** ប្រលោមលោកខ្មែរឡូត **

ផ្គរលាន់គ្រឹមៗគ្រហឹមពេញមេឃដែលកំពុងតែរកងងឹតស្លុបដែលទើបតែម៉ោងជាង ៥ សោះ។ គិតទៅការងារម្តងនេះបែបស៊ីលុយមិនឆ្ងាញ់ទេ។ ផ្លូវក៏វែងឆ្ងាយបើប៉ះអ្នកសម្ភាសយ៉ាប់ដូចអ្នកមុនៗអីទៀតដឹងតែខាតជើងតែម្តង។ នេះកុំតែការងារឱ្យខ្ញុំចុះខេត្តចុះអីទេ  បើតាមចិត្តចង់នោះទាល់យូរនោះ។ ប្រហែលមានអ្នកកំពុងឆ្ងល់ហើយ ថាខ្ញុំបើកឡានមកខេត្តឆ្ងាយដាច់ស្រយាលមកធ្វើអី? នេះមកពីការងារ និងតួនាទីរបស់ខ្ញុំហ្នឹងណា។ ជាអ្នកធ្វើការក្នុងក្រុមហ៊ុនទស្សនាវដ្តីមួយ វាមិនមែនជារឿងងាយស្រួលទេ។ នៅការងារក្នុងក្រុមហ៊ុនផង នៅឧស្សាហ៍ចុះសម្ភាសគេនៅខាងក្រៅទៀត បើប៉ះនៅក្រុងជិតៗវាមិនសូវអីប៉ុន្មានទេ តែបើប៉ះខេត្តឆ្ងាយគឺថាវេទនាតែម្តង ដូចពេលនេះអ៊ីចឹង។

ដោយសារតែបែបនេះហើយបានជាពេលនេះខ្ញុំកំពុងតែឈរជ្រកភ្លៀង ហើយដៃគោះទ្វារផ្ទះធំចំណាស់មួយខ្នងនេះ។ បើតាមការវិភាគរបស់ខ្ញុំ ផ្ទះមួយខ្នងនេះមានអាយុមិនក្រោម ៥០ ឆ្នាំទេ។ បរិយាកាសពិតជាសាកសមនឹងប្រធានបទដែលត្រូវសម្ភាសណាស់ ទោះជារាងព្រឺរសម្បុរបន្តិចមែន តែក៏មិនអីដែរ សម្រាប់មនុស្សដែលឧស្សាហ៍ដើរចុះខេត្តចុះឡើងដូចខ្ញុំ។  គោះទ្វារយូរណាស់ហើយដែរ តែគ្មានអ្នកណាចេញមកបើកទ្វារសោះ ភ្លៀងធ្លាក់រឹតតែខ្លាំងទៀត  ខោអាវផ្នែកខាងក្រោយដែលផុតពីដំបូលជ្រកមុខផ្ទះក៏សើមជោកអស់មួយកំណាត់ទៀត។  ថ្ងៃនេះមើលទៅដូចមិនសូវល្អសោះ គិតថាគោះទ្វារម្តងទៀតសិនបើគ្មានអ្នកបើកទៀត ត្រលប់ទៅរកកន្លែងគេងសិនហើយមើលទៅ ចាំព្រឹកស្អែកចាំមកម្តងទៀតចុះ ព្រោះមេឃកាន់តែងងឹត ផ្លូវក៏កាន់តែស្ងាត់ដូចចោរលួចសេះទៀត។ ស្មានតែមកដល់ខ្ទង់ ម៉ោង៥ អាលបានឆាប់សម្ភាសឱ្យហើយៗស្រួលស្អែកបានដើរលេងលំហែអារម្មណ៍ហើយតើ ចុងក្រោយធ្វើព្រឹកស្អែកដដែល។

រូបតំណាង

បន្ទាប់ពីគោះទ្វារអស់ចិត្តខ្ញុំក៏បែរខ្លួនប្រុងរត់ទៅឡានវិញ ស្រាប់តែទ្វារផ្ទះរបើកក្រាក។ ខ្ញុំភ្ញាក់បន្តិចរួចអើតមើលទ្វារផ្ទះដែលចំហរល្មមអាចឱ្យខ្ញុំចូលទៅបាន

