** ប្រលោមលោកខ្មែរឡូត **

រឿងរ៉ាវស្នេហាសុទ្ធតែធ្វើឱ្យមនុស្សទាំងអស់មានការឈឺចាប់មិនថា ប្រុស ស្រី អ្នកមាន ឬ អ្នកក្រអ្វីទេ។ អ្នកណាថាអ្នកមានគ្មានទុក្ខលំបាកនោះ ពេលខ្លះអ្នកមានសឹងតែមានទុក្ខលំបាកជាងអ្នកក្រធម្មតាផង។ ព្រោះតែស្នហានេះហើយបានធ្វើឱ្យខ្ញុំសឹងតែអស់ជីវិតប៉ុន្មានដង។ តែមានរឿងរ៉ាវជាច្រើនធ្វើឱ្យខ្ញុំភ្ញាក់ខ្លួនហើយបានគិតច្បាស់ឡើងវិញ។

នៅក្នុងជីវិតដំបូងក្នុងវ័យក្រមុំ ខ្ញុំបានរៀបការជាមួយឧត្តមសេនីយ៍ផ្កាយ៣ម្នាក់ ហើយបានក្លាយទៅជាជំទាវទាំងនៅវ័យក្មេង។ ជីវិតពិតជារស់នៅក្នុងសភាពផ្កុំថ្កើង ត្រូវបានអ្នកដទៃច្រណែន និងសរសើរពីបុណ្យវាសនារបស់ខ្ញុំគ្រប់ៗគ្នា។ ចំណែកឯក្រុមគ្រួសារក៏មានសេចក្តីសុខខ្លាំងណាស់ក្នុងគំនរទ្រព្យសម្បត្តិ ឯស្វាមីក៏ស្រលាញ់យល់ចិត្តខ្ញុំណាស់ដែរ។ ខ្ញុំពិតជាពេញចិត្តនឹងជីវិតរស់នៅរបស់ខ្ញុំខ្លាំងណាស់ ហើយក៏សង្ឃឹមថាវានឹងនៅតែបែបនេះរហូត។ តែរឿងពិត ជីវិតវាមិនមែនដូចក្នុងកុននោះទេ។ អ្វីៗនៅក្នុងលោកមិនអាចឋិតឋេរអស់មួយជីវិតឡើយ។ ដូចពាក្យចាស់ពោលថាគ្មានអ្វីដែលទៀតទាត់នោះទេ។ របស់ដែលទៀងទាត់នោះគឺភាពមិនទៀងទាត់។ ចុងក្រោយ ខ្ញុំជ្រួតជ្រាបសេចក្តីសុខនេះបានត្រឹមតែ ៥ ឆ្នាំប៉ុណ្ណោះ។ នៅពេលដែលខ្ញុំមានទំងន់កូនប្រុសទី២ ប្តីរបស់ខ្ញុំក៏ចាប់ផ្តើមប្រែប្រួលខុសប្លែកពីធម្មតា។ 

រូបតំណាង

ជារៀងរាល់យប់ប្តីតែងបាត់ពីផ្ទះ មិនបាននៅមើលថែខ្ញុំដូចកាលពីមុនៗនោះទេ ។ ទុកឱ្យខ្ញុំជាប្រពន្ធមានពោះមានពុង អង្គុយចាំ គេងចាំគាត់រាល់យប់ ។ ទីបំផុតក្រោយមកទើបខ្ញុំដឹងថា ប្តីរបស់ខ្ញុំបានលួចទាក់ទងនឹងស្រីខារ៉ាអូខេម្នាក់ហើយស្រលាញ់គ្នាយ៉ាងងប់ងល់។ ពួកគេមិនមានភាពអៀនខ្មាសនៅក្នុងខ្លួនឡើយ ដែលប្រព្រឹត្តរឿងបែបនេះចំពោះខ្ញុំ។ ចំណែកស្រីថោកទាបម្នាក់នោះក៏គ្មានការរអៀសខ្លួន ឬខ្លាចរអាឡើយពេលដែលខ្ញុំបានដឹងរឿងទាំងអស់។ ពួកគេនៅតែទាក់ទងគ្នាផ្គើនរូបខ្ញុំដែលជាប្រពន្ធដើម។ 

