បរទេស៖ ក្រុមហ៊ុន Google គឺជាក្រុមហ៊ុនមួយ ដែលមានឈ្មោះបោះសម្លេងយ៉ាងខ្លាំងនៅក្នុងពេលបច្ចប្បន្ននេះ។ ហើយពេលនេះដែរ ក្រុមហ៊ុន Google ក៏បានត្រៀមខ្លួនចំណាយទឹកប្រាក់ប្រមាណជា ៣ពាន់លានដុល្លារឲ្យទៅក្រុមហ៊ុន Apple ក្នុងឆ្នាំនេះដើម្បីរក្សាខ្លួនជាម៉ាស៊ីនស្វែងរកនៅលើឧបករណ៍ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS ។ ម៉ាស៊ីនស្វែងរកគឺជាកម្មវិធីមួយនៅលើអ៊ីនធឺណេត ដែលអាចជួយស្វែងរកទិន្នន័យដែលអ្នកចង់រកបាន ដោយគ្រាន់តែវាយពាក្យគន្លឹះចូលប៉ុណ្ណោះ។

ម៉ាស៊ីនស្វែងរករបស់ក្រុមហ៊ុន Google នៅលើទូរស័ព្ទ iPhone

យោងទៅតាមសារព័ត៌មាន The Investor បានឲ្យដឹងថា កាលពី ៣ឆ្នាំមុន ក្រុមហ៊ុន Google បានចំណាយទឹកប្រាក់ចំនួន ១ពាន់លានដុល្លារប៉ុណ្ណោះដើម្បីបានក្លាយជាម៉ាស៊ីនស្វែងរកនៅលើឧបករណ៍ iOS ប៉ុន្តែក្នុងឆ្នាំនេះក្រុមហ៊ុន Google នឹងតម្លើងការចំណាយទៅដល់ក្រុមហ៊ុន Apple ជាង ៣០០ភាគរយផងដែរ។

ការចំណាយប្រាក់របស់ក្រុមហ៊ុន Google ទៅដល់ក្រុមហ៊ុន Apple លើកនេះមានចំនួនស្ទើរតែស្មើនឹង ៥ភាគរយនៃប្រាក់ចំណេញសរុបរបស់ក្រុមហ៊ុន Apple នៅក្នុងឆ្នាំនេះ។ មូលហេតុដែលធ្វើឲ្យក្រុមហ៊ុន Google ចំណាយប្រាក់យ៉ាងច្រើនបែបនេះ ក៏ព្រោះតែប្រាក់ចំណូលដែលបានមកពីម៉ាស៊ីនស្វែងរក ដែលមាននៅលើទូរស័ព្ទប្រហែលជា ៥០ភាគរយ គឺបានមកពីឧបករណ៍ iOS របស់ក្រុមហ៊ុន Apple ។

ការិយាល័យកណ្តាលក្រុមហ៊ុន Google
ការិយាល័យកណ្តាលក្រុមហ៊ុន Apple

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះក្រុមហ៊ុន Google ធ្វើការអភិវឌ្ឍន៍យ៉ាងខ្លាំងដោយអាចឲ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសមួយចំនួន ប្រើសម្លេងរបស់ពួកគេដើម្បីដំណើរការម៉ាស៊ីនស្វែងរកផងដែរ។ នេះបានបង្ហាញឲ្យឃើញពីមហិច្ឆតារបស់ក្រុមហ៊ុន Google នៅក្នុងការរក្សាខ្លួនជា ក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលឈានមុខគេផងដែរ៕

ប្រភព៖ Firstpost

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]