** ប្រលោមលោកខ្មែរឡូត **

សំឡេងវីយូឡុងកំពុងតែបន្លឺយ៉ាងពីរោះអន្លង់អន្លោច បង្កប់នូវភាពកម្សត់ព្រាត់ប្រាស់នៅលើកំពូលភ្នំដ៏សែនខ្ពស់មួយអម ដោយទេសភាពស្រស់បំព្រង។ នារីស្រស់ស្អាតម្នាក់កំពុងតែកូតវីយ៉ូឡុងទាំងបិទភ្នែក ដោយទឹកមុខបង្កប់ដោយភាពស្រងូតស្រងាត់។ បន្ទាប់ពីកូតរួចនាងបើកភ្នែកឡើងរួចយកដប ដែលមានសំបុត្រមួយរុំនៅខាងក្នុងបោះទៅក្នុងជ្រោះជ្រៅដែលនៅពីមុខនាង

« ហេតុអ្វីក្តីស្រមៃរបស់អូនបានសម្រេចហើយ តែបងបែរជាមិននៅក្បែរខ្លួនអូន និងរីករាយចំពោះជោគជ័យជាមួយគ្នា? តើជោគជ័យរបស់អូនអាចមានក្តីសុខបានយ៉ាងម៉េចបើគ្មានបង? »

នាងលុតជង្គង់ចុះហើយទឹកភ្នែកស្រក់ទាំងមិនដឹងខ្លួន។ ក្តីស្រមៃនិងមហិច្ឆតាចង់បានភាពជោគជ័យវាជារឿងដែលល្អ ប៉ុន្តែការដែលមានះ និងទុកមនុស្សជាទីស្រលាញ់ចោល ដោយមិនខ្វល់ មិនអើពើ យល់ដល់អារម្មណ៍ និងសុខទុក្ខ របស់គេនោះ ទីបំផុតអ្នកនឹងស្តាយក្រោយនូវទង្វើរបស់ខ្លួន។ ការចងចាំរយៈពេលជាង ២០ ឆ្នាំនៅតែដិតដាមមនៅក្នុងការចងចាំរបស់នាងគ្មានពេលណាអាចបំភ្លេចបាន។ 

រូបតំណាង

កាលពីអាយុ ១០ ឆ្នាំ

« សន្យាណាធំឡើងយើងនឹងរៀបការនឹងគ្នា? »

« បាន!! ខ្ញុំសន្យា »

រូបភាពក្មេងប្រុសស្រីពីរនាក់ថ្ពក់ដៃគ្នាសន្យាទាំងទឹកមុខញញឹមនៅលើទោងក្នុងសួនកម្សាន្តមួយនៅតែដក់ជាប់នៅក្នុងអាម្មណ៍និងខួរក្បាលរបស់នាង។

កាលពីអាយុ ១៥ ឆ្នាំ

«ពួកយើងរៀនថ្នាក់វិទ្យាសាស្រ្តជាមួយគ្នាទៅនឹងបានជួបគ្នាញឹកញាប់ណា »

«អត់ទេខ្ញុំចង់រៀនខាងតន្ត្រី»

« អូ...បាន..អ៊ីចឹងក៏បាន»

ក្មេងប្រុសជំទង់ម្នាក់កំពុងតែនិយាយទាំងញញឹមបង្កប់ភាពសោកសៅ។

កាលពីអាយុ ១៨

«អូនរៀនខាងមហាវិទ្យាល័យអីទៅ? អូនចង់ទៅបរទេសជាមួយបងទេ? បងទើបតែសុំម៉ាក់ប៉ាទៅរៀនបន្តនៅខាងក្រៅ។ បើអូនទៅជាមួយបងរៀន យើងនឹងបានជួបគ្នារាល់ថ្ងៃណា »

« អត់ទេ....អូនចង់រៀនផ្នែកតន្ត្រី អូនបានដាក់ពាក្យប្រលេងជាប់ហើយបងឃើញអត់? អូនពូកែណាស់មែនទេ? »

នាងបដិសេធទាំងមិនខ្វល់ រួចយកក្រដាសមួយសន្លឹកបង្ហាញគេទាំងមុខញញឹមញញែមមានសេចក្តីសុខ។ គេវិញបានត្រឹមតែលួចមើលមុខនាងទាំងញញឹមបង្កប់ភាពសោកសៅ។ 

រូបតំណាង

១ ខែក្រោយមក

នាងកំពុងតែកាន់ដៃគេទាំងញញឹមដើរទៅព្រលានយន្តហោះ។

« សល់ប៉ុន្មានម៉ោងទៀតចេញដំណើរ? »

« ប្រហែលជាមួយម៉ោងទៀត»

« អូ.....ដល់ពេលអូនទៅរៀនតន្ត្រីល្មម ហាហា....និយាយចឹងពេលទៅដល់ថតរូបស្អាតៗផ្ញើអូនបានអត់? »

«សម្រាប់អូនប្រាកដជាបាន »

« អរគុណណាស់ បាយៗ»

នាងលាគេទាំងញញឹមញញែមសប្បាយចិត្ត តែគេវិញដើរទៅហើយងាកមើលនាងទាំងក្រៀមក្រំ។ គេបានឡើងយន្តហោះទៅបន្តការសិក្សានៅក្រៅប្រទេសរយៈពេល ៤ ឆ្នាំហើយញញឹមផ្តល់កម្លាំងចិត្តដល់ខ្លួនឯងថាពេលដែលគេត្រលប់មកវិញ គេនិងនាងប្រាកដជាបានរៀបការ និងរស់នៅជាមួយគ្នាអស់មួយជីវិតដូចជាការសន្យា។ ប៉ុន្តែការរំពឹងទុករបស់គេបែរជាទទួលបាននូវភាពខកបំណងម្តងហើយម្តងទៀត។ 

រូបតំណាង

៤ ឆ្នាំក្រោយ

ពេលនាងកំពុងតែបង្ហាត់ក្មេងៗនៅសាលាតន្ត្រីមួយស្រាប់តែគេបានបង្ហាញខ្លួនជាមួយផ្កាកូលាបពណ៌សមួយបាច់ធំ ព្រោះគេដឹងថានាងស្រលាញ់ផ្កាកូលាបពណ៌សខ្លាំងណាស់។

« សួស្តីស្រីស្អាត »

នាងភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលដែលឃើញវត្តមានរបស់គេ។

« បងមកវិញតាំងពីពេលណា ហេតុអ្វីមិនប្រាប់អូននេះ? អេ ហើយឱកាសអីបានជាជូនបាច់ ផ្កាអូនទៅវិញ? ស្អាតណាស់! » នាងនិយាយទាំងភ្ញាក់ផ្អើល និងញញឹមញញែមមើលផ្កាមួយបាច់ធំដែលនៅលើដៃគេ។

« មកសុំអូនរៀបការហ្នឹងណា » គេនិយាយទាំងញញឹមមានសង្ឃឹម ប៉ុន្តែនាងក៏បានចាប់ផ្តើមប្តូរទឹកមុខមួយរំពេចរួចញញឹមញញែមបន្តិចហើយនិយាយ។

« អូនទទួលផ្ការបស់បង តែអូនមិនទទួលពាក្យសុំរៀបការរបស់បងទេណា » គេក៏ប្រែជាទឹកមុខមួយរំពេចរួចសួរទាំងឆ្ងល់

« អូនមិនស្រលាញ់បងទេ? ឬអូនមានអ្នក......» នាងកញ្ឆក់ផ្កាពីដៃរបស់គេ រួចវាយគេមួយដៃទាំងខ្នាញ់រួចញញឹមញញែម។

« ឆ្កួត!!! អូនរវល់យ៉ាងនេះមានពេលឯណាទៅរកថ្មី។ ម្យ៉ាងអូនក៏មានតែបងម្នាក់ បងនៅមិនដឹងទៀត? »

« តែហេតុអីបានជាអូនបដិសេធ? »

