(ភ្នំពេញ)៖ ផលិតកម្ម «សិល្បៈខ្មែរភាពយន្ត» ត្រូវបានគេដឹងថា ជាផលិតកម្មភាពយន្តថ្មីសន្លាង ទើបតែបង្កើតឡើងដោយអ្នកនាង ចន ច័ន្ទលក្ខិណា និងមានតួនាទីជាចាងហ្វាងផលិតកម្ម ខណៈដែលការបង្កើតនេះ ដើម្បីជួយលើកកម្ពស់ និងស្វែងរកការងារជូនបងប្អូនសិល្បករខ្មែរ។ អ្វីដែលជាចាប់អារម្មណ៍ ខណៈដែលការក្រុងពាលីសម្ពោធរឿងបើកក្បាលដំបូងរបស់ផលិតកម្ម បែរជាអវត្តមានចាងហ្វាងផលិតកម្ម គឺអ្នកនាង ចន ច័ន្ទលក្ខិណា ដែលធ្វើឲ្យអ្នកចូលរួមមានការងឿងឆ្ងល់ និងសន្និដ្ឋានថា នាងអាចរវល់ការងារ ឬអាចគេចវេសនឹងបញ្ហាចំពោះមុខណាមួយ។

តារាសម្ដែងរាងខ្ពស់ស្រឡះ និងជាចាងហ្វាង ផលិតកម្ម «សិល្បៈខ្មែរភាពយន្ត» អ្នកនាង ចន ច័ន្ទលក្ខិណា ត្រូវបានគេមើលឃើញថា នាងមិនគួរណាអវត្តមាន នៅក្នុងពិធីសម្ពោធរឿងលើកដំបូងរបស់ខ្លួននោះទេ ដែលនេះហាក់បង្ហាញ អំពីការមិនយកចិត្តទុកដាក់ មើលឲ្យគ្រប់ជ្រុងជ្រោយ នៃការដឹកនាំរបស់ខ្លួន។ ប្រធានសមាគមសិល្បៈខ្មែររូបនេះ មិនបានបង្ហាញវត្តមាន នៅក្នុងពិធីក្រុងពាលីរឿងដំបូងរបស់ខ្លូន ដែលហាក់ដូចជាមានចេតនា ចង់គេចវេសពីអ្នកសារព័ត៌មាននានា បន្ទាប់ពីរូបនាងកំពុងតែមានរឿងក្ដៅគគុក ពាក់ព័ន្ធនឹងរឿងឈ្លោះប្រកែកគ្នា តាមបណ្ដាញសង្គមហ្វេសប៊ុក ជាមួយនឹងលោក សុវណ្ណ មករា និងអាណិកជនខ្មែរម្នាក់ នៅសហរដ្ឋអាមេរិក ជាពិសេសថ្មីៗនេះ បានលេចឮដំណឹងថា នាងកំពុងតែមានភាពរង្គោះរង្គើ ក្នុងការកាន់តំណែង ជាប្រធានសមាគមសិល្បករខ្មែរ ដែលធ្វើឲ្យចាងហ្វាងម្នាក់នេះ មិនហ៊ានប្រឈមមុខ ជាមួយក្រុមអ្នកសារព័ត៌មានទៀតផង។

ចន ច័ន្ទលក្ខិណា ប្រាប់មូលហេតុ អវត្តមាន​​​ក្នុង​ពិធី​សម្ពោធ​រឿងទី១ របស់​ផលិតកម្ម​ខ្លួន ថា «មិន​​មែន​ជា​ការ​គេសវេស»

