(ភ្នំពេញ)៖ តារាសម្ដែងប្រុសដ៏សង្ហា លោក ប៊ឺររី ថ្មីៗនេះបានសម្ដែង ការមិនពេលចិត្តទៅលើអ្នកដឹកនាំសម្ដែងរឿង នៅក្នុងផលិតកម្មដ៏ល្បីមួយ នៅពេលដែលអ្នកដឹកនាំសម្ដែងរូបនោះ បានបញ្ចេញអត្តចរិតមិនសមរម្យ មកលើរូបលោក ក៏ដូចជាតារាសម្ដែងមួយចំនួនទៀត ធ្វើឲ្យមានការថ្នាំងថ្នាក់ និងប៉ះពាល់អារម្មណ៍ខ្លាំង ទើបទ្រាំលែងបាន ក៏ព្រលះយកម៉ាឈ្នះដៃតែម្ដង។

តារាសម្ដែង លោក ប៊ឺររី ត្រូវបានគេមើលឃើញថា ជាអ្នកសិល្បៈមួយរូបសម្បូរការងារច្រើន សម្ដែងខ្លាំង មិនថាការដើរម៉ូដ សម្ដែង និងច្រៀង ឬពិធីករនោះទេ ពោលលោកសុទ្ធតែមានសមត្ថភាព ធ្វើបានទាំងអស់។ អ្វីដែលសំខាន់លោក មានទីផ្សារក្នុងអាជីពនេះ ព្រោះរូបសម្រស់ និងសមត្ថភាព គួបផ្សំ អត្តចរិតល្អទៀត ធ្វើឲ្យផលិតករ និងអ្នកដឹកនាំសម្ដែងមួយចំនួន ពេញចិត្តរូបលោក ដើម្បីរួមការងារជាមួយគ្នា។ ថ្មីៗនេះ លោកបានបញ្ចេញសារ ដ៏ភ្ញាក់ផ្អើលមួយ លើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានប្រឡះធ្ងន់លើ អ្នកដឹកនាំសម្ដែងមួយរូប ដែលមានអត្តចរិត មិនថ្លៃថ្នូរ សមជាអ្នកដឹកនាំ ដែលកំពុងជ្រក ក្នុងផលិតកម្មដ៏ល្បីមួយ។

ប៊ឺររី បាននិយាយថា «ដំបូងពេលទាក់ទងគេ មកធ្វើការថតជាមួយ ពូកែប្រើភាសាល្អលួងចិត្តណាស់ បំណងចង់ឲ្យចុះថ្លៃ ដល់ពេលបានធ្វើការជាមួយ ចាប់ផ្ដើមដូរចរិតដូចខ្មោចសណ្ឋិត នៅពេលមានបញ្ហាកើតឡើង ទាក់ទងនឹងម៉ោងពេល ឬការសម្ដែងតិចតួច មិនចេះប្រើភាសាមនុស្ស មកនិយាយដោះស្រាយ តាមសម្រួលទេ ក៏តាំងជេរយកៗ ធ្វើដូចខ្លួនឯងមិនមែនមនុស្ស។ សូមជម្រាបថា ធ្វើការជាមួយគ្នា តែងតែមានចំណុចខ្វះខាតកើតឡើងហើយ មិនថាខាងផលិតកម្ម មិនថាខាងតួសម្ដែង អ៊ីចឹងសូមរកដំណោះស្រាយ ដោយថ្លៃថ្នូរក្នុងភាពជាមនុស្សផង ព្រោះមនុស្សយើងធំៗហើយ និយាយគ្នាស្ដាប់បាន ចឹងសូមប្រើវិជ្ជាជីវៈ ជាអ្នកដឹកនាំរបស់ខ្លួនឲ្យចំគោលដៅ មិនមែនជេរយកៗអ៊ីចឹងទេ!»។

លោក ប៊ឺររី បានបន្ថែមទៀតថា «ទង្វើបែបហ្នឹងគេហៅថា មនុស្សខ្វះការអប់រំខ្សោយចំណេះដឹង ឬនិយាយឲ្យអាក្រក់ស្ដាប់ គឺមនុស្សពាល យើងធ្វើការជាមួយគ្នា គឺបានផ្ដល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមក អ៊ីចឹងសូមផ្ដល់តម្លៃឲ្យគេផង សាកគិតមើល បើយើងធ្វើការឲ្យគេ ហើយគេជេរយើង មើលងាយយើង តើយើងទ្រាំបានអត់ សូមកុំប្រើអារម្មណ៍មកធ្វើការ ប្រើខួរក្បាលរបស់អ្នកវិញ»។

លោកបន្តថា «នេះមិនមែនរឿងខ្ញុំទេ តែខ្ញុំទើសភ្នែកទ្រាំមិនបាន ក៏សរសេរជា status នេះឡើងមក ខុសត្រូវយ៉ាងណា សូមកុំប្រកាន់ (មនុស្សមិនមែនព្រះទេណា ការអត់ធ្មត់ មានដែនកំណត់) »។

ថ្វីត្បិតតែលោក ប៊ឺររី មិនបាននិយាយឲ្យចំថា ជាអ្នកដឹកនាំរូបណា តែជាការដាស់តឿនដល់ អ្នកដឹកនាំមួយចំនួន ចូលចិត្តនិយាយមិនល្អ ប្រើសម្ដីមិនសមរម្យ ពោលតែពាក្យពិបាកស្ដាប់ ទៅកាន់ តារាសម្ដែងមួយចំនួន ខ្វះអធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក៕

Status របស់តារាសម្ដែង លោក ប៊័ររី
តារាសម្ដែង លោក ប៊័ររី
តារាសម្ដែង លោក ប៊័ររី

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៊ឺររី