« អ្នកណាថាបដិសេធ? គ្រាន់តែអូនមិនទាន់យល់ព្រមតើ។ បងក៏ដឹងថាក្តីស្រមៃរបស់អូនមិនទាន់បានសម្រេចដែរតើ។ បងដឹងទេឆ្នាំក្រោយមានការប្រកួតផ្នែកតន្ត្រីលំដាប់អន្តរជាតិមួយ អូននឹងដាក់ពាក្យប្រលងហើយ បងត្រូវផ្តល់កម្លាំងចិត្តឱ្យអូនណា? » នាងឱបដៃគេយកចិត្ត។ គេញញឹមញញែមអង្អែលក្បាលនាងដោយក្តីស្រលាញ់តែបង្កប់នូវភាពស្រពោននៅខាងក្នុង

« បាន!!! អូនក៏ដឹងថាអ្វីដែលអូនសុំ និងអ្វីដែលអូនចង់បានបងអាចឱ្យអូនបានទាំងអស់ »

« អូនដឹងតើថាមានតែបងទេស្រលាញ់អូនជាងគេ...» នាងផ្តេកក្បាលលើស្មារគេញញឹមញញែម សង្ឃឹមនូវពន្លឺភាពជោគជ័យនៅពេលខាងមុខ។ តែគេលួចដកដង្ហើមធំទាំងខ្វល់ខ្វាយចិត្ត។  

រូបតំណាង

១ឆ្នាំចុងក្រោយ

គេកំពុងតែនៅក្នុងមន្ទីរពេទ្យពិនិត្យសុខភាពទាំងក្រៀមក្រំ។ ពេទ្យបានមើលមុខគេទាំងគិតបន្តិចរួចនិយាយ

« ខ្ញុំថាលោកគួរតែធ្វើការវះកាត់ឱ្យបានលឿនបំផុត ចេះចុះខ្ញុំជួយកំណត់ថ្ងៃឱ្យលោក ៣ ថ្ងៃទៀតចុះដើម្បីត្រៀមធ្វើការវះកាត់ »

« មិនបានទេគ្រូពេទ្យ សង្សាររបស់ខ្ញុំនាងត្រូវចូលរួមការប្រកួតអន្តរជាតិនៅអាទិត្យក្រោយនេះហើយ ខ្ញុំត្រូវតែទៅផ្តល់កម្លាំងចិត្តដល់នាង »

ពេទ្យដកដង្ហើមធំរួចនិយាយ

« ខ្ញុំថាលោកគួរតែប្រាប់បញ្ហានេះទៅគ្រួសាររបស់លោក និងមនុស្សជាទីស្រលាញ់របស់លោកទៅ ពេលខ្លះខ្ញុំថារឿងដែលលោកគិតថាពិបាកអាចនឹងងាយស្រួលជាងនេះ »

« មិនបានទេ ខ្ញុំមិនអាចប្រាប់អ្នកណាបានទេ ចាត់ទុកថាខ្ញុំអង្វរទៅចុះ បន្ទាប់ពីនាងប្រកួតចប់ភ្លាមខ្ញុំសន្យាថានឹងមកមន្ទីរពេទ្យឱ្យបានឆាប់បំផុតណា » ពេទ្យគ្រវីក្បាលដកដង្ហើមធំទាំងពិបាកចិត្ត។ 

...........................................

១ អាទិត្យមុនប្រកួតគេបានញ៉ាំអាហារមួយពេលជាមួយនាងដោយអារម្មណ៍វិលវល់។ ភ្លាមៗនោះអាការៈឈឺក្បាលរបស់គេស្រាប់តែរើឡើងមួយរំពេច។ នាងឃើញភាពមិនប្រក្រតីរបស់គេក៏សួរទាំងឆ្ងល់

« បងមានរឿងអីមែនទេ? »

« អ៎! បងមិនអីទេ បងលេបថ្នាំបន្តិចទៅលែងអីហើយ » គេប្រឹងអត់ទ្រាំការឈឺចាប់ហើយប្រឹងញញឹមដើម្បីមិនឱ្យនាងសង្ស័យរួចប្រឹងទាញថ្នាំពីហោប៉ៅទាំងញ័រដៃ។

« បងប្រើថ្នាំពេទ្យបងឥឡូវ? សុខភាពបងក្រែងល្អរហូតតើ?»

