ភ្នំពេញ៖ លោក ទ្រី សក្កដា គឺជាតារាចម្រៀងមួយរូប ដែលទទួលប្រជាប្រិយភាពយ៉ាងខ្លាំង ជាមួយនឹងបទ« ម្នាក់ឯងរហូត» ។

កាលពីប៉ុន្មានសប្តាហ៍មុន លោក ទ្រី សក្កដា មានជំងឺដ៏ធ្ងន់ធ្ងរមួយ ដើរមិនបាន រហូតត្រូវទៅព្យាបាលនៅប្រទេសថៃ។ ប៉ុន្តែពេលនេះ សុខភាពរបស់លោក បានល្អប្រសើរវិញហើយ។

ក្នុងនោះដែរ លោក ក៏បាននឹកឃើញរឿងមួយ មុនពេលធ្លាក់ខ្លួនឈឺ ដោយលោក បានសរសេរថា៖

«ខ្ញុំមិនដឹងថាមានមនុស្សប៉ុន្មាននាក់ ដែលជឿលើរឿងអបិយជំនឿផ្លូវងងឹតនេះទេ ! ថ្ងៃដែលខ្ញុំឈឺខ្លាំងនោះ គឺជាថ្ងៃដែលខ្ញុំចេញថតនៅខេត្តកំពត និងខេត្តកែប។ ហើយខ្ញុំចាំថាថ្ងៃចុងក្រោយគឺខ្ញុំបានមកថតនៅទីនេះ ដោយមិនបានអុជធូបសុំម្ចាស់ទឹកម្ចាស់ដីនៅសាលានេះឡើយ ខ្ញុំបានបង្ហោះ Drone លើ និងជុំវិញរូបសំណាក និងបង្ហោះ គ្រប់ទីតាំងទាំងអស់នៅក្នុងសាលា ស្រាប់តែយប់ឡើងខ្ញុំចាប់ផ្តើមហើមដៃ ហើមជើង បាត់កាបូបលុយ បើកឡានមកភ្នំពេញលែងរួច ទាំងដែលថ្ងៃឡើងខ្ញុំ ធ្វើការបានធម្មតាសោះ ! ហើយថ្ងៃដែលខ្ញុំត្រូវបញ្ជូនទៅពេទ្យថៃចុងក្រោយនោះ យប់នោះខ្ញុំបាននឹកឃើញសាលាមួយនេះដែលខ្ញុំបានមកថត ហើយបានអុជធូបបែបន់ចង់បានការបង្ហាញបើសិនជាខ្ញុំខុសពិតប្រាកដមែន ស្រាប់តែពាក់កណ្តាលអាធ្រាត្រ ខ្ញុំក៏បានយល់សប្តិឃើញ ខ្លួនឯងឆេះដៃទាំងសងខាងរលាកធ្ងន់ធ្ងរ និងយល់សប្តិឃើញ ឆ្កែមានដុះស្នែងហក់មកខាំខ្ញុំ ហើយនិងអ្នកតាម្នាក់ហាក់ដូចជាខឹងសម្បារនឹងខ្ញុំរឿងអ្វីមួយ ហើយបានស្តីឱយខ្ញុំយ៉ាងច្រើន តែលោកតាក៏បានប្រាប់ពីវិធីរំដោះគ្រោះផងដែរ ! ខ្ញុំភ្ញាក់ឡើងទាំងយប់ទាញដៃមកមើលទាំងអារម្មណ៍ភ័យស្លន់ស្លោ ញ័រទ្រូងទាំងយប់ ! កំឡុងពេលដឹកទៅថៃ ខ្ញុំមិនសង្ឃឹមថាខ្លួនឯងរស់ទេ ខ្ញុំនិងគ្រួសារតែងតែបន់ស្រន់គ្រប់ពេល ខ្ញុំទៅដល់ថៃគេងតែមួយយប់ដល់ពាក់កណ្តាលអាធ្រាត្រស្រាប់តែជើងខ្ញុំ ដៃខ្ញុំលែងឈឺទាំងអស់អាចក្រោកដើរបានធម្មតា ! ហើយក៏សូមអរគុណ និងខមាទោសដល់ម្ចាស់ទឹកម្ចាស់ដីដែលខ្ញុំបានបំពាន ! តាមពិតទៅខ្ញុំមិនសូវជឿលើរឿងអបិយជំនឿប៉ុន្មានទេ តែបើជាក់ស្តែងពេកខ្ញុំប្រកែកថាមិនជឿក៏មិនបានដែរ ! ថ្ងៃនេះខ្ញុំបានមកសែនលាបំណន់រួចអស់ហើយ សូមសេចក្តីសុខ និងលាភសំណាងទាំងឡាយកើតមានសារឡើងវិញសម្រាប់ខ្ញុំ ! »។

ទាំងនេះគ្រាន់តែជាការគិតរបស់ តារាចម្រៀង លោក ទ្រី សក្កដា ទាក់ទងនឹងផ្លូវងងឹត។ យើងមិនអាចមើលឃើញជាមុននោះទេ ដូច្នេះបើមិនជឿកុំសូមប្រមាថ ៕

លោក ទ្រី សក្កដា
លោក ទ្រី សក្កដា មកលាបំណន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]