ឧស្សាហកម្មបង្កើតហ្គេមបានរីកលូតលាស់ធំឡើងៗពីឆ្នាំទៅមួយឆ្នាំ។ ក្នុងពេលនេះ ឧបករណ៍សម្រាប់ធ្វើការលេងហ្គេមមានច្រើនណាស់រួមមាន កុំព្យូទ័រ ស្មាតហ្វូន និងម៉ាស៊ីនលេងហ្គេមផ្ទាល់តែម្តង។  តែតាំងពីដើមរហូតដល់ឥលូវនេះ មានមនុស្សជាច្រើនបានចាត់ទុកថាហ្គេមគឺគ្រាន់តែជាល្បែងកម្សាន្តមួយដែលគ្មានប្រយោជន៍ប៉ុណ្ណោះ។

ដំណឹងល្អក្នុងពេលនេះគឺថា ហ្គេមមិនមែនឥតប្រយោជន៍នោះទេ ព្រោះមានការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ហ្គេមអាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់អ្នកលេងផងដែរ។

អត្ថប្រយោជន៍ទាំង ៥ នៃការលេងវីដេអូហ្គេមមានដូចជា៖ 

១. ហ្គេមអាចជួយបង្កើនការចងចាំរបស់អ្នក

មានការសិក្សាជាច្រើនបានបង្ហាញថា វីដេអូហ្គេមគឺល្អណាស់សម្រាប់ជួយបង្កើនការចងចាំរបស់មនុស្ស។  ការលេងហ្គេមអាចជួយអភិវឌ្ឍន៍សមត្ថភាពចងចាំរហូតដល់ទៅ ១២ភាគរយ។  អ្នកស្រាវជ្រាវមានការត្រេកអរនៃរបកគំហើញរបស់ពួកគេ ព្រោះថាគេអាចប្រើហ្គេមដើម្បីព្យាបាលអ្នកដែលមានបញ្ហាចងចាំផងដែរ។

ជួយបង្កើនការចងចាំ

២. បង្កើនការសហការរវាងដៃនិងភ្នែករបស់អ្នក

ការលេងហ្គេមអាចជួយឲ្យដៃរបស់អ្នក មានភាពស៊ីចង្វាក់ជាមួយនឹងភ្នែក។ លើសពីនេះទៅទៀតការលេងហ្គេម អាចជួយឲ្យភ្នែក និងដៃ មានភាពរហ័សរហួនជាងមុនផងដែរ។ របកគំហើញនេះបានធ្វើឲ្យមានការប្រើប្រាស់ហ្គេម ដើម្បីជួយបណ្តុះបណ្តាលគ្រូពេទ្យវះកាត់ទៀតផង។

៣. អាចជួយឲ្យខួរក្បាលរបស់អ្នកមានសុខភាពល្អ

ក្រៅពីបង្កើនសមត្ថភាពការចងចាំ ហ្គេមក៏អាចជួយឲ្យខួរក្បាលមានដំណើរការប្រក្រតីផងដែរ។ នោះមានន័យថា ការចំណាយពេលវេលាដើម្បីលេងហ្គេម គឺដូចជាការបង្រៀនខួរក្បាលរបស់អ្នកឲ្យចេះយកចិត្តទុកដាក់ ផ្តោតអារម្មណ៍ និងបែងចែកខុសឬត្រូវបាន។  ការលេងហ្គេមក៏ជាវិធីសាស្ត្រមួយដើម្បីព្យាបាលអ្នកដែលមានជំងឺវង្វេងផងដែរ។

ជួយឲ្យខួរក្បាលរបស់អ្នកមានសុខភាពល្អ

៤. ជួយកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍ និងជំងឺធ្លាក់ទឹកចិត្ត

ហ្គេមអាចជួយកាត់បន្ថយកម្រិតនៃភាពតានតឹងអារម្មណ៍ ហើយថែមទាំងកាត់បន្ថយអត្រាធ្លាក់ទឹកចិត្តផងដែរ ព្រោះថាការលេងហ្គេមនឹងធ្វើខួរក្បាលរបស់អ្នកភ្លេចនូវបញ្ហានានាដែលអ្នកកំពុងតែជួបប្រទះ។  ហើយលើសពីនេះទៅទៀត ការលេងហ្គេមអាចជាឱសថមួយដែលអាចធ្វើឲ្យអ្នកមានអរម្មណ៍ប្រសើរឡើងវិញ នៅពេលដែលអ្នកមានអារម្មណ៍មិនល្អទៀតផង។

កាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍និងជំងឺធ្លាក់ទឹកចិត្ត

៥. ធ្វើឱ្យការសម្រេចចិត្តរបស់អ្នកមានភាពច្បាស់លាស់

ហ្គេមអាចជួយបង្កើនបច្ចេកទេសក្នុងការសម្រេចចិត្តរបស់អ្នកលេងបាន។ ការលេងហ្គេមតម្រូវឲ្យអ្នកលេងចេះថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិនៃអ្វីមួយឲ្យបានច្បាស់លាស់មុននឹងធ្វើការសម្រេចចិត្ត។  ហ្គេមខ្លះក៏តម្រូវឱ្យអ្នកគិតយ៉ាងខ្លាំងទៅលើកម្រិតនៃយុទ្ធសាស្ត្ររបស់អ្នកដើម្បីយកឈ្នះផងដែរ។  ហើយការសម្រេចចិត្តក្នុងការលេងហ្គេមទាំងនោះនឹងមានអត្ថប្រយោជន៍ នៅពេលដែលអ្នកជួបប្រទះនូវបញ្ហាអ្វីមួយ។

ធ្វើឱ្យការសម្រេចចិត្តរបស់អ្នកមានភាពច្បាស់លាស់

កំណត់ចំណាំ៖

ទោះបីការលេងហ្គេមមានប្រយោជន៍ល្អក៏ពិតមែន តែបើពេលណា យើងលេងរហូតដល់ភ្លេចបាយ ភ្លេចទឹក  ភ្លេចការសិក្សា  ការងារ ជាដើមនោះ  វាលែងមានប្រយោជន៍អ្វីទៀតហើយ វាមានតែបំផ្លាញពេលវេលារបស់យើងទៅវិញ។  ហេតុនេះយើងត្រូវបែងចែកពេលទំនេរឲ្យបានច្បាស់លាស់  និងពេលសម្រាកពីការងារ ឬការរៀនសូត្រ ដើម្បីបន្ធូរបន្ថយភាពតានតឹង ដោយការលេងហ្គេម ទើបប្រសើរជាង ចំណាយពេលទាំងស្រុងយកមកលេងហ្គេម៕ លេងហ្គេមដោយការទទួលខុសត្រូវ! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]