពាំងបាយជូរ ប៉ោម និងយ៉ាអូ ជាប្រចាំតែម្តង ពីព្រោះញុំារបស់ទាំងនេះ ធ្វើឲ្យយើងនិងកូន មានសាច់ស្អាតទាំងពីរនាក់ និងជាពិសេសពេលកូនកើតមកថែមទាំងឆ្លាតទៀតផង ។ 

លើសពីនេះ ស្រ្តីយើងមួយចំនួនតែងពិបាកចិត្ត ក្រោយសម្រាលកូនហើយ រូបរាងរបស់ពួកគេធាត់ជាងមុន ថែមទាំងមានឡើងសង្វារនៅលើក្បាលពោះទៀតផង។

ជាការពិតណាស់ ពេលដែលយើងកំពុងពពោះប្រមាណជា ៦ទៅ៧ខែ ពោះរបស់យើងនឹងរីកធំ រហូតដល់ប្រេះស្បែក ឬហៅសាមញ្ញថា ឡើងសង្វារ ដូចនេះមិត្តនារីយើងគួរគប្បី យកប្រេងដូងធម្មជាតិសុទ្ធ យកមកលាបនៅលើពោះរបស់យើង ជារៀងរាល់ថ្ងៃ ទើបក្បាលពោះរបស់យើង មិនឡើងសង្វារ។ 

ចំពោះការថែរក្សារូបរាងវិញ ក្រោយសម្រាលហើយប្រមាណជា៣ខែ យើងគប្បីញុំាផ្លែឈើឲ្យបានច្រើន ផឹកទឹកដោះគោជាមួយគ្រាប់ជី និងផឹកទឹកខ្ញីជារៀងរាល់ថ្ងៃ វានឹងជួយសម្រកក្បាលពោះរបស់យើង។ ជាពិសេសកុំភ្លេចហាត់ប្រាណផងដែរ ដើម្បីបន្តឹងស្បែករបស់យើងកុំឲ្យយារធ្លាក់ និងមានរូបរាងស្រស់ស្អាត »

ត្រូវចំណាយពេលខ្លះដើម្បីហាត់ប្រាណ
អ្នកម្តាយវ័យក្មេង ស្រីនិត ប្រាប់ពីវិធីសាស្រ្តថែរក្សាសម្រស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]