** ប្រលោមលោកខ្មែរឡូត **

តើគួរដើរលើផ្លូវដែលឪពុកម្តាយជ្រើសរើស និងកំនត់ទុកឱ្យ ឬ ជ្រើសផ្លូវដើរដោយខ្លួនឯង? ខ្ញុំក៏ដឹងថាបើសិនជាខ្ញុំរើសផ្លូវដើរដោយខ្លួនឯងខ្ញុំប្រាកដជាក្លាយជាកូនអកត្តញ្ញូជាមិនខាន។ ហេតុអ្វីខ្ញុំកើតមកជាមនុស្សស្រី? ហេតុអ្វីបានជាខ្ញុំកើតជាមនុស្សស្រីនៅក្នុងសង្គមមួយនេះ? 

បើខ្ញុំមិនមែនជាមនុស្សស្រីខ្ញុំប្រាកដជាមានជម្រើស។ 

បើខ្ញុំមិនមែនជាមនុស្សស្រីខ្ញុំប្រាកដជាមានផ្លូវដើរច្រើន។ 

បើខ្ញុំមិនមែនជាមនុស្សស្រីខ្ញុំនឹងមិនបាច់ខ្លាចគេឯងនិន្ទា។ 

បើខ្ញុំមិនមែនជាមនុស្សស្រី ខ្ញុំប្រាកដជាមិនបាច់ត្រូវបង្ខំចិត្តដើរលើផ្លូវមួយនេះដែរ។ 

ហេតុអ្វីបានជាកើតជាមនុស្សស្រីត្រូវមានក្រឹត្យក្រម មានច្បាប់ទម្លាប់ មានវិន័យអ្វីច្រើនដល់ថ្នាក់ហ្នឹង? ហើយអាពាក្យមនុស្សប្រុសស្រីមានសិទ្ធស្មើគ្នាក៏កុំទៅជឿអី វាគ្រាន់តែជាទ្រឹស្តីទន្ទេញជាប់នឹងមាត់តែគ្មានការអនុវត្តតែប៉ុណ្ណោះ។  

រូបតំណាង

ដោយសារតែពាក្យកត្តញ្ញូនិងសងគុណម្តាយឪពុកហ្នឹងហើយ បានជាពេលនេះខ្ញុំកំពុងតែអង្គុយក្រាបផ្ទឹមជាមួយបុរសម្នាក់ដែលខ្ញុំមិនធ្លាប់ស្គាល់ប្រវត្តិទាល់តែសោះ។ តើថ្ងៃអនាគតរបស់ខ្ញុំនឹងទៅជាយ៉ាងណាទៅ? បើប៉ះចំមនុស្សល្អត្រឹមត្រូវមិនអីទេ ចុះបើប៉ះមនុស្សមិនល្អ កេងប្រវ័ញ្ច មិនស្រលាញ់ខ្ញុំស្មោះ និងធ្វើបាបខ្ញុំនោះនឹងទៅជាយ៉ាងណា? តើការរស់នៅចាប់ពីពេលនេះទៅជាយ៉ាងណា? មនុស្សដែលមិនធ្លាប់ស្គាល់គ្នា សឹងតែមិនស្គាល់ឈ្មោះគ្នាផងតើរស់នៅរួមខ្នល់ខ្នើយជាមួយគ្នាបានយ៉ាងម៉េច? ឱ! អនាគតរបស់ខ្ញុំអើយ! ហេតុអ្វីដូចជាស្រពេចស្រពិលស្រវាំងអស់ហើយ មើលកោះមើលត្រើយមិនឃើញបែបនេះ?

« ការហើយ នៅជាមួយគ្នាយូរៗទៅគង់តែស្រលាញ់គ្នាទេកូន ខ្វះអីគេការជាមួយអ្នកមិនស្គាល់គ្នាម៉ាគគោក » ពាក្យនេះខ្ញុំស្តាប់ឡើងហ៊ឹងត្រចៀកអស់ហើយ រាល់ពេលដែលខ្ញុំសួរនាំពីរឿងអនាគតរបស់ខ្ញុំដែលត្រូវរៀបការជាមួយមនុស្សមិនដែលស្គាល់ និងមនុស្សដែលមិនស្រលាញ់គ្នាសោះនោះ។ ចាស់ៗចេះតែនិយាយបាន ព្រោះជំនាន់ពួកគាត់ខុសពីជំនាន់មួយនេះ។ បើក្មេងៗប្រកែកនិងតវ៉ាមើល ប្រាកដជាមានតែពាក្យថា «  ចាស់ៗគេស៊ីអំបិលច្រើនជាងក្មេងៗ » ដែលមានន័យថាគាត់ចាស់ៗមានបទពិសោធន៍ជាងក្មេងបែបហ្នឹងឯង។

