** ប្រលោមលោកខ្មែរឡូត **

ក្តីស្រលាញ់របស់ម្តាយឪពុកចំពោះកូនមិនដែលប្រែប្រួលនោះឡើយ មានតែការស្រលាញ់របស់កូនៗចំពោះឪពុកម្តាយទេដែលតែងតែប្រែប្រួល និងមិនប្រាកដប្រជានោះ។   ជាពិសេសៗកូនៗនឹងផ្លាស់ប្តូរកាន់តែខ្លាំង នៅពេលដែលវ័យកាន់តែធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។

« អ្វីដែលម៉ែពុកតស៊ូ អ្វីដែលម៉ែពុកលះបង់ដើម្បីកូនតាំងពីសក់-ខ្មៅ រហូតដល់សក់ស។ តាំងពីមានកម្លាំងកំហែងរហូតដល់ជរាពិការ វង្វេងវង្វាន់ អ្វីដែលម៉ែពុកចង់បានមិនមែនចង់បានចង់មាន ចង់់ខ្ពស់មុខ  ឬលោភលន់ម្នាក់ឯងនោះទេ។  អ្វីៗដែលម៉ែពុកបានធ្វើកន្លងមក គឺដើម្បីអនាគតកូនប្រុសស្រីម៉ែពុកទាំងអស់។ ហើយនៅពេលនេះ ម៉ែគ្រាន់តែចង់ប្រើជីវិតចុងក្រោយដែលអស់ពីពុកកូនទៅរស់នៅជាមួយកូនពេញដោយសេចក្តីសុខ និងជួបជុំគ្នាតែប៉ុណ្ណោះ។  តែបំណងរបស់ម៉ែបានក្លាយទៅជាភាពធុញទ្រាន់ និងបន្ទុករបស់កូនចៅទៅវិញ។  ម៉ែដឹងថាម៉ែចាស់ហើយ ម៉ែរអ៊ូច្រើន ម៉ែនិយាយច្រើន ម៉ែរញ៉ាំរញ៉ូវច្រើន ម៉ែធ្វើឱ្យកូនចៅមិនពេញចិត្ត តែជឿចុះម៉ែស្តី ម៉ែប្រដៅព្រោះតែម៉ែស្រលាញ់ និងបារម្ភពីកូនចៅម៉ែតែប៉ុណ្ណោះ។ អ្វីដែលម៉ែចង់ផ្តាំ និងសុំកូនចៅជាចុងក្រោយថា ម៉ែមិនចង់ឱ្យរឿងបែបនេះ និងទង្វើដែលកូនចៅធ្វើចំពោះម៉ែ កើតឡើងចំពោះកូន  ឬចៅម៉ែណាម្នាក់ពេលដែលពួកគេចាស់ជរាដូចម៉ែតែប៉ុណ្ណោះ» ។

.................................................................................................................................

រូបតំណាង

មនុស្សស្រីវ័យចំណាស់ម្នាក់កំពុងតែអើតរបងនិយាយលេងជាមួយអ្នកជិតខាងដោយសប្បាយរីករាយ

« នែ កូនខ្ញុំណាសុទ្ធតែធ្វើការធំខ្ពស់មុខខ្ពស់មាត់ ចៅៗរបស់ខ្ញុំវិញក៏រៀនពូកែ ឆ្លាត ហើយស្អាតៗគួរឱ្យស្រលាញ់ទៀត »

« ចា៎ៗៗ»

កូនស្រីលោកយាយបានត្រលប់មកវិញហើយនិយាយទាំងមិនពេញចិត្ត

« ម៉ែនិយាយអីទៀតហើយនេះ និយាយច្រើនមែនទែន តោះចូលផ្ទះយើងវិញ...សុំទោសផងបង ម៉ែខ្ញុំរាងចាស់វង្វេងវង្វាន់»

« មិនអីទេប្អូន»

កូនស្រីច្បងបានគ្រាម៉ែរបស់ខ្លួនចូលផ្ទះទាំងធុញទ្រាន់លាយឡំនឹងការមិនសប្បាយចិត្ត ។ ពេលជូនម៉ែឡើងទៅបន្ទប់សម្រាន្តហើយប្តីប្រពន្ធនិងកូនៗក៏ពិភាក្សាគ្នា។

« ម៉ែកាន់តែចាស់កាន់តែពិបាកមើល អូននេះធុញទ្រាន់មែនទែន អូនខ្មាសគេណាស់គាត់និយាយរៀបរាប់ច្រើនណាស់សូម្បីតែអូនក៏ធុញដែរ »

« មែនហើយ ថ្ងៃមុនលោកយាយនោមដាក់សារុងទៀត កូនធុញមែនទែនហ្មង »

« ដល់ថ្នាក់ហ្នឹងផងកូន?»