« អេ....ទ្វារអូតូ? ផ្ទះចាស់ចឹងមានទ្វារទំនើបបែបនេះផង? អេ អ្នកនៅជនបទមានទៅអន់អី» រួចខ្ញុំក៏អើតឡើមមើលទៅខាងក្នុងស្រែកតិចៗ

« សួស្តី មានអ្នកណានៅទេ? ខ្ញុំខាងអ្នកសារព័ត៌មាននៅទីក្រុង ដែលត្រូវមកសម្ភាសថ្ងៃនេះ ...សួស្តី »

គ្មានសំឡេងឆ្លើយតបឃើញតែពន្លឺភ្លើងផ្លុងៗនៅខាងក្នុង។ គួរតែចូល ឬមិនចូល បើមិនឃើញម្ចាស់ផ្ទះគេផង? ខ្ញុំក៏ដាច់ចិត្តឈានជើងចូលក្នុងផ្ទះមួយជំហាន

« សួស្តី មានអ្នកណានៅទេ?»

ស្រាប់តែលេចលោកយាយចាស់ម្នាក់នៅនឹងមុខ។ ខ្ញុំភ្ញាក់ក្រញ៉ាង

« ពុទ្ធោៗៗៗ »

« ហាហា...អានាងព្រលឹងតិចម៉េះ? នៅក្មេងសោះ »

បន្ទាប់ពីតាំងសតិបានខ្ញុំក៏ដកដង្ហើមធូរចិត្តរួចនិយាយ

« លោកយាយ! អូយខំតែភ័យ ជំរាបសួរលោកយាយ! ហើយលោកយាយចេញមកពីណាស្ងាត់ៗចឹង?

លោកយាយចំណាស់ម្នាក់ដែលសើចញញឹមសើចញញែមឃើញតែធ្មេញខ្មៅ និយាយជាមួយខ្ញុំ

« មកបើកទ្វារឱ្យអានាងឯង ហើយក៏ទៅបើកភ្លើងមិញហ្នឹងណា »

« អូ ចឹងទេ...និយាយចឹងលោកយាយខ្ញុំជាអ្នកសារព័ត៌មាននៅទីក្រុងដែលមានណាត់សម្ភាសជាមួយលោកយាយកាលពីប៉ុន្មានថ្ងៃមុននោះណា? »

« សម្ភាស? សម្ភាសអីយាយមិនសូវចាំទេ »

« ឬខ្ញុំចាំខុសផ្ទះ? ទេ...ដូចជាត្រូវហើយ..ផ្ទះលេខ ១៣ នៅក្រុងនេះ សម្ភាសរឿងវិញ្ញាណថែរក្សាផ្ទះ ...អេ..ត្រូវហើយតើលោកយាយ»

« អឺៗ ឥឡូវចូលក្នុងសិនមក ប្រហែលជាយាយភ្លេចហើយ មនុស្សចាស់ភ្លេចភ្លាំងច្រើនចឹងហើយ មកចូល...សិនមក»

« អឺ..បាទ» ខ្ញុំក៏ដើរចូលតាមលោកយាយទាំងស្ទាក់ស្ទើរ។ ភាពត្រជាក់ស្រាប់តែគ្របដណ្តប់ពេញផ្ទៃផ្ទះបុរាណមួយខ្នងនេះ ធ្វើឱ្យខ្ញុំព្រឺរសម្បុរខ្ញោកពេលឃើញសសរដ៏ធំនៅកណ្តាលផ្ទះមួយខ្នងនេះ។

« អូយ..ផ្ទះលោកយាយអីក៏ត្រជាក់ម៉េះ មើលឡើងបះរោមខ្ទេច»

លោកយាយងាកមកសើច

« ល្ងង់ម៉េះអានាង មេឃកំពុងភ្លៀងនៅខាងក្រៅមិនឱ្យក្នុងផ្ទះវាត្រជាក់ទើបចម្លែក....  អង្គុយសិនទៅ យាយទៅចាក់តែក្តៅៗនិងនំមកឱ្យ »