រូបតំណាង

ហ៊ើយ! ដោយសារតែពាក្យមានបទពិសោធន៍ហ្នឹងហើយបានជាពេលនេះការបានតែ ៣ ខែ ខ្ញុំកំពុងតែវេចបង្វេចខោអាវចុះចេញពីផ្ទះទៅនៅផ្ទះពុកម៉ែវិញ។ ពេលឃើញខ្ញុំភ្លាមម៉ែពុកចាប់ផ្តើមច្រឡោតតោតតូងស្តីឱ្យខ្ញុំម្នាក់មួយម៉ាត់ដោយមិនសួរនាំហេតុផលអីសោះ។

« អ្នកណាឱ្យឯងមកវិញហ្ហា? ផ្ទះខ្លួនឯងមិននៅទៅ។ នែ! គេនិយាយថាម៉េចប្រពន្ធរត់ចោលផ្ទះអ៊ីចឹង? ងាប់ហើយ បែកទ្រូងយើងហើយ »

« ខ្ញុំលែងនៅហើយ ខ្ញុំនឹងលែងគ្នា »

« នែ ! កូនឯងជាស្រីធ្វើអ៊ីចឹងមិនសមទេណា មានរឿងធំក្តីតូចក្តីត្រូវចេះអត់ចេះស៊ូទ្រាំ កូនឯងការហើយមានប្តីមានសីហើយណា ខ្មាសញាតិគេជិតខាង »

« បើខ្មាសគេម៉េចក៏ពុកម៉ែមិនឱ្យពួកខ្ញុំភ្ជាប់ពាក្យស្គាល់ចិត្តមើលចិត្តគ្នាឱ្យបានយូរសិន? »

« បើភ្ជាប់ពាក្យហើយផ្តាច់ វាស្អុយឈ្មោះមេម៉ាយខាន់ស្លា ខ្មាសគេណាស់កូន»

ខ្ញុំហួសចិត្តខ្លាំងណាស់នឹងគំនិតចាស់ៗ។

« អ៊ីចឹង ទាល់តែមានឈ្មោះមេម៉ាយបែបនេះបានពេញចិត្តមែនទេ? »

« យី...កូននេះវាចេះតមាត់ ត-ក វាធំហើយ វាដុះស្លាបហើយ វាធំឆ្អឹងហើយ »

ពុកម៉ែទាំងបងប្អូនបណ្តាក់គ្នាទេសនាខ្ញុំដូចហែរកឋិន បន្ទោសថាជាកំហុសរបស់ខ្ញុំ ខ្ញុំអ៊ីចេះ អ៊ីចុះ ។ តើពួកគាត់មានដែលយល់ពីចិត្តរបស់ខ្ញុំទេ? តើការលះបង់និងការអត់ ស៊ូទ្រាំកន្លងមកគាត់មិនបានមើលឃើញទេ? ខ្ញុំមិនអាចទ្រាំបានទៀតទេ ខ្ញុំក៏ក្រោកនិយាយតវ៉ាទាំងទប់កំហឹងទឹកភ្នែករលីងរលោងសឹងមិនចង់បាន ព្រោះតែទំហំការឈឺចាប់វាហួសថ្លែងពេក។

« បានហើយ!! ម្នាក់ៗបានតែស្តីបានតែបន្ទោស ចុះម្នាក់ៗមានបានសួរខ្ញុំអត់ថាខ្ញុំនេះកើតអី? ខ្ញុំមានរឿងអីបានជារត់មកផ្ទះទាំងយប់? ទាំងអស់គ្នាមានដែលចាប់អារម្មណ៍ខ្ញុំទេ? មកពីខ្ញុំកើតមកជាកូនស្រីមែនទេបានជាម្នាក់ៗចេះតែបន្ទោសខ្ញុំបែបនេះ? ម៉ែពុកក៏អ៊ីចឹងដែរ តើក្រៅពីបង្ខំកូនឱ្យធ្វើតាម និងស្តីបន្ទោសបែបនេះបែបនោះពុកម៉ែមានដែលបារម្ភសួរនាំខ្ញុំយ៉ាងម៉េចខ្លះអត់? »

ពុកម៉ែនិងបងៗបន្ធូរអារម្មណ៍បន្តិចរួចចាប់ផ្តើមបង្អន់សំឡេងបន្តិចរួចនិយាយ

« អើ! មកពីពុកម៉ែបារម្ភកូនឯងបានជាពុកម៉ែស្តីប្រដៅបន្ទោសហ្នឹង ឯងជាស្រី...»