ឱ! មនុស្សប្រុសអើយ ហេតុអ្វីមានមួយហើយមិនស្កប់ស្កល់បែបនេះ? តើសម្រស់ស្រីដែលជាផ្កាមាស ពេលថើបគ្មានក្លិនក្រអូបបែបនេះ លោកប្តីអាចយកភ្នែកមើលបានដែរ? តើអនុស្សាវរីយ៍កន្លង និងការហែលឆ្លងការលំបាកជាមួយគ្នារយៈពេលប៉ុន្មានឆ្នាំមិនអាចឱ្យលោកប្តីនឹកឃើញរឿងរ៉ាវចាស់ៗរបស់ប្តីប្រពន្ធយើងទេមែនទេ? ព្រោះតែប្រពន្ធម្នាក់នេះស្លូតខ្លាំងពេកមែនទេ? មកពីប្រពន្ធម្នាក់នេះមិនចេះលួងលោម បបោសអង្អែល ទន់ភ្លន់ដូចស្រីចិញ្ចើមថ្នល់មែនទេ បានជាធ្វើឱ្យចិត្តលោកប្តីផ្លាស់ប្តូរ? បើបងមិនអាសូរដល់អូនដែលជាប្រពន្ធបងគួរតែចេះគិតដល់ឋានៈ យសសក្តិ មុខមាត់ និងអនាគតកូនៗរបស់យើងផង។ ប៉ុន្តែទោះជាក្នុងនាមជាប្រពន្ធប្រឹងប្រែងធ្វើល្អយ៉ាងណា ​លួងលោមបងយ៉ាងណា ក៏សម្តីប្រពន្ធម្នាក់នេះគ្មានន័យអ្វីឡើយនៅក្នុងចិត្តបង​ ព្រោះអ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរអស់ទៅហើយ។ លែងមានហើយឈ្មោះជាប្តីល្អ លែងមានហើយឈ្មោះឪពុកល្អ ​លែងមានហើយបុរសដែលល្អក្នុងសង្គម ព្រោះតែស្រីថោកទាបម្នាក់បានធ្វើឱ្យចិត្តប្តីរេរា។ ហេតុអ្វីចិត្តបងដូចចុងស្រល់បែបនេះ? 

រូបតំណាង

ទីបំផុតជីវិតអាពាហ៍ពិពាហ៍របស់ខ្ញុំត្រូវបាន បញ្ចប់ក្រោមដៃស្រីខូចដែលដណ្តើមស្វាមីចេញពីដើមទ្រូង។ ខ្ញុំត្រូវឱបកូនតូចក្នុងដៃ និង សម្ពាយកូនក្នុងផ្ទៃចេញពីផ្ទះដែលធ្លាប់តែផ្តល់កក់ក្តៅទាំងទឹកភ្នែក។ ជីវិតមនុស្សបែបហ្នឹងហើយវាប្រៀបបីដូចជាឆាកល្ខោន អស់ពីវគ្គមួយចូលវគ្គមួយ ក្រោមការរៀបចំរបស់ព្រហ្មលិខិត។ បើគេមិនត្រូវការយើងទៅហើយ តើយើងនៅទ្រាំធ្វើជាឆ្អឹងទទឹង-ក គេដល់ណាទៀត???

ខ្ញុំត្រូវយោងអត្មាចិញ្ចឹមកូនផង រ៉ាប់រងជីវភាពខ្លួនឯងផង ។ ដោយមានសម្ពាធខ្លាំងពេកខ្ញុំបានបាត់បង់កូននៅក្នុងផ្ទៃ។ ភាពឈឺចាប់ធ្វើឱ្យខ្ញុំចង់គិតខ្លី ប៉ុន្តែកែវភ្នែកខ្មៅៗរបស់កូនធ្វើឱ្យខ្ញុំមានកម្លាំងចិត្តតស៊ូ។ ការតស៊ូពីបាតដៃទទេរ ដោយមានកូនជាកម្លាំងចិត្ត ធ្វើឱ្យខ្ញុំមានចិត្តជំនះរាល់ឧបសគ្គ រហូតមានលំនឹងនៅក្នុងជីវិត។ 

រូបតំណាង

ក្រោយមកខ្ញុំក៏បានជួបមនុស្សថ្មីដោយការចាប់ផ្តើមមើលចិត្តគ្នា ។ ការពិតទោះមានគេមើលងាយ ពេបជ្រាយថាជាមនុស្សស្រីចង់មានប្តី ២ ប្តី ៣ យ៉ាងណាក៏ដោយ ក៏ខ្ញុំមិនចាប់អារម្មណ៍  ព្រោះពួកគេមិនមែនខ្ញុំ ពួកគេមិនដឹងមិនយល់ទេថា ខ្ញុំជាមនុស្សស្រីខ្លួនមួយម្នាក់ឯងពិបាកប៉ុណ្ណា? ឯកាប៉ុណ្ណា ?  ម្យ៉ាងគិតពីអនាគតកូនប្រុសរបស់ខ្ញុំដែលគ្មានឪពុកហៅនឹងគេ និងត្រូវបានក្មេងៗដទៃមើលងាយ។ មនុស្សស្រីខ្លួនមួយតែងតែចង់បានបុរសម្នាក់ជាបង្គោលពឹងផ្អែកជារឿងធម្មតានោះទេ។ ប៉ុន្តែហេតុអ្វីទេវត្តាគ្មានភាពយុត្តិធម៌ចំពោះខ្ញុំបែបនេះ? ហេតុអ្វីបានជាធ្វើឱ្យខ្ញុំបរាជ័យក្នុងរឿងស្នេហាម្តងហើយម្តងទៀតដូច្នេះ? តើខ្ញុំធ្លាប់បានធ្វើអ្វីខុសទៅ?