« បងទើបតែប្រើមួយរយៈនេះទេ ការងាររវល់ច្រើនពេកបានជាស្ត្រេសហើយធ្វើឱ្យឈឺក្បាលអ៊ីចឹង»

នាងងក់ក្បាលញញឹមទាំងមិនសង្ស័យ។ គេបានសុំនាងទៅបន្ទប់ទឹកទាំងអត់ទ្រាំការឈឺចាប់។គេយកដៃក្តោបក្បាលទាំងពិបាកទ្រាំរួចយកដៃក្បង់ទឹកលុបមុខទាំងខឹងខ្លួនឯង។

ថ្ងៃប្រកួតបានមកដល់

នាងក្នុងសំលៀកបំពាក់រ៉ូបវែងដូចកូនក្រមុំកំពុងតែដើរចុះឡើងទាំងអន្ទះសារ ព្រោះតែជិតដល់ពេលប្រកួតហើយគេនៅតែមិនទាន់មកដល់។ ទោះជាក្តីស្រមៃរបស់នាងសំខាន់ តែគេចំពោះនាងក៏សំខាន់ដូចគ្នា។ ទីបំផុតរូបរាងបុរសសង្ហាជាមួយសំលៀកបំពាក់ឈុតអាវធំស្រស់ស្អាត មុខមានមន្តតែបង្កប់ដោយភាពស្លេកស្លាំងបានមកដល់មុខនាងជាមួយបាច់ផ្កាកូលាបពណ៌សមួយបាច់ធំ

« ម៉េចបងមកយឺតម្ល៉េះ? អូនខំចាំបងណា » នាងនិយាយទាំងមុខង៉ក់ងរ។

« សុំទោស....មកពីបងរវល់ពេក....នេះជាផ្កាកូលាបរបស់អូន...បងអបអរអូនទុកមុន...»

« កុំប្រញាប់ឱ្យអូនអី អូនមិនទាន់ដឹងថាអូនឈ្នះ ឬអត់ផង»

« បងជឿជាក់ថាមនុស្សស្រីដែលបងស្រលាញ់ពូកែ ហើយអាចធ្វើបាន »

នាងញញឹមញញែមទទួលផ្កាកូលាបនោះមកថើបទាំងសប្បាយរីករាយ។ គេក៏ដកចិញ្ចៀនមួយវង់ចេញមករួចនិយាយ

« អូនអាចប្រាប់បងបានអត់ ថាអូននឹងរៀបការជាមួយបងទេ? » នាងសម្លក់គេទាំងខ្នាញ់រួចនិយាយ

«កុំប្រញាប់ពេកបានអត់ បងក៏ដឹងចម្លើយរបស់អូនដែរមែនអត់? ចាំអូនប្រកួតរួចអូននឹងប្រាប់បានអត់? ត្រូវចាំអូន...តែប៉ុន្មានម៉ោងទៀតទេ....ណាណា...» គេញញឹមទាំងក្រៀមក្រំរួចទុកចិញ្ចៀនវិញហើយនិយាយ

