ភាពជោគជ័យ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គណាម្នាក់ទ្បើយ មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នា ក្នុងការចាប់យកភាពជោគជ័យ ប៉ុន្តែសំខាន់លើបុគ្គលរូបនោះ មានការយល់ដឹងពីមូលដ្ឋានគ្រឹះ នៃការជោគជ័យហើយ ឬ នៅខាងក្រោមនេះ khmerload បាននាំយកភាពជោគជ័យ របស់ពិធីការិនីល្បីឈ្មោះ កញ្ញា សុខ សោម៉ាវតី ដើម្បីចែករំលែកនូវបទពិសោធ ជួនដល់យុវវ័យដែលចង់ជោគជ័យ លើការងារសិល្បៈ។

សុខ សោម៉ាវតី បានចាប់អាជីពសិល្បៈ បន្ទាប់ពីប្រលងជាប់ជាហ្រ្វេស៊ីចំណាត់ថ្នាក់លេខ ២ របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ កាលពីឆ្នាំ២០០៦កន្លង ទៅ។ ការយករូបសម្រស់ ចំណេះដឹង និងទេពកោសល្យ មកបង្អួតក្នុងពិភពសិល្បៈអស់រយៈពេលប្រាំឆ្នាំមកនេះ យុវតីរូបស្រស់ទទួលបានភាពជោគជ័យ គួរឳ្យកត់សម្គាល់ តាមរយៈការស្ម័គ្រចិត្តដាក់កាយ ស្វែងរកកេរ្តិ៍ឈ្មោះកិត្តិយសពីការសម្តែងខ្សែភាពយន្ត កាយវិការខារ៉ាអូខេ ថតស្ប៉តពាណិជ្ជកម្ម និងជាពិធីការិនី។ បច្ចុប្បន្នតារាសាច់សខ្ចី សុខ សោម៉ាវតី ត្រូវបានគេវាយតម្លៃថា កំពុងតែទទួលបានកេរ្តិ៍ឈ្មោះ ជាពិធការិនីលំដាប់ជួរមុខ របស់ស្ថានីយ ទូរទស្សន៍ បាយ័ន ដោយនាងមានឱកាសក្តោបក្តាប់តួនាទីជាពិធីការិនី ជាបន្តបន្ទាប់ មានដូចជា កម្មវិធីទស្សនាចរ២៤ខេត្តក្រុង តន្រ្តីយុវវ័យ តារា ទូរទស្សន៍ កម្សាន្តពិភពរីករាយ និងនាទីដើម្បីយុតិជន រួមជាមួយការសម្តែងជាតួឯក ” រឿងភូមិខ្ញុំស្រស់ឆើតឆាយ ” ” រឿងហាមសិនមុនស្នេហ៍ និងស្ប៉តពាណិជ្ជកម្មមួយចំនួនទៀត ដោយមានការនិយមគាំទ្រពីសំណាក់ប្រិយមិត្ត។

តាមរយៈការបង្ហាញសម្ថភាពនេះ សុខ សោម៉ាវតី ត្រូវបានមតិអ្នករៀបចំកម្មវិធីទូរទស្សន៍ ក៏ដូចជាប្រិយមិត្តតែងបង្ហាញការកោតសសើថា កញ្ញា គឺជា ពិធីការិនីពោពេញដោយទេពកោសល្យ និងមានសំនួនវោហាស័ព្ទប៉ិនប្រសព្វ រួមទាំងមានទឹកដមសំទ្បេងពីរោះ រុះរាយរាក់ទាក់ ជាពិសេស កញ្ញាមានរូប សម្រស់ស្រស់ស្អាត ប្រកបដោយការទាក់ទាញ និងមានភាពក្រម៉េចក្រមើម គូរឱ្យស្រទ្បាញ់ថែមទៀតផង។