« អូ បាទ អរគុណច្រើន» បន្ទាប់ពីលោកយាយចូលទៅក្នុងផ្ទះបាត់ ខ្ញុំក៏ក្រឡេកមើលទិដ្ឋភាពនៅក្នុងផ្ទះមួយខ្នងនេះ។ ក្នុងផ្ទះសាតបាតរាបរយល្អណាស់ មិនសមថាមនុស្សចាស់ដូចគាត់ចេះមានកម្លាំងរៀបចំនោះទេ។ អេ! ប្រហែលជាកូនចៅគាត់ជា អ្នករៀបចំហើយ។ នេះបើមិនគិតសីតុណ្ហភាពនៅក្នុងផ្ទះដែលកាន់តែត្រជាក់ៗទៅ និងភ្លើងដែលមិនសូវភ្លឺនៅក្នុងផ្ទះនេះ ខ្ញុំអាចនិយយបានថាផ្ទះមួយខ្នងនេះពិតជាគួរឱ្យចង់រស់នៅណាស់។ តែចម្លែកណាស់ផ្ទះមួយនេះធ្វើឱ្យខ្ញុំមានអារម្មណ៍ចម្លែកៗយ៉ាងម៉េចទេ ទាំងទីតាំងផ្ទះក៏ឆ្ងាយពីទីប្រជុំជនខ្លាំង ហើយមើលស្ថានភាពនៅក្នុងផ្ទះចុះឱ្យស្ងាត់ឈឹងគ្មានសូម្បីតែសំឡេងសត្វល្អិតយំ។ វាស្ទើ តែអាចស្តាប់ឮដង្ហើម និងចង្វាក់បេះដូងខ្លួនឯងបានទៅហើយ អូយ ដូចព្រឺៗឆ្អឹងខ្នង

« ណេះ ចៅ»

« ហ៊ើយ!!! លោកយាយ មកស្ងាត់ៗទៀតហើយ »

« យាយមកតាមធម្មតាតើគិតតែអានាងឯងទៅអអ្គុយភ្លឹកភ្លាំងអី? ណេះ ទឹកតែនិងនំ »

« បាទ អរគុណ»

ខ្ញុំក្រេបតែមួយម៉ាត់អារម្មណ៍ស្រាប់តែធូរស្រាលយ៉ាងខ្លាំង តែនេះពិតជាឆ្ងាញ់ណាស់ខ្ញុំមិនដែលធ្លាប់ផឹកតែឆ្ងាញ់បែបនេះទេ។ លោកយាយអង្គុយចុះទល់មុខខ្ញុំរួចនិយាយ

« ឆ្ងាញ់ទេ? »

« បាទ ឆ្ងាញ់មែនទែន»

« អឺ អានាងនិយាយថាមានរឿងសម្ភាសអី និយាយអីជាមួយយាយ? »

«អូ ប៊ិះភ្លេច» ខ្ញុំក៏ទម្លាក់ពែងតែចុះរួចស្រវាបើកកាបូបយកម៉ាស៊ីនថតសំឡេង ម៉ាស៊ីនថតរូបនិងក្រដាសប៊ិចចេញមករៀបចំរួចនិយាយ

« គឺ ខាងក្រុមហ៊ុនខ្ញុំមានអត្ថបទទាក់ទងនឹងរឿងវិញ្ញាណបានជាត្រូវការយកការណ៍ និងសម្ភាសមនុស្ស ២ ឬ ៣ នាក់។ ឮថាលោកយាយបានដឹងរឿងបែបនេះដែរបានជាខាងក្រុមហ៊ុនបានបញ្ជូនខ្ញុំឱ្យមកសម្ភាសលោកយាយ ចឹងឥឡូវយើងអាចចាប់ផ្តើមបានអត់ពេលនេះលោកយាយ? ព្រោះមេឃក៏កាន់តែងងឹតខ្លាំងហើយ »

លោកយាយស្រាប់តែប្រែទឹកមុខស្រពោនរួចនិយាយ

«យាយមិនដឹងថាអ្វីដែលយាយបានដឹងនិងជួបប្រទះអាចជួយអានាងឯងបានឬអត់ទេ តែ.... យាយមានរឿងទាក់ទងនឹងផ្ទះមួយខ្នងនេះប្រាប់អានាងឯង »

« អឺ!!!!!!...រឿងផ្ទះនេះផ្ទាល់? អឹ...» ខ្ញុំក្រឡេកមើលជុំវិញផ្ទះទាងព្រឺសម្បុរខ្ញាក ពេលមានខ្យល់បក់ពីណារសៀកៗប៉ះនឹងរាងកាយរបស់ខ្ញុំ។