ទោះបីជាយ៉ាងណា អ្នកនាង ចន ច័ន្ទលក្ខិណា បានអះអាងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ប្រាប់ឲ្យដឹងថា «មនុស្សខ្ញុំទទួលខុសត្រូវការងារ ដែលខ្ញុំកំពុងធ្វើណាស់។ អវត្តមានរបស់ខ្ញុំថ្ងៃនេះ មកពីពិធីក្រុងពាលីបានវេលា ចំថ្ងៃដែលរវល់ថតភាពយន្តឲ្យគេ ដែលមិនអាចខានបាន ព្រោះកាលវិភាគថតកុន គឺគេកំណត់ថ្ងៃ និងតួសម្ដែង ព្រមទាំងក្រុមការងាររាប់ខែមកហើយ ហើយថ្ងៃនេះផលិតកម្មហង្សមាស ក៏រៀបចំថតប្លង់ធំបំផុត និងមានតួសម្តែងធំៗ ជុំគ្នាទាំងអស់ ដូច្នេះគេមិនអាចពន្យាពេល តាមតួយើងម្នាក់បានឡើយ បើយើងខកខានម្នាក់ឯង ក្រុមការងាររាប់រយនាក់ ក៏ខកការងារដោយសារយើងដែរ។ ដូច្នេះខ្ញុំមិនគិតប្រយោជន៍ផ្ទាល់ខ្លួន ជាធំទេ មិនអាចដោយសារព័ត៌មាននានា ដែលកំពុងវាយប្រហារ ពីសំណាក់បុគ្គលទាំងឡាយ ធ្វើឲ្យស្រីម្នាក់នេះ បាក់បបខ្លបខ្លាចឡើយ!»។

ចាងហ្វាងផលិតកម្មរូបនេះ បានបន្តទៀតថា «ការងាររង់ចាំខ្ញុំរាប់ជំពូក ទាំងការងារសិល្បៈផ្ទាល់ខ្លួន ទាំងមុខរបរ និងការងារសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ទាំងការងារថ្មី គឺការងារសមាគមសិល្បករខ្មែរ ដែលមានតួនាទីត្រូវបំពេញឯកសារ ជូនក្រុមសិល្បៈសំរាប់ទៅសម្តែង នៅក្រៅប្រទេស និង ការងារផ្សេងទៀត ដែលត្រូវកែប្រែ និងផ្លាស់ប្តូររចនាសម្ព័ន នៃសមាគមសិល្បករខ្មែរ ព្រោះត្រូវកែប្រែខ្លះហើយ មិនអាចស្ថិតនៅបែបនេះបានទេ ។ល។ បងប្អូនសិល្បករ សិល្បការិនីទាំងអស់ សូមរង់ចាំមើលសិល្បការិនីម្នាក់នេះ អាចដឹកនាំក្រុមសិល្បៈបានដល់កំរិតណា? ៣ឆ្នាំទៀត អ្នកត្រូវស្នងតំណែងអាចមើលសកម្មភាព ហើយយកបទពិសោធន៍ និងរៀនអភិវឌ្ឍន៍ការងារឲ្យហើយទៅ ព្រោះខ្ញុំបានស្វែងយល់ពីរបៀបធ្វើការ និងរចនាសម្ព័ន នៃប្រធានចាស់ ដើម្បីយកមកធ្វើបទពិសោធន៍ និងអភិវឌ្ឍន៍ខ្លួនឯង.!»។

គួរបញ្ជាក់ថា មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាសម្ដែង អ្នកនាង ចន ច័ន្ទលក្ខិណា បានជួបប្រទះរឿងឈ្លោះប្រកែកគ្នាផ្ទួនៗ ក្រោយពីឡើងកាន់តំណែង ជាប្រធានសមាគមសិល្បករខ្មែរ បានមិនដល់១ខែស្រួលបួលផង ក្នុងនោះនាងបានផ្ទុះជំលោះ ជាបន្តបន្ទាប់ជាមួយអ្នកសិល្បៈដូចគ្នា ហើយលេចឮថា បានផ្ទុះពាក់សម្ដីជាមួយអ្នកសារព័ត៌មាន រហូតគំរាមប្ដឹងទៀតផង។ ទាំងនេះអាចជាហេតុផល ធ្វើឲ្យអ្នកនាងឈឺក្បាល វិលមុខ មិនហ៊ានបង្ហាញវត្តមាន ក្នុងថ្ងៃក្រុងពាលីស្នាដៃដំបូងរបស់ខ្លួន ក៏ថាបាន៕

ចន ច័ន្ទលក្ខិណា ប្រាប់មូលហេតុ អវត្តមាន​​​ក្នុង​ពិធី​សម្ពោធ​រឿងទី១ របស់​ផលិតកម្ម​ខ្លួន ថា «មិន​​មែន​ជា​ការ​គេសវេស»
អ្នកនាង ចន ច័ន្ទលក្ខិណា
អ្នកនាង ចន ច័ន្ទលក្ខិណា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា