(កូឡាឡាំពួរ)៖ គិតត្រឹមរាត្រីថ្ងៃទី២២ ខែសីហានេះ កម្ពុជានៅតែបន្ដឈរលេខរៀងទី១០ ក្នុងតារាងមេដាយ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី២៩ នៅម៉ាឡេស៊ី ក្រោយដណ្ដើមបានមេដាយសំរឹទ្ធ ៣គ្រឿង ខណៈម្ចាស់ផ្ទះបន្ដគ្រងតំណែងកំពូលតារាង ដោយដណ្ដើមបានមេដាយសរុបដល់ទៅ ៥៨គ្រឿង ។

ប៉ុន្ដែទោះជាបែបនេះ ថ្នាក់ដឹកនាំកីឡាកម្ពុជា បានលើកឡើងថា កម្ពុជានៅតែមានវឌ្ឍនភាពបន្ដដណ្ដើមេដាយ ដើម្បីគេចផុតពីចំណាត់ថ្នាក់លេខ១០ ស្របពេលកីឡាមានសក្ដានុពលជាច្រើន ត្រូវសម្រុកធ្វើការប្រកួតស្វែងរកមេដាយជូនជាតិបន្ថែមទៀត ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជានាយកបេសកកម្មរបស់កម្ពុជា បានឲ្យដឹងពីទីក្រុងកូឡាឡាំពួរមុននេះថា ថ្វីត្បិតបច្ចុប្បន្នកម្ពុជាមិនទាន់ឈរចំណាត់ថ្នាក់ល្អ ក្នុងតារាងមេដាយស៊ីហ្គេមឆ្នាំនេះក្ដី ប៉ុន្ដែកម្ពុជាទើបតែបញ្ចប់ការប្រកួត ៣ប្រភេទកីឡាប៉ុណ្ណោះ ដោយដណ្ដើមបានមេដាយសំរឹទ្ធ ៣គ្រឿង ។ យ៉ាងណាមិញកម្ពុជានៅមានកីឡាមានសក្ដានុពលរបស់កម្ពុជាជាច្រើន ដែលត្រូវបន្ដការប្រកួត ដូចជាកីឡាប្រដាល់សាកល, គុនខ្មែរ, ប៉េតង់, តេក្វាន់ដូ, វាយកូនបាល់ និងកីឡាការ៉ាតេដូជាដើម ដែលសុទ្ធតែរំពឹងឈ្នះមេដាយ ។

នាយកបេសកកម្មរូបនេះបន្ដថា «តាមការត្រួតពិនិត្យ ពេលនេះកម្ពុជានៅមានវឌ្ឍនាភាពខ្ពស់ក្នុងការស្វែងរកមេដាយនៅឡើយ ទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ។ ជាក់ស្ដែងពេលនេះ កីឡាប្រដាល់សាកល និងកីឡាប៉េតង់ចំនួន ៣រូប សុទ្ធតែឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនាថ្ងៃទី២២ ខែសីហានេះ ។ បើពួកគេបន្ដឈ្នះ នោះកម្ពុជានឹងមានសង្ឃឹមច្រើនក្នុងការទទួលបាននូវមេដាយប្រាក់ ឬមាស ។ ក្រៅពីនេះ យើងនៅមានកីឡាកររំពឹងឈ្នះមេដាយច្រើនទៀត ដូចជាតេក្វាន់ដូ និងការ៉ាតេដូជាដើម ។ ដូច្នេះយើងនៅតែមានសង្ឃឹម ចំពោះប្រភេទកីឡាល្អៗ ដែលនឹងត្រូវធ្វើការប្រកួតនាពេលក្រោយនេះ» ។

គួរបញ្ជាក់ថា ស៊ីហ្គេម លើកទី២៩ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ ឆ្នាំ២០១៧នេះ កម្ពុជាបានសម្រេចបញ្ជូនអត្តពលិក ២៤ប្រភេទកីឡាទៅចូលរួម ប៉ុន្ដែបច្ចុប្បន្នទើបមានកីឡា ៣ប្រភេទប៉ុណ្ណោះ ដែលបានបញ្ចប់ការប្រកួតទាំងស្រុង ក្នុងនោះមានក្រុមអត្តពលិកកីឡាជិះសេះ កីឡាបាល់ឱប និងអត្តពលិកកីឡាទ្រីយ៉ាត្លុង ។ តែ ៣ប្រភេទកីឡានេះមានតែកីឡាជិះសេះប៉ុណ្ណោះ ដែលដណ្ដើមបានមេដាយសំរឹទ្ធ ហើយធ្វើដំណើរមកដល់កម្ពុជាកាលពីល្ងាចមិញ ។

រីឯកីឡាកំពុងសម្លឹងឃើញមេដាយបន្ដ រួមមានកីឡាប្រដាល់សាកលម្នាក់ និងកីឡាករ-កីឡាការិនីប៉េតង់ ២នាក់ ដែលត្រូវធ្វើការប្រកួតវគ្គខ្វែង ៤នាក់ចុងក្រោយលើវិញ្ញាសាឯកត្តជននាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧នេះ៕

កម្ពុជានៅតែមានវឌ្ឍនភាពដណ្ដើមមេដាយស៊ីហ្គេមនៅឡើយ
កម្ពុជានៅតែមានវឌ្ឍនភាពដណ្ដើមមេដាយស៊ីហ្គេមនៅឡើយ
កម្ពុជានៅតែមានវឌ្ឍនភាពដណ្ដើមមេដាយស៊ីហ្គេមនៅឡើយ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]