ជីវជាតិបំប៉នដែលសម្បូរទៅដោយសារជាតិចិញ្ចឹម គឺជាកត្តាចាំបាច់បំផុតក្នុងការលូតកម្ពស់។  ហើយក្រៅពីសារជាតិចិញ្ចឹម ការធ្វើសកម្មភាពមួយចំនួនក៏អាចជំរុញឲ្យមនុស្សមានការលូតកម្ពស់ផងដែរ។  ការសិក្សាជាច្រើនបានបង្ហាញថា សកម្មភាពហាត់ប្រាណ និងកីឡាមួយចំនួន អាចជួយឲ្យអ្នកលូតកម្ពស់បាន បើសិនជាអ្នកមានអាយុក្រោម ២៥ឆ្នាំ។

សកម្មភាពហាត់ប្រាណ និងកីឡាដែលអាចជួយបង្កើនកម្ពស់របស់អ្នករួមមាន៖ 

១. កីឡាបាល់បោះ

កីឡាបាល់បោះតម្រូវឲ្យអ្នកលេងធ្វើសកម្មភាពដូចជា លោត រត់ និងទាញរាងកាយមុនពេលលេង និងក្នុងអំឡុងពេលលេង។ កីឡានេះមានប្រយោជន៍ខ្លាំងណាស់ដល់ការរីកលូតលាស់ឆ្អឹង និងសាច់ដុំ  ដូច្នេះហើយបានជាកីឡាបាល់បោះ អាចជួយអ្នកឲ្យលូតកម្ពស់បាន។ 

កីឡាបាល់បោះ

២. កីឡាហែលទឹក

ការហែលទឹកគឺជាកីឡាមួយដែលមិនត្រឹមតែជួយឲ្យអ្នកមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេ  ប៉ុន្តែការហែលទឹកថែមទាំងជួយអ្នកលូតកម្ពស់ទៀតផង។  ទោះបីអ្នកដែលបានឈានដល់វ័យជំទង់ក៏ដោយ ក៏ការហែលទឹកជាប្រចាំនៅតែអាចបង្កើនកម្ពស់បានដែរ។ ការហែលទឹកតម្រូវឲ្យអ្នកប្រើសាច់ដុំស្ទើរតែគ្រប់កន្លែង ហើយជាពិសេសគឺសាច់ដុំដៃ សាច់ដុំជើង  និងសាច់ដុំទ្រូង។ លើសពីនេះទៅទៀត ការហែលទឹកទាមទារឲ្យអ្នកធ្វើចលនានៅក្រោមទឹកដែលនឹងជួយឲ្យឆ្អឹងខ្នង និងផ្នែកមួយចំនួនទៀតនៃរាងកាយមានប្រវែងវែងជាងមុនទៀតផង។ 

កីឡាហែលទឹក

៣. កីឡាបាល់ទះ

កីឡាបាល់ទះតម្រូវឲ្យអ្នកលេងធ្វើសកម្មភាពជាច្រើនដូចទៅនឹងបាល់បោះដែរ ដូច្នេះកីឡាប្រភេទនេះនឹងអាចជួយអ្នកក្នុងការលូតកម្ពស់បាន។ កីឡាបាល់ទះក៏តម្រូវឲ្យអ្នកលេងមានការលោតយ៉ាងច្រើន ហើយការលោតនេះអាចបង្កឲ្យមានកំណើននៃលំហូរឈាមទៅកាន់ជើង  និងឆ្អឹងខ្នងដែលនឹងមានជំនួយដល់ការលូតលាស់កម្ពស់របស់អ្នកទៀតផង។ 

កីឡាបាល់ទះ

៤. ការហាត់ប្រាណដោយទាញរបារ

ការទាញរបារអាចធ្វើឲ្យរាងកាយផ្នែកពោះ  ខ្នង  ស្មា  និងផ្នែកមួយចំនួនទៀតនៃរាងកាយមានប្រវែងវែងជាងមុន។  អ្នកអាចហាត់ប្រាណដោយទាញរបារ ដើម្បីលូតកម្ពស់បាន ប៉ុន្តែទម្រង់នៃការទាញ គឺជាផ្នែកមួយដ៏សំខាន់នៃការលូតលាស់ផងដែរ។ 

ការហាត់ប្រាណដោយទាញរបារ

៥. ការរត់

ការរត់គឺជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាពក្នុងការលូតកម្ពស់។  ការរត់ចាប់ពី ៣០នាទីទៅ ៦០ នាទីជារៀងរាល់ថ្ងៃ អាចបង្កើនការបញ្ចេញអ័រម៉ូនដែលជួយដល់ការលូតលាស់ច្រើនជាងធម្មតាដល់ទៅ ៣ឬ ក៏៤ដងផងដែរ។  

ការរត់

បើសិនជាអ្នកបានទទួលរបបអាហារគ្រប់គ្រាន់  និងលេងកីឡាណាមួយខាងលើនេះ នោះអ្នកអាចមានភាគរយខ្ពស់ដើម្បីទទួលបានកម្ពស់ដែលខ្ពស់ជាងមុន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]