(ភ្នំពេញ)៖ ជាមួយនឹងការឡើងកាន់តំណែងថ្មីថ្មោង របស់ប្រធានសមាគមសិល្បករខ្មែរ មានអ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធាន មហាជនសង្កេតឃើញថា រឿងរ៉ាវអាស្រូវ ឈ្លោះប្រកែកគ្នា កំពុងតែមានភាពចលាចលពេញសង្គមសិល្បៈ និងក្លាយជាប្រធានបទក្ដៅ សម្រាប់មហាជនតាមដាន។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០១៧ នេះ តារាចម្រៀងប្រុស លោក ម៉ៃ សុគន្ធ បានបង្ហាញសារមួយចំនួនគួរឲ្យចាប់អារម្មណ៍ ស្ដែងចេញពីការសោកស្ដាយ ដែលបោះឆ្នោតឲ្យ ចន ច័ន្ទលក្ខិណា សំបូរដោយរឿងអាស្រូវ ធ្វើជាប្រធានសមាគម។ លើសពីនេះ ថែមទាំងមិនអាចប្រដៅប្អូនប្រុស ឲ្យប្រើប្រាស់ពាក្យពេចន៍មានសុជីវធម៌ បានទៀតផង។

លោក ម៉ៃ សុគន្ធ បានបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា «ដំបូងគិតហើយថា លោកស្រីប្រធានសមាគមសិល្បៈ និងខ្ញុំសូមបញ្ចប់សាច់រឿង ទោះខាងណាលើសឬខ្វះ ក៏សូមអភ័យទោសបញ្ចប់ចុះ តែវាមិនចប់ឯណា សួរថាជាប្រធានសមាគម សូម្បីតែប្អូនខ្លួនមិនប្រដៅ ណែនាំសុជីវធម៌ក្នុងសង្គមគ្រួសារ និងសង្គម មិនបានផង ចង់ទៅណែនាំតំរង់ផ្លូវ អ្នកសិល្បៈ និងសិល្បៈជំនាន់ក្រោយម៉េចទៅ? បើមហាជនរិះគន់ដៀលជេរ ដូចមិនខឹងនិងក្តៅទេ តែគាត់ជាអ្នកសិល្បៈមួយរូបដែរ ហាមាត់មក (វា អា…,) អ៊ីចឹងប្រហែលជាក្នុងគ្រួសារគាត់ ប្រើតែភាសាបែបហ្នឹងហើយមើលទៅ»។

តារាចម្រៀងមុខមាំ លោក ម៉ៃ សុគន្ធ បានបន្ដទៀតថា «ស្តាយណាស់ដែលប្អូនៗបោះឆ្នោតឲ្យ កំពូលតារាសំបូររឿងអាស្រូវ (ល្មមរៀនកាត់បន្ថយចរិតបែបនឹងទៅ ហើយក៏រៀនកែលំអរខ្លួន និងប្អូនដ៏ល្អរបស់ខ្លួនផង) អូ ភ្លេចប្រហែលសំដីលោកប្អូនរបស់លោកស្រីប្រធាន ចូលសិល្បៈបានតាមរយៈខ្សែទុយោ និងតោងសារុងហើយ បានគាត់មិនយល់ភាសាបែបណាត្រូវប្រើ បែបណាដែលមិនត្រូវ ក្នុងនាមយើងជាអ្នកសិល្បៈ»។

គួរបញ្ជាក់ថា លោក ម៉ៃ សុគន្ធ បានទម្លាយសារខាងលើនេះ ក្រោយពេលដែល លោក សុវណ្ណ មករា បានទម្លាយសារនៅវគ្គបន្ដ អំពីការជីកកកាយសួររកលុយពី លោក ហេង ឡុង និង អ្នកនាងប្រជាសមាគម ចន ច័ន្ទលក្ខិណា ប្រមាណជាង៣៥ម៉ឺនដុល្លារ ខណៈការចាយវាយមិនទាន់ដឹងច្បាស់៕

លោក ម៉ៃ សុគន្ធ
អ្នកនាង ចន ច័ន្ទលក្ខិណា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា