** ប្រលោមលោកខ្មែរឡូត **

ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានថ្ងៃនេះ  ថ្ងៃដែលខ្ញុំអាចធ្វើអ្វីដែលខ្ញុំប៉ង  ហើយអាចក្លាយជាខ្លួនឯងម្នាក់ពិតប្រាកដ  អាចបង្ហាញថាខ្លួនឯងពិតជាអាចធ្វើបាន។  ហើយទាំងអស់នោះបានមកពីមនុស្សម្នាក់ ដែលតែងតែគាំទ្រនៅពីក្រោយខ្ញុំរហូតមកដល់ពេលនេះ។

ធម្មជាតិបានបង្កើតរូបខ្ញុំមកជាមនុស្សខុសគេ។ ខ្ញុំដឹងថាមនុស្សក្នុងសង្គមស្អប់ខ្ពើមបែបនេះណាស់  គេមិនចង់ដឹង មិនចង់ឮ មិនចង់ស្គាល់ មិនចង់ជួបមនុស្សបែបខ្ញុំឡើយ។  តែខ្ញុំមិនអាចប្រកែកប្រណាំងតវ៉ានឹងព្រហ្មលិខិតបាននោះទេ។ គ្មានអ្នកណាម្នាក់ដែលកើតមកចង់ឱ្យគេស្អប់ ហើយក៏គ្មានអ្នកណាម្នាក់ចង់ឱ្យគេជេរ និងចង់ស្តាប់ពាក្យអសុរោះរបស់មនុស្សជុំវិញខ្លួនដែរ។

« ខ្ញុំស្អប់ឯង..... អាខុសគេ...... ​អាខ្ទើយ........... » 

ទាំងអស់នេះ ជាពាក្យដែលធ្វើឱ្យខ្ញុំឈឺចាប់ ពេលខ្លះរហូតដល់ថ្នាក់គិតខ្លីចង់សម្លាប់ខ្លួន ព្រោះមិនអាចទ្រាំទ្រនឹងសម្តីមនុស្សជុំវិញ។ ខ្ញុំមិនដែលបានធ្វើអីខុស ខ្ញុំមិនដែលធ្វើ អំពើអាក្រក់ ខ្ញុំមិនដែលបៀតបៀនអ្នកណា ខ្ញុំមិនដែលបង្ករឿង ឬស្អប់អ្នកណាម្នាក់ទេ ហេតុអ្វីមនុស្សជុំវិញខ្លួនខ្ញុំស្អប់ខ្ញុំ? តើខ្ញុំបានធ្វើអីខុស? តើខ្ញុំបានធ្វើអ្វីប៉ះពាល់ដល់គេមែនទេ? តើខ្ញុំពិតជាបានធ្វើអាក្រក់ដាក់អ្នកជុំវិញពិតមែន? តើខ្ញុំពិតជាបានធ្វើខុសដោយមិនបានដឹងខ្លួនពិតប្រាកដមែនទេ? ប៉ុន្តែខ្ញុំដឹងខ្លួនឯងថា ខ្ញុំមិនដែលមានបំណងអាក្រក់ មិនដែលចង់ធ្វើអាក្រក់លើនរណាម្នាក់ទេ។  អ្វីដែលខ្ញុំធ្វើរាល់ថ្ងៃគ្រាន់តែចង់ឱ្យមនុស្សជុំវិញខ្លួនសប្បាយចិត្ត ចង់ឃើញស្នាមញញឹមរបស់មនុស្សជុំវិញ ចង់ឃើញទឹកមុខសប្បាយរីករាយ និងមានសេចក្តីសុខរបស់មនុស្សជុំវិញ។ ខ្ញុំមិនដែលចង់បានអ្វីតបស្នង ខ្ញុំមិនដែលចង់បានអ្វីទាំងអស់ អ្វីដែលខ្ញុំចង់បានពិតប្រាកដគ្រាន់តែជាមិត្តភាពមួយជាមួយមនុស្សជុំវិញខ្លួន។ ខ្ញុំមិនបានចង់ឱ្យមនុស្សជុំវិញខ្លួនមកស្រលាញ់ មកចូលចិត្ត មកអ្វីទាំងអស់ តែខ្ញុំក៏មិនបានចង់ឱ្យមនុស្សទាំងអស់មកស្អប់ខ្ញុំដែរ។ ពេលខ្លះខ្ញុំពិតជាអស់សង្ឃឹមណាស់ ពេលខ្លះខ្ញុំពិតជាទន់ខ្សោយណាស់ប្រៀបដូចជាកែវមួយដែលងាយប្រេះស្រាំយ៉ាងអ៊ីចឹងដែរ។ ពេលខ្លះខ្ញុំពិតជាពិបាកទ្រាំ នឹងសម្តីរបស់ពួកគេណាស់។ ហេតុអ្វីគ្រាន់តែចង់ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ អ្វីដែលខ្លួនឯងស្រលាញ់ និងអ្វីដែលជាខ្លួនឯងពិតប្រាកដពិបាកបែបនេះ? មនុស្សដែលកើតមកមានចរិតលក្ខណៈខុសពីរូបរាងដូចខ្ញុំ ហេតុអ្វីត្រូវសង្គមចាត់ទុកជាសម្រាម និងគ្មានតម្លៃក្នុងភ្នែករបស់ពួកគេបែបនេះ? ខ្ញុំមិនបានធ្វើចោរ មិនបានលួច មិនបានឆក់ប្លន់ មិនបានធ្វើអ្វីដែលខុសច្បាប់ មិនបានប៉ះពាល់និងមិនបានបៀតបៀនអ្នកណាសូម្បីតែបន្តិច ហេតុអ្វីពួកគេមើលមកខ្ញុំជាសត្វចម្លែក? សូម្បីតែអ្នកបង្កើតរូបខ្ញុំមកក៏មិនដែលគាំទ្រខ្ញុំដែរ។ 

រូបតំណាង

កាលពីខ្ញុំអាយុ១០ ឆ្នាំ ប៉ាបានយកសំលៀកបំពាក់របស់ខ្ញុំទៅដុតចោល រួចយករំពាត់វាយខ្ញុំថែមទៀតផង ពេលនោះខ្ញុំពិតជាឈឺចាប់ និងភ័យខ្លាចខ្លាំងណាស់។

« ខោអាវស្អី របស់របរស្អី អាកូនថោកទាប.... យើងនឹងបំផ្លាញឱ្យខ្ទេច »

ខ្ញុំឱបដៃឱបជើងប៉ាអង្វរទាំងទាំងភ្នែក

« កុំអីប៉ា កុំធ្វើបែបនេះ ជារបស់ខ្ញុំទេ កុំណាប៉ា កុំ….» ប៉ាធាក់ខ្ញុំមួយជើងខ្ទប់ដីរួចយករំពាត់វាយខ្ញុំខ្លាំងៗទាំងជេរបញ្ចោរនូវពាក្យអសុរោះជាច្រើន។

« អាខ្ទើយ អាកូន មីកូនចោរម្សៀត យើងបង្កើតឯងមកឱ្យជាមនុស្សម្នានឹងគេ ម៉េចក៏ឯងចង់ធ្វើបែបនេះ? ឯងមានចេះខ្មាសគេ ខ្មាសអ្នកជិតខាងអត់? គេនិយាយគេពេបជ្រាយបែបណា? ថ្ងៃនេះយើងនឹងវាយឯងឱ្យងាប់ អាកូនបំបង់បាយ »

« ប៉ា ខ្ញុំឈឺ...ប៉ាឈប់ទៅ...»