« បាន....បង...ចាំអូន..» នាងក៏ស្ទុះឱបគេរួចនិយាយ

« អរគុណដែលនៅក្បែរអូន និងលើកទឹកចិត្តអូនកន្លងមក អូនសុំទោសដែលឱ្យបងចាំឡើងយូរ...ប៉ុន្តែអូនសន្យាតែបន្តិចទៀតទេ...អូនអាចសម្រេចក្តីស្រមៃរបស់អូនហើយ ពេលនោះអូននឹងមិនស្ទាក់ស្ទើរទៀតទេ...អូនស្រលាញ់បង » បងខ្សឹបប្រាប់គេដោយសម្តីពោរពេញដោយក្តីស្រលាញ់។ គេវាយក្បាលនាងតិចៗ។ ការប្រកួតក៏បានចាប់ផ្តើម។ គេនិងគ្រួសាររបស់នាងក៏បានអង្គុយនៅជួរដែលជិតឆាកបំផុត។ នៅពេលដែលដល់ពេលនាងឡើងទៅវេទិការ ស្រាប់តែជំងឺរបស់គេរើឡើងរហូតគេទ្រាំមិនបាន។ គេមិនចង់ទន់ខ្សោយនៅចំពោះមុខរបសនាង គេក៏បានក្រោកចេញពីកៅអីដោយមានម៉ាក់ប៉ារបស់នាងតាមមើលទាំងឆ្ងល់ សូម្បីតែនាងកំពុងតែត្រៀមបញ្ចេញសមត្ថភាព ពេលឃើញភាពមិនប្រក្រតីរបស់គេនាងក៏ឆ្ងល់ហើយចង់ចុះទៅសួរ តែពន្លឺភាពជោគជ័យរបស់នាងបានឃាត់ជើងរបស់នាង។ មួយរំពេចគេបានដួលនៅតាមផ្លូវពេលដែលប្រឹងដើរជិតផុតសាលប្រកួតនេះទៅហើយ។ សន្តិសុខ និងម៉ាក់ប៉ារបស់នាងបានស្ទុះទៅលើកគេ និងគ្រាគេចេញទៅ។ ភាពក្តុកក្តួល ការបារម្ភ និងភាពអន្ទះសារធ្វើឱ្យនាងចង់បោះបង់វេទិការនេះចោល តែក្តីស្រមៃបានទប់ចិត្ត របស់នាងជាប់ម្តងហើយម្តងទៀត។ នាងនិយាយតិចៗម្នាក់ឯង

« បងប្រាកដជាមិនអី បងត្រូវតែទ្រាំ ....អូនសុំទោសអូននឹងប្រឹងប្រែងនាំយកភាពជោគជ័យបង្ហាញបង..ម៉ាក់ប៉ាមើលគាត់ផងណា » នាងនិយាយនិងបន់ស្រន់ក្នុងចិត្ត។ 

រូបតំណាង

ការប្រកួតចាប់ផ្តើម នាងបានប្រឹងប្រែងអស់ពីសមត្ថភាព និងកម្លាំងកាយចិត្តរហូតទទួលបានជ័យជំនះលំដាប់ពិភពលោក។ នាងបានរត់ឱបបាច់ផ្កាកុលាបពណ៌សរបស់គេ និងបានកាន់ពានរង្វាន់ទាំងញញឹមសំដៅទៅមន្ទីរពេទ្យ។ តែពេលនាងទៅដល់នាងបានត្រឹមតែឃើញទឹកភ្នែករបស់ម៉ាក់ប៉ារបស់គេ និងភាពក្រៀមក្រំរបស់ម៉ាក់ប៉ារបស់នាង។

« នេះ....មានរឿងអី? »

ម៉ាក់របស់នាងបានទះខ្នងនាងលួងលោមរួចនិយាយទាំងអួលដើម-ក

«គេប្រហែលជាកំពុងតែរង់ចាំកូនហើយ កូនចូលទៅចុះណា» នាងរន្ធត់ចិត្តយ៉ាងខ្លាំង។ នាងបានស្ទុះរត់ចូលទៅខាងក្នុងឃើញបុរសសង្ហាជាទីស្រលាញ់របស់នាងពេលនេះស្ថិតក្នុងសភាពទន់ខ្សោយ។ សក់របស់គេត្រូវបានកោរអស់និងស្រោបដោយក្រណាត់រុំសល់តែប្រឡោះភ្នែក និងមាត់។ ហើយច្រមុះរបស់គេបានបំពាក់ឧបករណ៍អុកស៊ីហ្សែន។

