ម៉ាឡេស៊ី៖  និស្សិតជនជាតិម៉ាឡេស៊ីម្នាក់ ទទួលបានប្រជាប្រិយភាពភ្លាមៗ បន្ទាប់ពីរូបភាពកាន់ផ្លែទុរេនរបស់គេ ត្រូវបានចែកចាយពេញក្នុងបណ្តាញសង្គមរួចមក។

កាលពីខែ មេសាកន្លងទៅ និស្សិត Mohd Ludwig បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Taylor  ហើយត្រូវបានគេដាក់ងារឲ្យថាជា “បុរសទុរេន” ដោយសារក្នុងថ្ងៃទទួលសញ្ញាប័ត្រ គ្រប់គ្នាទទួលបានបាច់ផ្កា ប៉ុន្តែ Ludwig បែរជាទទួលបានផ្លែទុរេនទៅវិញ។

និស្សិត Mohd Ludwig ដែលទទួលបានកាដូផ្លែទុរេនក្នុងថ្ងៃទទួលសញ្ញាប័ត្រ

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sinchew លោក Ludwig បានប្រាប់ថា គេសឹងតែមិនជឿសោះថា គ្រាន់តែកាន់ទុរេនក្នុងថ្ងៃទទួលសញ្ញាប័ត្រ ធ្វើឲ្យគេល្បីក្នុងហ្វេសប៊ុកខ្លាំងបែបនេះ។ អតីតនិស្សិតរូបនេះ បានបញ្ជាក់ថា៖

“មិត្តល្អរបស់ខ្ញុំបីនាក់ បានឲ្យទុរេននោះមកខ្ញុំ។ ពួកយើងចូលចិត្តទុរេនខ្លាំងណាស់ អាចនិយាយបានថា ឲ្យញ៉ាំរាល់ថ្ងៃក៏បានដែរ។ ដូច្នេះហើយ ទើបពួកគេជ្រើសរើសយកផ្លែទុរេនជាកាដូក្នុងថ្ងៃទទួលសញ្ញាប័ត្ររបស់ខ្ញុំ។ ម្យ៉ាងទៀត ដោយសារបាច់ផ្កានៅថ្ងៃនោះ ពិតជាថ្លៃខ្លាំងណាស់។ អ៊ីចឹងហើយ មានតែផ្លែទុរេនទេ ទើបជាជម្រើសដ៏ល្អបំផុត ព្រោះយើងអាចញ៉ាំវាបាន។ ”

រម្លឹកពីថ្ងៃទទួលបានផ្លែទុរេននោះវិញ  Ludwig ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះវាពិតជាមិនគួរឲ្យជឿទេថា មិត្តភក្តិរបស់គេ ទិញផ្លែទុរេនទាំងមូលមកឲ្យគេជាកាដូក្នុងថ្ងៃដ៏ពិសេសបែបនេះ។ គេក៏បានសារភាពដែរថា ទម្រាំតែកម្មវិធីនោះចប់ ដៃរបស់គេបែរជាចុកខ្លាំងដោយសារទុរេននោះមិនមែនស្រាលទេ។

ទម្រាំតែកម្មវិធីចប់ ដៃបែរជាចុកខ្លាំងតែម្តង ដោយសារតែទុរេននោះមិនមែនស្រាលនោះទេ

បើនិយាយអំពីរសជាតិវិញ លោក Mohd Ludwig បាននិយាយថា៖

“ខ្ញុំ និងក្រុមគ្រួសាររបស់ខ្ញុំបានញ៉ាំទុរេននោះអស់ភ្លាមៗក្នុងរយៈពេលដ៏ខ្លី។ ទុរេនប្រភេទ‘red prawn’នោះ ពិតជាឆ្ងាញ់ខ្លាំងមែនទែន”

កាដូដ៏ប្លែក និងពិសេសនេះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គម រហូតដល់មានហាងលក់ផ្កាមួយចំនួន រៀបចំឲ្យមានបាច់ផ្កាធ្វើពីផ្លែទុរេនថែមទៀតផង។

ទោះជាយ៉ាងណា សូមជូនពរ Ludwig ឲ្យជួបតែសំណាងល្អ បន្ទាប់ពីបានបញ្ចប់ការសិក្សា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]