ចិន៖ បុរសពិការដៃម្ខាងជនជាតិចិនម្នាក់ បានខំប្រឹងតស៊ូជាមួយនឹងការងារ ជាកម្មករសំណង់ដ៏សែនលំបាក ដើម្បីរកប្រាក់ជួយដល់គ្រួសារ កំពុងតែធ្វើឲ្យអ្នកលេងអ៊ីនធើណែតជាច្រើន មានការចាប់អារម្មណ៍និងកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តខិតខំតស៊ូរបស់លោក។

បើយោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា លោក Tao មានអាយុ២៤ឆ្នាំ រស់នៅក្នុងទីក្រុង Shijiazhuang ភាគខាងជើងខេត្ត Hebei ប្រទេសចិន។ លោកបានបាត់បង់ដៃខាងស្តាំម្ខាងរបស់លោក ដោយសារតែបានជួបនឹងឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍មួយកាលពី៨ឆ្នាំមុនមកម៉្លេះ។ បច្ចុប្បន្នមានមហាជនជាច្រើន នៅលើបណ្តាញសង្គមប្រមាណជិត ៨សែននាក់ តែងតែសម្លឹងមើល និងចាំជួយលើកកម្លាំងចិត្តដល់រូបលោកជាប្រចាំ តាមរយៈការងារលីសែងធ្ងន់ៗជាកម្មករសំណង់នេះ។

លោក Tao និយាយថា លោកបានចាប់ផ្តើមធ្វើការងារជាជាងសំណង់នេះ បានរយៈពេល៦ឆ្នាំមកហើយ។ លោកថា កម្មករដទៃគេចំណាយពេលត្រឹម៣នាទីប៉ុណ្ណោះ ដូចជាលើកឥដ្ឋ ឬរុញរទេះស៊ីម៉ង់ជាដើម តែសម្រាប់លោកវិញត្រូវចំណាយពេលយ៉ាងអន់ណាស់ក៏ ១០នាទីដែរទើបរួចរាល់ នោះក៏ដោយសារតែលោកជាមនុស្សពិការ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោក Tao នៅតែជម្នះតស៊ូយ៉ាងសស្រាក់សស្រាំ ដើម្បីរកប្រាក់ជួយដល់គ្រួសារ។ ពោលគឺ រាល់ការងារអ្វីទាំងអស់ដែលអ្នកដទៃធ្វើបាន លោក Tao ក៏អាចធ្វើវាបានដូចគ្នា។

លោក Tao មានអាយុ២៤ឆ្នាំ រស់នៅក្នុងទីក្រុង Shijiazhuang ភាគខាងជើងខេត្ត Hebei ប្រទេសចិន

ប្រភពដដែលបន្តថា អស់រយៈពេលប្រហែល២ឆ្នាំមកហើយ ដែលមិត្តភក្តិជាកម្មករសំណង់ធ្វើការជាមួយលោក តែងតែថតរូបលោកក៏ដូចជាវីដេអូឃ្លីបជាច្រើន ពីសកម្មភាពធ្វើការងារជាប្រចាំថ្ងៃរបស់លោក យកទៅបង្ហោះចែកចាយលើបណ្តាញសង្គម ដោយទទួលបានការចាប់អារម្មណ៍ និងអាណិតអាសូរដល់លោកយ៉ាងខ្លាំង។

លោក Tao និយាយថា លោកមិនចង់ល្បីអីនៅលើបណ្តាញសង្គមទេ ប៉ុន្តែអ្វីដែលលោកចង់បង្ហាញប្រាប់ឲ្យគ្រប់គ្នាបានដឹង គឺលោកមិនមែនជាមនុស្សដែលទន់ជ្រាយ ឬចុះចាញ់នឹងព្រេងវាសនាឡើយ។ លោកក៏ជាមនុស្សមាំទាំម្នាក់ ដែលអាចធ្វើការងារបានសព្វគ្រប់ ដូចអ្នកដែលមានកាយសម្បទានគ្រប់គ្រាន់ដែរ។

លោក Tao បន្តថា ភាពខ្លាំងរបស់លោក ក៏ជាចំណែកមួយដែលទទួលបាន ពីការផ្តល់និងលើកកម្លាំងចិត្ត ពីសំណាក់អ្នកនិយមលេងបណ្តាញសង្គម។  ហើយតាមរយៈសកម្មភាពរបស់លោក លោក Tao ក៏ចង់លើកទឹកចិត្តដល់ឯទៀត (ជនពិការជាដើម) ឲ្យខិតខំតស៊ូឡើង កុំអស់សង្ឃឹម ជាពិសេសព្យាយាមផ្លាស់ប្តូរខ្លួនឯងឲ្យសម្រេចបានគោលដៅដែលប៉ងប្រាថ្នាផងដែរ។

គួរឲ្យដឹងដែរថា ក្នុងមួយថ្ងៃៗលោក Tao អាចរកចំណូលពីការងារជាកម្មករសំណង់បាន ១០០យ័ន (ប្រហែលជា ២០ដុល្លារអាមេរិក) ។ ប៉ុន្តែពិតជាអរគុណខ្លាំងមែនទែន ដោយសារតែមានមិត្តភក្តិរបស់លោក Tao តែងបានថត Live វីដេអូលើបណ្តាញសង្កម ពីសកម្មភាពធ្វើការប្រចាំថ្ងៃរបស់លោក លោក ទើបអាចធ្វើឲ្យលោក រកចំណូលបានរហូតដល់ទៅខ្ទង់ជាង ១,២០០ដុល្លារអាមេរិកឯណោះក្នុងមួយខែៗ ដែលសុទ្ធសឹងតែជាជំនួយពីសប្បុរជនមួយចំនួន មកពីគ្រប់មជ្ឈមដ្ឋានបានឃើញពីភាពលំបាករបស់លោក។

លោក Tao បានបន្ថែមចុងក្រោយថា លោកក៏មានគម្រោងចង់រៀបការ សាងគ្រួសារដូចគេឯង និងចង់ក្លាយជាឪពុកគេម្នាក់នៅថ្ងៃអនាគតផងដែរ។ លោកថា លោកចង់ធ្វើអ្វីៗគ្រប់យ៉ាង ទៅតាមលទ្ធភាពដែលលោកអាចធ្វើបាន ដើម្បីផ្លាស់ប្តូរជោគវាសនាខ្លួនឯង ឲ្យកាន់តែប្រសើរឡើងជាងនេះ មានការងារល្អស្អាតដើម្បីជីវិត ៕ 

លោកបានបាត់បង់ដៃខាងស្តាំម្ខាងរបស់លោក ដោយសារតែបានជួបនឹងឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍មួយកាលពី៨ឆ្នាំមុនមកម៉្លេះ
មានមហាជនជាច្រើន នៅលើបណ្តាញសង្គមប្រមាណជិត ៨សែននាក់ តែងតែសម្លឹងមើល និងចាំជួយលើកកម្លាំងចិត្តដល់រូបលោកជាប្រចាំ តាមរយៈការងារលីសែងធ្ងន់ៗជាកម្មករសំណង់នេះ
រូបភាពពី Chinadaily
រូបភាពពី Chinadaily
រូបភាពពី Chinadaily
រូបភាពពី Chinadaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]