ភ្នំពេញ៖ មនុស្សយើងម្នាក់ៗ រមែងតែងមានគូរៀងៗខ្លួន គ្រាន់តែអ្នកខ្លះឆាប់បានជួបគូ ហើយអ្នកខ្លះទៀត ត្រូវចំណាយពេលស្វែងរកយ៉ាងយូរទម្រាំតែបានជួបគ្នាប៉ុណ្ណោះ។

ជាក់ស្តែងពេលបាន ជួបមនុស្សដែលខ្លួនស្រលាញ់ហើយ គេក៏បានដឹកដៃគ្នាចូលរោងការធ្វើពិធីរៀបអាពាហ៍ពិពាហ៍ទៅតាមផ្លូវច្បាប់ និងតាមទំនៀមទម្លាប់ប្រពៃណីពីបុរាណខ្មែរ។

ហើយចំពោះអ្នកដែលមិនទាន់បានជួបគូគ្រងរបស់ខ្លួន គឺត្រូវបានគេហៅទៅធ្វើជាអ្នកកំដរ នៅក្នុងពិធីមង្គលនេះផងដែរ។

ចុះមានលក្ខណៈពិសេសយ៉ាងណា ទាក់ទងទៅនឹងអ្នកកំដរនៅក្នុងពិធីមង្គលការរបស់កូនប្រុសស្រី?

ឆ្លើយតបជាមួយនឹងរឿងនេះ ខ្មែរឡូត ក៏បានសាកសួរអ៊ំប្រុសជាអាចារ្យវត្តមួយរូប ហើយគាត់ក៏បានប្រាប់ខ្មែរឡូតឱ្យដឹងដូច្នេះថា៖  

«ជាការពិតតាមទំនៀមពីបុរាណកាលមក ជនជាតិខ្មែរយើងប្រកាន់ណាស់ចំពោះការរើសកូនកំដរ ឬរើសអ្នកមកកំដរកូនកម្លោះកូនក្រមុំនៅក្នុងថ្ងៃពិធីដ៏ល្អនេះ។ ហើយលក្ខណៈពិសេសនៅក្នុងការជ្រើសរើសអ្នកកំដរផងដែរ គឺមិនមែនចេះតែជ្រើសយកបុរស ឬនារីរូបណាផ្តេសផ្តាសនោះទេ ពោលគឺត្រូវប្រកបទៅដោយលក្ខណៈសម្បត្តិទាំងនេះ៖

ទី១) «អ្នកកំដរ» ត្រូវតែជាមនុស្សប្រុសស្រី ដែលនៅលីវ ហើយមានរូបសម្បត្តិសមរម្យទៀតផង ដោយមិនពិការផ្នែកណាមួយនៃរាងកាយនោះទេ។

ទី២) «អ្នកកំដរ» ត្រូវជាមនុស្សដែលមានពូជពង្សល្អ មិនបាក់មែកបាក់ធាង ក្នុងន័យនេះចង់សំដៅទៅលើអ្នកដែលកើតនៅក្នុងគ្រួសារល្អមួយ ដែលមានឪពុកម្តាយរស់នៅជុំគ្នា (មិនលែងលះគ្នា ឬស្លាប់)។ លើសពីនេះទៅទៀតនោះអ្នកកំដរក៏ត្រូវជាកូនមានខាន់ស្លាផងដែរ។

ទី៣) «អ្នកកំដរ» ប្រសិនបើជាមនុស្សដែលកើតក្នុងត្រកូលអ្នកមានទ្រព្យសម្បត្តិច្រើនជាងកូនក្រមុំ កូនកម្លោះថែមទៀតនោះ គឺរឹតតែល្អផងដែរ។ កត្តានេះចាស់ៗពីដើមក៏មានជំនឿជឿជាក់ថា បើយកអ្នកកំដរជាកូនអ្នកមានទ្រព្យ គឺជាមង្គល និងធ្វើឱ្យកូនកម្លោះកូនក្រមុំមានជោគល្អទៅតាមនោះដែរ»។ 

ទន្ទឹមនឹងការជ្រើសរើសបានលក្ខណៈសម្បតិ្តដ៏ប្រពៃទាំងនេះហើយ ចុះបើអ្នកកំដរត្រូវកំដរគេលើសពី៣ដង តើនឹងមានរឿងមិនល្អអ្វីខ្លះកើតឡើងចំពោះខ្លួន?