« ចា៎ »

« ហ៊ើយ!! មកពីពួកប្អូនៗហ្នឹង ថាឱ្យជួយមើលម៉ែគ្នា ចុងក្រោយបន្ទុកស្អីក៏ធ្លាក់លើអូនដែរ គិតថារាល់ថ្ងៃអូនធ្វើការនឿយហត់មិនអស់ចិត្ត នៅមកពិបាកនឹងរឿងម៉ែទៀត »

ប្តីឱបស្មារលួងលោមប្រពន្ធ

«កុំគិតច្រើនអី យ៉ាងម៉េចយ៉ាងម៉ា ជួលអ្នកមើលថែម៉ែម្នាក់ទៅ ឱ្យជួយរកបាយទឹក ជួយបម្រើម៉ែផង កុំឱ្យអូនហត់ពេក » ប្រពន្ធងក់ក្បាលទាំងមុខមិនសប្បាយចិត្ត។

បន្ទាប់ពីមានអ្នកបម្រើមកជួយមើលម៉ែរបស់ខ្លួនមក ម្នាក់ៗនៅក្នុងគ្រួសារសប្បាយចិត្ត និងធូរចិត្តឡើងវិញ។ ហើយតែងតែនាំគ្នាដើរលេង ឬចេញក្រៅបាត់ៗទុកម៉ែចាស់ជរានៅផ្ទះជាមួយនឹងឈ្នួលបម្រើ។ ពេលខ្លះក៏មានកូនចៅទុកបាយឱ្យហូប ពេលខ្លះក៏ទិញបាយម្ហូបនៅផ្សារហូបយ៉ាងកម្សត់ពីរនាក់ឈ្នួលបម្រើ។ ស្រ្តីចំណាស់បានត្រឹមលួចតូចចិត្ត លួចស្រក់ទឹកភ្នែកអាណិតខ្លួនឯង និងខំស៊ូទ្រាំនឹងវាសនារបស់ខ្លួននាគ្រាចុងក្រោយជីវិតដែលត្រូវកូនចៅទុកចោលបែបនេះឯង។

រូបតំណាង

រយៈពេលប៉ុន្មានឆ្នាំកន្លងផុតទៅ ដោយការមិនរវីរវល់ មិនយកចិត្តទុកដាក់ថែទាំពីកូនចៅ  ជំងឺមនុស្សចាស់កាន់តែធ្ងន់ កាន់តែជរាក្រោកពីគ្រែមិនរួច តែកូនៗនិងចៅៗនៅតែមិនដែលមកអើត ឬសួរនាំម្តងណាឡើយ ព្រោះតែពួកគេរវល់នឹងការងារ និងគ្រួសាររបស់គេរៀងៗខ្លួន។ ចំណែកកូនចៅដែលនៅជាមួយ គេចេញពីផ្ទះបាត់ៗមិនដែលមកសួរនាំនិងថែទាំនោះដែរ មានតែទុកលុយបន្តិចបន្តួចទុកទិញថ្នាំ និងម្ហូបអាហារតែប៉ុណ្ណោះ។ ដោយសារតែពិបាកភ្នែកពេកក្មេងស្រីបម្រើក៏និយាយជាមួយកូនស្រីរបស់លោកយាយកម្សត់ទាំងអួលដើម-ក។

« អ្នកស្រី ទៅមើលលោកយាយខ្លះទៅ សុខភាពគាត់កាន់តែខ្សោយទៅៗហើយ »

« ឯងគិតថារាល់ថ្ងៃយើងទំនេរណាស់ទៅ? ណាការងារ ណារឿងកូនៗ យើងឈឺក្បាលណាស់។ បើម៉ែឈឺទៅតាមពេទ្យទៅ យើងមិនមែនពេទ្យឯណា »

« តែ.....»

« បានហើយ ឯងមានតួនាទីត្រឹមមើលថែទាំជូតសំអាតខ្លួន និងលើកដាក់ម៉ែយើងបត់ដៃបត់ជើងប៉ុណ្ណោះ រឿងផ្សេងកុំមកចេះលូកលាន់អី ប្រយ័ត្នយើងដេញចេញលែងឱ្យប្រាក់ខែណា...ទៅៗ»  អ្នកបម្រើទប់ទឹកភ្នែកដើរចេញទៅទាំងក្តីអាណិតមនុស្សចាស់ម្នាក់ដែលមិនត្រូវបានកូនៗយកចិត្តទុកដាក់ថែរក្សាសោះ។ កូនស្រីបានរអ៊ូដាក់ប្តីទាំងមួរម៉ៅ

« ពិបាកដល់ហើយ ម៉ែកាន់តែចាស់កាន់តែឈឺច្រើន ណាលុយយើងក៏មិនមានច្រើនដែរ។ បើយកម៉ែទៅពេទ្យអូនថាថ្លៃរៀនរបស់កូនយើងប្រាកដជាមិនគ្រាន់ទេ អូយ! ចង់បែកទ្រូងស្លាប់ហើយខ្ញុំ »

« ចុះអូនចង់គិតម៉េច? គាត់ជាម៉ែអូនតើ»

