ប្រេស៊ីល៖ នារីវ័យក្មេងសញ្ជាតិប្រេស៊ីលម្នាក់ ត្រូវបានគេរាយការណ៍ថា បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ក្រោយកើតមានអាការចម្លែកដូចមនុស្សសរសៃប្រសាទ ស្រែកយំននៀលដី បន្ទាប់ពីចេញពីមើលកុនរឿងខ្មោចដ៏គួរឲ្យរន្ធត់មួយ។

បើយោងតាមប្រភពសារព័ត៌មាន ដេលីម៉ែល បានឲ្យដឹងថា នារីរងគ្រោះកើតមានអាការចម្លែក មិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ មានអាយុ២០ឆ្នាំ។ កាលពីយប់ថ្ងៃសុក្រសប្តាហ៍មុននេះ នាងហើយនឹងមិត្តភិក្តិបាននាំគ្នាទៅរោងកុន នៅមជ្ឈមណ្ឌលផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង Teresina ភាគខាងជើងប្រទេសប្រេស៊ីល។

នារីរងគ្រោះបានទិញសំបុត្រចូលមើលខ្សែភាពយន្តដ៏រន្ធត់ និងកំពុងតែល្បីល្បាញខ្លាំងមួយនៅជុំវិញពិភពលោក គឺខ្សែរឿង Annabelle ។ បន្ទាប់ពីទស្សនាចប់ ចេញពីបន្ទប់កុនមកវិញ នារីរងគ្រោះស្រាប់តែមានអាការចម្លែកក្នុងខ្លួន ប្រៀបបីដូចត្រូវខ្មោចចូលតែម្តង។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប គេឃើញយ៉ាងច្បាស់ថា នារីរងគ្រោះវ័យក្មេងខាងលើ បានដេកដួលនៅនឹងកម្រាលឥដ្ឋ ស្រែកយំទ្រហឹងពេញមុខសាលរោងកុន និងថែមទាំងយកដៃដាល់មុខខ្លួនឯង បោកខ្លួនឯងទៅនឹងកម្រាលឥដ្ឋថែមទៀតផង។ ក្នុងនោះគេឃើញទៀតដែរថា មិត្តភក្តិនាងក៏បានព្យាយាមឃាត់សកម្មភាពរបស់នាងផងដែរ ប៉ុន្តែនារីរងគ្រោះហាក់នៅតែដដែល រហូតដល់ទីបំផុតក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ ក៏ត្រូវបានទាក់ទងមកដល់កន្លែងកើតហេតុ ហើយក៏បង្ខំចិត្តចាប់លើកនារីរងគ្រោះដាក់រទេះរុញ ដឹកបញ្ជូនទៅមន្ទីរពេទ្យតែម្តង។

នារីរងគ្រោះបានទិញសំបុត្រចូលមើលខ្សែភាពយន្តដ៏រន្ធត់ និងកំពុងតែល្បីល្បាញខ្លាំងមួយនៅជុំវិញពិភពលោក គឺខ្សែរឿង Annabelle ។ បន្ទាប់ពីទស្សនាចប់ ចេញពីបន្ទប់កុនមកវិញ នារីរងគ្រោះស្រាប់តែមានអាការចម្លែកក្នុងខ្លួន ប្រៀបបីដូចត្រូវខ្មោចចូលតែម្តង

មិត្តរបស់នារីរងគ្រោះជាអ្នកបង្ហោះចែកចាយវីដេអូឃ្លីបនេះ បានឲ្យដឹងថា នាងមានសកម្មភាពចម្លែកបែបនេះ ក៏ដោយសារតែនាង ភ័យខ្លាចខ្លាំងពេកបន្ទាប់ពីបាន ទស្សនាខ្សែភាពយន្តរន្ធត់ខាងលើ។

«បន្ទាប់ពីចេញពីមើលកុន ពួកយើងបាននាំគ្នាដើរសំដៅបម្រុងទៅបង់លុយថ្លៃចតឡាន ហើយភ្លាមៗនោះស្រាប់តែនាង ចាប់ផ្តើមវាយតប់ខ្លួនឯងដូចមនុស្សឆ្កួត និងបោកខ្លួនទៅនឹងកម្រាលឥដ្ឋតែម្តង។ អ្នកដំណើរជាច្រើនផ្សេងទៀត ក្នុងផ្សារទំនើបពេលដែលឃើញហេតុការណ៍យ៉ាងដូច្នេះ ក៏បាននាំគ្នាចូលជួយនាង។ ខ្ញុំពិតជាស្លុតចិត្តខ្លាំងណាស់ពេលឃើញបែបនេះ!» ។ នេះគឺជាសារដែលមិត្តភក្តិរបស់នារីរងគ្រោះបានរៀបរាប់។

គួរឲ្យដឹងថាដែរថា ទាក់ទងនឹងករណីខាងលើនេះ ប្រភពព័ត៌មានមិនបានឲ្យដឹងថា ពេលនេះស្ថានភាពរបស់នារីរងគ្រោះទៅជាយ៉ាងណានោះឡើយ ៕

ទស្សនាវីដេអូខាងក្រោម៖   

នារីរងគ្រោះវ័យក្មេងខាងលើ បានដេកដួលនៅនឹងកម្រាលឥដ្ឋ ស្រែកយំត្រហឹងពេញមុខសាលរោងកុន និងថែមទាំងយកដៃដាល់មុខខ្លួនឯង បោកខ្លួនឯងទៅនឹងកម្រាលឥដ្ឋថែមទៀតផង
រូបភាព តុក្កតាកូនក្រមុំក្នុងខ្សែរឿង Annabelle

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]