អាមេរិក៖  សឺរ៉ាំង XStat 30 គឺជាសឺរ៉ាំងមួយប្រភេទដែលអាចជួយទប់ស្កាត់ស្នាមរបួសមិនឲ្យហូរឈាមបាន ទោះបីវាជារបួសដោយសារគ្រាប់កាំភ្លើង ឬកំបិតក៏ដោយ។ សឺរ៉ាំង XStat 30 ត្រូវបានប្រើប្រាស់នៅលើសមរភូមិដោយកងទ័ពសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ កាលពីថ្មីៗនេះ ក្រសួងសុខាភិបាលអាមេរិកបានអនុម័តច្បាប់ឲ្យមានការផលិតសឺរ៉ាំង XStat 30 សម្រាប់ប្រជាជនស៊ីវិលផងដែរ។

កងទ័ពសហរដ្ឋអាមេរិកប្រើប្រាស់សឺរ៉ាំង XStat 30 ដើម្បីទប់ឈាមមិនឲ្យហូរ
សឺរ៉ាំង XStat 30

សឺរ៉ាំង XStat 30 ត្រូវបានរចនាឡើងឲ្យវាមានសមត្ថភាពអាចបិតស្នាមរបួសតូចៗនិងជ្រៅក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ សឺរ៉ាំងនេះមានអេប៉ុងសូលុយស្យែលដែលអាចពង្រីកទំហំវារហូតដល់ ១៥ដងនៃទំហំដើមរបស់វានៅពេលដែលវាប៉ះជាមួយឈាម។ អេប៉ុងដែលមាននៅក្នុងសឺរ៉ាំងនេះអាចរារាំងមិនឲ្យឈាមធ្វើការហូរចេញពីរាងកាយ ហើយវាក៏ជួយសម្រួលធ្វើឲ្យឈាមកកបានលឿន និងបិទមុខរបួសផងដែរ។  បន្ទាប់ពីបាញ់សឺរ៉ាំងនេះចូលរបួសហើយ គេត្រូវធ្វើការវះកាត់ដើម្បីយកអេប៉ុងទាំងនោះចេញ ដូច្នេះហើយបានជាអេប៉ុងនីមួយៗត្រូវបានបំពាក់ដោយឧបករណ៍សម្គាល់តូចមួយ ដើម្បីឲ្យមានភាពងាយស្រួលក្នុងការរកពួកវាតាមរយៈកាំរស្មីអ៊ិច។

រូបភាពបង្ហាញពីអេប៉ុងដែលចេញពីសឺរ៉ាំង XStat 30 ចូលទៅក្នុងរបួស
ទំហំអេប៉ុងមុនពេលត្រូវឈាម

ក្រុមហ៊ុន RevMedx ដែលផលិតសឺរ៉ាំង XStat 30 ក៏ធ្លាប់បានទទួលការអនុម័តពីក្រសួងសុខាភិបាលសហរដ្ឋអាមេរិកសម្រាប់ការផលិតសឺរ៉ាំង XStat 12 ដែលត្រូវជាសឺរ៉ាំងសម្រាប់ព្យាបាលរបួសតូចៗផងដែរ។

យោងតាមការស្រាវជ្រាវរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ក្នុងចំណោមការស្លាប់របស់ប្រជាជនស៊ីវិលពី៣០ទៅ៤០ភាគរយ គឺបណ្តាលមកពីការបាត់បង់ឈាមដោយសារតែរបួស។  គួរបញ្ជាក់ផងដែរថា សម្រាប់សឺរ៉ាំង XStat ចំនួនមួយមានតម្លៃប្រហែលជា ១០០ដុល្លារ ប៉ុន្តែបើសិនជាគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យជំនាញទេនោះ អ្នកក៏មិនអាចធ្វើការទិញសឺរ៉ាំងនេះបានដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]