ដែនសមុទ្រខេត្ដកែបនៃប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈនៃយើង សម្បូរទៅដោយប្រជុំកោះតូចៗ ដែលក្នុងនោះ កោះទន្សាយ កំពុងពេញនិយមបំផុត ក្នុងចំណោមកោះទាំង១៣ផ្សេងទៀត ដោយបច្ចុប្បន្ន សក្តានុពលទេសចររបស់ទីរមណីយដ្ឋានមួយនេះ បានចាក់ស្រេះយ៉ាងជ្រៅ ទៅក្នុងក្រអៅបេះដូងអ្នកស្នេហាវិស័យទេសចរណ៍ ឱ្យនាំគ្នាអញ្ជើញទៅកម្សាន្ត កាន់តែច្រើនឡើង ពីមួយរដូវកាលទៅមួយរដូវកាលមិនចេះស្ងប់ស្ងាត់ គួរឱ្យកត់សម្គាល់។

យោងតាមឯកសារប្រវត្តិភូមិសាស្ត្រខ្មែរ បានអះអាងថា កោះទន្សាយ មានទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃក្រុងកែប និងមានចម្ងាយ៤.៥គីឡូម៉ែត្រពីទីក្រុង ដែលជារមណីដ្ឋានអំណោយផលមកពីធម្មជាតិ អាចនិយាយបានថា ជាមុខព្រួញសេដ្ឋកិច្ចនៃទេសចរណ៍ដ៏ល្អប្រណីតប្រចាំទីក្រុងកែប ទៀតផង។ លោកស្រី ឃឹម វួចអាយ ប្រធានសហគមន៍អេកូទេសចរណ៍កោះទន្សាយ បានឱ្យដឹងថា “ សក្តានុពលក្នុងតំបន់នេះ ញ៉ាំងឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចាប់អារម្មណ៍បំផុតនោះ គឺមានច្រើនអនេកហួសពីការបរិយាយ។ ជាក់ស្តែង នៅលើតំបន់ដែនកោះទន្សាយទាំងមូល មានឆ្នេរចំនួន២កន្លែងយ៉ាងធំទូលាយ និងមានជម្រាលវែងហើយមានល្បាក់រាក់ ដែលគ្របដណ្តប់ដោយគ្រាប់ខ្សាច់សក្បុស ទឹកសមុទ្រថ្លាឆ្វង់ដូចកញ្ចក់ចាំងឆ្លុះដល់បាត អាចឱ្យយើងមើលឃើញយ៉ាងច្បាស់នូវពពួកផ្កាថ្មគ្រប់ប្រភេទ មានសម្រស់ស្រស់ស្អាតប្លែកៗពីគ្នា ។ អ្នកស្រីបន្តឱ្យដឹងទៀតថា ខ្យល់អាកាសក៏បរិសុទ្ធបក់មកត្រសៀកៗ បង្កើតបានជាសំឡេងទឹករលកបោកប៉ះនឹងផ្ទាំងថ្ម ដែលដុះប៉ប្រះផ្ទៃទឹក គួរឱ្យចង់ចុះងូតប្រឡែងលេងជាមួយសត្វផ្សោត យ៉ាងត្រេកត្រអាលបំផុត ”។

យោងតាមសម្តីអ្នកស្រុក បានតំណាលតគ្នាឱ្យដឹងថា “ ឈ្មោះកោះទន្សាយនេះ ក្លាយមកពីពាក្យរំសាយ ព្រោះនៅពេលដែលស្តេចសាគររាជ អស់សង្ឃឹមក្នុងការតស៊ូ ដោយមានការបែកបាក់ពលសេនា និងបក្សពួកខ្លួនអស់ច្រើន ព្រះអង្គក៏បានដឹកនាំអ្នកដែលសេសសល់ឆ្លងសមុទ្រ មកដល់កោះមួយនៅខាងមុខក្រុងកែប ហើយក៏បានធ្វើការរំសាយទ័ពនៅទីនោះតែម្តង។ ដោយការហៅតៗគ្នាពីជំនាន់មួយទៅមួយជំនាន់ កោះរំសាយ បានក្លាយទៅជា កោះអំសាយ កោះអន្សាយ លុះក្រោយមកក៏ក្លាយទៅជា កោះទន្សាយ រហូតមកដល់សព្វថ្ងៃនេះឯង ”