« មិនអីទេ បើមិនចង់ស្តាប់ក៏មិនអីដែរ » ខ្ញុំស្ទាក់ស្ទើរបន្តិច តែណ្ហើយ! ជ្រុលមកហើយកុំឱ្យខាតជើង ប្រញាប់សម្ភាសឱ្យចប់ៗទៅ រឿងស្អីក៏រឿងទៅ ព្រោះបងមេក្រុមជាអ្នកបញ្ជូនមកតើ។

« អត់អីទេ..លោកយាយអាចនិយាយបានខ្ញុំរៀបចំឧបករណ៍សំឡេងសិន...អូខេ រួចរាល់ហើយ លោកយាយអាចចាប់ផ្តើមបាន»

លោកយាយញញឹមញញែមសប្បាយចិត្ត តែខ្ញុំស្រាប់តែចាប់ផ្តើមខ្លាចស្នាមញញឹមមួយនោះហើយនេះ

« រឿងគឺបែបនេះ...ផ្ទះមួយខ្នងនេះមានវិញ្ញាណសណ្ឋិត»»

» ថាម៉េច?? អឺផ្ទះមួយនេះ? » ខ្ញុំព្រឹសម្បុរខ្ញាកបែរមើលឆ្វេងស្តាំទាំងភ័យ

« អឺ រឿងវាកើតមានតាំងពីជំនាន់បារាំងមកម្ល៉េះ គេអ្នកតាមថែរក្សាពីមុនមក ក៏តាមថែរក្សារហូតដល់ពេលនេះ ហើយបើយើងធ្វើតែអំពើល្អ មិនបៀតបៀនគេ ហើយចេះគោរពគេ អ្នកតាមថែរក្សា នឹងឱ្យយើងនៅបានសុខសប្បាយគ្មានហេតុភេទអ្វីទេណា »

« អូ...» ខ្ញុំធូរទ្រូងបន្តិចតែក៏នៅសល់ភាពភ័យខ្លាចព្រលឹងចុងសក់

« រឿងវាមិនមែនមានតែប៉ុណ្ណេះទេ...ចាំនិយាយរៀបរាប់ឱ្យស្តាប់» 

« មានទៀត?? »

រូបតំណាង

កាលពី ៥០ ឆ្នាំមុនផ្ទះមួយខ្នងបុរាណនេះត្រូវជាកម្មសិទ្ធិរបស់អ្នកមានមុខមាត់ម្នាក់នៅក្នុងសម័យបារាំង។ លោកម្ចាស់ផ្ទះមួយខ្នងនេះមានជំនឿលើអាគមអូមអាមខ្លាំងណាស់។ ឱ្យតែមានរបស់ស័ក្តិសិទ្ធ ឬគម្ពីរអ្វីដែលអាចជួយឱ្យការរកស៊ីបានសម្រេចជោគជ័យលោកតែងតែជាវយកមកតាំងនៅក្នុងបន្ទប់អសនៈមួយ។ ដល់តែយូរៗទៅលោកបានដើរផ្លូវឆ្វេង បែកកម្មឋានរហូតរៀនរបៀបខ្មៅងងឹត។ មហន្តរាយបានកើតមាននៅក្នុងភូមិស្រុក។ ដោយសារតែជំនឿងប់ងល់ លោកម្ចាស់បានសម្លាប់កូនប្រពន្ធរបស់ខ្លួនហុតឈាមដើម្បីសម្រេចវិជ្ជាមន្តអាគមខ្មៅនោះ។ ព្រោះតែអំពើអាក្រក់មួយនោះហើយទីបំផុតមានម្ចាស់បន់បត់មួយរូបមកកម្ចាត់បិសាចដែលនៅក្នុងរូបលោកម្ចាស់រលាយបាត់ ហើយលាក់ឃុំទុកក្នុងសសរកណ្តាលផ្ទះ។ ហើយព្រលឹងខ្មោចកូនប្រពន្ធរបស់លោកម្ចាស់ដោយសារតែស្មោះស្ម័គ្រនឹងប្តី និងឪពុកក៏បានក្លាយជាព្រលឹងថែរក្សានៅក្នុងផ្ទះមួយខ្នងនេះដែររហូតដល់ពេលនេះ។ ដោយសារតែសម័យកាលកាន់តែរីកចម្រើនផ្ទះមួយនេះចាស់ទ្រុធទ្រោមហើយត្រូវបានគេវាយកំទេចសាងសង់ជាផ្ទះក្នុងពេលបច្ចុប្បន្ន ប៉ុន្តែសសរកណ្តាលដ៏ធំមួយនេះ និងព្រលឹងប្រពន្ធកូនលោកម្ចាស់នៅតែស្ថិតនៅទីនេះដដែល»