ខ្ញុំយំ ខ្ញុំស្រែក ខ្ញុំឈឺចាប់ ខ្ញុំមិនអាចធ្វើអ្វីបានក្រៅពីលើកដៃសំពះអង្វរអ្នកមានគុណរបស់ខ្ញុំ ដែលមិនយល់ពីចិត្តរបស់ខ្ញុំទាល់តែសោះ។ ប៉ុន្តែជាភ័ព្វសំណាងខ្ញុំមានអ្នកម្តាយដែលគាំទ្រ ស្រលាញ់ និងយល់ចិត្តរបស់ខ្ញុំ។ ម៉ាក់តែងតែចេញមុខមកជួយ និងការពារខ្ញុំគ្រប់ពេល រហូតដល់ម៉ាក់និងប៉ាឈ្លោះប្រកែកគ្នាជារឿយៗរហូតដល់ថ្នាក់លែងលះគ្នាដោយសារតែខ្ញុំទៀតផង។ ម៉ាក់កាន់ជើងខ្ញុំ ប៉ាស្អប់ខ្ញុំ.....បែបនេះហើយខ្ញុំនិងម៉ាក់ ក៏រស់នៅតែពីរនាក់ម៉ាក់កូន។ ពេលខ្លះខ្ញុំយល់ថាខ្ញុំមានកំហុសដែលធ្វើឱ្យម៉ាក់ប៉ាលែងលះគ្នា តែម៉ាក់ថាវាមិនមែនបែបនេះ វាជារឿងរបស់ពួកគាត់។ ម៉ាក់ប្រាប់ថា បើពួកគាត់នៅតែប្រកាន់ជំហរខុសគ្នា ហើយមិនចេះស្រលាញ់កូនបែបនេះដើរផ្លូវរៀងខ្លួនជាជម្រើសដ៏ល្អបំផុតហើយ។  

រូបតំណាង

ម៉ាក់របស់ខ្ញុំតែងតែយកចិត្តទុកដាក់ និងតែងតែផ្តល់កម្លាំងចិត្តខ្ញុំគ្រប់ពេលវេលា។ ម៉ាក់តែងតែប្រាប់ខ្ញុំថា ៖

«ចូរស្រលាញ់អ្វីដែលជាខ្លួនឯង កូននៅតែជាកូនរបស់ម៉ាក់ កូនកុំស្តាប់សម្តីអ្នកដទៃអី ពេលខ្លះអ្នកដទៃនោះមិនដែលឱ្យបាយយើងហូប និងមិនដែលយកលុយមកចិញ្ចឹមយើង ឡើយ។ កូនគឺជាកូន ឱ្យតែកុំប៉ះពាល់ ឬ បំពានអ្នកដទៃ ហើយធ្វើឱ្យកូនសប្បាយចិត្តកូនធ្វើចុះ ម៉ាក់នៅខាងកូនជានិច្ច»

ដោយសារតែពាក្យសម្តីមាសរបស់ម៉ាក់របស់ខ្ញុំហើយ បានជាពេលនេះខ្ញុំកែប្រែខ្លួនឯង  គឺជាខ្លួនឯងពិតប្រាកដម្នាក់ មិនមែនជាមនុស្សដែលនៅសម្បកខ្លួនរបស់អ្នកដទៃទេ។ មនុស្សកើតមកមិនមែនដើម្បីផ្គាប់ចិត្តអ្នកដទៃទេ។ ហើយបើចង់ផ្គាប់ចិត្តអ្នកដទៃនោះក៏មិនអាចទៅរួចដែរ មនុស្ស ១០០ ទាំង ១០០ ចិត្តខុសគ្នាទាំង ១០០ ដូច្នេះគួររស់នៅជាខ្លួនយើងវិញប្រសើរជាង។ 

រូបតំណាង

ពេលនេះខ្ញុំលែងខ្មាសអៀន ខ្ញុំលែងខ្លាចសម្តីអ្នកដទៃ ខ្ញុំលែងខ្វល់ពីការតិះទៀនរបស់មនុស្សជុំវិញខ្លួន។ ទោះត្រូវគេមើលងាយថាស្រីមិនចំស្រី ប្រុសមិនចំប្រុស តែខ្ញុំសប្បាយចិត្តនូវអ្វីដែលខ្ញុំមានពេលនេះ។ មនុស្សស្រី ឬប្រុសពិតប្រាកដពេលខ្លះ ប្រហែលជាមិនអាចធ្វើបានដូចខ្ញុំផងក៏មិនដឹង។ ខ្ញុំមិនបានធ្វើជាមនុស្សអាក្រក់ ខ្ញុំមិនដែលប្រព្រឹត្តិអំពើដែលសង្គមស្អប់ខ្ពើម។ ខ្ញុំតែងតែចូលរួមការងារសង្គម តែងតែជួយទុក្ខធុរៈមនុស្សជុំវិញខ្លួន។ ដូច្នេះទោះខ្ញុំមានធម្មជាតិខុសប្លែកពីគេ តែខ្ញុំគឺជាខ្ញុំ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]