ហុងកុង៖ តារាសម្ដែងហុងកុងប្រុស ដែលល្បីឈ្មោះសឹងតែទូទាំងពិភពលោក កាលពីអំឡុងឆ្នាំ ១៩៩០ លោក Chow Yun Fat ដែលប្រជាជនខ្មែរស្គាល់ថាជាកំពូលស្ដេចល្បែងក្នុងសាច់រឿងហុងកុងនោះ បានធ្វើឲ្យអ្នកដំណើរ និងអ្នកគាំទ្រភ្ញាក់ផ្អើល ក្រោយពីលោកធ្វើអំពើសប្បុរសធម៌មួយ។

លោក Chow Yun Fat និងអ្នកដែលជួបលោក ពេលលោកកំពុងតែរើដើមឈើ

គួរឲ្យដឹងថា កាលពីពេលកន្លងទៅនេះនៅក្នុងទីក្រុង ហុងកុង និងម៉ាកាវ បានទទួលរងនូវព្យុះ Typhoon Hato ដែលបង្កឲ្យមានខ្យល់ និងភ្លៀង បោកបក់យ៉ាងខ្លាំង ដែលបណ្ដាលឲ្យផ្លូវមួយចំនួនលិចលង់ និងបាក់ដើមឈើ ដែលគិតជាទឹកប្រាក់សរុបក្នុងការខូចខាតនេះប្រហែលជា ៤ ពាន់លានដុល្លារហុងកុង ទៅ៨ពាន់លានដុល្លារហុងកុង។

យ៉ាងណាមិញ​ អ្វីដែលចាប់អារម្មណ៍នោះ គឺតារាសម្ដែងប្រុសជើងចាស់ លោក Chow Yun Fat វ័យ ៦២ឆ្នាំ ក៏បានព្យាយាមជួយរុះរើមែកឈើ ដែលបាក់ធ្លាក់ចុះមកដី ធ្វើឲ្យបាំងផ្លូវធ្វើដំណើរ នៅលើផ្លូវ Kowloon ផងដែរ។ នៅក្នុងនោះ មានអ្នករស់នៅក្នុងតំបន់នោះ បានសរសេរឡើងនៅក្នុងអ៊ិនស្ដាក្រាម ដោយភ្ជាប់ជាមួយនឹងរូបភាព លោក Chow Yun Fat ថា៖

«ខ្ញុំបានជួបលោក Chow Yun Fat ដែលគាត់បានជួយរើមែកឈើចេញពីផ្លូវ ក្រោយពីមានព្យុះ។ សូមប្រយ័ត្នទាំងអស់គ្នា!»

នេះបើតាមលោក Chow Yun Fat បានប្រាប់សារព័ត៌មានអេផលឌេលីឲ្យដឹងថា គាត់កំពុងតែធ្វើដំណើរទៅផ្ទះ នៅពេលដែលផ្លូវកំពុងតែមានឧបសគ្គនេះ ដូចនេះគាត់ក៏សម្រេចចិត្ដចេញពីក្នុងរថយន្ដ និងរើមែកឈើនោះចេញពីផ្លូវ ដើម្បីឲ្យអ្នកជិះម៉ូតូងាយស្រួលធ្វើដំណើរទៅផ្ទះ ដោយសុវត្ថិភាព៕

លោក Chow Yun Fat ចេញពីក្នុងរថយន្ដ និងរើមែកឈើនោះចេញពីផ្លូវ
រូបភាព ដែលទីក្រុងហុងកុងរងការវាយប្រហារដោយព្យុះ Typhoon Hato កាលពីពេលថ្មីៗនេះ
រូបភាព ដែលទីក្រុងហុងកុងរងការវាយប្រហារដោយព្យុះ Typhoon Hato កាលពីពេលថ្មីៗនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]