អង់គ្លេស៖ កុមារាជនជាតិឥណ្ឌា អាយុទើបតែ១២ឆ្នាំម្នាក់ ថ្មីៗនេះបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយការបង្ហាញខ្លួននៅក្នុងកម្មវិធីប្រកួតប្រជែងសមត្ថភាពផ្នែកចំណេះដឹងមួយ ដែលរូបគេមានសមត្ថភាពឆ្លើយសំណួរដ៏ពិបាកៗ បានត្រឹមត្រូវគ្រប់សំណួរទាំងអស់។

កុមារាវ័យឆ្លាតរូបនេះ មានឈ្មោះថា Rahul បានចូលរួមប្រកួតក្នុងកម្មវិធី ទេពកោសល្យកុមារ ឬហៅថា «Child Genius» ដែលមានការចូលរួម ពីសំណាក់កុមារៗឆ្លាតៗជាច្រើន មកពីជុំវិញពិភពលោក និងមានការចាក់ផ្សាយផ្ទាល់ នៅលើប៉ុស្តិ៍ទូរទស្សន៍លេខ៤ របស់ចក្រភពអង់គ្លេស។

ក្នុងកម្មវិធីនៅសល់បេក្ខភាពកុមារចំនួន ២០នាក់ប៉ុណ្ណោះ ដែលកុមារខ្លះមានអាយុ៨ឆ្នាំ ដល់១២ឆ្នាំ ចូលខ្លួនមកប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ ក្នុងរយៈពេលមួយសប្តាហ៍ ខាងផ្នែកចំណេះដឹង ដើម្បីលើកពានតែម្នាក់ប៉ុណ្ណោះ។

រូបភាព៖ កុមារា Rahul

នៅជុំដំបូង កុមារា Rahul ធ្វើបានយ៉ាងល្អបំផុត ក្នុងវិញ្ញាសារប្រកបពាក្យ ដែលអាចឲ្យគេទទួលបានពិន្ទុពេញពីគណៈកម្មការ។ ពោលគឺមានន័យថា សំណួរទាំង១៤ដែលគណៈកម្មការ បានចោទសួរទៅកាន់ Rahul គឺគេឆ្លើយបានត្រឹមត្រូវទាំងអស់គ្មានចន្លោះមួយពាក្យឡើយ។

នៅជុំបន្ទាប់ កុមារា Rahul ធ្វើបានល្អឥតខ្ចោះតែ១៤សំណួរប៉ុណ្ណោះ ក្នុងចំណោមសំណួរទាំង១៥ ដោយសារសំណួរចុងក្រោយ គឺត្រូវបានអស់ម៉ោងដែលមិនអាចឲ្យ Rahul ឆ្លើយទាន់ពេលវេលាបាន។ ប៉ុន្តែទោះបីជាយ៉ាងណាកុមារា Rahul នៅតែមានឱកាសឈានទៅដល់វគ្គបន្តបាន ហើយក៏ជាក្តីសង្ឃឹមមួយ ដែលគេអាចយកឈ្នះលើកុមារៗដ៏ទៃទៀតបានផងដែរ។

ប្រភពដដែលបន្តថា កុមារា Rahul មាន IQ ចំនួន១៦២ ដែលចំនួននេះ ត្រូវបានគេជឿជាក់ថា ជាចំនួនមួយដែលខ្ពស់ជាងអ្នកប្រាជ្ញរូបវិទ្យា Albert Einstein និង Stephen Hawking ទៅទៀត។ លើសពីនេះ ភាពវៃឆ្លាតរបស់កុមារា Rahul អាចនឹងត្រូវគេចាត់ចូលក្នុងក្លឹប Mensa Club ដែលគេស្គាល់ថាជាក្លឹបដ៏ធំ និងចាស់ជាងគេបំផុតមួយលើពិភពលោក បណ្តុំទៅដោយសង្គមមនុស្សដែលមាន IQ ខ្ពស់ថែមទៀតផង។

រូបភាព៖ កុមារា Rahul

កុមារា Rahul និយាយថា «ខ្ញុំតែងតែងចង់ធ្វើអ្វីឲ្យបានល្អបំផុត។ គ្មានបញ្ហាអ្វីដែលខ្ញុំមិនអាចដោះស្រាយបាន ឬធ្វើមិនបាននោះទេ។ ខ្ញុំគិតថា ខ្លួនខ្ញុំគឺជាមនុស្សម្នាក់ដែលមានទេពកោសល្យផ្នែកចំណេះខ្ពស់។ ខ្ញុំពូកែខាងគណិតវិទ្យា ចំណេះដឹងទូទៅ ព្រោះខ្ញុំគិតថា វាពិតជាងាយស្រួលខ្លាំងណាស់សម្រាប់ខ្ញុំក្នុងការចងចាំវា»

គួរឲ្យដឹងដែរថា ឪពុករបស់កុមារា Rahul មានឈ្មោះថា Minesh គាត់គឺជាប្រធានគ្រប់គ្រងផ្នែកព័ត៌មានវិទ្យា ចំណែកឯម្តាយរបស់គេវិញមានឈ្មោះ Komal គឺជាឱសថការីម្នាក់។ អ្នកស្រី Komal និយាយថា កូនប្រុសរបស់គាត់អាចនឹងយកឈ្នះ លើការប្រកួតប្រជែងនេះបាន ហើយគាត់និងគ្រួសារនៅតែរង់ចាំជួយជំរុញលើកទឹកចិត្ត នឹងផ្តល់កម្លាំងចិត្តដល់កូនប្រុសរបស់ខ្លួនជានិច្ច។

គួរបញ្ជាក់ដែរថា វគ្គផ្តាច់ព្រាត់នៃកម្មវិធីទេពកោសល្យកុមារ ឬ «Child Genius» នេះ នឹងប្រព្រឹត្តធ្វើឡើងនៅចុងសប្តាហ៍នេះ ហើយលទ្ធផលក៏នឹងត្រូវបានបង្ហាញឡើង ថាតើកុមាររូបណា ដែលមានសមត្ថភាពចំណេះដឹង IQ ខ្ពស់ អាចក្លាយខ្លួនជាម្ចាស់ពានកុមារឆ្លាតជាងគេបង្អស់ ដែលប្រព្រឹត្តទៅនៅចក្រភពអង់គ្លេស៕

វគ្គផ្តាច់ព្រាត់នៃកម្មវិធីទេពកោសល្យកុមារ ឬ «Child Genius» នេះ នឹងប្រព្រឹត្តធ្វើឡើងនៅចុងសប្តាហ៍នេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]