ចំណែកផ្លូវដើរកម្សាន្តជុំវិញកោះ មានដើមរុក្ខជាតិស្រស់ត្រកាល ផ្តល់ម្លប់ត្រឈឹងត្រឈៃល្មមនឹងត្រជាក់ស្រួលអារម្មណ៍ បំពេរដោយសំឡេងបក្សាបក្សី ដែលហ្វូងសត្វទាំងនេះ វារមែងហិចហើរមកក្បែរៗច្រាំង នាវេលាថ្ងៃរៀបអស្តង្គត ដើម្បីឃ្លាំចាំចាប់សត្វត្រីធ្វើជាចំណីទៀតផង ។ លោកស្រីប្រធាន បានមានប្រសាសន៍បន្ថែមថា “ លើសពីនេះ សហគមន៍ ក៏មានបម្រើនូវសេវាម្ហូបអាហារតាមភោជនីយដ្ឋាន ផ្ទះសំណាក់ជាលក្ខណៈបឹងហ្គាឡូ សម្រាប់ទុកជួលជូនអ្នកទេសចរ ក្នុងតម្លៃសមរម្យ និងមានទូកចម្លងភ្ញៀវ ពីដែនម្ខាងទៅកាន់ទីកោះ ដោយទូក១គ្រឿងជួលក្នុងតម្លៃ២០ដុល្លារ សម្រាប់ទម្ងន់ខ្លួនរបស់ភ្ញៀវជាតិអាចផ្ទុកចំណុះបាន១០នាក់  រីឯភ្ញៀវបរទេស ផ្ទុកចំណុះបានត្រឹមតែ៨នាក់ប៉ុណ្ណោះ។ ចំពោះការធ្វើដំណើរ ត្រូវចំណាយពេលប្រមាណជា៣៥នាទី(ស្ងប់រលក) ឬ៤៥នាទី ទៅ១ម៉ោង (រលកធំ) ដែលបច្ចុប្បន្ន យើងសង្កេតឃើញថា លំហូរចូលនៃភ្ញៀវទេសចរក្នុងស្រុកមានកំណើន គួរឱ្យកត់សម្គាល់ ផ្ទុយពីពេលមុន គឺមានតែភ្ញៀវបរទេស ដោយភាគច្រើនគាត់ទាំងនោះ ចាប់អារម្មណ៍ចូលមកកម្សាន្តទីរមណីយដ្ឋាន ដែលមានលក្ខណសម្បត្តិបែបនេះ ”

ទន្ទឹមនឹងការពិព័រណ៍នាខាងលើ លោក សុខ ឈាវ ប្រធានមន្ទីរទេចរណ៍ខេត្តកែប បានឱ្យដឹងដែរថា “ បច្ចុប្បន្នកោះទន្សាយ មានប្រជាពលរដ្ឋរស់នៅជាអចិន្ត្រៃចំនួន១៤គ្រួសារ បន្ថែមពីលើអ្នកស្នាក់អាស្រ័យសរុប២៤គ្រួសារ ស្មើនឹងចំនួនមនុស្ស៧៩នាក់ កំពុងកសាងជីវភាពនៅលើផ្ទៃដីប្រមាណជា២គីឡូម៉ែត្រការ៉េ។ ការចងក្រងបង្កើតឱ្យមានជាសហគមន៍អេកូទេសចរណ៍នៅលើកោះទន្សាយ នេះ ពិតជាធ្វើឱ្យពួកគាត់មានជីវភាពធូរធា បានមួយកម្រិតទៀត បន្ថែមពីលើមុខរបរនេសាទសមុទ្រតូចតាច និងថែទាំចម្ការដូងបន្តិចបន្តួច ដោយសារតែមានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ តែងមកម្សាន្ដនៅតាមបណ្ដោយឆ្នេរនេះ យ៉ាងច្រើនកុះករ 

លោកប្រធានមន្ទីរទេចរណ៍រូបនេះ បានមានប្រសាសន៍ថែមទៀតថា សព្វថ្ងៃមន្ត្រីពាក់ព័ន្ធ បានជំរុញឱ្យប្រជាពលរដ្ឋរស់នៅលើកោះ ត្រូវតែមានអនាម័យ សម្អាតបរិស្ថានដែនកោះ ឱ្យបានល្អ និងខិតខំកែលម្អសោភណភាពបន្ថែម ដើម្បីទាក់ទាញនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលំហែកាយកាន់តែច្រើនទៅតាមដែលអាចធ្វើបាន។ កោះទន្សាយឥឡូវនេះ មានចំនួនភ្ញៀវទេសចរកើនឡើងជាលំដាប់ ព្រោះថាពួកគាត់ចូលចិត្ដមកសម្រាកកាយក្នុងកន្លែងស្ងៀមស្ងាត់  ហើយគ្មានអ្វីមករំខានអារម្មណ៍ពីមជ្ឈដ្ឋានខាងក្រៅ 

ដូចអ្វីដែលបានរៀបរាប់ពីខាងដើម គឺជាដំណើរដើមចមមួយ ជំនួយដល់ការស្រូបយកលំហូរចូលនៃបណ្តាភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ឱ្យអញ្ជើញមកលំហែកាយនៅលើទីរមណីយដ្ឋានអេកូទេសចរធម្មជាតិ កោះទន្សាយ នេះមិនចេះជិនណាយសោះឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]