បរទេស៖ បច្ចេកវិទ្យានៅក្នុងពិភពលោកតែងតែមានការរំកិលទៅមុខជានិច្ច។ ក្នុងពេលថ្មីៗនេះដែរ មានអ្នកជំនាញជាច្រើនបានជឿជាក់ថា ស្មាតហ្វូនអាចនឹងត្រូវជំនួសដោយឧបករណ៍ទំនើបៗក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះ ដូច្នេះហើយបានជាក្រុមហ៊ុនយ៉ាងច្រើនចាប់ផ្តើមរិះរកគំនិតថ្មីៗដើម្បីបង្កើតឧបករណ៍ដែលអាចជំនួសទូរស័ព្ទដៃបាន។

ហ្វេសប៊ុកគឺជាក្រុមហ៊ុនមួយដែលតែងតែឈានមុខគេក្នុងការនាំយកនូវអ្វីថ្មីៗជូនដល់មនុស្សជាតិ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហ្វេសប៊ុកបានទទួលសិទ្ធិក្នុងការផលិតវ៉ែនតាដែលមានភាពវៃឆ្លាតមួយ។ ទោះបីជាវ៉ែនតានេះមានរាងដូចជាវ៉ែនតាធម្មតាក៏ដោយ ប៉ុន្តែវាអាចធ្វើការងារពិសេសៗមួយចំនួនដូចជា បង្ហាញរូបភាព ចាក់វីដេអូនិងបង្ហាញរូបភាពដែលមានលក្ខណៈផុសនៅនឹងមុខឲ្យអ្នកប្រើប្រាស់ ដែលអាចទទួលបាននូវបទពិសោធន៍ និងអារម្មណ៍ពិតៗផងដែរ។ អ្នកប្រើប្រាស់ក៏អាចស្ដាប់សម្លេងបានដោយឧបករណ៍បំពងសម្លេងឬកាសទៀតផង។

រាងគំរូនៃវ៉ែនតាឆ្លាសវៃរបស់ក្រុមហ៊ុនហ្វេសប៊ុក
រាងគំរូនៃវ៉ែនតាឆ្លាសវៃរបស់ក្រុមហ៊ុនហ្វេសប៊ុក
រូបភាពដែលមានលក្ខណៈផុសនៅនឹងមុខនៅលើវ៉ែនតាឆ្លាសវៃរបស់ហ្វេសប៊ុក

នេះបើតាមសម្តីរបស់អ្នកជំនាញមួយបានឲ្យដឹងថា ក្នុងរយៈពេល ២០ទៅ៣០ឆ្នាំទៀត ការប្រើប្រាស់ទូរស័ព្ទស្មាតហ្វូននឹងត្រូវបានជំនួសដោយការពាក់វ៉ែនតាដែលទាន់សម័យនេះ ហើយយើងក៏នឹងប្រើប្រាស់វាគ្រប់ពេលផងដែរ។

វាពិតជាមានភាពលំបាកខ្លាំងណាស់ក្នុងការបង្កើតវ៉ែនតាដែលអាចជំនួសឲ្យទូរស័ព្ទបាននោះ ព្រោះថាដើម្បីជំនួសឲ្យទូរស័ព្ទបាន វែនតានោះត្រូវមានសមត្ថភាព អាចហៅចេញទៅក្រៅ អាចស្វែងរកព័ត៌មាន និងអាចធ្វើមុខងារមួយចំនួនទៀត។

គួរបញ្ជាក់ផងដែរថា ហ្វេសប៊ុកមិនមែនជាក្រុមហ៊ុនតែមួយដែលកំពុងព្យាយាមផលិតឧបករណ៍ដើម្បីជំនួសឲ្យទូរស័ព្ទនោះទេ ព្រោះថាក្រុមហ៊ុន Google ក្រុមហ៊ុន Samsung ក្រុមហ៊ុន Apple និងក្រុមហ៊ុនដទៃទៀតក៏កំពុងតែរិះរកវិធីថ្មីៗដើម្បីសំដៅឲ្យដល់គោលដៅនេះបានមុនគេផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]