អាមេរិក៖  ស្រ្តីកម្ពុជាវ័យ១០៣ឆ្នាំម្នាក់ ដែលបានរស់រានមានជីវិត រួចផុតពីសេចក្តីអត់ឃ្លាន និងការឈឺចាប់ខ្លោចផ្សានាសម័យសង្គ្រាមដ៏ជូរចត់ នៃរបបខ្មែរក្រហមលើទឹកដីកម្ពុជា កាលពីប៉ុន្មានទសវត្សរ៍កន្លងទៅ បានបង្ហាញជំហររីករាយ ឈរគ្រវីទង់ជាតិតូចមួយរបស់អាមេរិកយ៉ាងរវេចៗ ជាមួយនឹងទឹកមុខពោរពេញទៅដោយស្នាមញញឺមចំពោះខ្លួនឯង បន្ទាប់ពីបានក្លាយខ្លួនពេញសិទ្ធិជាពលរដ្ឋអាមេរិក កាលពីថ្ងៃអង្គារដើមសប្តាហ៍កន្លងទៅនេះ។ នេះបើយោងតាមប្រភពសារព័ត៌មាន VOA បានចុះផ្សាយ។

លោកយាយ ហុង អីុង (Hong Inh) អាយុ១០៣ឆ្នាំ ត្រូវបានគេស្គាល់ថា គឺជាស្រ្តីដែលមានវ័យចំណាស់ជាងគេបង្អស់ ក្នុងចំណោមមនុស្សជាង ១០,០០០នាក់ ដែលបានចូលរួមក្នុងពិធីសម្បថចូលសញ្ជាតិ នៅឯមជ្ឈមណ្ឌលសន្និបាតមួយ ក្នុងទីក្រុង Los Angeles សហរដ្ឋអាមេរិក ដោយមានកូនស្រីបង្កើតរបស់លោកយាយឈ្មោះ ហៀង ម៉េង (Hieng Meng) អាយុ៨០ឆ្នាំ និងចៅទួតអាយុ១៣ឆ្នាំម្នាក់ឈ្មោះ Meliss Tea បានចូលរួមក្នុងពិធីនេះផងដែរ។

បើយោងតាមប្រភពសារព័ត៌មាន ខាងលើដដែលនេះបានឲ្យដឹងថា លោកយាយ ហុង អីុង បានឈានជើងមករស់នៅលើទឹកអាមេរិកជាលើកដំបូង តាមរយៈកូនស្រីបង្កើតរបស់គាត់ (ហៀង ម៉េង) និងសាច់ញាតិជាច្រើនផ្សេងទៀត តាំងតែពីលោកយាយមានអាយុប្រហែលជា៩៧ឆ្នាំមកម៉្លេះ។ បើគិតមកទល់ពេលនេះ លោកយាយ ហុង អីុង មានចៅទួតចៅលាសរុបទាំងអស់៣០នាក់ ដែលកំពុងតែរស់នៅលើទឹកដីអាមេរិក និងខ្លះទៀតរស់នៅលើទឹកដីកម្ពុជា។

ចៅស្រីរបស់លោកយាយ ហុង អីុង ឈ្មោះ Siv Taing អាយុ៤០ឆ្នាំ បានឲ្យដឹងថា លោកយាយ ហុង អីុង មានអារម្មណ៍រំភើប និងសប្បាយរីករាយខ្លាំងណាស់ ក្រោយពីរូបគាត់ក្លាយខ្លួនជាពលរដ្ឋអាមេរិកពេញសិទ្ធិរួចមក។  លោកយាយ បានក្រោកងើបឈរពីកៅអីរុញ កាន់ដងទង់ជាតិអាមេរិកគ្រវីតិចៗតាមចង្វាក់ភ្លេង ដែលបានបន្លឺឡើងក្នុងពិធីមានចំណងជើងថា «The Star-Spangled Banner» ។ លោកយាយ ថែមទាំងបានយកដៃរបស់គាត់ ដាក់លើដើមទ្រូងបង្ហាញពីក្តីស្រលាញ់ និងភាពរីករាយដែលគាត់មានផងដែរ។

គួរឲ្យដឹងផងដែរថា លោកយាយ ហុង អីុង បានរស់រានមានជីវិតរួចផុតពីរបបសង្គ្រាមប្រល័យពូជសាស្រ្តខ្មែរក្រហម នាទសវត្សរ៍ឆ្នាំ១៩៧០។  នៅក្នុងអំឡុងរបបនោះ លោកយាយ ហុង អីុង រងការឈឺចាប់និងទុក្ខវេទនាទាំងផ្លូវកាយនិងផ្លូវចិត្តយ៉ាងខ្លាំង ដោយពុំដែលស្គាល់រសជាតិហូបចុកឲ្យបានឆ្អែតក្រពះឡើយ  ហើយពេលខ្លះគ្មានអ្វីសម្រាប់បរិភោគក៏មាន។  ជាហេតុធ្វើឲ្យលោកយាយ នឹកកួចក្នុងចិត្តចង់ទៅរស់នៅលើទឹកដីអាមេរិកយ៉ាងខ្លាំង។  នេះគឺជាក្តីស្រមៃមួយរបស់លោកយាយ ហុង អីុង។  នេះបើយោងតាមសម្តីរបស់ចៅប្រុសឈ្មោះ Kim Ngoun Taing អាយុ៣៦ឆ្នាំ បានលើកឡើង។

កន្លងអស់ជាច្រើនឆ្នាំមក សាច់ញាតិរបស់លោកយាយ ហុង អីុង ក៏បាននាំយកលោកយាយឲ្យមករស់នៅលើទឹកនៅអាមេរិក ដើម្បីបំពេញក្តីស្រមៃរបស់គាត់ បានប្រហែលជា៥ឆ្នាំកន្លះ ដោយការរស់នៅទីនេះលក្ខណៈអចិន្រ្តៃយ៍ស្របច្បាប់មួយ មុនស្នើសុំចូលសញ្ជាតិជាពលរដ្ឋពេញសិទ្ធិ។

ដោយឡែកចៅទួតរបស់លោកយាយ ហុង អីុង ឈ្មោះ Melissa Tea បាននិយាយថា «គ្រួសាររបស់ពួកយើងគឺពិតជាមានមោទនភាព រីករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ វាពិតជាមិនគួរឲ្យសោះថា លោកយាយទួតរបស់ខ្ញុំបានមករស់នៅទីនេះ (អាមេរិក) ដូចក្តីសុបិនរបស់គាត់»

គួរបញ្ជាក់បន្ថែមថា លោកយាយ ហុង អីុង បានទទួលសញ្ញាតូបនីយកម្ម (ប័ណ្ណចូលសញ្ជាតិ) ពីលោក Donna Campagnolo ជាប្រធានការិយាល័យនៃនាយកដ្ឋានសេវាអន្តោប្រវេសន៍ ឬហៅថា «Citizenship and Immigration ប្រចាំទីក្រុង Los Angeles សហរដ្ឋអាមេរិក៕

រូបភាព៖ លោកយាយ ហុង អីុង

ប្រភព៖ VOANEWS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]