អេស្ប៉ាញ៖ ក្នុងសន្និសីទសារព័ត៌មានមុនជំនួបជើងទី២ ពានរង្វាន់ Spanish Super Cup រវាងក្រុម Real Madrid ទល់នឹងក្រុម Barcelona គ្រូបង្វឹកលោក Zinedine Zidane បាននិយាយថា ការដែលពិន័យទៅលើ Ronaldo មិនឲ្យចូលលេង៥ប្រកួត គឺជារឿងមិនសមហេតុផលឡើយ។

ខែ្សប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់នេះ ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតលឿងចំនួន២ដង ដែលស្មើនឹងកាតក្រហមក្នុងជំនួបដែល Real Madrid យកឈ្នះដល់ដី Barcelona ៣-១ កាលពីយប់ថៃ្ងអាទិត្យកន្លងទៅ ក្នុងនោះផងដែរ ក្រោយពីការសម្រេចចិត្តឲ្យកាតលឿងលើកទីពីរហើយ  Ronaldo ក៏មិនសប្បាយចិត្ត រួចបានរុញអាជ្ញាកណ្ដាល ដែលធើ្វឲ្យសហព័ន្ធបាល់ទាត់អេស្ប៉ាញសម្រេចពិន័យរូបគេមិនឲ្យប្រកួតចំនួន៥ប្រកួត។

Zidane និយាយអំឡុងសន្និសីទសារព័ត៌មានថា៖ «ការពិន័យនេះពិតជារំខានដល់ខ្ញុំ និងក្រុមទាំងមូលណាស់។ ខ្ញុំមិនចង់ជ្រៀតជ្រែកជាមួយអាជ្ញាកណ្ដាលទេ ប៉ុន្ដែនៅពេលដែលយើងក្រឡេកទៅមើលរឿងដែលកើតឡើង Cristiano នឹងមិនបានលេងចំនួន៥ប្រកួត។ ៥ប្រកួត គឺច្រើនណាស់»។

គ្រូបង្វឹកសញ្ជាតិបារាំងបន្ដថា៖ «យើងនឹងរង់ចាំគណៈកម្មាធិការជួបប្រជុំនៅថៃ្ងសែ្អក ហើយបន្ទាប់មកយើងនឹងចាប់ផ្ដើមដោះស្រាយ»។  

គ្រូបង្វឹក Real Madrid លោក Zinedine Zidane

គួរបញ្ជាក់ផងដែរថា Ronaldo នឹងត្រូវអវត្ដមានក្នុងការប្រកួតជើងទី២ ទល់នឹង Barcelona ហើយនឹងបន្ដអវត្ដមានចំនួន៤ប្រកួតទៀត ក្នុងលីកកំពូលអេស្ប៉ាញ La Liga តែទោះយ៉ាងណាក្លឹបមានសិទ្ធិក្នុងការតវ៉ាចំពោះការពិន័យនេះ រយៈពេល១០ថ្ងៃ ហើយបើគ្មានសកម្មភាពណាមួយទេ នោះនឹងត្រូវបានអនុវត្តតែម្ដង៕

Ronaldo ទទួលបានកាតក្រហម អំឡុងពេលប្រកួតទល់នឹង Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]