«ចុះព្រលឹងលោកម្ចាស់ចេញរួច​ឬនៅតែឃុំឃាំងទេ? 

បន្ទាប់ពីនិយាយចប់ខ្ញុំស្រាប់តែវិលមុខខ្ញាល់

«អូយ..មានរឿងអី ខ្ញុំកើតអី? » ខ្ញុំស្រវាំងភ្នែកឃើញលោកយាយម្នាក់នោះក្រោកឈរឡើងសើចក្អាកក្អាយរហូតប្រែខ្លួនជាគម្លង់ខ្មោចដ៏សែនអាក្រក់និងគួរឱ្យខ្លាច

« ទីបំផុតមានមនុស្សជាចំណីរបស់យើងហើយ ហាហា....អត់ឃ្លាននៅក្នុងផ្ទះនេះយូរហើយ ឱ្យយើងហុតឈាមតាមសម្រួលមក ហាហា.....» រំពេចនោះខ្មោចស្រីចំណាស់ ប្រែក្លាយជារូបរាងខ្មោចប្រុសស្លៀកពាក់ខ្មៅឈុតបុរាណឈរសើចអមដោយព្រលឹងខ្មោចស្រីចំណាស់ និងក្មេងជំទង់ដ៏កាចសាហាវ។ ផ្ទះទាំងមូលងងឹតស្លុប ថ្ងៃនេះខ្ញុំពិតជាមិនអាចរួចខ្លួនបានទេ ខ្ញុំប្រាកដជាត្រូវស្លាប់ក្នុងដៃខ្មោចកំណាចទាំង ៣នាក់នេះហើយ។ ពន្លឺមួយបានស្រូប និងហ៊ុំព័ទ្ធជុំវិញខ្លួនរបស់ខ្ញុំ ខ្ញុំក៏បិទភ្នែកលែងដឹងខ្លួន និងអ្វីៗគ្រប់យ៉ាងតទៅទៀត។

........................... 

រូបតំណាង

តុកៗៗៗ

« ជួយផង ៗៗៗ » ខ្ញុំស្រែកប្រវេប្រវា ស្រាប់តែឃើញខ្លួនឯងកំពុងតែគេងនៅក្នុងឡានទៅវិញ។ បុរសអ្នកចំការម្នាក់មើលមកខ្ញុំទាំងឆ្ងល់ខ្ញុំក៏បើកកញ្ចក់

« ពូ គោះកញ្ចក់ខ្ញុំមិញមែន? »

« អឺ មែនហើយ ចុះមកដេកអីកណ្តាលព្រៃកណ្តាលអីហ្នឹង ពូឃើញឡានចតហ្នឹងតាំងយប់មិញហ្ហា »

« យប់មិញ?? យប់មិញ?? » ខ្ញុំអេះក្បាលរំលឹកការចងចាំ។ រួចក្រឡេកមើលជុំវិញខ្លួន ទាំងភ្ញាក់ផ្អើល ទីនេះជាកន្លែងដែលខ្ញុំយល់សប្តិមិញតើ? ដីនៅសើមដូចជាទើបតែភ្លៀងហើយយប់មិញ ហើយនេះជាផ្លូវនៅមុខផ្ទះយប់មិញដែរតើ...មិនអាចទេ? តិចវាក្លាយទៅជាការពិតទៅ ធ្វើយ៉ាងម៉េចទៅ? ពូម្នាក់នោះឈរមើលខ្ញុំទាំងសង្ស័យរួចនិយាយ

« នែ បើគ្មានការអីទេ ប្រញាប់ទៅវិញទៅ ម្តុំនេះមិនសូវមានសុវត្ថិភាពទេ ចោរព្រៃក៏ច្រើន ហើយម្យ៉ាងទៀត...» ពូនោះឈប់និយាយបន្តិចរួចមើលឆ្វេងស្តាំ