កញ្ញា សុខ សោម៉ាវតី បានបញ្ជាក់ប្រាប់ថា ” ការចាប់យកអាជីពជាអ្នកសិល្បៈនេះ ខ្ញុំមិនបានហាត់រៀននៅ សាលាណាទេ គឺគ្រាន់តែមានការជួយណែនាំខ្លះៗពីលោក ជួប សុភក្កិ ជារៀមច្បង និងមានការបង្ហាត់បង្ហាញពីលោក ហេង សុភី ជាអ្នកផលិកម្មវិធីនៅ ស្ថានីយទូរទស្សន៍បាយ័ន រួមជាមួយការខិតខំស្វែងយល់ ដោយខ្លួនឯងតែម្តង ។ កញ្ញា សុខ សោម៉ាវតី បានប្រាប់ពីគន្លឹះដែលនាងទទួលបានជោគជ័យ ទៀតថា ” អាជីពសិល្បៈនេះ ពីដំបូងទ្បើយខ្ញុំមិននឹកស្មានថា ទទួលបានជោគជ័យបែបនេះទេ ប៉ុន្តែការចាប់ផ្តើមការងារដំបូង ក្នុងកម្មវិធីទស្សនាចរ២៤ ខេត្ត-ក្រុង របស់ស្ថានីទូរទស្សន៍បាយ័ន ក៏ទទួលបានជោគជ័យជាបណ្តើរៗ ធ្វើឱ្យខ្ញុំមានទឹកចិត្តខិតខំតស៊ូរិះរកវិធីគ្រប់បែបយ៉ាងទាំងការនិយាយស្តី កាយវិការ ស្លៀកពាក់ និងការតុបតែងខ្លួន គឺតម្រូវតាមកម្មវិធី ដើម្បីចាប់យកចំណាប់អារម្មណ៍ពីទស្សនិកជន។ អាជីពតារាសិល្បៈ គឺផ្តល់ក្តីសប្បាយដល់ បណ្តាប្រិយមិត្ត ដូច្នេះហើយត្រូវតែធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីឱ្យទស្សនិកជនស្រទ្បាញ់ចូលចិត្ត។ មិនតែប៉ុណ្ណោះ គឺមិនត្រូវឆ្មើងឆ្មៃវាយឬកដាក់ប្រិយមិត្ត ទ្បើយ 

ការបង្ហាញឳ្យឃើញពីសមទ្ធផលជោគជ័យខាងលើនេះ ត្រូវបានពិធីការិនីវ័យ២៣ឆ្នាំរូបនេះ បញ្ជាក់ប្រាប់ថា នាងកំពុងតែមានការមមាញឹកលើការងារ សិល្បៈ រកពេលទំនេរគ្មានទ្បើយ។ រហូតធ្វើឱ្យនាងត្រូវព្យូរការសិក្សាជានិស្សិតឆ្នាំទី៣ផ្នែកទេសចរ និងបដិសណ្ឋារកិច្ច នៅសាកលវិទ្យាល័យន័រតុន ថែម ទៀតផង។ កញ្ញា សុខ សោម៉ាវតី បានបន្ថែមថា មួលហេតុដែលខ្ញុំព្យូការសិក្សា គឺបណ្តាលមកពីពេលបច្ចុប្បន្ន ខ្ញុំមានឱកាសរកលុយបានច្រើន ក៏ខិតខំ រកលុយសិនទៅ។ ព្រោះការងារសិល្បៈ មិនសូវស្ថិតស្ថេរយូរអង្វែងប៉ុន្មានទេ នៅពេលដែលចូលវ័យរាងចាស់ទៅ ការងារនេះត្រូវផ្ទេរទៅឱ្យយុវវ័យជំនាន់ ក្រោយហើយ នោះខ្ញុំនឹងងាកទៅបង្កើតមុខជំនួញរកស៊ីម្តងវិញ 

ក្រោយពីបានវិវត្តន៍ខ្លួនមកជាពិធីការិនីមានកេរ្តិ៍ឈ្មោះបោះសំទ្បេង នៅក្នុងពិភពតារាទូរទស្សន៍ គេសង្កេតឃើញថា កញ្ញា សុខ ម៉ាវតី ហ៊ឺហាមានទ្រព្យ
សម្បត្តិស្តុកស្តម្ភ ជិះរថយន្តទំនើបៗស៊េរីចុងក្រោយបង្អស់ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ។ មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ កញ្ញា សុខ សោម៉ាវតី
បានប្រាប់ថា នាងទើបតែបើកហាងលក់ស្រាទំនើប នៅម្តុំវិមានកាណាឌីយ៉ា ដែលត្រូវចំណាយដើមទុនអស់ជាង៥ម៉ឺនដុល្លារ ថែមទៀតផង។ ការទទួល បាននូវលាភសំណាង ជួយឱ្យគ្រួសារមានជីវភាពធូធា និងធ្វើឱ្យអនាគតខ្លួនបានភ្លឺស្វាង អាចបញ្ជាក់ឱ្យឃើញថា កញ្ញា សុខ សោម៉ាវតី គឺជាយុវនារី មួយរូប មានការជោគជ័យខ្ពស់ក្នុងជីវិតការងារជាតារាសិល្បៈ និងជាយុវតីគំរួល្អ សម្រាប់ផ្តល់បទពិសោធជោគជ័យដល់យុវវ័យស្រករក្រោយ ដែលស្រទ្បាញ់អាជីពជាអ្នកសិល្បៈ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]