ស្នេហាលើកទី២ ធ្លាប់ធ្វើឱ្យខ្ញុំគិតថាវាជាស្នេហាពិត ប៉ុន្តែការពិតវាគ្រាន់តែជាស្នេហាបោកប្រាស់ គេមើលឃើញតែលុយរបស់ខ្ញុំតែប៉ុណ្ណោះ។ ដោយសារតែរឿងមនុស្សប្រុសនិងជឿជាក់លើគេបែបនេះហើយ បានជាធ្វើឱ្យខ្ញុំសឹងតែធ្លាក់ខ្លួនម្តងទៀត ព្រោះតែចាញ់បោកគេអស់ទ្រព្យសម្បត្តិសឹងតែសល់សម្បកខ្លួន។ ខ្ញុំចាំថាពេលនោះព្រោះតែភាពឈឺចាប់ និងខ្មាសអស់ញាតិជិតខាង ខ្ញុំបានទិញថ្នាំមួយកំប៉ុងប្រុងផ្តាច់ជីវិត ប៉ុន្តែខ្ញុំត្រូវបានគេជួយសង្គ្រោះទាន់ពេលវេលា។ ខ្ញុំសែនសង្វេកពេលឃើញទឹកភ្នែកកូនប្រុសរបស់ខ្ញុំស្រក់ ព្រោះតែឃើញសភាពរបស់ខ្ញុំ។ មែនហើយ! ខ្ញុំភ្លេចគិតពីអនាគតកូនប្រុស ភ្លេចគិតពីសេចក្តីសុខរបស់កូន ខ្ញុំគិតតែរឿងខ្លួនឯង និងគិតតែភាពឈឺចាប់ផ្ទាល់ខ្លួន។ ចាប់ពីថ្ងៃនោះមកខ្ញុំក៏ចាប់ផ្តើមធ្វើការរកស៊ីឡើងវិញ ហើយខិតខំចិញ្ចឹមកូនឱ្យបានល្អ លែងខ្វល់ខ្វាយរឿងស្នេហាបន្តទៅទៀត។

គេថាខ្ញីកាន់តែចាស់កាន់តែហឹរ ដោយសារតែតែការរកស៊ីកាន់តែរីកចម្រើន ហើយសប្បាយចិត្តជាមួយកូន និងមានពេលទំនេរថែរក្សាខ្លួនច្រើន ខ្ញុំប្រែជាស្រស់ស្រាយជាងមុនច្រើន រហូតមានប្រុសៗជាច្រើននាំគ្នាតម្រង់ជួរជាច្រើននាក់តាមស្រលាញ់។ ប៉ុន្តែខ្ញុំឈប់គិតរឿងស្នេហាហើយ គេថាស្នេហាធ្វើឱ្យឈឺចាប់មិនខុសមែន។ ពេលខ្លះអ្នកដែលចូលមកក្នុងជីវិតរបស់យើងមិនមែនជាស្នេហាស្មោះអ្វីនោះទេ។​ គេចូលមកគ្រាន់តែសម្លឹងមើលទ្រព្យសម្បត្តិរបស់យើងតែប៉ុណ្ណោះ។ ពេលដែលយើងលំបាក ​ពេលដែលយើងមិនមានអ្នកណា ​ពេលដែលយើងធ្លាក់ខ្លួន គ្មានអ្នកណាមកសួរនាំ ​មករវីរវល់​ឬចាប់អារម្មណ៍នោះឡើយ។  ដោយសារតែរឿងស្នេហាធ្វើឱ្យខ្ញុំជិតស្លាប់ខ្លួន។ ដោយសារតែស្នេហាធ្វើឱ្យខ្ញុំសឹងតែភ្លេចកូន ។ ដោយសារស្នេហាធ្វើឱ្យខ្ញុំជិតអស់ទ្រព្យពីខ្លួន ។ ហេតុអ្វីខ្ញុំត្រូវគិតរឿងស្នេហាទៀត? គ្មានស្នេហាវាមិនស្លាប់ទេ តែអត់មានបាយញ៉ាំទើបស្លាប់។  ពេលណាពេលហ្នឹងចុះ បើគង់តែដល់គូនឹងដល់ឯងហើយ។ ពេលនេះជីវភាព និងសេចក្តីសុខរបស់កូនខ្ញុំសំខាន់ជាងអ្វីៗទាំងអស់នៅក្នុងជីវិតរបស់ខ្ញុំ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]