« បង!!! បងកើតអី បងកើតអី? » ពេទ្យស្រីដែលនៅក្បែរនេះបាននិយាយប្រាប់ថាជំងឺដុះសាច់ក្នុងខួរក្បាលដែលមិនព្រមវះកាត់របស់គេបានធ្វើឱ្យវាកាន់តែរីកធំ និងធ្ងន់ធ្ងរ។ ទោះជាវះកាត់ហើយក៏ដោយ តែពេលនេះគេមានសង្ឃឹមរស់និងដឹងខ្លួនត្រឹមតែ ១០ភាគរយប៉ុណ្ណោះ។ ពេលនេះគេកំពុងតែប្រឹងប្រែងទប់ទល់នឹងមច្ចុរាជដើម្បីរង់ចាំជួបមនុស្សជាទីស្រលាញ់របស់គេជាលើកចុងក្រោយ។

« អត់ទេ...អូនមិនជឿ ៗៗៗ ដឹងខ្លួនវិញមក ក្រោកវិញមក អូនមកដល់ហើយ បងមើលនែ! អូនបានឈ្នះពានលេខ១ អូនជោគជ័យហើយ ក្តីស្រមៃរបស់អូនបានសម្រេចហើយ បងក្រោកឡើងមកអបអរភ្លាមមក អូនសូមអង្វរ....ក្រោកឡើងមក...ក្រែងបងចង់ស្តាប់ចម្លើយរបស់អូនមែនទេ? បងចង់សុំអូនរៀបការមែនទេ? អូនប្រាប់បង..អូនប្រាប់បងពេលនេះ ថាអូនយល់ព្រម អូននឹងរៀបការជាមួយបង យើងនឹងរៀបការជាមួយគ្នានិងរស់នៅជាមួយគ្នាអស់មួយជីវិត....ក្រោកឡើងមក ឮអូននិយាយទេ? ហេតុអ្វីតែប៉ុន្មានម៉ោងសោះបងចាំអូនមិនបាន? » នាងនិយាយផងយំផងធ្វើឱ្យក្រុមគ្រូពេទ្យនិងម៉ាក់ប៉ារបស់គេម៉ាក់ប៉ារបស់នាងយំតាមទាំងរន្ធត់ចិត្ត។ ពេលនោះស្រាប់តែគេប្រើកម្លាំងចុងក្រោយចាប់ដៃរបស់នាងជាប់ រួចដង្ហើមរបស់គេក៏បានរលត់បាត់ពីលោកនេះបាត់ទៅ។

« អត់ទេៗៗៗៗ កុំទៅៗៗ មកវិញមក................» 

រូបតំណាង

នាងស្រែកទ្រហោយំខ្លាំងៗឱបមនុស្សជាទីស្រលាញ់នៅក្នុងដៃ។ អ្វីៗបានកន្លងហួសទៅហើយ អ្វីៗដែលកើតឡើងហើយយើងមិនអាចហៅវាឱ្យត្រលប់មកវិញបាននោះទេ។ ដូចជាគេដែលបានចាកចេញពីនាងទៅហើយ គឺចាកចេញគ្មានថ្ងៃត្រលប់មកផ្តល់ស្នាមញញឹម ផ្តល់កម្លាំងចិត្ត និងលើកទឹកចិត្តនាងបានទៀតទេ។ តើជោគជ័យរបស់នាងមានប្រយោជន៍អ្វី មានន័យអ្វីទៅ បើពេលនេះគ្មានមនុស្សម្នាក់នោះនៅក្បែរផង?

មនុស្សយើងមិនគួរទាល់តែចាំមានអ្វីៗទាំងអស់ទើបសារភាពថាស្រលាញ់ ។ មនុស្សយើងមិនបាច់ថាចាំមានអ្វីគ្រប់យ៉ាងទើបចាប់អារម្មណ៍មនុស្សនៅក្បែរខ្លួននោះទេ។ ព្រោះតែអ្វីៗគ្រប់យ៉ាងក៏អាចបាត់បង់ផងដែរ នៅពេលដែលអ្នកដឹងថាអ្វីៗគ្រប់យ៉ាងនោះដែលអ្នកចង់បាន បែរក្លាយជាបាត់បង់របស់ និងមនុស្សជាទីស្រលាញ់ទៅវិញ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]