« បានហើយ ខ្ញុំមិនចង់ស្តាប់ទេពាក្យថាស្រីចេះស្រីចុះ ព្រោះតែពាក្យថាមនុស្សស្រីនេះហើយបានជាខ្ញុំយកអនាគតមកដូរនឹងពាក្យកូនកត្តញ្ញូ ដោយសារតែពាក្យថាមនុស្សស្រីហ្នឹងហើយបានជាខ្ញុំស៊ូទ្រាំឱ្យគេធ្វើបាបទាំងផ្លូវកាយនិងផ្លូវចិត្ត បំផ្លាញទ្រព្យសម្បត្តិគ្រួសារ លួចលាក់ចិញ្ចឹមប្រពន្ធចុង ហើយយប់នេះគេថែមទាំងយកស្រីមកដេកលើផ្ទះ វាយដំធ្វើបាបខ្ញុំទៀត....ម្នាក់ៗមិនបានចាប់អារម្មណ៍សួរនាំខ្ញុំទេ គិតតែបន្ទោសៗ។ សួរថាអ្នកដែលបង្ខំខ្ញុំ និងបន្ទោសខ្ញុំកន្លងមកហ្នឹងមកទទួលខុសត្រូវអនាគតរបស់ខ្ញុំមែនទេ? » និយាយរួច ខ្ញុំក៏រត់ទៅបន្ទប់គេងប្អូនស្រីពៅដែលកំពុងតែគេងលង់លក់មិនដឹងខ្យល់អី។ 

រូបតំណាង

ហេតុអ្វីបានជាជីវិតរបស់ខ្ញុំទៅជាបែបនេះ? ហេតុអ្វីទៅបានជាជីវិតយុវវ័យរបស់ខ្ញុំខ្ទេចខ្ទីអស់បែបនេះ? ចាប់ពីស្អែកទៅប្រាកដជាមានអ្នកមាត់តូចមាត់ធំដើរនិយាយដើមទៀតហើយ។ ហេតុអ្វីកើតជាមនុស្សស្រីត្រូវចាំទទួលកំហុស និងចំណាយមាត់គេបែបនេះ។ មិនអីទេការដែលដឹងខ្លួនថាកំពុងតែដើរផ្លូវខុសវានៅទាន់ពេល។ ទោះជាមិនអាចកែខៃបញ្ហាអីបាន តែវាក៏មិនយឺតពេលពេកដែរ។ ហេតុអ្វីគ្រាន់តែស្រីមេម៉ាយត្រូវសង្គមវិនិច្ឆ័យ និងនិន្ទាដល់ថ្នាក់ហ្នឹង? តែខ្ញុំលែងខ្វល់ហើយ មេម៉ាយក៏មេម៉ាយចុះកុំឱ្យតែពិបាកទាំងផ្លូវកាយនិងផ្លូវចិត្ត។ មេម៉ាយចំណាយមាត់គេក៏ចំណាយចុះខ្ញុំលែងខ្វល់ហើយ ព្រោះមិនមែនមនុស្សទាំងអស់នោះមកពិបាកជាមួយខ្ញុំទេ មានតែចាំមើល សើចយំ ពេបជ្រាយ និន្ទា និយាយដើមហុយដីជុកតែប៉ុណ្ណឹងឯង។ ខ្ញុំនៅមានអនាគតវែងឆ្ងាយទៅមុខទៀត គ្មានអ្នកណាចាប់អារម្មណ៍ គ្មានអ្នកណាស្រលាញ់ មានអ្នកណានិយាយដើម មើលងាយក៏មើលចុះ សំខាន់ខ្ញុំមានសមត្ថភាពគ្រប់គ្រាន់ចិញ្ចឹមខ្លួនឯងរស់ ហើយខ្ញុំស្រលាញ់ខ្លួនឯងទៅបានហើយ។ ហ៊ើយ!!! នេះហើយជីវិតជាកូនស្រី ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]