« ចុះអូនមានថាមិនមើលគាត់ណា ចឹងបងរកមើលពេទ្យណាមកមើល មកចាក់ថ្នាំឱ្យម៉ែ ២ ៣ ម្ជុលទៅ ក្រែងបានធូរខ្លះ ជំងឺគាត់ចាស់ចឹង​​ទោះទៅសម្រាកពេទ្យក៏មិនជាដែរ បានត្រឹមតែបង្ហិនលុយថ្លៃពេទ្យ ថ្លៃថ្នាំហ្នឹងឯង »

« បាន ចាំបងរកឱ្យ»

ជំងឺចាស់របស់យាយកាន់តែធ្ងន់ធ្ងរទោះមានពេទ្យមកមើលជំងឺ មកចាក់ថ្នាំយ៉ាងណាក៏គាត់មិនបានធូរស្បើយ ហើយកាន់តែធ្ងន់ទៅៗ។ កូនៗនិងចៅៗក៏មកមើលយាយទាំងចិត្តមិនចង់ ពេលដែលឮគ្រូពេទ្យថាលោកយាយប្រហែលជានៅមិនបានយូរទៀតទេ។ កូនស្រីឃើញបែបនេះក៏ចាប់ដៃម្តាយនិយាយទាំងមុខស្រពោន។

« ម៉ែចង់ហូបអី ចាំកូនឱ្យក្មេងៗទៅទិញ»

លោកយាយគ្រវីក្បាលទាំងក្រៀមក្រំ

«ម៉ែហូបមិនកើតទៀតទេកូន»

«ចឹង! ម៉ែចង់ពិសារទឹកអីទេ ? ក្រែងមានកម្លាំងកំហែង ធូរស្រាលខ្លះ»

« មិនអីទេកូន មាត់ម៉ែល្វីងហូបអីលែងចូលហើយ »

កូនស្រីងក់ក្បាលបន្តិច។ ការយកចិត្តទុកដាក់របស់កូនចៅនៅគ្រាចុងក្រោយវាហួសពេលទៅហើយ។ ដល់ដំណាក់នេះហើយ វាជាពេលដែលម៉ែរបស់ខ្លួន  និងយាយរបស់ខ្លួនហូបអ្វីមិនបាន លេបអ្វីមិនចូលនោះទេ ទោះយកផ្លែឈើទិព្វ ម្ហូបទិព្វមកជូនគាត់ពិសារក៏គាត់ទៅលែងរួចដែរ។  

ទីបំផុតលោកយាយជរាបានលាចាកលោកនេះទៅទាំងភាពតូចចិត្ត និងស្រណោះស្រណោកជីវិតខ្លួនឯងដែលត្រូវកូនចៅមើលរំលងនិងទុកចោលជាមួយឈ្នួលបម្រើរយៈពេលច្រើនឆ្នាំកន្លងមក។ ចំណែកកូនចៅ ពេលដែលម៉ែនិងយាយរបស់ខ្លួនស្លាប់ទៅ គ្មានអ្វីអាចធ្វើជូនគាត់បានក្រៅពីយំស្រែក ស្តាយស្រណោះ និងធ្វើបុណ្យជូនគាត់នោះទេ។

ធ្វើបុណ្យទានធំដុំបានប្រយោជន៍អ្វីព្រោះមនុស្សស្លាប់បាត់ទៅហើយ? ចុះកាលគាត់នៅរស់ម៉េចមិនយកលុយនោះមកមើលថែទាំជំងឺគាត់? តើនាំគ្នាយំធ្វើអ្វីទោះយំលិចផែនដីក៏មិនអាចហៅជីវិតគាត់មកវិញបានដែរ? ខំសែនម្ហូបចំណីស្អេកស្កះធ្វើអ្វី? បើពេលគាត់នៅរស់មិនបាននៅថែទាំ ​ផ្តល់បាយទឹកនំចំណីគាត់គ្រប់គ្រាន់ផង? និយាយពាក្យថាស្តាយណាស់ ស្រណោះណាស់ ស្រលាញ់គាត់ណាស់ធ្វើអ្វី? បើពេលគាត់នៅរស់មិនបាននៅមើលថែទាំគាត់ និងនិយាយពោលពាក្យថាស្រលាញ់គាត់ផង? ហេតុអ្វីមនុស្សទាំងអស់គ្នាពេលដែលអ្វីៗហួសពេលហើយទើបមានការស្តាយក្រោយនោះ? កុំស្តាយអី ព្រោះវាជាអ្វីដែលយើងបានជ្រើសរើសធ្វើរួចទៅហើយនោះ ហើយវាក៏ហួសពេលដែរ។  កុំចាំអ្វីៗហួសអស់ទើបស្តាយក្រោយនោះ បើចង់ធ្វើបុណ្យ ធ្វើឱ្យទាន់ខែភ្លឺ  បើចង់ផ្តល់ក្តីស្រលាញ់ ការយកចិត្តទុកដាក់ចំពោះអ្នកមានគុណ និងមនុស្សជាទីស្រលាញ់ គឺធ្វើនៅពេលដែលនៅមានពេលវេលា និងមានជីវិតរស់នៅ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]