« ម្យ៉ាងទៀតយ៉ាងម៉េច? »

«គ្មានអីទេ គ្រាន់តែចេញទៅវិញឱ្យឆាប់ៗទៅហើយក្រោយម៉ោង៦ កុំមកទីនេះឱ្យសោះ ពូទៅហើយ »

« អែ....អេ..ពូ ឈប់ »

ធ្វើយ៉ាងម៉េចទៅ? គិតយ៉ាងម៉េចចេះ? កំពុងតែគិតស្រាប់តែទូរស័ព្ទរោទិ៍ លេខបងមេក្រុម។ ខ្ញុំក៏ទទួលយ៉ាងលឿនុំ សំឡេងបងមេក្រុមនិយាយទាំងតក់ក្រហល់

«អើយ!! លើកហើយៗៗៗ..... ស្មានតែឯងលែងបានមកវិញហើយតើ...»

«បងឯងនិយាយអី?»

«កុំនិយាយច្រើនបើឯងមិនអីទេប្រញាប់មកក្រុងវិញជាបន្ទាន់ចាំបងប្រាប់រឿងលំអិតពេលក្រោយ » 

បងមេក្រុមក៏ដាក់ទូរស័ព្ទចុះ។ ខ្ញុំក៏ប្រញាប់បើកឡានចេញមក ស្រាប់តែក្រឡេកឃើញកញ្ចក់ក្រោយលេចរូបប្រុសស្លៀកពាក់បុរាណ និងស្រីវ័យកណ្តាលនិងក្មេងស្រីតូចកាលពីយប់មិញឈរសម្លក់ខ្ញុំចេញពីផ្ទះមួយខ្នងនោះទាំងកំហឹង។ ដោយសារតែភាពភ័យខ្លាចខ្ញុំក៏ជាន់ហ្គែមួយទំហឹងឱ្យកាន់តែលឿនចេញពីទីនោះ។ ក្រោយចេញផុតមកផ្លូវជាតិខ្ញុំធូរទ្រូងយ៉ាងខ្លាំងលូកដៃចូលកាតាបយកកាបូបលុយមើលអាស័យដ្ឋានផ្ទះនោះម្តងទៀតទាំងមិនអស់ចិត្ត ស្រាប់តែឃើញខ្សែករូបព្រះមួយខ្សែទៅវិញ។

« ខ្សែក? ប្រាកដជាម៉ែលួចដាក់ឱ្យហើយ » ចឹងបានន័យថារឿងយប់មិញប្រាកដជារឿងពិតហើយ។  កុំតែបានខ្សែករូបព្រះខ្ញុំប្រាកដជាចោលឆ្អឹងនៅទីនោះមិនខាន។ រឿងមួយទៀតដែលគួរឱ្យហូសចិត្តនោះពេលដែលទៅដល់ទីក្រុង ការពិតដែលធ្វើឱ្យខ្ញុំមានកំហឹងយ៉ាងខ្លាំងនោះគឺបងមេក្រុមបានផ្ញើអាស័យដ្ឋានផ្ទះដែលត្រូវសម្ភាសនោះខុសសោះ។ តែរឿងរ៉ាវថ្ងៃនោះខ្ញុំក៏មិនបានប្រាប់អ្នកណាផ្សេងទេ ខ្ញុំមិនចង់រំលឹក មិនចង់ចងចាំ។ គ្រប់គ្នាសុទ្ធតែគិតថាខ្ញុំទៅមិនទាន់ដល់ផ្ទះដែលល្បីថាលងសាហាវនោះ តែការពិតខ្ញុំបានទៅដល់ហើយបានសម្ភាស និងឃើញពេញៗភ្នែកទៀតផង។ ផ្តាំអ្នកធ្វើការតាមខេត្តផងឃើញកន្លែងណាល្មមៗរាងព្រឺៗកុំចូលអីល្អជាង ខ្លាចមានសំណាងបានជួបរបស់ល្អដូចខ្ញុំ៕

** ខ្មែរឡូត សូមរក្សាសិទ្ធិរាល់ប្រលោមលោកខ្មែរឡូត ដែលបានចេញផ្សាយ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]