អូស្ដ្រាលី៖ អ្នកស្រាវជ្រាវ ទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការប្រើប្រាស់ស្បូនសិប្បនិម្មិត្តលើកូនចៀមមិនគ្រប់ខែ ដែលនេះជាលើកទីពីរហើយក្នុងការធ្វើពិសោធន៍មួយនេះ។

សម្រាប់ភាពជោគជ័យនេះ អាចក្លាយជាក្ដីសង្ឃឹមថ្មីសម្រាប់ទារកដែលកើតមកមិនគ្រប់ខែ ខណៈដែលអ្នកជំនាញសង្ឃឹមថា ថង់ប្លាស្ទិចដែលពោរពេញទៅដោយសារធាតុរាវនេះ អាចជួយឲ្យទារក វិវឌ្ឍន៍សរីរាង្គ និងធ្វើឲ្យពួកគេលូតលាស់បានយ៉ាងល្អ មុននឹងកើត។

រូបភាពកូនចៀម នៅក្នុងស្បូនសិប្បនិម្មិត្ត

គួរបញ្ជាក់ថា ការពិសោធន៍ជាលើកទីមួយ ត្រូវបានធ្វើឡើងដោយអ្នកវិទ្យាសាស្ដ្រនៅទីក្រុង Philadelphia ក្នុងសហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះ ដែលនាពេលនេះអ្នកវិទ្យាសាស្ដ្រក្នុងអូស្ដ្រាលី ក៏ចម្លងឧបករណ៍នេះដើម្បីយកមកពិសោធន៍ដូចគ្នា។ 

សម្រាប់ការសិក្សាចុងក្រោយ ក៏បានឲ្យដឹងថា កូនចៀមមិនគ្រប់ខែត្រូវបានគេដាក់ចូលក្នុងថង់ប្លាស្ទិចដែលគេច្នៃឡើង ប្រហែលជាមួយអាទិត្យ ដើម្បីធ្វើតេស្ដមើលពីប្រតិកម្មរបស់ពួកគេ និងការលូតលាស់ក្នុងបរិយាកាសមួយនេះ។ ជាចុងក្រោយ កូនចៀមទាំងនេះ បានកើតមកដោយសុខភាពល្អ ក្រោយពីការចិញ្ចឹមក្នុងស្បូនសិប្បនិម្មិត្តនេះ ដោយគ្មានសញ្ញាខូចខួរក្បាលនោះទេ។

នេះបើតាមប្រភពព័ត៌មានចាស់បានឲ្យដឹងថាស្បូនសិប្បនិម្មិត្ត ដែលជាថង់ប្លាស្ទិចបិទជិតនេះ ធ្វើឡើងពីវត្ថុធាតុមួយប្រភេទឈ្មោះ Polythene ហើយផ្ទុកទៅដោយទឹកភ្លោះក្នុងការផ្តល់សារធាតុចិញ្ចឹមទាំងអស់ និងការការពារដែលត្រូវការសម្រាប់ការធំធាត់ និងបំពង់អុកស៊ីសែនដែលដំណើរការដូចជាទងសុក។

កូនចៀមត្រូវបានគេដាក់ចូលក្នុងថង់ប្លាស្ទិច ប្រហែលជាមួយអាទិត្យ ដើម្បីធ្វើតេស្ដមើល

ទាក់ទងនឹងការសិក្សាទាំងពីរនេះ បេះដូងកូនចៀមត្រូវបានពឹងផ្អែកទៅលើកម្លាំងស្បូនសិប្បនិម្មិត្ត ដែលវាត្រូវបានត្រួតពិនិត្យយ៉ាងដិតដល់ ខណៈដែលសរីរាង្គរបស់ចៀមនេះ ធ្វើការវិវឌ្ឍន៍។

ប៉ុន្ដែជាមួយគ្នានេះក៏មានការរិះគន់ថា វិធីទាំងនេះពិតជាគ្រោះថ្នាក់ណាស់ ដោយសារតែកូនចៀម និងកូនមនុស្សគឺមានភាពខុសគ្នា។ ជាឧទាហរណ៍ កូនចៀមនៅក្នុងស្បូនតែ ៥ខែប៉ុណ្ណោះ ខណៈដែលកូនមនុស្សវិញគឺមានរយៈពេល ៨ទៅ៩ខែ។ មួយវិញទៀត កូនចៀមកើតមកមានទំហំធំជាងទារកមនុស្សធម្មតា។ ទោះជាយ៉ាងណា អ្នកស្រាវជ្រាវមិនរំពឹងទុកថា នឹងធ្វើតេស្ដសាកល្បងទៅលើទារកមនុស្ស សម្រាប់ ៥ឆ្នាំខាងមុខទៀតនោះទេ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]