ទាក់ទងនឹងបញ្ហានេះអ៊ំប្រុសក៏បានរៀបរាប់ប្រាប់ខ្មែរឡូតដូច្នេះថា៖

«ជាការពិតតាមទំនៀមពីបុរាណ ចាស់សម័យមុនប្រកាន់ ហើយគោរពយកណាស់ក្នុងការជ្រើសអ្នកកំដរប្រុសស្រីក្នុងពិធីរៀងមង្គលការកូនជាទីស្រលាញ់របស់ខ្លួន។ ចំណែកឯសាមីខ្លួនជាអ្នកកំដរ ឬអាណាព្យាបាលរបស់ពួកគេវិញ ក៏មានការយកចិត្តទុកដាក់ខ្លាំងណាស់ដែរក្នុងរឿងនេះ គឺមិនមែនចេះឱ្យកូនខ្លួនទៅកំដរគេនោះទេ បើធ្លាប់បានធ្វើជាអ្នកកំដរច្រើនដងហើយ ដាច់ខាតគឺមិនត្រូវទទួលកំដរទៀតនោះទេ ទោះក្នុងហេតុផលណាក៏ដោយ។

ចាស់បុរាណប្រកាន់ថា បើកាលណាទៅកំដរគេលើសពី៣ដង នោះនឹងនាំឱ្យកើតរឿងមិនល្អដល់ខ្លួនគឺ ត្រូវអភ័ព្វឥតគូ ព្រោះចាស់បុរាណមានជំនឿថាបានត្រឹមតែធ្វើជាអ្នកកំដរគេប៉ុណ្ណោះ។

កូនកម្លោះកូនក្រមុំ នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ ព្រមទាំងអ្នកកំដរប្រុសស្រី

ក្រៅពីនេះសាមីខ្លួនដែលជាអ្នករៀបការ បើយកមនុស្សដែលធ្លាប់កំដរលើសពី៣ដង មកហើយនោះ គេក៏អាចនឹងជួបរឿងមិនល្អដូចគ្នាដែរគឺ៖

១) អាចជួបរឿងមិនល្អ អពមង្គល ក្រោយពេលរៀបការផងដែរ ដូចជាត្រូវជួបរឿងឈ្លោះប្រកែក មិនចុះសម្រុងគ្នា រស់នៅជាមួយគ្នាគ្មានសេចក្តីសុខ អាចនឹងឈានដល់ការបែកបាក់គ្នា។

៣) មួយវិញទៀតគេក៏មានជំនឿ ថានឹងត្រូវមានមានកម្មជាប់ស្ពាយជាប់តាមខ្លួនផង ឬអាចអភ័ព្វឥតគូរដូចអ្នកកំដរនោះផងក៏មាន»

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី លោកអ៊ំក៏បានបញ្ជាក់ប្រាប់ទៀតផងដែរថា ទាំងអស់នេះខាងលើជាការប្រកាន់ពីបុរាណ ប៉ុន្តែមកដល់សម័យបច្ចុប្បន្នរឿងទាំងនេះ ត្រូវបានគេសម្រាលខ្លះៗ ដោយមិនបានរឹតបណ្តឹង លើបញ្ហានេះខ្លាំងប៉ុន្មាននោះទេ។

ជឿជាក់ថាអាក្រក់ ឬល្អ គឺសុទ្ធតែកើតចេញពីទង្វើរបស់មនុស្សម្នាក់ៗជាធំ។ ចូលរួមចែកផ្តល់ចំណេះដឹងទាក់ទងនឹងវប្បធម៌ខ្មែរយើងទាំងអស់គ្នា ដើម្បីអភិរក្ស និងអភិវឌ្ឍបន្តទៅថ្ងៃអនាគត៕   

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]