(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើសុំទៅដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ គ្រប់ប្រព័ន្ធ និងចាងហ្វាងកាសែត ទស្សនាវដ្ដី ព្រឹត្ដិប័ត្រទាំងអស់ រាល់ការផ្សព្វផ្សាយស្ប៉តពាណិជ្ជកម្ម ផលិតផលពាក់ព័ន្ធវិស័យសុខាភិបាល និងវិស័យកសិកម្ម ត្រូវតែបញ្ជាក់ថា ផលិតទាំងនោះមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងក្រសួងកសិកម្មរួចហើយ។ នេះបើយោងតាមលិខិត របស់ លោក ខៀវ កាញារីទ្ធ ផ្ញើជូនទៅដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ដែល Fresh News ទទួលបាននៅថ្ងៃទី២២ ខែសីហានេះ។

លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា កន្លងមក ក្រសួងព័ត៌មាន បានសង្កេតឃើញថា ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានយកចិត្តទុកដាក់អនុវត្តតាមការណែនាំ របស់ក្រសួងព័ត៌មានស្ដីពី ការផ្សព្វផ្សាយស្ប៉តពាណិជ្ជកម្មដែលពាក់ព័ន្ធវិស័យសុខាភិបាល បានយ៉ាងល្អប្រសើរ គួរជាទីមោទនៈ។ ប៉ុន្តែទន្ទឹមនេះ ក៏នៅមានម្ចាស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀត នៅតែបន្ដធ្វើការផ្សព្វផ្សាយស្ប៉តពាណិជ្ជកម្ម ផលិតពាក់ព័ន្ធវិស័យសុខាភិបាល ដោយគ្មានការអនុញ្ញាត ពីក្រសួងសុខាភិបាលជាដដែលៗ ទោះបីមានការណែនាំពីក្រសួងព័ត៌មាន ជាច្រើនលើកច្រើនសារហើយក៏ដោយ។

រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានបន្ថែមទៀតថា ដើម្បីជៀសវាងនូវការប្រព្រឹត្ដកំហុសឆ្គងជាយថាហេតុ និងការប្រព្រឹត្ដល្មើសច្បាប់ ក្រសួងព័ត៌មាន សូមធ្វើការណែនាំក្រើនរំលឹកជាចុងក្រោយដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់រួមមាន៖ រាល់ការផ្សព្វផ្សាយស្ប៉តពាណិជ្ជកម្ម ផលិតពាក់ព័ន្ធវិស័យសុខាភិបាល ត្រូវមានច្បាប់អនុញ្ញាត ពីក្រសួងសុខាភិបាល និងរាល់ការផ្សព្វផ្សាយ

ស្ប៉តពាណិជ្ជកម្មថ្នាំ សម្លាប់សត្វល្អិត ដែលពាក់ព័ន្ធវិស័យកសិកម្ម ត្រូវមានច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមុន៕

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើសុំទៅដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ គ្រប់ប្រព័ន្ធ និងចាងហ្វាងកាសែត ទស្សនាវដ្ដី ព្រឹត្ដិប័ត្រទាំងអស់ រាល់ការផ្សព្វផ្សាយស្ប៉តពាណិជ្ជកម្ម ផលិតផលពាក់ព័ន្ធវិស័យសុខាភិបាល និងវិស័យកសិកម្ម ត្រូវតែបញ្ជាក់ថា ផលិតទាំងនោះមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងក្រសួងកសិកម្មរួចហើយ

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]